ព្រះសង្ឃ និងយុវជនមួយចំនួនរស់នៅខេត្តបាត់ដំបងចោទប្រកាន់អាជ្ញាធរ មន្ត្រីសង្ឃ និងមន្ត្រីធម្មការ ក្នុងខេត្តនេះថា រឹតត្បិតសិទ្ធិសេរីភាពការជួបប្រជុំរបស់ពលរដ្ឋ។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធគួរបើកលំហសេរីភាព និងលើកទឹកចិត្តពលរដ្ឋក្នុងការចូលរួមការងារសង្គម ជាជាងរារាំងរឹតត្បិតពលរដ្ឋមិនឱ្យយល់ដឹង និងអនុវត្តសិទ្ធិរបស់ពួកគេ។
ព្រះសង្ឃ និងយុវជនលើកឡើងថា ពួកគាត់ត្រូវបានព្រះគ្រូចៅអធិការវត្តពោធិ៍វាល វត្តសង្កែ វត្តបច្ឆា រួមទាំងមន្ត្រីធម្មការខេត្តបាត់ដំបង កោះហៅព្រះសង្ឃចំនួន៨អង្គ ដែលគង់នៅវត្តពោធិ៍វាលចំនួន៦អង្គ វត្តផ្សេងទៀត១អង្គ និងកូនសិស្សលោកម្នាក់ មកសាកសួរ នៅសាលាគុណ ក្នុងវត្តពោធិ៍វាល ស្ថិតនៅក្នុងសង្កាត់រតន: ក្រុងបាត់ដំបង។
ការកោះហៅនេះ ក្រោយពីព្រះសង្ឃទាំង៨អង្គ បានចូលរួមប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិអន្តរជាតិ១០ ធ្នូលើកទី៧៤ នៅផ្ទះយុវជន និងនៅក្នុងសួនច្បារ លោក ស ខេង ជាមួយក្រុមបណ្ដាញយុវជនប្រមាណ៣៤ អង្គ/នាក់ កាលពីល្ងាចថ្ងៃសុក្រ ទី៩ ធ្នូ។ ព្រះសង្ឃឱ្យដឹងថា ព្រះគ្រូចៅអធិការ សាកសួរក្រុមសង្ឃជាសាមណនិស្សិតថា តើបានចូលរួមជាមួយនរណាខ្លះ? នរណាជាអ្នករៀបចំដឹកនាំធ្វើ? ហើយការធ្វើនេះមានគោលបំណងអ្វី ?។ ក្រុមសង្ឃថា គណ:មន្ត្រីសង្ឃបានព្រមានមិនឲ្យព្រះសង្ឃទៅចូលរួមសកម្មភាពសង្គមទៀតឡើយ។
ព្រះសង្ឃគង់នៅវត្តពោធិ៍វាល ខេត្តបាត់ដំបង ក្នុងលក្ខខណ្ឌសូមមិនបញ្ចេញព្រះនាម ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃទី១២ ធ្នូ ថា លោក ព្រះអង្គបានចូលរួមការប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ របស់ក្រុមបណ្ដាញយុវជននៅខេត្តបាត់ដំបង ដើម្បីពិភាក្សា និងផ្លាស់ប្ដូរចំណេះដឹងគ្នាពាក់ព័ន្ធសិទ្ធិមនុស្ស លំហសេរីភាពរបស់ពលរដ្ឋនៅថ្ងៃទី៩ ធ្នូ នៅសួនសាធារណៈលោក ស ខេង ។ ព្រះអង្គមានថេរៈដីកាថា សកម្មភាពចូលរួមរបស់ព្រះសង្ឃទាំងអស់ ត្រូវបានអាជ្ញាធរថតបញ្ជូនទៅអាជ្ញាធរខេត្ត ហើយនិងបានអោយខាងមន្ទីរធម្មការត្រួតពិនិត្យ និងកោះហៅព្រះសង្ឃចូលរួមទៅសាកសួរ និងហាមប្រាមមិនអោយចូលរួមសកម្មភាពបែបនេះបន្តទៀត។ ព្រះអង្គចាត់ទុករឿងនេះថា ជាការគំរាមកំហែងបំបាក់ស្មារតី និងរឹតត្បិតសិទ្ធិសេរីភាព របស់ពលរដ្ឋ និងព្រះសង្ឃ ដែលចូលរួមផ្ដុំគ្នាពិភាក្សាអំពីសិទ្ធិមនុស្ស។
«អាត្មាគិតថា មិនទាន់ជាដល់ ការរំលោភ សិទ្ធិទេ ប៉ុន្តែគ្រាន់ស្ថិតក្នុង ការគំរាមកំហែង និងរឹតត្បិតអ៊ីចឹងណា។ ព្រោះ ពេលដែល ហៅទៅប្រជុំហ្នឹង មិនមាន ជាការ ចុះកិច្ចសន្យា មិនទាន់ជាមានទេ គ្រាន់តែជាការសួរនាំ ហើយអប់រំបន្តិចបន្តួចតែប៉ុនហ្នឹង។ ក្នុងរូបភាពហ្នឹងគឺអាត្មាគិតថានៅត្រឹមតែរឹតត្បិតសិទ្ធិសេរីភាពទេ បើថា ទៅមុខទៀត មានការហាមឃាត់មែន មានការធ្វើកិច្ចសន្យាផ្សេងៗ បង្ខំ ឱ្យ ធ្វើកិច្ចសន្យាផ្សេងៗអាហ្នឹងចូលករណីរំលោភសិទ្ធិចំតែម្ដង។ អានេះជាការគំរាមកំហែងកុំ ឱ្យ ព្រះសង្ឃហ្នឹង ចូលរួមលើកក្រោយៗអ៊ីចឹងទៅហាស»។
ចំណែកយុវជននៅខេត្តបាត់ដំបង កញ្ញា ចាន់ សួគ៍ជាតិ លើកឡើងថា ការសម្ដែងមតិរបស់ប្រជាពលរដ្ឋ យុវជន និងព្រះសង្ឃ ជាសិទ្ធិមួយ ដែលត្រូវបានទទួលស្គាល់ និងគាំពារដោយច្បាប់ ហើយមានចែងក្នុងរដ្ឋធម្មនុញ្ញ។ កញ្ញាថា យុវជនជាច្រើននាក់ ក្លាហានក្នុងការតស៊ូមតិ ដើម្បីទាមទារសិទ្ធិសេរីភាពរបស់ខ្លួន ព្រោះពួកគាត់ដឹងច្បាស់ពីសិទ្ធិសេរីភាពរបស់ខ្លួនក្នុងការចូលរួមសិក្សារៀនសូត្រចំណេះដឹងផ្សេងៗ។
កញ្ញា ចាន់ សួគ៍ជាតិ៖ «គេលើកឡើងមួយថា កម្មវិធីមួយហ្នឹងជាកម្មវិធីមួយដែល អត់ឱ្យ លោកទៅធ្វើជាសាធារណៈ បានទេ មានន័យថាអត់ ឱ្យ យើងទៅចូលរួមបានទេ ដោយសារយើងធ្វើឡើងនៅទីធ្លាសាធារណៈ។ ចា ស៎ ចំពោះការចូលរួមកន្លងមក ឱ្យ តែពាក់ព័ន្ធទៅនិងការរៀនរបស់ក្រុមយុវជនពាក់ព័ន្ធនិងការជួបជុំគ្នារៀន គឺដឹងថាមានការសង្កេតមើលពីអាជ្ញាធរ មានការថតរូប មានការសួរនាំយើង ទាំងដែលឃើញយើងកំពុងរៀនហើយ បែរជាមកសួរនាំហើយ ថតរូបដោយគ្មានការអនុញ្ញាតទៀត។ អ៊ីចឹងដូច្នេះហើយចំពោះពាក់ព័ន្ធរឿងសិទ្ធិមនុស្ស វារំលោភសិទ្ធិឯកជនភាពរបស់យើងជាយុវជន ដូចលក្ខខណ្ឌមួយហ្នឹង វាអត់ត្រូវតាមលក្ខខណ្ឌច្បាប់ទេ ព្រះសង្ឃក៏ចាត់ជាយុវជនមួយរូបដែរ គឺព្រះសង្ឃក៏មានសិទ្ធិក្នុងការចូលរួមរៀន ចូលរួមដឹងលឺអំពីសិទ្ធិរបស់ខ្លួនផងដែរ»។
ប្រជាពលរដ្ឋ និងព្រះសង្ឃ អំពាវនាវដល់រដ្ឋាភិបាលឱ្យបើកលំហសេរីភាពរបស់ពលរដ្ឋ បើលំហសេរីភាពក្នុងការដើរហើរសម្ដែងមតិ ជាពិសេសការចូលរួមជីវភាពក្នុងឆាកនយោបាយរបស់ប្រជាពលរដ្ឋ និងយុវជន។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានមន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង លោក គុណសម្បត្តិ មុនីរត្នន៍ ដើម្បីសុំអត្ថាធិប្បាយជុំវិញរឿងនេះបានទេ ថ្ងៃទី១២ ធ្នូ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។ ចំណែកអ្នកនាំពាក្យសាលាខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធ លោកបដិសេធធ្វើអត្ថាធិប្បាយលើរឿងនេះ។
លោក គុណសម្បត្តិ មុនីរត្នន៍៖«អាឡូជម្រាបសួរ ខ្ញុំកំពុងជួបភ្ញៀវកំពុងជួបគណៈកម្មការរដ្ឋសភា ព្រឹទ្ធសភា កំពុងប្រជុំអធ្យាស្រ័យ ប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភាមក»។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តបាត់ដំបង លោក អ៊ិន គង់ជិត មានប្រសាសន៍ថា អាជ្ញាធរ មន្ត្រីសង្ឃ និងមន្ត្រីធម្មការខេត្តបាត់ដំបង កោះហៅព្រះសង្ឃ ដែលចូលរួមពិភាក្សាស្វែងយល់ពីទិវាសិទ្ធិមនុស្សកន្លងទៅ ជាទង្វើរារាំងសេរីភាពរបស់ព្រះសង្ឃ។ លោកថា ព្រះសង្ឃក៏ជាមនុស្ស ដែលមានសិទ្ធិ និងទទួលបានការគាំពារដោយច្បាប់ ហើយអាចផ្សព្វផ្សាយដល់ពលរដ្ឋឱ្យយល់ពីសិទ្ធិមនុស្សបន្ថែមទៀត។ លោកបន្តថា កន្លែងដែលព្រះសង្ឃនិមន្តទៅមិនមែនជាកន្លែងមានបម្រាម ដែលហាមឃាត់ព្រះសង្ឃចូលរួមកិច្ចការងារសង្គមនោះឡើយ ហើយអាជ្ញាធរគួរបង្កលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់នូវសិទ្ធិសេរីភាពរបស់ពួកគាត់។ លោក អ៊ិន គង់ជិត អំពាវនាវដល់អាជ្ញាធរ មន្ត្រីសង្ឃ និងមន្ត្រីធម្មការ គួរបញ្ឈប់ការរឹតត្បិត ឬហាមឃាត់សេរីភាព នៃការជួបជុំរបស់ពលរដ្ឋ និងព្រះសង្ឃនេះ។
លោក អ៊ិន គង់ជិត៖ «ករណីនេះ សមត្ថកិច្ច និងអាជ្ញាធរ មិនត្រូវដាក់កម្លាំងតាមដាន ឈ្លបមើលសកម្មភាពរបស់សមណ : និស្សិត ឬព្រះសង្ឃដែលលោកបានចូលរួមនៅក្នុងកិច្ចការសង្គម ព្រោះកិច្ចការងារដែលលោកទៅស្វែងយល់ជាក្រុម ដោយសារលោកចង់បានចំណេះដឹង និងបទពិសោធន៍ទៅវិញទៅមក។ ហើយលោកជួបជុំនេះ ក៏មិនបានធ្វើអោយខូចសណ្ដាប់ធ្នាប់សាធារណៈ ឬក៏រំខានទៅដល់បញ្ហា បង្កឱ្យមាន អសន្តិសុខ ឬក៏ខូចសណ្ដាប់ធ្នាប់របៀបរៀបរយនៅក្នុងសង្គមទេ គឺលោកបានជួបជុំគ្នានៅទីកន្លែងដ៏សមរម្យ ដែលសាធារណៈជនអាចប្រើប្រាស់បានគ្រប់គ្នា»។
កន្លងមក នៅពេលមានការជួបជុំ និងទាមទារដោះស្រាយអ្វីមួយរបស់យុវជន ប្រជាពលរដ្ឋ និងព្រះសង្ឃតាមមូលដ្ឋាន តែងរងការសួរនាំ បង្ក្រាប ព្រមាន និងចាប់ខ្លួនក្នុងរូបភាពផ្សេង ដែលធ្វើអោយបដាអង្គការជាតិ និងអន្តរជាតិមួយចំនួនរិះគន់កម្ពុជាថារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ទោះរដ្ឋាភិបាលតែងធ្វើការបដិសេធជាបន្តបន្ទាប់ក៏ដោយ។
អង្គការសង្គមស៊ីវិលយល់ថា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ គួរបើកលំហសិទ្ធិសេរីភាពដល់ពលរដ្ឋ យុវជន និងព្រះសង្ឃ អោយចូលរួមសកម្មភាពសង្គម និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការសម្ដែងមតិលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយផ្សេងៗ ដោយធានានូវការគោរពសិទ្ធិសេរីភាពពេញលេញរបស់ពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។