លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ខ្មែរ​នៅ​អឺរ៉ុប​ចូលរួម​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន ឱ្យបាន​មុន​ពេល​លោក​ចេញ​ពី​អំណាច

ដោយ មាន ឫទ្ធិ
2022.12.11
លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ខ្មែរ​នៅ​អឺរ៉ុប​ចូលរួម​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន ឱ្យបាន​មុន​ពេល​លោក​ចេញ​ពី​អំណាច លោក ហ៊ុន សែន (ឆ្វេង) និងលោក សម រង្ស៊ី ប្រធាន​​ស្តី​ទី​គណបក្ស​​សង្គ្រោះ​ជាតិ​។
រូប៖ Sam Rainsy, SPM

ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ខ្មែរ​ដែល​កំពុង​រស់នៅ​ទ្វីប​អឺរ៉ុប​ចូលរួម​បាតុកម្មប្រឆាំង លោក ហ៊ុន សែន ឱ្យបាន​ច្រើន​កុះករ នៅទីក្រុង​ព្រុចស៊ែល ប្រទេស​ប៊េលហ្សិក នៅថ្ងៃ១៤ ខែធ្នូ ខាងមុខ។ លោក សម រង្ស៊ី បានសរសេរ​នៅ​លើ​ហ្វេសប៊ុក កាលពីយប់​ថ្ងៃទី១០ ខែធ្នូថា ទស្សនកិច្ច ហ៊ុន សែន នៅទ្វីបអឺរ៉ុប ឆ្នាំ ២០២២ នេះ គឺជាលើកចុងក្រោយ​ហើយ ​ពីព្រោះ​ចាប់ពីឆ្នាំ ២០២៣ ទៅគាត់នឹង​ចុះចេញ​ពី​តំណែង​គាត់​បច្ចុប្បន្ន

លោក សម រង្ស៊ី សរសេរ​ទៀត​ថា នៅពេល​នោះ​លោក ហ៊ុន សែន នឹងបាត់បង់អភ័យ​ឯកសិទ្ធិការទូត ​ហើយប៉ូលីស​អន្តរជាតិ (Interpol) ​អាចតាម​ចាប់​លោក​ពី​បទឧក្រិដ្ឋ និងអំពើ​ឃាតកម្ម​ជាច្រើន ​ដែលគាត់​បានប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា

វិទ្យុអាស៊ីសេរី​មិនទាន់​អាច​សុំការ​ឆ្លើយតប​រឿង​នេះ​ពី​មន្ត្រីរដ្ឋាភិបាល​បាន​នៅ​ឡើយ​ទេ ទាក់ទង​ការ​លើកឡើង​របស់លោក សម រង្ស៊ី នេះ។

តែទោះជា​យ៉ាងណា​លោក ហ៊ុនសែន កាលពីពេលថ្មីៗ​នេះបាន​ឌឺដង ដោយ​ជំរុញ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​លោក​នៅ​ពេល​លោក​ទៅ​អឺរ៉ុប នៅពេល​ខាង​មុខ​នេះ ដោយមិនចាំបាច់​រង់ចាំ​រហូត​ដល់​ពេល​ដែល​លោក​អស់​អំណាច​ទេ។ លោក ហ៊ុន សែន ថែមទាំងបាន​និយាយ​បញ្ឆិត​បញ្ឆៀង​ទំនង​សំដៅ​ដល់​លោក សម រង្ស៊ី នៅ​ប្រទេស​បារាំង ដែល​គ្រោង​ធ្វើបាតុកម្ម​ប្រឆាំង​រូបលោក​នេះ​ដែរ៖

«ប៉ុន្តែ​អាមួយ​នៅ​ស្រុក​បារាំង​ត្រៀម​ទៅ​អញ​ទៅ​ហើយ ហើយ​អញ​ប្រាប់​ម៉ោង​ទៀត ថា​អញ​ចេញ​ពី​ភ្នំពេញ​ថ្ងៃទី១២ អញ​ទី​ដល់​ព្រុចសែល អញ​ធ្វើអី អញ​ជួប​ធុរកិច្ច​កម្ពុជា និង​អឺរ៉ុប ជួប​ជា​មួយ​ជនជាតិ​ខ្មែរ រួច​ហើយ​ប្រជុំ អាស៊ាន-អឺរ៉ុប។ ទៅចាំទៅ ចាំចាប់ទៅ មិនចាំបាច់ចាំ​ដល់​អញ​អស់​អភ័យ​ឯកសិទ្ធិ​អី​ទេហ្អែង​កុំនឹក​ស្មាន​ឱ្យ​សោះថាពលរដ្ឋ​កម្ពុជា​ស្ដាប់​ពួក​ហ្អែង។ បើហ្អែង​ក្បត់ ក្បត់​តែ​ហ្អែង​ទៅ។ ឪហ្អែង​ស្លាប់​តៃហោង​ដោយ​សារ​ក្បត់​មហាក្សត្រឯង​វិញ​ជេរមហាក្សត្រ​កប់ៗ​មាត់ ឥឡូវ​ចង់​ម៉ោ​ទៀត

តាមគម្រោង លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​គណៈប្រតិភូ​កម្ពុជា នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​រម្លឹក​ខួប​អាស៊ាន-សហភាពអឺរ៉ុប ដែលធ្វើឡើង​នៅ​ប្រទេស​ប៊េលហ្សិក នៅថ្ងៃទី១៤ ខែធ្នូនេះ។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​កាលពី​ថ្ងៃទី៩ ខែធ្នូ បានឱ្យដឹងថា កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង ដើម្បី​អបអរសាទរ​ខួបលើកទី​៤៥ នៃទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន-សហភាព​អឺរ៉ុប។ ​កិច្ចប្រជុំ​កំពូល​នេះក៏ជា​ពេល​វេលា​ពិនិត្យ​ឡើងវិញ​នូវ​កិច្ចសហប្រតិបត្តិការ​អាស៊ាន-សហភាព​អឺរ៉ុប នា​ពេល​បច្ចុប្បន្ន និង​កំណត់​ទិសដៅ​អនាគត​សម្រាប់​ទំនាក់ទំនង​អាស៊ាន-សហភាព​អឺរ៉ុប

ប្រភព​ដដែល​បញ្ជាក់​ថា នៅមុនពេល​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​បារាំង ហើយ​លោក​នឹង​ជួប​ជា​មួយ​ប្រធានាធិបតី​បារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron)ជាមួយ​គ្នានេះ លោក ហ៊ុន សែន ក៏នឹងជួបជា​មួយ​ខ្មែរ​អ្នកគាំទ្រ ដែល​កំពុង​រស់​នៅ​អឺរ៉ុប​នោះ​ដែរ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងត្រៀមធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។