ផែនទី​ភូមិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា (ភាគ​១)

នៅ​ក្នុង​ភាគ​ទី​មួយ​នេះ លោក​អ្នក​នាង​នឹង​បាន​ជ្រាប​អំពី​ផែនទី​ភូមិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា និង​លក្ខណៈ​ពិសេស​ផ្សេងៗ​នៃ​ភូមិសាស្ត្រ និង​ធម្មជាតិ​នៃ​ប្រទេស​កម្ពុជា។ សូម​អញ្ជើញ​លោក​អ្នក​នាង​កញ្ញា​ស្តាប់​ការ​រៀប​រាប់​របស់ លោក ជុន ច័ន្ទបុត្រ ដូច​ត​ទៅ។
ដោយ ជុន ច័ន្ទបុត្រ
2014-01-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា (ជំពូក​ទី​១)

ព្រះរាជាណាចក្រ​ភ្នំ ឬ នគរ​ភ្នំ (សតវត្សរ៍​ទី​១ ដល់​សតវត្សរ៍​ទី​៦ នៃ​គ.ស.)

១. ផែនទី​ភូមិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា

ក្នុង​រយៈ​កាល​នៃ​សម័យ​រុងរឿង ព្រះរាជាណាចក្រ​កម្ពុជា បាន​លាត​សន្ធឹង​ពី​សមុទ្រ​ចិន ដល់​ទន្លេ​មេណាម។ កាល​ណោះ ដែន​ដី​កូសាំងស៊ីន ឬ​កម្ពុជា​ក្រោម រួម​និង​ខេត្ត​ទាំង​ឡាយ​នៅ​ភាគ​កណ្ដាល និង​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ឡាវ ហើយ​ស្ទើរ​តែ​ទាំងអស់​នៃ​ដែន​ដី​នៃ​ប្រទេស​ថៃ សព្វថ្ងៃ​នេះ គឺ​ជា​អតីត​ដែន​ដី​របស់​ខ្មែរ​ទាំងអស់ ហើយ​ក្នុង​រយៈ​កាល​ដ៏​យូរ​លង់​មក​ហើយ​នោះ មាន​ពេល​ខ្លះ​ខ្មែរ​ក៏​បាន​កាន់​កាប់​ជ្រោយ​ម៉ាឡេស៊ី និង​ប្រទេស​ភូមា ផង​ដែរ។

តាំង​ពី​ច្រើន​សតវត្ស​មក​ហើយ ពិសេស​ពី​សតវត្ស​ទី​១៣ រហូត​ដល់​សតវត្ស​ទី​១៨ និង​ទី​១៩ នៃ​គ្រិស្ដសករាជ ទឹក​ដី​ប្រទេស​កម្ពុជា កាន់​តែ​រួញ​តូច​ទៅៗ បន្តិច​ម្តងៗ ដោយសារ​សត្រូវ​ទាំង​ឆ្វេង​ទាំង​ស្តាំ គឺ​ថៃ និង​វៀតណាម ដែល​មាន​បំណង​យក​ទន្លេ​មេគង្គ​ជា​ព្រំដែន​រួម​របស់​គេ។

ដោយ​មាន​អន្តរាគមន៍​របស់​ប្រទេស​បារាំង តាម​ការ​ស្នើសុំ​របស់​ព្រះរាជា​ខ្មែរ ប្រទេស​ជិត​ខាង​របស់​កម្ពុជា បាន​ព្រម​ចុះ​សន្ធិសញ្ញា​ព្រមព្រៀង​បី​ជា​សំខាន់ គឺ​សន្ធិសញ្ញា​ឆ្នាំ​១៨៦៣ សន្ធិសញ្ញា​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧ ដែល​ជួយ​អោយ​ប្រទេស​ខ្មែរ​នៅ​គង់វង្ស​ស្ថិតស្ថេរ ដោយ​រក្សា​បាន​នូវ​វត្តមាន​នយោបាយ​របស់​ខ្លួន ហើយ​អាច​កាន់​កាប់​ទឹក​ដី​ខ្លះ​របស់​ខ្លួន​ដែល​នៅ​សល់ ហើយ​ដែល​ខ្មែរ​ធ្លាប់​កាន់​កាប់​តាំង​ពី​សតវត្ស​ទី​១៨ មក។ ក៏ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​លាន​នាក់​បាន​ត្រូវ​កាត់​ផ្តាច់ ឬ​បំបែក​អោយ​ទៅ​រស់​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​រដ្ឋាភិបាល​បរទេស​នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន។

ស្ថិត​នៅ​ចំ​កណ្ដាល​ប្រទេស​អាស៊ី​នៃ​ខ្យល់​រដូវ ព្រះរាជាណាចក្រ​កម្ពុជា ឬ​ស្រុក​ខ្មែរ ដែល​មាន​ផ្ទៃ​ក្រឡា​ប្រមាណ ១៨២.០០០​គីឡូម៉ែត្រ​ក្រឡា ហើយ​មាន​ព្រំប្រទល់​ដែន​ជាប់​នឹង​ប្រទេស​ថៃ ប្រទេស​ឡាវ ប្រទេស​វៀតណាម និង​ឈូង​សមុទ្រ​សៀម។

លក្ខណៈ​ភូមិសាស្ត្រ​របស់​ស្រុក​ខ្មែរ អាច​ចែក​ជា​ពីរ​តំបន់​ដាច់​ពី​គ្នា គឺ​តំបន់​ភ្នំ ខ្ពង់រាប ស្ថិត​នៅ​ភាគ​ខាង​ជើង ភាគ​ឦសាន និង​ភាគ​និរតី​នៃ​ប្រទេស។ ចំណែក​ខាង​តំបន់​វាល​ទំនាប​វិញ គឺ​ស្ថិត​តាម​បាត​ខ្ទះ ភាគ​កណ្ដាល តំបន់​បឹងបួ វាល​ទំនាប​ទន្លេ​មេគង្គ និង​តំបន់​មាត់​សមុទ្រ។ មួយ​ភាគ​ធំ​នៃ​ផ្ទៃ​ប្រទេស ត្រូវ​គ្រប​ដណ្ដប់​ទៅ​ដោយ​សម្បត្តិ​ធម្មជាតិ ព្រៃ​ឈើ ហើយ​តំបន់​ដី​ខ្ពស់ គឺ​ខ្ពង់រាប​ហាក់​មាន​លក្ខណៈ​ជា​ខ្សែ​ក្រវាត់​ធម្មជាតិ ដែល​ហ៊ុមព័ទ្ធ​វាល​ទំនាប​របស់​ប្រទេស​ខ្មែរ​ទាំង​មូល។

នៅ​ភាគ​និរតី​នៃ​ប្រទេស មាន​ភ្នំ​ធំ ហើយ​ខ្ពស់​ចោត ដូច​ជា​ជួរ​ភ្នំ​ក្រវាញ ជាដើម ដែល​លាត​សន្ធឹង​ដល់​មាត់​សមុទ្រ ហើយ​មាន​កម្ពស់​ពី ១.០០០​ម៉ែត្រ រហូត​ដល់ ១.៧៤៤​ម៉ែត្រ នៅ​ភ្នំ​សង្កុស។ នៅ​ភាគ​ខាង​ជើង មាន​ជួរ​ភ្នំ​ដងរែក ដែល​ខណ្ឌ​ដែន​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ហើយ​ជួរ​ភ្នំ​នេះ​ជាប់​ទៅ​នឹង​ភ្នំ​ដែក ដែល​ជា​ភ្នំ​សម្បូរ​ដោយ​រ៉ែ​លោហធាតុ ដែល​បុព្វបុរស​ដូនតា​ខ្មែរ​ធ្លាប់​ដឹក​យក​មក​ប្រើប្រាស់ ហើយ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក គឺ​ស្ទឹង​មួយ​ដែល​អាច​ប្រើប្រាស់​បាន​រយៈពេល ៨​ខែ​ក្នុង​មួយ​ឆ្នាំ។ ស្ទឹង​នេះ​ហូរ​ចាក់​ចូល​មក​ក្នុង​បឹង​ទន្លេសាប ដោយ​ឆ្លង​តំបន់​ភ្នំ​គូលែន ជា​តំបន់​មួយ​ដែល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ ធ្លាប់​បាន​រៀប​ចំ​កសាង​ជា​រាជធានី​មួយ​រយៈ នៅ​ដើម​សតវត្សរ៍​ទី​៩ នៃ​គ្រិស្ដសករាជ​ផង។

នៅ​ភូមិ​ភាគ​ឦសាន​នៃ​ប្រទេស គឺ​នៅ​ក្នុង​ខេត្ត​ក្រចេះ ខេត្ត​ស្ទឹងត្រែង ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី ជា​តំបន់​ដែល​សម្បូរ​ដោយ​ខ្ពង់រាប​ដែល​មាន​ធាតុ​កសិណ​សិលា ថ្ម​ក្រានីត និង​ថ្ម​បបុះ ដែល​មាន​ដើម​កំណើត​មក​ពី​កម្អែល​ភ្នំ​ភ្លើង​ក្នុង​សម័យ​អតីត​កាល​ដ៏​យូរ ហើយ​កន្លែង​ខ្លះ​មាន​កម្ពស់​រហូត​ដល់ ១.០០០​ម៉ែត្រ ពិសេស គឺ​តំបន់​ដែល​មាន​ព្រំដែន​ប្រសព្វ​គ្នា​រវាង​ប្រទេស​ទាំង​បី គឺ​កម្ពុជា ឡាវ និង​វៀតណាម។ ហើយ​ទន្លេ​សំខាន់ៗ​បី​ដែល​ហូរ​ពី​ខ្ពង់រាប​ខាង​លើ​នេះ ឆ្ពោះ​ទៅ​ទិស​ខាង​លិច គឺ​ហូរ​ភ្ជាប់​ទៅ​នឹង​ទន្លេ​ទាំង​បី​នោះ គឺ​ទន្លេ​សេកុង សេសាន និង​ទន្លេ​ស្រែពក។

ភាគ​កណ្ដាល​នៃ​ប្រទេស​កម្ពុជា ជា​តំបន់​បាត​ខ្ទះ ដែល​សម្បូរ​ទៅ​ដោយ​ដី​ល្បប់​មាន​ជីជាតិ ហើយ​និង​មាន​ភ្នំ​ខ្លះ​ដែរ តែ​ស្ថិត​នៅ​ដាច់ៗ​ពី​គ្នា គឺ​ជា​តំបន់​ដែល​ដី​សម្បូរ​ទៅ​ដោយ​ជីជាតិ​ជាង​គេ​បំផុត​នៅ​ក្នុង​ជ្រោយ​ឥណ្ឌូ​ចិន នេះ។ នេះ​ជា​ហេតុ​ទាក់ទាញ​ប្រជាពលរដ្ឋ​អោយ​មក​រស់​នៅ​កុះករ​ក្នុង​តំបន់​នោះ ពិសេស គឺ​ប្រជាពលរដ្ឋ​ដែល​រស់​រាន ហើយ​ទាញ​យក​ផល​ពី​មុខ​របរ​កសិកម្ម ទាញ​ផល​ប្រយោជន៍​ពី​វាល​ទំនាប​មាន​ជីជាតិ ផល​ប្រយោជន៍​ពី បឹង ស្ទឹង ទន្លេ ទាំង​ឡាយ​នៃ​ភូមិ​ភាគ​នោះ។

បឹង​ទន្លេសាប គឺ​ជា​បឹង​មួយ​ដែល​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នៅ​រដូវ​វស្សា បឹង​នេះ​មាន​បណ្តោយ​រហូត​ដល់​ទៅ ១៦០​គីឡូម៉ែត្រ និង​ទទឹង ៣៦​គីឡូម៉ែត្រ។ នៅ​រដូវ​ប្រាំង ខែ​មីនា-មេសា បឹង​នេះ​មាន​ក្រឡា​ផ្ទៃ​ប្រមាណ ៣.០០០​គីឡូម៉ែត្រ​ក្រឡា។ គេ​អាច​ចែក​បឹង​នេះ​ជា​ពីរ​ផ្នែក គឺ​បឹង​ធំ ស្ថិត​នៅ​ភាគ​ខាង​លិច បឹង​តូច វាល​ភក់ តំបន់​ក​ដប ស្ថិត​នៅ​ភាគ​ខាង​កើត។ នៅ​ពេល​ទឹក​ទន្លេ​មេគង្គ​ឡើង​ខ្ពស់ ទឹក​បឹង​ទន្លេសាប​នេះ មាន​ជម្រៅ​រហូត​ដល់​ជាង ១០​ម៉ែត្រ ហើយ​បែក​វាល​លិច​គ្រប​ដណ្ដប់​លើ​ព្រៃ​មាត់​បឹង​ទាំងអស់​ដែល​នៅ​ជុំវិញ​បឹង​ទន្លេសាប​នោះ។

ទន្លេ​មេគង្គ​ដែល​មាន​ប្រភព​ចេញ​មក​ពី​តំបន់​ទីបេ ជា​ទន្លេ​ធំ​តែ​មួយ​គត់​ដែល​ហូរ​កាត់​ប្រទេស​កម្ពុជា ពី​ព្រំដែន​ខាង​ជើង​ទៅ​ព្រំដែន​ខាង​ត្បូង ត្រង់​ល្បាក់ខោន គឺ​ត្រង់​ព្រំប្រទល់​ដែន​រវាង​ប្រទេស​ឡាវ និង​កម្ពុជា ទឹក​ទន្លេ​មេគង្គ​ត្រូវ​ហូរ​មក​ជួប​នឹង​របាំង​ថ្ម​ខ្ពស់ ដូច​ជា​ទំនប់​ចោត​ត្រេង ដែល​ធ្វើ​អោយ​ទន្លេ​មេគង្គ​ត្រង់​ល្បាក់ខោន​នេះ ក្លាយ​ជា​អាង​ទឹក​ដ៏​ធំ​សម្បើម ដែល​មាន​ជម្រៅ​រហូត​ដល់​ជាង ២០​ម៉ែត្រ ហើយ​ហូរ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​មក​ក្រោម ដែល​កប៉ាល់​មិន​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទី​នោះ​បាន​ឡើយ។

ក្រៅ​ពី​តួ​ទន្លេ​មេគង្គ ក៏​មាន​ដៃ​ទន្លេ​ជាច្រើន ខ្លះ​មាន​ទទឹង​រហូត​ទៅ​ដល់​ជាង ២​គីឡូម៉ែត្រ ហូរ​ប្រសព្វ​គ្នា​ចាក់​ទៅ​ត្រង់​ដែន​ដី​សណ្ដ​ទន្លេ​មេគង្គ ដែល​មាន​ទំហំ​ប្រមាណ ៦០០​គីឡូម៉ែត្រ ពិសេស គឺ​ត្រង់​ដែន​ដី​ដែល​បារាំង ហៅ​ថា កូសាំងស៊ីន ហើយ​ធ្វើ​អោយ​តំបន់​នេះ​ក្លាយ​ជា​តំបន់​មាន​ជីជាតិ​បំផុត​របស់​ជនជាតិ​ខ្មែរ។ បច្ចុប្បន្ន​នេះ ដែន​ដី​កូសាំងស៊ីន គឺ​ដែន​ដី​កម្ពុជា​ក្រោម ដ៏​មាន​ជីជាតិ​របស់​ខ្មែរ ក្លាយ​ទៅ​ជា​របស់​វៀតណាម ទៅ​ហើយ។ ចំណែក​វាល​ទំនាប​ទន្លេ​មេគង្គ​វិញ គឺ​ជា​តំបន់​ដែល​លាត​សន្ធឹង​ពី​ខេត្ត​ក្រចេះ រហូត​ទៅ​ដល់​មាត់​សមុទ្រ​ផ្នែក​ខាង​ត្បូង។ នៅ​ភ្នំពេញ ដែល​ជា​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​បង្កើត​ឡើង​តាំង​ពី​អំឡុង​សតវត្ស​ទី​១៥ នៃ​គ្រិស្ដសករាជ​នោះ ទន្លេ​មេគង្គ​ត្រូវ​បែក​ចេញ​ជា​ទន្លេ​បួន ដែល​គេ​និយម​ហៅ​ថា​ចតុមុខ។ នៅ​ត្រង់​ចតុមុខ​នេះ ទន្លេ​មេគង្គ​ត្រូវ​ភ្ជាប់​ទៅ​នឹង​ទន្លេសាប ដែល​បែក​ទៅ​ទិស​ខាង​ជើង​ទន្លេ​ធំ និង​ទន្លេ​បាសាក់ ដែល​ហូរ​ចាក់​ទៅ​ក្នុង​សមុទ្រ។

នៅ​រដូវ​ប្រាំង ខែ​ផល្គុណ ចែត្រ គឺ​ខែ​មីនា មេសា ទឹក​ទន្លេ​មេគង្គ​ត្រូវ​នឹង​ថ្កល់ ហើយ​ជោរ​នាច​ទៅ​តាម​ពេល​វេលា។ រហូត​ដល់​ខែ​វស្សា រដូវ​ភ្លៀង​ធ្លាក់ ចាប់​ផ្ដើម​ឡើង​នៅ​ខែ​កក្កដា ទឹក​ទន្លេ​មេគង្គ​ត្រូវ​ឡើង​ផ្ទៃ​ទន្លេ​មេគង្គ​ក៏​រីក​ធំ​ម្តង​បន្តិចៗ។ ឯ​ទន្លេ​ធំ និង​ទន្លេ​បាសាក់​វិញ ទឹក​ក៏​កាន់​តែ​បន្ថែម​ល្បឿន​ឡើង​ជា​រៀង​រាល់​ថ្ងៃ ហូរ​ត្របាញ់​ចាក់​ទៅ​ក្នុង​សមុទ្រ។ ចំណែក​ខាង​បឹង​ទន្លេសាប​វិញ ពេល​នោះ​បាន​ក្លាយ​ជា​អាង​ស្តុក​ទឹក​យ៉ាង​ធំ រហូត​លិច​អស់​តំបន់​ទាំង​ឡាយ​ដែល​នៅ​ជុំវិញ​ទី​នោះ អស់​រយៈពេល ៥​ខែ​ក្នុង​មួយ​ឆ្នាំ គឺ​មាន​រយៈ​កាល​ស្មើ​នឹង​ទឹក​ទន្លេ​មេគង្គ​ឡើង​ដូច្នោះ​ដែរ។

នៅ​រដូវ​សម្រក ពិសេស គឺ​ពេល​ដែល​ទឹក​ទន្លេសាប​ចាប់​ផ្ដើម​ហូរ​វិល​ត្រឡប់​ចេញ​មក​វិញ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទិសទី រួម​ទាំង​ជនជាតិ​ខ្មែរ​នៅ​ទឹក​ដី​កម្ពុជា​ក្រោម​ផង តែង​តែ​ប្រារឰ​ធ្វើ​ពិធី​បុណ្យ​ប្រពៃណី​មួយ គឺ​បុណ្យ​អុំទូក អក​អំបុក សំពះ​ព្រះខែ ដើម្បី​សាទរ​បាតុភូត​ធម្មជាតិ​ដ៏​កម្រ​មាន​នៅ​លើ​ពិភពលោក​យើង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (7)
Share

កូនខ្មែរ

ពី កម្ពុជា

តើហេតុអ្វីបានជាជាតិខ្មែរចូលចិត្តឈ្លោះគ្នាម្ល៉េះ? កើតមកឆ្ងល់ណាស់​ បើមិត្ត​ដឹងសូមជួយ​ពន្យល់​ដោយក្ដីអនុគ្រោះ ។ ពី​ខ្មែរស្រឡាញ់សន្ដិភាព! សូមអរគុណ

Sep 26, 2014 09:39 AM

សូរ មុនី

ពី ភ្នំពេញ

ក្នុងនាមយើងជាខ្មែរដូចគ្នា ខ្មែរលើ ខ្មែរក្រោម​ និង ខ្មែរកណ្តាល ចង់សូមឲ្យវិទ្យុអាស៊ីសេរី ជួយយកព័ត៌មានខ្មែរក្រោមឲ្យបានច្រើនផង ដើម្បីឲ្យបានទទួលសិទ្ធិសេរីដូចគេឯង និង ដើម្បីឲ្យអន្តរជាតិបានស្គាល់ខ្មែរកម្ពុជាក្រោមគឺជាខ្មែរ សូមអរគុណ

Feb 02, 2014 01:53 AM

sin sovannik

ពី pp

ស្នើសូមបញ្ចូលនាទីអក្សរផង ប៉ុន្តែសូមរកអ្នកដែលចេះអក្សរសាស្រ្តបាលី សំស្រ្កឹត និងភាសាបារាំង អោយបានពិតប្រាកដ សុំកុំរកអ្នកស្ទើភ្លើងមកនិយាយនាំអោយខាតពេល។ សូមអរគុណ

Jan 30, 2014 09:48 AM

ក្មេងវត្ត

ពី វត្តភ្នំ

គួរតែបញ្ចូលនាទីអក្សរសាស្រ្តទៅក្នុងនាទីប្រវត្តិសាស្រ្តនេះផងដែរ។
ប្រវត្តិសាស្រ្តនិងអក្សរសាស្រ្តត្រូវតែដើរដំណាលគ្នាជានិច្ច។

Jan 28, 2014 11:30 AM

កូនខ្មែរ

ពី ភព

កាលដែលទឹកដីខ្មែររួញតូចមកដល់សព្វថ្ងៃនេះដោយមូលហេតុពីរ៖
ទី១-មកអំពីពូជស្ដេចខ្មែរមិនចេះថែរក្សាទឹកដីខ្លួន។ពូកែខាងស្រឡាញ់
អំណាច ស្រឡាញ់គ្រឿងញាននិងស្រីច្រើន។ទី២-មកពីប្រជារាស្រ្ត
ខ្មែរស្លូតពេក ផ្ញើវាសនាខ្លួននិងទឹកដីខ្លួនទៅលើស្ដេចនិងអាម៉ីអាថោង
ដែលគិតតែពីអំពើរពាលារហុតមកដល់សព្វថ្ងៃ។

Jan 22, 2014 04:12 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល