មន្ត្រី​អង្គការ​សង្គម​ស៊ីវិលនិង​អ្នកតាមដាន​ការ​អភិវឌ្ឍ​សង្គម​រិះគន់​រដ្ឋាភិបាល​ថា ផែនការ​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​គ្មាន​ប្រសិទ្ធភាព

មន្ត្រីអង្គការ​សង្គមស៊ីវិលនិង​អ្នកតាម​ការ​អភិវឌ្ឍ​សង្គមរិះគន់​រដ្ឋាភិបាល​ថាមិនបាន​ដោះ​ស្រាយ​បញ្ហា​ជីវភាព​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រកប​ដោយ​ប្រសិទ្ធភាព​ឡើយ​ហើយ​ការ​ផ្ដល់​សាច់​ប្រាក់​ពិសេស​ក្នុង​ពេល​ថ្មីៗ​នេះគឺ​ដើម្បី​កេង​ចំណេញ​នយោបាយ​ពី​ប្រជាពលរដ្ឋ​នៅមុន​ការ​បោះឆ្នោត​តែ​ប៉ុណ្ណោះ។ ប្រតិកម្ម​នេះ​ធ្វើឡើង​បន្ទាប់​ពី​បេក្ខជន​នាយករដ្ឋមន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថារដ្ឋាភិបាល​មិន​ដែល​បោះបង់​អ្នក​ដែល​មាន​ជីវភាព​ក្រីក្រ​ឡើយ។

មន្ត្រី​អង្គការ​សង្កមស៊ីវិលនិង​អ្នកតាម​ដាន​ការ​អភិវឌ្ឍ​សង្គម​យល់ឃើញ​ថាដោយសារ​អំពើពុករលួយនិង​បក្សពួកនិយមរដ្ឋាភិបាល​មិន​អាច​ដោះស្រាយ​បញ្ហាជីវភាព​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រកប​ដោយ​ប្រសិទ្ធភាព​ឡើយ។

អ្នកតាមដាន​ការអភិវឌ្ឍ​សង្គមនិង​នយោបាយ លោក លី ចាន់ដារ៉ាវុត ប្រាប់វិទ្យុ​អាស៊ីសេរី​នៅថ្ងៃទី១១ ខែធ្នូថាស្របពេល​ដែល​ធនធាន​ធម្មជាតិ​ជាច្រើនត្រូវ​បាន​បក្ស​ពួក​មន្ត្រីធំៗ​ទាញ​យកនិង​បំផ្លិចបំផ្លាញក៏ប៉ុន្តែ​រដ្ឋាភិបាល​នៅតែ​មិនអាច​កាត់​បន្ថយភាព​ក្រីក្រ​បាន​ប្រកប​ដោយ​ប្រសិទ្ធភាពឡើយ។ លោក​មើល​ឃើញ​ថាបញ្ហាសំខាន់​ដែល​បណ្ដាល​ឱ្យ​រដ្ឋាភិបាល​ឯកបក្សមិន​អាច​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋក្រីក្រគឺ​បណ្ដាល​មក​ពី​អំពើពុករលួយនិង​ការ​ប្រកាន់​បក្ស​ពួក​របស់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ។ លោកបន្ថែមថា មន្ត្រីរដ្ឋាភិបាល​មិន​អាច​និយាយ​ដោយ​មាន​មោទនភាព​បាន​ថាគ្មានសម័យ​ណារីកចំរើន​ដូច​សម័យ​នេះ​ទេ​ព្រោះ​តាំងពី​ដើម​រៀង​មក​ប្រទេស​កម្ពុជា​ក៏មិន​ដែល​ជំពាក់បំណុល​បរទេស​រាប់ពាន់​លាន​ដុល្លារហើយ​ប្រជាពលរដ្ឋ​ក៏​មិន​ដែល​ធ្វើចំណាក​ស្រុក​ទៅ​ធ្វើកម្មករ​នៅ​ក្រៅប្រទេសដើម្បីរក​ប្រាក់សងបំណុល​ធនាគារ​និង​ដោះស្រាយ​ជីវភាព​គ្រួសារ​រាប់​លាន​នាក់​បែប​នេះ​ឡើយ៖

«នៅពេល​ដែល​ធនធាន​បែងចែក​មិន​ស្មើ​គ្នា​វាធ្វើ​ឲ្យ​អ្នក​មាន​កាន់​តែ​មាន​អ្នក​ក្រ​កាន់​តែ​ក្រហើយ​រឿង​និង​វាកើត​ឡើង​នៅប្រទេស​ជាច្រើន​ដែល​កំពង់​អភិវឌ្ឍ​អ្នក​មាន​គឺ​មាន​លុយច្រើន​មែនទែន​អ្នក​ខ្លះ​អាច​ទិញ​ឡាន៣ទៅ៤ពួក​អ្នក​ខ្លះជិះ​ដល់រ៉ូលរ៉យហើយ​មន្ត្រីមួយ​ចំនួន​ដែល​មាន​ប្រាក់​ខែ​ត្រឹម​១​ពាន់​ដុល្លារអ៊ី១ពាន់៥រយដុល្លារអ៊ីហ្នឹង បែរ​ជាមាន​លុយ​ទិញ​យន្តហោះ​ផ្ទាល់​ខ្លួន​ហើយចឹង​ទៅអ្នក​ក្រក្រ​ដល់​ថ្នាក់​គ្មាន​កន្លែង​នៅគ្មាន​ផ្ទះ​នៅគ្មាន​បាយ​ហូប»។

ប្រតិកម្មនេះ​កើតមាន​ឡើង​បន្ទាប់ពី​កូន​ប្រុស​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បាន​ថ្លែង​កាល​ពី​ថ្ងៃទី១០ ខែធ្នូ នៅពេល​លោក​ចុះ​ទៅ​សម្ពោធ​សមិទ្ធផល​នានាក្នុង​វត្ត​មួយនា​ខេត្តតាកែវ​ថារដ្ឋាភិបាលមិន​ដែល​បោះបង់​ប្រជាពលរដ្ឋ​រស់​នៅ​ក្រោម​បន្ទាត់​ក្រីក្រ​ឡើយ។ លោក ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថារដ្ឋាភិបាល​តែង​ជួយ​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ក្រីក្រ​ជា​និច្ចក្នុង​នោះរដ្ឋាភិបាល​បាន​ផ្ដល់​ប័ណ្ណក្រីក្រឬហៅថា​ប័ណ្ណ​សមធម៌និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង ផ្លូវ សាលារៀន ជាច្រើន​តាម​ទីជនបទ​ទូទាំង​ប្រទេស៖

«លោក​តា​លោកយាយ​ជំនាន់សែចិត​សិប​ឆ្នាំ​ដែល​លោកតា​លោកយាយ​មាន​អាយុ​៧០​ឆ្នាំ​៦០​ឆ្នាំជំនាន់​ណា​ដែលមាន​ទឹកមាន​ផ្លូវមានភ្លើង​ចូលផ្ទះ​លោកតា​លោកយាយចូលទៅ​ដល់​ភូមិឃុំច្រើន​ជាង​សម័យ​តេជោទៀត​លោកតា​លោកយាយគឺ​ជំនាន់​សម័យ​សម្ដេច​តេជោជំនាន់​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជាក្រោយ​៧៩៤៣​ឆ្នាំ​នេះ​ឯង»។

កាលពី​ពេល​ថ្មីៗ​នេះលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាស​ដាក់​ចេញ​កម្មវិធី​ផ្ដល់​សាច់​ប្រាក់​ជូន​ដល់​ពលរដ្ឋ​ដែល​ងាយរងគ្រោះ​ពេល​មាន​សម្ពាធ​អតិផរណាព្រម​ទាំង​ងាយ​រង​ហានិភ័យ​ពី​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​គ្រោះទឹក​ជំនន់​ដែរ។កម្មវិធី​ផ្ដល់​សាច់ប្រាក់​ពិសេស​នេះ​ត្រូវ​បាន​គេមើល​ឃើញ​ថាធ្វើឡើង​ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​នៅមុន​ការ​បោះឆ្នោត​ឆ្នាំ២០២៣តែ​ប៉ុណ្ណោះ។ អ្នកតាម​ដាន​ស្ថានការណ៍​នយោបាយ​លើកឡើង​ថាដើម្បីដោះស្រាយ​បញ្ហាជីវភាព​ពលរដ្ឋ​ឱ្យមាន​ប្រសិទ្ធភាពរដ្ឋាភិបាល​គួរ​ដោះស្រាយ​បញ្ហា​អាទិភាព ដូចជា បញ្ហាទីផ្សារ​ផលិតផល​កសិកម្មនិង​លុប​បំបាត់​អំពើពុករលួយ​ជា​មុន​សិន។

ជុំវិញ​រឿង​នេះកម្មករ​ម្នាក់​ធ្វើការ​នៅច្រកព្រំដែន​កម្ពុជា-ថៃ គឺលោក លី ប៊ុនធីម ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថាគ្រួសារ​លោក​សម្រេច​ចិត្ត​ធ្វើចំណាក​ស្រុក​ពី​ខេត្តកំពង់ធំមកធ្វើការ​នៅក្រុង​ប៉ោយប៉ែតដោយ​សារ​ជាប់​បំណុល​ធនាគារហើយនៅ​ស្រុក​របស់​លោក​គ្មាន​ការងារ​ធ្វើ។ លោក លី ប៊ុនធីម បន្ថែមថា ដោយ​សារ​បញ្ហា​ជីវភាពកូនប្រុស​ច្បង​ក្នុង​គ្រួសារ​របស់​លោកបានបង្ខំ​ចិត្ត​ឈប់រៀន​ត្រឹម​ថ្នាក់ទី១០ហើយ​មក​ជួយ​អូស​រទេះលោក​នៅ​ក្រុងប៉ោយប៉ែត។ លោកបន្ថែមថា បើទោះបីជា​គ្រួសារ​លោក​មាន​កូន​៥​នាក់និង​គ្មាន​អាហារ​ហូបគ្រប់គ្រាន់​ក្ដីតែ​លោក​មិន​ដែល​ទទួល​បាន​អំណោយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ម្ដង​ណាឡើយ៖

«នៅនេះ​ឥឡូវដុន​ដាប​ខ្លាំង​ជំពាក់​ធនាគារ​ផងហើយ​យើង​រកស៊ីស៊ីឈ្នួល​គេ​មួយ​ថ្ងៃ៣​រយហើយ​កាល​ដែល​យើង​យក​លុយ​អង្គការ​នោះ​វា​ច្រើន​ដល់​ពេល​យើង​កាល​នោះ​យក​មក​រក​ស៊ីសង្ឃឹមថា បានដល់​ពេល​វា​អត់​បងអញ្ចឹង​ឥឡូវកំពង់​ដុនដាប​ខ្លាំង​និយាយ​ឲ្យ​ចំអ​ញ្ចេះបណ្ដោយ​ទៅ​បង់​អង្គការ​ផងហើយ​យើង​ស៊ីខ្លួន​ឯង​ផងវាដុនដាប​ទៅ​លើ​និង​បណ្ដោយ​បង​ហា៎»។

កន្លងមក​ប្រជាពលរដ្ឋ​ក្រីក្រ​មួយ​ចំនួន​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល តែងតែលើកឡើងថា​ពួកគេ​មិនដែល​ទទួលបាន​ការ​ឧបត្ថម្ភ​សាច់ប្រាក់​របស់​រដ្ឋាភិបាល​ឡើយ​ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​បញ្ចូល​ឈ្មោះពួកគាត់​មាន​ការ​រើសអើង​និន្នាការ​នយោបាយនិងមិន​មាន​តម្លាភាព​ឡើយ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍនិង​សន្តិភាព លោក យ៉ង គឹមអេង យល់ស្រប​ថាកម្មវិធី​ផ្ដល់​សាច់​ប្រាក់​ដល់​ប្រជាពលរដ្ឋក្រីក្រ​ក្នុង​ពេល​ថ្មីៗ​នេះគឺជាការ​ធ្វើឡើង​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ក្នុង​ពេល​បោះឆ្នោត​ថ្នាក់​ជាតិ​ក្នុង​ពេល​ខាងមុខ។ លោកបន្ថែម​ថាបើទោះបីជា​ប្រជាពលរដ្ឋ​មាន​ប័ណ្ណក្រីក្រឬកាត​សមាជិក​បេឡាជាតិ​របបសន្តិសុខ​សង្គម​(ប.ស.ស) ក្ដី ក៏​ពួកគេមិន​អាច​ទទួល​បាន​សេវា​សុខាភិបាល​បាន​ល្អ​នោះ​ទេដោយសារ​ក្រុម​គ្រូពេទ្យ​មិន​យក​ចិត្តទុក​ដាក់​ព្យាបាល​ឬ​ផ្ដល់​ថ្នាំ​ពេទ្យ​ដូចអ្នក​ជំងឺ​ដែល​មាន​លុយ​ឡើយ។ ជាមួយគ្នា​នេះ លោក យ៉ង គឹមអេង ក៏ព្រួយបារម្ភ​ចំពោះការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​គ្មាន​គុណភាព​ដែរព្រោះ​ពេល​សំណង់​មិន​រឹងមាំនោះវា​នឹង​បន្សល់​តែ​បំណុល​ដល់​ពលរដ្ឋជា​អ្នក​សងវិញ​តែ​ប៉ុណ្ណោះ។

ធនាគារពិភពលោក​បាន​ចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ​កាលពីថ្ងៃទី២៨ខែវិច្ឆិកា​ថាប្រជាជន​កម្ពុជា​ជិតកន្លះ​លាន​នាក់ (៤៦០.០០០) បន្ថែមទៀត​បាន​ធ្លាក់​ខ្លួន​ក្រីក្រ​ក្នុង​រយៈពេល ២ ឆ្នាំចុងក្រោយ​នេះក្រោយ​ការ​ផ្ទុះរាតត្បាត​នៃ​ជំងឺកូវីដ-១៩។ អ្នក​តាមដាន​ការ​អភិវឌ្ឍ​សង្គម លើកឡើងថា រដ្ឋាភិបាល​មិន​អាច​លើក​កម្ពស់​ជីវភាព​ក្រីក្រ​ប្រកប​ដោយ​ប្រសិទ្ធភាព​បាន​ឡើយព្រោះការ​ផ្ដល់​អំណោយ​គឺ​ធ្វើ​ឡើង​តាម​រយៈមន្ត្រី​ថ្នាក់​ក្រោម​ជាតិដែល​ប្រកាន់​បក្ស​ពួកមិន​អាច​ធានាបាន​ពី​តម្លាភាព​និង​សុចរិតភាព​បាន​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។