លោក ហ៊ុន សែន ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន-សហភាព​អឺរ៉ុប ខណៈ​បក្ស​ប្រឆាំង​ត្រៀម​ធ្វើ​បាតុកម្ម​ស្វាគមន៍

0:00 / 0:00

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ដល់​ទី​ក្រុងព្រុចសែល (Brussels) ប្រទេស​បែលហ្សិក (Belgium)ហើយ ដើម្បី​ចូលរួម​កិច្ច​ប្រជុំកំពូល​អាស៊ាន-សហភាព​អឺរ៉ុប។ ប៉ុន្តែពលរដ្ឋ​ខ្មែរ និង​មេបក្ស​ប្រឆាំង​នៅ​ទី​នោះ ប្រកាស​ធ្វើ​បាតុកម្ម​ទទួល​ស្វាគមន៍ ដើម្បី​ជំរុញ​ដល់​សហភាពអឺរ៉ុប​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​ងាក​មក​ស្តារ​ប្រជា​ធិប​តេយ្យ និង​គោរព​សិទ្ធិ​ពលរដ្ឋ ដោយ​ដោះលែង​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ​ឱ្យមាន​សេរីភាព​វិញ។ ប៉ុន្តែ​មន្រ្តី​រដ្ឋាភិបាល​លើកឡើងថា ​អ្នក​ដែល​ចេញ​បាតុកម្ម​ប្រឆាំង​រដ្ឋា​ភិបាល​ដោយ​សារ​ពួកគេ​មិន​យល់មិន​យល់​អំពី​ស្ថានភាព​ពិត​នៅ​​កម្ពុជា។

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បានដឹកនាំ​មន្រ្តី​រដ្ឋា​ភិបាល​មួយចំនួន​ធ្វើដំណើរ​ទៅ​ដល់​ក្រុងព្រុចសែល ប្រទេស​បែលហ្សិក (Belgium) ហើយ នៅរសៀល​ថ្ងៃទី១២ ខែធ្នូ ដើម្បី​ចូលរួម​ធ្វើជា​សហប្រធាន​កិច្ចប្រជុំកំពូល​​ខួបអនុស្សាវរីយ៍​លើក​ទី៤៥ នៃ​ទំនាក់ទំនង​ដៃ​គូ​សន្ទនា​អាស៊ាន-សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ខាង​មុខ​នេះ។

ក្រសួងការបរទេសកម្ពុជា​ឱ្យដឹងថា​កិច្ច​ប្រជុំ​កំពូលនេះ​នឹង​ពិនិត្យ​ឡើងវិញ​នូវកិច្ច​សហប្រតិបត្តិ​ការ​អាស៊ាន-សហភាព​អឺរ៉ុប នាពេល​បច្ចុប្បន្ន និង​កំណត់ទិសដៅ​អនាគត​សម្រាប់​ទំនាក់​ទំនង​អាស៊ាន-សហភាព​អឺរ៉ុប។ ជា​មួយគ្នា​នេះថ្នាក់ដឹកនាំ​រំពឹង​ថា​នឹង​ផ្តោតការ​ពិភាក្សា​លើវិធី​ដើម្បី​ពង្រឹង​សេដ្ឋកិច្ច និង​ទំនាក់ទំនងរវាង​ប្រជាជន​និង​ប្រជាជន ការផ្លាស់​ប្តូរ​ឌីជីថល ការ​តភ្ជាប់ ការ​ធានាបាននូវ​ការផ្លាស់​ប្តូរ​បៃតង ថាមពល និង​សន្តិសុខ​ស្បៀង និង​អភិវឌ្ឍប្រកប​ដោយ​ចីរភាព ព្រមទាំងផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​ការ​ព្រួយ​បារម្ភ និង​ការ​ចាប់អារម្មណ៍​រួម​ផង​ដែរ។

ប្រភពដ​ដែលប​ញ្ជាក់​ថា នៅមុន​ពេល​ចូលរួម​កិច្ច​ប្រជុំកំពូល​នេះ លោក ហ៊ុន សែន នឹងទៅបំពេញ​ទស្សនកិច្ចការងារ​នៅ​ប្រទេសបារាំង ហើយ​លោក​នឹងជួបជាមួយ​ប្រធានាធិបតី​បារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron)។ អំឡុងពេល​នៅ​ទីក្រុង​ព្រុចសែល លោក ហ៊ុន សែន ក៏គ្រោងមាន​ជំនួបទ្វេភាគី​ជា​មួយថ្នាក់​ដឹកនាំ​អឺរ៉ុប​មួយ​ចំនួន ហើយលោក ហ៊ុន សែន ក៏នឹង​ជួប​សំណេះ​សំណាលជាមួយ​ពលរដ្ឋ​ខ្មែរ​អ្នក​គាំទ្រ ដែល​កំពុងរស់​នៅ​អឺរ៉ុប​នោះ​ដែរ។

ស្របពេលកិច្ច​ប្រជុំកំពូល​អាស៊ាន-សហភាពអឺរ៉ុប​នេះ ពលរដ្ឋ​ខ្មែរ និង​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី នៅ​ទី​នោះ បាន​ប្រកាស​ប្រមូលគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន នៅទីក្រុង​ព្រុច​សែល (Brussels) ប្រទេស​បែលហ្សិក(Belgium) នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ដែរ។

តំណាង​គណៈកម្មការ​រៀបចំ​បាតុ​កម្ម និង​ជា​ប្រធាន​ចលនា​យុវជន​គណបក្សសង្គ្រោះជាតិ​ប្រចាំ​ប្រទេស​បារាំង កញ្ញា លីម កន្និកា ប្រាប់វិទ្យុ​អាស៊ីសេរី​នៅថ្ងៃទី១២ ខែធ្នូថា ពលរដ្ឋខ្មែរ​រាប់រយ​នាក់​ដែល​រស់​នៅ​តាម​បណ្តា​ប្រទេស​នៃសហភាព​អឺរ៉ុប​បាន​ស្ម័គ្រចិត្ត និង​លះបង់​ពេលវេលា​ផ្ទាល់ខ្លួន​ត្រៀម​ធ្វើ​ដំណើរ​ទៅក្រុង​ព្រុចសែល​រួច​រាល់​ហើយ ដើម្បី​ចូលរួម​បាតុកម្ម​ប្រឆាំង​នឹង​លោក ហ៊ុន សែន ដែល​កញ្ញាថា​បានដឹកនាំ​ប្រទេស​ធ្វើបាប​ពលរដ្ឋខ្មែរ​ស្លូតត្រង់​កន្លង​មក។ កញ្ញាបញ្ជាក់ថា​ការរៀបចំ​បាតុកម្ម​នេះ គឺក្នុងគោលបំណង​ចង់​បង្ហាញ​ឆន្ទៈ​ថា​ពលរដ្ឋខ្មែរ​រស់​នៅ​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ​មិនគាំទ្រ​ការដឹក​នាំ​របស់​លោក ហ៊ុន សែន នោះ​ទេ ហើយ​ស្នើដល់​សហភាពអឺរ៉ុប​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាលកម្ពុជា​បើក​លំហ​សេរីភាព​ពលរដ្ឋ និង​ដោះលែង​សកម្មជនន​យោ​បាយ ព្រមទាំង​មេដឹកនាំ​សហជីព​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។ កញ្ញា​រំពឹង​ថា​សហភាពអឺរ៉ុប​នឹង​យក​លក្ខខណ្ឌ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ពលរដ្ឋខ្មែរ​ទៅ​ពិចារណា​មុននឹងបង្កើន​ទំនាក់ទំនង​ការ​ទូតពាណិជ្ជកម្ម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា៖

«ពួកខ្ញុំ​ធ្វើ​បាតុកម្ម​ហ្នឹង​ដោយ​សាររាល់​ថ្ងៃផ្លូវ​ដែល​គាត់ ​(លោក ហ៊ុន សែន)រៀបចំ​សម្រាប់​ប្រទេស​យើង​គឺ​ខុស​ហើយ អនាគត​សម្រាប់​យុវជនយើង​ពិបាក​ងើប ពីព្រោះ​វា​ធ្វើ​បាប​រាល់​ថ្ងៃ ដោយ​ដាក់គ្នា​យើង​នៅ​ក្នុងពន្ធនាគារ យកដី​គ្នា​យើង​ទៅ​លក់ មិនចង់​គោរព​សិទ្ធិ​ការងារ អាហ្នឹង​ហើយដែល​គេ​ធ្វើ​បាតុ​កម្ម ឬតស៊ូ​ដើម្បី​មាន​ជីវិត ទាំងអស់​ហ្នឹង​ជា​រឿង​ធម្មតា​តើ ដូច្នេះ​បាតុកម្ម​នេះ​យើង​គាំទ្រ​មួយ​ភាគ​រយ មូលហេតុ​ហ្នឹង​យើង​មាន​ឆន្ទៈណាស់ តោះ​ទៅ​ជួបគ្នា​យើង​នៅ​ព្រុចសែល»។

ទាក់ទង​រឿងនេះ អ្នកនាំពាក្យ​គណបក្ស​កាន់​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ច្រានចោល​ការការចោទ​ប្រកាន់​ថា​រដ្ឋាភិបាល​ដែល​ដឹកនាំ​​ដោយ​គណបក្សកាន់អំណាច​បច្ចុប្បន្ន​បាន​ធ្វើ​ឱ្យ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ដើរថយក្រោយ។ ទន្ទឹង​នឹង​នេះ លោក​អះអាងថា​ការ​ដែល​ថ្នាក់ដឹកនាំ​ប្រទេស​ចូល​រួមកិច្ចប្រជុំ​នៅ​សហភាព​អឺរ៉ុប និង​ការ​ទទួល​បាន​ការ​ស្វាគមន៍​ពី​ពលរដ្ឋខ្មែរ​រាប់ពាន់​នាក់ គឺ​ផ្តល់​មុខមាត់​ដល់​កម្ពុជា​លើ​ឆាក​អន្តរជាតិ។ លោក សុខ ឥសាន ចោទពលរដ្ឋខ្មែរ​ដែល​ចូលរួម​បាតុកម្ម​ថា ​ពួកគេ​ជឿ​តាម​ការញុះ​ញង់ និង​មិន​បានយល់ច្បាស់​អំពី​ស្ថានភាពពិត​​ជាក់ស្តែង​​នៅ​កម្ពុជា៖

«ដូច្នេះ​ហើយ​ខ្ញុំយល់​ឃើញ​ថា​ការប៉ុនប៉ុង​ធ្វើ​បាតុ​កម្ម ដើម្បីរារាំង ឬបន្តុះ​បង្អាប់​ដល់​លទ្ធផល​ដ៏ត្រចះត្រចង់​នៃ​ជំនួប​រវាង​អឺរ៉ុប​អាស៊ាន​នេះ អត់​ប្រយោជន៍ អត់​បាន​ការ​អ្វី​ទេ​បាទ»។

ទោះបី​មន្រ្តី​រដ្ឋាភិបាល​អះអាង​យ៉ាង​នេះ​ក្តី កាល​ពីដើម​ខែ​ឧសភា កន្លងទៅ នៅមុនពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​អាណត្តិទី៥ សភាអឺរ៉ុប​បានទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការយាយី​គ្រប់​រូបភាពលើ​ការ​អនុវត្ត​សិទ្ធិសេរីភាព​របស់​ពលរដ្ឋ ហើយ​ដោះលែង​អ្នក​ជាប់​ឃុំនយោបាយ និងទម្លាក់​ចោល​បទចោទ​ប្រកាន់​មិនត្រឹមត្រូវ​លើ​ថ្នាក់​ដឹក​នាំគណបក្សស​ង្គ្រោះ​ជាតិ និង​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​លើ​ករណី​ឃាត​កម្មលើអ្នកបញ្ចេញ​មតិ​រិះគន់​រដ្ឋា​ភិបាល ជាដើម។ ទន្ទឹម​នឹង​នេះ សភាអឺរ៉ុប​បានជំរុញ​ឱ្យ​ស្ថាប័ន​អឺរ៉ុប​អនុម័ត​វិធានការនានា​ប្រឆាំង​នឹង​ក្រុមមេដឹក​នាំ​កម្ពុជា ក្នុង​នោះ​រួម​ទាំង ការព្យួរ​ទាំងស្រុង​នូវ​ប្រព័ន្ធអនុ​គ្រោះពន្ធ EBA ផង​ដែរ ប្រសិន​បើ​រកឃើញ​ថា​ការបោះ​ឆ្នោត​មាន​ភាព​អយុត្តិធម៌។

អ្នក​វិភាគ​នយោបាយ​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ហ្វាំងឡង់ (Finland) លោក គឹម សុខ សោកស្តាយ​ដែល​ពលរដ្ឋ​ខ្មែរ​មាន​មេដឹក​នាំយក​វេទិកា​អន្តរ​ជាតិ ឬប្រើ​ឈ្មោះ​អាស៊ាន​ទៅ​ឃាសនា​ដើម្បី​កេង​ចំណេញ​នយោបាយ​​ផ្ទាល់​ខ្លួន។ លោកមើល​ឃើញ​ថា​ លោក ហ៊ុន សែន គ្មាន​សមត្ថភាព​លើក​មុខ​មាត់ និង​ទាញ​ផល​ប្រយោជន៍​ជូន​ជាតិ​ឡើយ ខណៈ​ដែលលោក​ទៅដល់ទីណា​ពលរដ្ឋខ្មែរ​នាំគ្នា​ចេញ​តវ៉ា និងថ្កោលទោស​ដល់​ទៅ​នោះដែរ។ លោក គឹម សុខ រំពឹងថា ​អំឡុង​កិច្ចប្រជុំ​កំពូល​ខាង​មុខ​នោះ លោក ហ៊ុន សែន គឺ​ជៀស​មិន​ផុត​ពី​មេដឹកនាំ​សហភាព​អឺរ៉ុប​ដាស់​តឿន និង​ទាមទារ​ឱ្យ​បើក​លំហសិទ្ធិ​ពល​រដ្ឋ និងសិទ្ធិន​យោ​បាយ និង​ការរៀបចំ​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣ រួមទាំង​ព្រមាន​ដាក់សម្ពាធ ជាពិសេស​ការ​ដក​ប្រព័ន្ធអនុគ្រោះ​ពន្ធ​អ៊ីប៊ីអេ (EBA) បន្ថែម​ទៀត៖

«បាតុករ​នៅអឺរ៉ុប​ដែល​ប្រឆាំងនឹង​លោក ហ៊ុន សែន យ៉ាងហោច​ណាស់ ពួកគាត់​មើល​ឃើញ​ត្រូវ​មួយ​ចំណុច​ធំ គឺលោក ហ៊ុន សែន កំពុងដឹកនាំ​បែប​បិទ​ប្រទេស​ពី​ការចូល​រួម​របស់​អ្នក​ប្រជាធិប​តេយ្យ ដូច្នេះបើទោះ​បី​លោក ហ៊ុន សែន ជួប​ជាមួយ​មេដឹក​នាំ​អឺរ៉ុបឬក៏​សម្ព័ន្ធមិត្ត​ប្រទេសនានា​ក៏​ដោយ គឺ​ជៀស​មិនផុត​ពី​ការដាស់​តឿន​របស់​មេដឹកនាំ​ទាំង​នោះ​ជំរុញឱ្យ​លោក ហ៊ុន សែន ស្តារ​លទ្ធិ​ប្រជាធិប​តេយ្យ​ឡើង​វិញ ហើយ​បន្ត​ព្រមាន​ដាក់សម្ពាធ​ជា​បន្តបន្ទាប់​ទៀត​ដែរ»។

អ្នកឃ្លាំមើល​បញ្ហា​សង្គម តែងលើក​ឡើង​ថា កន្លងមក​ក្រោម​ការគ្រប់​គ្រងរបស់​លោក ហ៊ុន សែន គឺពោរពេញ​ដោយ​អសន្តិសុខ​មនុស្ស​ជាតិ អំពើហិង្សា ការ​រំលោភ​ដីធ្លី អយុត្តិធម៌​សង្គម អំពើពុក​រលួយ ការ​រំលោភ​បំពាន​សិទ្ធិនយោបាយ សិទ្ធិ​ពលរដ្ឋ និងសិទ្ធិ​កម្មករ​ជា​ដើម។ ស្នាដៃ​ដ៏លេច​ធ្លោ និងកក្រើក​ពេញ​ពិភព​លោក​របស់​លោក ហ៊ុន សែន ក្នុង​រយៈ​ពេលប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គឺការ​បើក​យុទ្ធនាការ​ជាប្រព័ន្ធ​កម្ទេច​បក្ស​ប្រឆាំង ដែល​មាន​អ្នកគាំទ្រ​ប្រដំប្រសង​នឹង​គណបក្ស​កាន់​អំណាច និង​បង្ក្រាប​លើ​សំឡេង​រិះគន់​ឥត​ឈប់​ឈររហូត​មកទល់​ពេល​នេះ។ ទង្វើ​របស់​រដ្ឋា​ភិបាល​លោកហ៊ុន សែន ទាំងនេះហើយ ធ្វើ​ឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ ព្រមទាំង​ក្រុមប្រទេស​និយម​ប្រជាធិបតេយ្យ មិន​ឱ្យ​តម្លៃ និង​ធ្វើឱ្យ​កម្ពុជា​ជាប់ឈ្មោះ​អាក្រក់​លើឆាក​អន្តរជាតិ​ខាងពូកែ​រំលោភច្បាប់ រំលោភ​សិទ្ធិ​មនុស្ស និង​រម្លាយ​លទ្ធិប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។