ក្រុម​យុវជន​ថា រដ្ឋាភិបាល​លាក់បាំង​ព័ត៌មាន​ករណី​កាត់​ឆ្វៀល​តំបន់​អភិរក្ស​ជាង ១សែន ២ម៉ឺន​ហិកតារ ក្នុង​ខេត្តកោះកុង

ក្រុមយុវជន និងប្រជាសហគមន៍ជនជាតិដើមជង មកដាក់ញត្តិទាមទារឲ្យប្រធានមន្ទីរខេត្តកោះកុង បង្ហាញផែនទីព្រំប្រទល់ ដែលកាត់ឆ្វៀលតំបន់អភិរក្ស នៅតំបន់អារ៉ែង កាលពី​ថ្ងៃ​ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្រុមយុវជន និងប្រជាសហគមន៍ជនជាតិដើមជង មកដាក់ញត្តិទាមទារឲ្យប្រធានមន្ទីរខេត្តកោះកុង បង្ហាញផែនទីព្រំប្រទល់ ដែលកាត់ឆ្វៀលតំបន់អភិរក្ស នៅតំបន់អារ៉ែង កាលពី​ថ្ងៃ​ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ (រូប៖ ក្រុមយុវជនផ្តល់ឲ្យ)

0:00 / 0:00

ក្រុម​យុវជន និង​ប្រជា​ហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ជង​អះអាង​ថា រដ្ឋាភិបាល​លាក់​បាំង​ព័ត៌មាន និង​មិន​បាន​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ ទាក់ទិន​ករណី​កាត់​ឆ្វៀល​តំបន់​អភិរក្ស​ទំហំ​ជាង ១សែន ២ម៉ឺន​ហិកតារ ឋិត​ក្នុង​តំបន់​ព្រៃ​អភិរក្ស​ចំនួន៨ ក្នុង​ខេត្តកោះកុង។ ពួក​គាត់​សង្ស័យ​ថា រដ្ឋាភិបាល​មាន​ចេតនា បិទបាំង​ព័ត៌មាន​ជុំវិញ​រឿង​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​ព្រួយ​បារម្ភ ពី​ការ​ថយ​ចុះ​ទំហំ​ព្រៃឈើ​នៅ​តំបន់​អារ៉ែង ទាក់ទាញ​ភ្ញៀវ​ទេសចរ។

ក្រុមយុវជនខ្មែរថាវរៈ និង​ជនជាតិ​ដើម​ភាគ​តិច​ជង បន្ត​ទាមទារឱ្យអភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង និង ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តនេះ លោក ហ៊ុន ម៉ារ៉ាឌី ឆ្លើយបំភ្លឺជា​សាធារណៈ​ករណី​កាត់​ឆ្វៀល​ដី ព្រៃ​អភិរក្ស​ទំហំ​ជាង ១២ម៉ឺន​ហិកតារ ដោយមិនបានផ្សព្វផ្សាយឱ្យបានទូលំទូលាយ​នៅ​ឡើយ​ទេ។

ពួក​គាត់​ចាត់​ទុក​ទង្វើ​នេះ​ថា បង្កប់​ភាព​មិន​ប្រក្រតី បង្កើត​ឱ្យ​មាន​បទ​ល្មើស​ព្រៃឈើ​ធំធេង ប៉ះពាល់​ជម្រក​សត្វព្រៃ និង​ទីកន្លែង​អាស្រ័យ​ផល ព្រៃឈើ​យ៉ាង​សំខាន់​របស់​ជនជាតិ​ដើម​ជង។

តំណាង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ លោក ហ៊ុន វណ្ណៈ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១២ ធ្នូ​ថា ពួក​លោក និង​ពលរដ្ឋ​ម្ចាស់​ស្រុក នៅ​មាន​មន្ទិល ជុំវិញ​ការ​កាត់​ឆ្វៀល​តំបន់​អភិរក្ស​ធំធេង​នេះ ហើយ​អាជ្ញាធរ​មិន​ទាន់​បង្ហាញ​ព្រំប្រទល់ និង​ផែនទី​ឱ្យ​ច្បាស់លាស់​នៅ​ឡើយ​ទេ។ រីឯ​ញត្តិ​របស់​ពួក​លោក ដែល​ស្នើ​ឱ្យ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង​បង្ហាញ​ផែនទី​ព្រំ​ប្រទល់​តំបន់​អារ៉ែង ដែល​បាន​កាត់​ឆ្វៀល តែ​មក​ទល់​ពេល​នេះ​ជាង ២សប្ដាហ៍មកហើយ អាជ្ញាធរ​ជំនាញ​មិន​ទាន់​ឆ្លើយតប​នៅ​ឡើយ​ទេ។ លោក​សង្ស័យ​ថា ការ​លាក់បាំង​រឿង​នេះ អាច​ជា​ការ​កេងប្រវ័ញ្ច​ធនធាន​ធម្មជាតិ។

លោក ហ៊ុន វណ្ណៈ៖ « ការ​ឆ្វៀល​ដី​ធ្វើ​អនុបយោគ អត់​ជជែក​យោបល់​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ វា​ជា​រឿង​មួយ​សោក​ស្ដាយ ក្នុង​នាម​យើង​ជា​ពលរដ្ឋ​អត់​ពេញ​ចិត្ត​ទាល់​តែ​សោះ នូវ​រដ្ឋាភិបាល​ធ្វើ​សព្វថ្ងៃ​ហ្នឹង​ទេ »

កាល​ពី​ចុង​វិច្ឆិកា (២៦ វិច្ឆិកា) ក្រុម​យុវជន​ខ្មែរ​ថាវរៈ តំណាង​ក្រុម​យុវជន​ករុណា ព្រៃ​អារ៉ែង និង​ជនជាតិ​ដើម​ភាគ​តិច​ជង ១៤នាក់ បាន​ផ្ដិត​មេដៃ ដាក់​ញត្តិ​ទៅ​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង ដើម្បី​ស្នើ​ឱ្យ​បង្ហាញ​ផែនទី​ព្រំប្រទល់​តំបន់​អា​រ៉ែង ដែល​កាត់​ឆ្វៀល ដើម្បី​ប្រគល់​ជូន​រដ្ឋបាល​ខេត្តកោះកុង​ការពារ។ ការ​ដាក់​ញត្តិ​នេះ ក្រោយ​ពី​ពួក​គាត់​រក​ឃើញ​សកម្មភាព​កាប់​ទន្ទ្រាន​ព្រៃ​ទ្រង់ទ្រាយ​ធំ តាម​បណ្ដោយ​ដង​ស្ទឹង​អា​រ៉ែង ឋិត​ក្នុង​ភូមិ​ទ្រាក ឃុំ​ជំនាប់ ស្រុក​ថ្មបាំង។

លោក ហ៊ុន វណ្ណៈ បន្ថែម​ថា តំបន់​អភិរក្ស​ដែល​រដ្ឋាភិបាល​កាត់​ឆ្វៀល មាន​លំនៅឋាន និង​ដី​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​ម្ចាស់​ស្រុក​រាប់ពាន់​គ្រួសារ អាច​នឹង​កើត​មាន​ជម្លោះ រវាង​ជនជាតិ​ដើម​ភាគ​តិច​ជង និង មន្ត្រី​បរិស្ថាន។ រីឯ​បង្គោល​កំណត់​ដែន​អភិរក្ស​ក៏​អាជ្ញាធរ មិន​ទាន់​បោះ​ឱ្យ​បាន​ច្បាស់លាស់​នៅ​ឡើយ​ទេ នឹង​បង្កើត​ឱ្យ​មាន​បញ្ហា​ច្រើន ប៉ះពាល់​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ជង ដោយសារ​បាត់បង់​ព្រៃឈើ​តាម​បណ្ដោយ​ស្ទឹង​អា​រ៉ែង និង​ចលនា​ទិញ​លក់​ដី​ព្រៃ​អភិរក្ស​ខុស​ច្បាប់​នៅ​តែ​កើត​មាន។

លោក ហ៊ុន វណ្ណៈ៖ «ចំណុច​ដែល​រដ្ឋាភិបាល​ត្រូវ​គោរព និង​អនុវត្ត​បង្ហាញ​តម្លាភាព អត់​មាន​រឿង​អី ត្រូវ​លាក់បាំង​ទេ ស្នើសុំ​ឱ្យ​ពួក​គាត់​បង្ហាញ​មក ផ្សព្វផ្សាយ​មក ពន្យល់ និង​ថ្លែងការណ៍​ធ្វើ​សន្និសីទ​កាសែត។ យើង​មិន​អាច​ទទួល​យក​បាន​ទេ កាត់​ឆ្វៀល​ដី ដោយ​លាក់បាំង។

វិទ្យុ​អាស៊ី​សេរី បាន​ទាក់ទង អភិបាល​ខេត្តកោះកុង អ្នកស្រី មិថុនា ភូថង ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ តែ​អ្នក​លើក​ទូរស័ព្ទ​និយាយ​ថា ច្រឡំ​លេខ។ ចំណែក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង លោក ហ៊ុន ម៉ារ៉ាឌី ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ ដោយសារ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង តែ​គ្មាន​អ្នក​លើក។

កាល​ពី​ខែ​មីនា ឆ្នាំ២០២១ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ កាត់​ឆ្វៀល​តំបន់​អភិរក្ស​ចំនួន៨ ដែល​មាន​ផ្ទៃដី​ជាង១ សែន ២ម៉ឺន​ហិកតារ (១២៦.៩២៨) ពី​ដី​សាធារណៈ​របស់​រដ្ឋ មក​ជា​ដី​ឯកជន​របស់​រដ្ឋ ដើម្បី​ចែក​ជូន​ពលរដ្ឋ និង​រក្សា​ទុក​ឱ្យ​រដ្ឋបាល​ខេត្តកោះកុង​កាន់កាប់។

តំបន់​អភិរក្ស​ចំនួន៨ នោះ​រួម​មាន ដែន​ជម្រក​សត្វព្រៃ​ភ្នំ​សំកុស ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​ខាង​ត្បូង ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​តាតៃ ដែន​ជម្រក​សត្វព្រៃ​ពាម​ក្រសោប ឧទ្យាន​ជាតិ​បទុមសាគរ តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ដងពែង និង​តំបន់​របៀង​អភិរក្ស​ជីវចម្រុះ​ជួរ​ភ្នំក្រវាញ។

ចំណែក​ជនជាតិ​ដើម​ភាគ​តិច​ជង​រស់នៅ​តំបន់​អារ៉ែង លោក វ៉ែន វ៉ន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ពួក​លោក​នៅ​មិន​ទាន់​ទទួល​ព័ត៌មាន ជុំវិញ​ការ​កាត់​ឆ្វៀល​តំបន់​អភិរក្ស​ដ៏​ធំធេង​នេះ​នៅ​ឡើយ​ទេ ហើយ​ពេល​នេះ​ពលរដ្ឋ​នៅ​តែ​មាន​មន្ទិល មិន​ដឹង​ថា តំបន់​ណា​ជា​កន្លែង​អភិរក្ស និង​ក្រៅ​ដែន​អភិរក្ស​នោះ​ឡើយ។

លោក​បញ្ជាក់​ថា កន្លងទៅ មន្ត្រី​បរិស្ថាន​តែងតែ​មក​ដុត​បំផ្លាញ ផល​ដំណាំ​ស្រូវ​របស់​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ ដែល​ត្រៀម​នឹង​ប្រមូល​ផល ដោយ​លើក​ហេតុផល​ថា ជា​តំបន់​អភិរក្ស។

លោក វ៉ែន វ៉ន៖ « ការ​លាក់បាំង​រឿង​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ជីវភាព និង​ប្រពៃណី​ជាតិ​ដើម​ភាគ​តិច ដែល​ធ្លាប់​រស់នៅ អាស្រ័យ​ផល​កន្លែង​ហ្នឹង និង​ទី៣ បង្ក​លក្ខណៈ​ងាយ​ស្រួល​ឱ្យ​ជន​ឆ្លៀត​ឱកាស​មួយ​ចំនួន​កាប់​រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ គេ​យក​លេស​ថា កន្លែង​ណា កន្លែង​ប្រើប្រាស់ និង​ហាមឃាត់»

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្តកោះកុង លោក ថោង ច័ន្ទតារា យល់​ថា ក្រសួងបរិស្ថាន គួរតែ​ផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ​មិន​គួរ​លាក់បាំង​នោះ​ទេ ហើយការ​បិទបាំង​រឿង​នេះ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​ទុក​ចិត្ត​រដ្ឋាភិបាល ទាក់ទិន​ការ​កាត់ឆ្វៀល​ដែន​អភិរក្ស​ដ៏​ធំ​សម្បើម​នេះ។

លោក ថោង ច័ន្ទតារា៖ «បោះ​បង្គោល​ព្រំ​ចែក​ឱ្យ​អស់​នៅ​ទេ ពលរដ្ឋ​មិន​ទាន់​ដឹង​ថា ព្រំ​ជាក់លាក់ កាត់ចេញ​អនុក្រឹត្យ​ហ្នឹង ពលរដ្ឋ​ភាគ​ច្រើន​ក៏​មិន​ទាន់​ដឹង​ដែរ។

លោក វ៉ែន វ៉ន បន្ថែម​ថា ការ​កាត់​ឆ្វៀល​តំបន់​អភិរក្ស​ដោយ​ស្ងាត់ៗ ចៀស​មិន​ផុត ឱ្យ​ឈ្មួញ​ខិលខូច​ឆក់​ឱកាស​ កាប់​ទន្ទ្រាន​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​កាន់​តែ​រីក​រាល​ធំ​ឡើង ហើយ​សកម្មភាព​កាប់​ដើម​ឈើ​ធំៗ ឱ្យ​ដួល ដើម្បី​ចាប់​សត្វព្រៃ​លក់​នៅ​តែ​បន្ត​កើត​មាន។

លោក​បារម្ភ​ថា បច្ចុប្បន្ន​ក្រុម​អ្នក​មាន​អំណាច​តែងតែ ដើរ​ចង្អុល​ដី​ព្រៃ​អភិរក្ស​ថា ជា​ដី​របស់​ខ្លួន​ហើយ​បាន​កាប់​បំផ្លាញ​ដើម​ឈើ​ធំៗ ដួល​រាយប៉ាយ រួច​ដុត​កម្ទេច​ចោល ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ ដែល​បណ្ដាល​ឱ្យ​ព្រៃឈើ​កាន់តែ​រេចរឹល​ធំ​ឡើង​ជា​រៀងរាល់ថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។