រូបត្លុកនយោបាយ​៖ លោក ហេង សួរ « កម្ពុជា​មាន​អត្រា​មាន​ការងារ​ធ្វើ​ខ្ពស់​ប្រមាណ​ជាង៩៩%! »

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​អះអាង​ថា ស្ថានភាព​ទីផ្សារ​ការងារ​នៅ​កម្ពុជា​មាន​ «ភាពរឹងម៉ាំ»​ ដោយ​រក្សា​បាន​នូវ​អត្រា​មាន​ការងារ​ធ្វើ ​«ខ្ពស់​ប្រមាណ​ជាង​៩៩%»​ នៃ​កម្លាំង​ពលកម្ម​សរុប​១០លាន​៨សែន​នាក់។ លោក ហេង សួរ ដែល​ល្បី​ឈ្មោះ​ជា​មនុស្ស​ចិត្តឆៅ​ហ៊ាន​ «ជួល​ក្រុមជើង​កាង»​ ឱ្យ​វាយ​ធ្វើបាប និង​បង្ក​គ្រោះថ្នាក់​ដល់​​អាយុជីវិត​លើ​ពលករ​ខ្មែរ​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង អះអាង​បន្ត​ថា លក្ខខណ្ឌ​ការងារ និង​ជីវភាព​រស់នៅ​របស់​កម្មករនិយោជិត​កំពុង​មាន​ «ភាពប្រសើរ​ឡើង»​ ជា​បន្តបន្ទាប់។

ការអះអាង​របស់​លោក ហេង សួរ បែប​នេះ រងនូវ​ការរិះគន់​ជាច្រើន​ពី​សំណាក់​ក្រុម​អ្នកជំនាញ និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម។ ពួកគេ​ថា ការលើកឡើង​ដូច្នេះ មិន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ការងារ​ពិត​ប្រាកដ​នៅ​កម្ពុជា​ឡើយ ក្នុងពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​អសមត្ថភាព​ក្នុងការ​បង្កើត​ការងារ​​ធ្វើ​ជូន​ដល់​ពលរដ្ឋ​ក្នុង​ស្រុក ហើយ​ពួកគេ​មួយ​ចំនួន​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ចំណាកស្រុក​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស។

កម្ពុជា​មាន​អត្រា​ពលរដ្ឋ​រស់នៅ​ក្រោម​បន្ទាត់​ក្រីក្រ​ជាង១៧%។ ពលករ​ចំណាកស្រុក​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​ទាំងស្រប​ច្បាប់ និង​ខុសច្បាប់​មាន​ចំនួន​ជាង២លាន​នាក់។ កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ ពលរដ្ឋ​មិនតិច​ជាង ១សែន​៦ម៉ឺននាក់​ទេ បាន​លក់​ដីធ្លី​របស់​ពួកគេ​ដើម្បី​សងបំណុល​ធនាគារ ឬ​កម្ចី​ឥណទាន​ក្នុង​រយៈពេល​៥ឆ្នាំ​ចុងក្រោយ ខណៈ​ចន្លោះ​ពី ២៥% ទៅ ៥០% នៃ​ពលរដ្ឋ​ចំនួន​ជាង ២លាន​៨សែន​គ្រួសារ កំពុង​ជាប់​ជំពាក់​បំណុល​វ័ណ្ឌក។ ក្រៅពីនេះ ការណ៍​ដែល​លោក ហេង សួរ អះអាង​ថា លក្ខខណ្ឌ​ការងារ​របស់​កម្មករនិយោជិត​មាន «ភាពប្រសើរ​ឡើង»​ នោះ ក៏​មិនមែន​សុទ្ធតែ​ជា​រឿង​ពិត​នោះដែរ។ ជាក់ស្តែង ករណី​វិវាទ​ការងារ​ជាមួយ​ថៅកែ​ក្រុមហ៊ុន​បនល្បែងណាហ្គាវើលដ៍ (NagaWorld) បាន​អូស​បន្លាយ​ជិត​២ឆ្នាំ​មក​ហើយ​ដោយ​គ្មាន​ដំណោះស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។