រូបត្លុកនយោបាយ​៖ ហ៊ុន ម៉ាណែត និង​មហិច្ឆតា​ចង់​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​អ្នកមាន​ត្រឹម​ឆ្នាំ២០៥០

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​អួតអាង​ប្រាប់​ទៅកាន់​ក្រុម​មេដឹកនាំ​ពិភពលោក​នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាលពី​ចុងខែ​កញ្ញា ថា កម្ពុជា​មាន​មហិច្ឆតា​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ និង​ជា​​ប្រទេស​មាន​ចំណូល​ខ្ពស់ ឬ​ប្រទេស​អ្នកមាន ប្រកប​ដោយ ​«ភាព​រឹងមាំ រស់រវើក រុងរឿង និង​វិបុលភាព»​ នៅ​ត្រឹម​ឆ្នាំ២០៥០។ លោក​ថ្លែង​យ៉ាង​ដូច្នេះ ក្នុង​ពេល​ដែល​កម្ពុជា​ក្រោម​ការដឹកនាំ​ជិត​៤០​ឆ្នាំ​របស់​ឪពុក​លោក និង​ក្រោម​ការដឹកនាំ​របស់​លោក ត្រូវ​បាន​ញាំញី​ និង​បំផ្លិចបំផ្លាញ​ដោយ​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ ដោយសារ​អំពើ​សែស្រឡាយ​បណ្តាញ​បក្ខពួក​និយម​ចាក់ស្រេះ​ពី​ថ្នាក់ក្រោម​ដល់​ថ្នាក់​កំពូល​តាម​រយៈ​ប្រព័ន្ធ​ «ឯង​ជួយ​អញ អញ​ជួយ​ឯង»។ ប្រព័ន្ធ​នេះ​កំពុង​ចាក់គ្រឹះ​ចូល​យ៉ាងជ្រៅ​ក្នុង​សង្គម​កម្ពុជា និង​ធ្វើ​ឱ្យ​ទន់ខ្សោយ​ដល់​ការគោរព​ច្បាប់​ជា​ធំ ការអនុវត្ត​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស ក្នុងពេល​ដែល​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ត្រូវ​បាន​ធ្វើ​ឱ្យ​ទន់ខ្សោយ។

ទន្ទឹមនឹង​ការណ៍​ដែល​លោក ហ៊ុន ម៉ាណែត បង្ហាញ​ពី​មហិច្ឆតា​ក្លាយ​ជា​ប្រទេស​អ្នកមាន​នេះ រដ្ឋាភិបាល​​របស់​លោក​បន្ត​អសមត្ថភាព​ក្នុងការ​បង្កើត​ការងារ​​ធ្វើ​ជូន​ដល់​ពលរដ្ឋ​ក្នុង​ស្រុក។ ពលរដ្ឋ​កម្ពុជា​មិនតិច​ជាង​២លាន​នាក់​ឡើយ​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ចំណាកស្រុក​ទាំង​ស្រប​ច្បាប់ និង​ខុសច្បាប់​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ ដើម្បី​ស្វែងរក​ប្រាក់​ចិញ្ចឹម​ក្រពះ និង​គ្រួសារ។ កម្ពុជា​មាន​អត្រា​ពលរដ្ឋ​រស់នៅ​ក្រោម​បន្ទាត់​ក្រីក្រ​ជាង១៧%។ កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ ពលរដ្ឋ​មិនតិច​ជាង ១សែន​៦ម៉ឺននាក់​ទេ បាន​លក់​ដីធ្លី​របស់​ពួកគេ​ដើម្បី​សងបំណុល​ធនាគារ ឬ​កម្ចី​ឥណទាន​ក្នុង​រយៈពេល​៥ឆ្នាំ​ចុងក្រោយ ខណៈ​ចន្លោះ​ពី ២៥% ទៅ ៥០% នៃ​ពលរដ្ឋ​ចំនួន​ជាង ២លាន​៨សែន​គ្រួសារ កំពុង​ជាប់​ជំពាក់​បំណុល​វ័ណ្ឌក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។