អង្គការសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម ស្នើរដ្ឋាភិបាលឱ្យទទួលស្គាល់ខ្មែរក្រោមនៅកម្ពុជា ជាពលរដ្ឋខ្មែរដោយស្វ័យប្រវត្តិ

អង្គការសមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា គ្រោងនឹងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧២ នៅចុងខែឆ្នូនេះ ដើម្បីស្នើសុំរដ្ឋាភិបាលកម្ពុជាឱ្យដោះស្រាយបញ្ហាមួយចំនួន ដែលពលរដ្ឋខ្មែរកម្ពុជាក្រោម កំពុងជួបប្រទះនៅកម្ពុជា ដែលបណ្ដាលឲ្យពួកគេមិនទទួលបានសិទ្ធិគ្រប់គ្រាន់។ អង្គការខ្មែរក្រោមក៏ស្នើរដ្ឋាភិបាលកម្ពុជា ឱ្យអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ឲ្យឈប់រើសអើង និងរំលោភសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅលើទឹកកំណើត។
សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍រកឃើញថា ខ្មែរក្រោមនៅកម្ពុជា និងនៅស្រុកកំណើត ដែលវៀតណាមគ្រប់គ្រង កំពុងរងគ្រោះដោយសារតែការរំលោភបំពាន។ របាយការណ៍អង្គការនេះឲ្យដឹងថា វប្បធម៌ខុសគ្នារវាងខ្មែរក្រោម និងវៀតណាម បង្កឲ្យមានសម្ពាធទៅលើខ្មែរក្រោម ដើម្បីរក្សាអត្តសញ្ញាណជាខ្មែរ ហើយពេលខ្លះខ្មែរក្រោមត្រូវបានគេបង្ខំឲ្យសម្របសម្រួលទៅតាមវប្បធម៌វៀតណាម។ វៀតណាមក៏បានប្រើប្រាស់អំពើហិង្សាបង្ក្រាបទៅលើពលរដ្ឋខ្មែរក្រោម ដែលហ៊ានតវ៉ាបញ្ហាការរំលោភបំពានដីធ្លី និងទាមទារសិទ្ធិសេរីភាព។ របាយការណ៍ដដែលបន្តថា វៀតណាមក៏ជ្រៀតជ្រែកចូលកិច្ចការ សាសនារបស់ពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោម ហើយព្រះសង្ឃខ្មែរក្រោម ក៏រងការចោទប្រកាន់ផ្សេងៗ និងប្រឈម ការឃុំឃាំងក្នុងវត្តជាដើម។
ដោយឡែកសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកវិញ ក៏បានចេញសេចក្ដីថ្លែងការណ៍ ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ជំរុញឲ្យវៀតណាម គោរពសិទ្ធិមនុស្សខ្មែរក្រោម និងទទួលស្គាល់ខ្មែរក្រោមជាម្ចាស់ស្រុក ជនជាតិដើម។ សេចក្ដីថ្លែងការណ៍បន្តថា ក្នុងរយៈពេល ៧២ឆ្នាំ ដែលខ្មែរក្រោមបាត់បង់ទឹកដីដោយសារតែបារាំងកាត់ដីខ្មែរទៅឲ្យវៀតណាមទាំងខុសច្បាប់នោះ ខ្មែរក្រោមរាប់លាននាក់ រស់នៅដោយគ្មានសិទ្ធិមនុស្ស និង សាសនា។ ពួកគេរស់នៅក្នុងគុកឥតជញ្ជាំង។ ក្នុងឆ្នាំ២០២០ នេះ អាជ្ញាធរវៀតណាមបានបន្តធ្វើទុក្ខបុកម្នេញខ្មែរក្រោមឥតឈប់ឈរ ទាំងសិទ្ធិបញ្ចេញមតិ សិទ្ធិកាន់កាប់ដីធ្លី សាសនា និងសិទ្ធិអ៊ិនធឹណែត។ យុវជនខ្មែរក្រោមជាច្រើនរូបត្រូវបានវៀតណាមផាកពិន័យជាច្រើនរយដុល្លារ ដោយសារតែពួកគេប្រើប្រាស់បណ្ដាញសង្គម (Facebook) បញ្ចេញមតិពីប្រវត្តិសាស្ត្រខ្មែរពិត និងរិះគន់រដ្ឋាភិបាលវៀតណាម។
យុវជនខ្មែរក្រោមម្នាក់ ដែលត្រូវវៀតណាមផាកពិន័យ ដោយសារតែលោកបានបង្ហោះប្រវត្តិសាស្ត្រខ្មែរក្រោម ប្រាប់អាស៊ីសេរីថា វៀតណាមព្យាយាមរឹតត្បិតសិទ្ធិសេរីភាពយុវជនខ្មែរក្រោម ដើម្បីបំបាក់ស្មារតីយុវជន៖ «ប្អូនយល់ឃើញហ្នឹង រដ្ឋាភិបាលយួន ដែលផាកពិន័យរូបប្អូនផ្ទាល់ ដែលហ៊ានបញ្ចេញមតិហ្នឹង ហ៊ាននិយាយហ៊ានថា តាមសង្គមហ្វេសប៊ុកហ្នឹង ជាករណីរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ប្អូនសង្កេតឃើញថា ការបញ្ចេញមតិតាមសង្គមហ្វេសប៊ុកហ្នឹង រដ្ឋាភិបាលវៀតណាមរំលោភមកលើតែខ្មែរក្រោម»។
វៀតណាមមិនត្រឹមតែធ្វើទុក្ខយុវជនខ្មែរក្រោមនោះទេ កាលពីថ្មីៗ នេះ កសិករខ្មែរក្រោម ៤នាក់ ដែលត្រូវវៀតណាមរឹបអូសយកដីស្រែទាំងខុសច្បាប់ ដោយគ្មានសំណងនោះ ត្រូវបានតុលាការវៀតណាម កាត់ទោសឲ្យជាប់ពន្ធនាគារ ពី ៦ខែ ទៅ ២ឆ្នាំកន្លះថែមទៀត។ វៀតណាមចោទកសិករខ្មែរក្រោមទាំងនោះថា ប្រឆាំងអាជ្ញាធរសាធារណៈ ពេលសមត្ថកិច្ចវៀតណាមចុះទៅរំលោភយកដីពួកគេ។ បច្ចុប្បន្នពលរដ្ឋខ្មែរក្រោមទាំងនោះ កំពុងស្វែងរកមេធាវី ដើម្បីប្ដឹងឧទ្ធរណ៍។
ពាក់ព័ន្ធនឹងការរំលោភបំពានពលរដ្ឋខ្មែរក្រោមនេះ មន្រ្តីព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោមព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា ថ្កោលទោសវៀតណាម ហើយអំពាវនាវដល់វៀតណាម ត្រូវតែគោរពសិទ្ធិមនុស្សជាមូលដ្ឋាន ស្របតាមច្បាប់អន្តរជាតិ និងសិទ្ធិជាជនជាតិដើម ដែលវៀតណាមបានចុះហត្ថលេខាទទួលស្គាល់៖ «អាត្មាភាពសូមអំពាវនាវដល់អាជ្ញាធរវៀតណាមត្រូវតែគោរពសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម ជាម្ចាស់ស្រុកជនជាតិដើម ហើយដោះលែងកសិករខ្មែរក្រោមទាំងបួននោះដោយឥតលក្ខខណ្ឌ ព្រោះថា ពួកគាត់អត់មានទោសកំហុសអ្វីទេ។ ដូច្នោះហើយកុំប្រើតុលាការ និងសិទ្ធិអំណាច ដើម្បីរំលោភសិទ្ធិមនុស្សខ្មែរក្រោមតទៅទៀត»។
ដោយឡែក ពលរដ្ឋខ្មែរក្រោមដែលរត់មករស់នៅកម្ពុជា ឯណេះវិញក៏រងរំលោភសិទ្ធ និងរើសអើងផងដែរ។
សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ រកឃើញថា ពលរដ្ឋខ្មែរក្រោមនៅកម្ពុជាមួយចំនួនធំ ពុំទាន់មានឯកសារគ្រប់គ្រាន់ ដើម្បីក្លាយខ្លួនជាពលរដ្ឋស្របច្បាប់ និងគ្មានអត្តសញ្ញាណប័ណ្ណ ដើម្បីអាចយកទៅប្រើប្រាស់ ដើម្បីទទួលបានសេវាសុខភាព អប់រំ កម្មសិទ្ធិដីធ្លី និងលិខិតឆ្លងដែនជាដើម។ ចំណែកនៅថ្នាក់មូលដ្ឋានវិញ ខ្មែរក្រោមរងការរើសអើងដោយសារតែ ពលរដ្ឋខ្មែរគិតថា ខ្មែរក្រោមជាជនជាតិវៀតណាម។
អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី១៣ ធ្នូថា សមាគមខ្មែរក្រោមស្នើឲ្យរដ្ឋាភិបាលខ្មែរពន្លឿន ការងារផ្តល់លិខិតស្នាមស្របច្បាប់ដល់ពលរដ្ឋខ្មែរក្រោម ដើម្បីអាចរស់នៅកម្ពុជាដោយស្របច្បាប់៖ «បើយើងនិយាយអំពើស្ថានភាពរបស់ខ្មែរក្រោមនៅកម្ពុជា វាមានបញ្ហាបី ដែលកំពុងប្រឈម៖ ទី១ ពាក់ព័ន្ធនឹងការទទួលបានភាពស្របច្បាប់ផ្សេងៗ ទី២ ពាក់ព័ន្ធ និងបញ្ហាដីធ្លី និងសិទ្ធិលំនៅឋានជាដើម និងទី៣ ពាក់ព័ន្ធនឹងការអប់រំ សំដៅទៅលើស្ត្រីខ្មែរក្រោម ដែលគាត់ពុំបានសិក្សាអប់រំ»។
ពាក់ព័ន្ធនឹងបញ្ហារដ្ឋាភិបាលខ្មែរមិនសូវចាប់អារម្មណ៍នឹងពលរដ្ឋខ្មែរក្រោមនេះ អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺពីមន្រ្តីរដ្ឋាភិបាលបានទេ កាលពីថ្ងៃទី១៣ ធ្នូ ប៉ុន្តែមន្ត្រីនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ធ្លាប់ប្រាប់អាស៊ីសេរីថា ពលរដ្ឋខ្មែរក្រោមត្រូវធ្វើតាម ច្បាប់សញ្ជាតិ ប្រសិនបើចង់បានសញ្ជាតិខ្មែរស្របច្បាប់។ ទោះបីជាយ៉ាងណាក៏ដោយ កន្លងមកអតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ធ្លាប់បញ្ជាក់ថា ខ្មែរក្រោមនឹងទទួលបានសញ្ជាតិខ្មែរដោយស្វ័យប្រវត្តិ ប្រសិនបើពួកគេមករស់នៅកម្ពុជា។ ការណ៍ដែលអាជ្ញាធរខ្មែរមិនបានយកចិត្តទុកដាក់លើពលរដ្ឋខ្មែរក្រោមនេះ ទើបបណ្ដាលឲ្យមានការរំលោភសិទ្ធិមនុស្ស និងការរើសអើង។ ពលរដ្ឋខ្មែរ ដែលភៀសខ្លួនពីវៀតណាម ដោយសារតែការធ្វើទុក្ខបុកម្នេញ មិនអាចរស់នៅកម្ពុជាបាន ហើយពួកគេសម្រេចគេចចេញពីកម្ពុជាជាបន្តទៀត ទៅរស់នៅប្រទេសថៃ ដើម្បីសុំសិទ្ធិជ្រកកោននយោបាយនៅប្រទេសទីបី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។