តុលាការ​កោះ​ហៅ​អ្នក​ភូមិ​ជន​ជាតិ​ដើម​ភាគ​តិច​៣​នាក់​ក្នុង​រឿង​ជម្លោះ​ដី

ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​កាចក់​នៅ​ខេត្ត​រតនគិរី ៣​នាក់ កំពុង​មាន​ការ​ភ័យ​ខ្លាច និង​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ដោយសារ​ក្រុមហ៊ុន​សម្បទាន​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើ​ដីកា​កោះ​ហៅ​អ្នក​ភូមិ​ឲ្យ​ចូល​ខ្លួន​ទៅ​ស្ថាប័ន​អយ្យការ​ក្នុង​បទ​ជាប់​សង្ស័យ​អំពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​មជ្ឈិម និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា ប្រព្រឹត្ត​ទៅ​នៅ​ភូមិ​កាណាតធំ ឃុំ​តាលាវ ស្រុក​អណ្តូងមាស។

នៅ​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​សីហា ឆ្នាំ​២០១១ អ្នក​ភូមិ​ទាំង​បី​នាក់​នោះ​បាន​ព្យាយាម​គេច​ខ្លួន​មិន​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​តាម​ការ​កំណត់​ទេ ដោយសារ​ខ្លាច​តុលាការ​ចាប់​ខ្លួន ហើយ​ពួកគេ​ព្យាយាម​ស្វែង​សុំ​កិច្ច​ជួយ​អន្តរាគមន៍​ពី​អង្គការ​សិទ្ធិ​មនុស្ស​ដើម្បី​ជួយ​ផ្ដល់​មេធាវី​ការពារ​ក្ដី​នេះ។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​ជនជាតិ​ដើម​ទាំង​បី​នាក់ គឺ​ជា​សកម្មជន​ដែល​ដឹក​នាំ​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​នៅ​ភូមិ​កាណាតធំ និង​កាណាតតូច កាល​ពី​ខែ​មីនា កន្លង​ទៅ​នេះ ​រារាំង​ការ​ទន្ទ្រាន​ចូល​ទៅ​ឈូស​ឆាយ​ដីធ្លី​របស់​អ្នក​ភូមិ​ពី​សំណាក់​ក្រុមហ៊ុន​សម្បទាន បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ទទួល​ដី​វិនិយោគ​ពី​រាជរដ្ឋាភិបាល​នូវ​ដី​សម្បទាន​ប្រមាណ ៥.០០០​ហិកតារ​នៅ​តំបន់​នោះ ដើម្បី​ដាំ​កៅស៊ូ ក៏​ប៉ុន្តែ​អ្នក​ភូមិ​បាន​នាំ​គ្នា​ប្រឆាំង​ទៅ​នឹង​ការ​ឈូស​ឆាយ​ដី​នោះ ដោយសារ​មាន​ផល​ប៉ះពាល់​ទៅ​លើ​ដី​ស្រែ​ចម្ការ និង​ផល​ដំណាំ​របស់​អ្នក​ភូមិ​ទើប​កើត​មាន​រឿង​ចោទ​ប្រកាន់​នោះ​ឡើង។

លោក​បន្ត​ថា ៖ «តំណាង​អ្នក​ភូមិ​បី​នាក់​ដែល​គេ​ចោទ​ប្រកាន់​បាន​មក​ដល់​សមាគម​អាដហុក អាដហុក​ត្រៀម​រក​មេធាវី​ជូន​ពួក​គាត់។ យើង​យល់​ឃើញ​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​មក​ដល់​ខេត្ត​រតនគិរី បាន​ផ្ដល់​នូវ​ជម្លោះ​ជា​ច្រើន ពីព្រោះ​ក្រុមហ៊ុន​មិន​បាន​ធ្វើ​តាម​នីតិវិធី គាត់​មក​វាទ​យក​ដី​ស្រែ​ដី​ចម្ការ​ប្រជាពលរដ្ឋ​ហ្នឹង។ អ៊ីចឹង​អា​ការ​សិក្សា​ផល​ប៉ះពាល់​ហ្នឹង​វា​មិន​មាន​ភាព​សុក្រឹត ធ្វើ​ឲ្យ​អ្នក​ភូមិ​ធ្វើ​ការ​តវ៉ា ហើយ​អត់​មាន​ការ​ដោះស្រាយ​​អី​សមស្រប​ដល់​ពួកគាត់។ អ៊ីចឹង​គាត់​អត់​មាន​វិធី​អី​ក្រៅ​ពី​ប្រមូល​ផ្តុំ​គ្នា​ទៅ​តវ៉ា​នៅ​ក្រុមហ៊ុន»

ព្រះរាជអាជ្ញា​រង​តុលាការ​ខេត្ត​រតនគិរី លោក រស់ សារ៉ាំ ដែល​ជា​អ្នក​ចេញ​ដីកា​កោះ​ហៅ​អ្នក​ភូមិ​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន វាសនា អិនវេសម៉ែន (Veasna Investment) ជា​ដើម​បណ្ដឹង​ករណី​នេះ។លោក​បញ្ជាក់​ថា ជន​ជាប់​សង្ស័យ​អាច​ពឹង​ពាក់​មេធាវី​ការពារ​ក្ដី​នេះ​បាន ហើយ​លោក​នឹង​ចេញ​ដីកា​កោះ​លើក​ទី​ពីរ​ទៀត។

អ្នក​ភូមិ​ទាំង​បី​នាក់ រួម​មាន​ប្រធាន​ភូមិ​កាណាតធំ លោក រម៉ាម ឃូន និង​ប្រជា​សហគមន៍​លោក សល់ ហើច និង​លោក រចំ ហំ៕