តុលាការ​កោះ​ហៅ​មនុស្ស​៣​នាក់​ទៅ​បំភ្លឺ​ពី​បទ​ប្រើ​អំពើ​ហិង្សា​ក្នុង​ជម្លោះ​ដី

មន្ត្រី​មូលដ្ឋាន​ភូមិ​ទួលស្នួល ២​នាក់ និង​អ្នក​ភូមិ​ម្នាក់​ផង រង​ការ​ចោទ​​ពី​អ្នក​ភូមិ​បឹងសង្កែ ពី​បទ​ប្រើ​អំពើ​ហិង្សា ដោយ​បាន​យក​កាំបិត ពូថៅ និង​ដាវ​សាំម៉ូរ៉ៃ ទៅ​គំរាម អុក​ឡុក​ក្នុង​ជម្លោះ​ដណ្ដើម​កាន់កាប់​ដីធ្លី​ជាមួយ​អ្នក​ភូមិ​បឹងសង្កែ នៅ​ក្នុង​ឃុំ​ក្ដុលតាហែន ស្រុក​បវេល ខេត្ត​បាត់ដំបង។

តុលាការ​ខេត្ត​បាត់ដំបង ​ចេញ​ដីកា​​កោះ​ហៅ​លោក​មេ​ភូមិ និង​អនុ​ភូមិ រួម​ទាំង​អ្នក​ភូមិ​នៃ​ភូមិ​ទួលស្នួល ម្នាក់​ផង ឲ្យ​ចូល​ខ្លួន​មក​កាន់​តុលាការ​នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១១ ដើម្បី​ធ្វើការ​សាកសួរ​ពី​ដំណើរ​រឿង​ប្រើ​អំពើ​ហិង្សា​ពេល​រក​ដំណោះស្រាយ​ទំនាស់​ដីធ្លី​ទំហំ ១៦៨​ហិកតារ ដែល​កើត​មាន​ជម្លោះ​រ៉ាំរ៉ៃ​រវាង​អ្នក​ភូមិ​បឹងសង្កែ និង​អ្នក​ភូមិ​ទួលស្នួល ក្នុង​ឃុំ​ក្តុលតាហែន ស្រុក​បវេល ខេត្ត​បាត់ដំបង។

ព្រះរាជអាជ្ញា​រង​តុលាការ​ខេត្ត​បាត់ដំបង លោក អ៊ុយ សំភារ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១១ ថា តុលាការ​បាន​ចេញ​ដីកា​កោះ​ឲ្យ​អ្នក​ភូមិ​ទួលស្នួល បី​នាក់​ចូល​ខ្លួន​ដើម្បី​ធ្វើ​ការ​សាកសួរ​នៅ​ដើម​ខែ​មិថុនា​នេះ ៖ «ទាក់ទង​ករណី​ដីធ្លី វា​ពាក់ព័ន្ធ​ទំនាស់​ហ្នឹង ទាំង​បញ្ហា​ដីធ្លី ទាំង​បញ្ហា​ប្រើ​អំពើ​ហិង្សា កោះ​ហៅ​តែ​បី​នាក់​ទេ»

ប្រជាពលរដ្ឋ​ទាំង​បី​នាក់​ដែល​ត្រូវ​ចូល​ខ្លួន​មក​តាម​ដីកា​កោះ​របស់​តុលាការ​ខេត្ត​បាត់ដំបង​នោះ មាន​ឈ្មោះ ណែម សង មេ​ភូមិ​ទួលស្នូល ឈ្មោះ គង់ សុផល ជា​អនុ​ភូមិ និង​ឈ្មោះ ហេង ច្រែង ជា​អ្នក​ភូមិ​រស់​នៅ​ក្នុង​ភូមិ​ទួលស្នួល ឃុំ​ក្ដុលតាហែន ស្រុក​បវេល ខេត្ត​បាត់ដំបង។

លោក គង់ សុផល ជា​អនុ​ភូមិ​ទួលស្នួល បាន​មាន​ប្រសាសន៍​ថា ពួកគាត់​ទាំង​បី​នាក់​បាន​ទទួល​ដីកា​កោះ​របស់​តុលាការ​ខេត្ត​បាត់ដំបង ហើយ​នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​ជូន​តុលាការ​តាម​កាលបរិច្ឆេទ ៖ «ដែល​ទទួល​បាន​ទៅ​សាកសួរ​អំពី​វិវាទ​ដីធ្លី ខ្ញុំ​ត្រូវ​តែ​ចូល ព្រោះ​ដីកា​កោះ​ហើយ​ត្រូវ​តែ​ចូល»។

លោក ជន ប៊ុនចាន់ អភិបាល​រង​ស្រុក​បវេល បាន​មាន​ប្រសាសន៍​ថា លោក ណែម សង លោក គង់ សុផល និង​ឈ្មោះ ហេង ច្រែង ត្រូវ​បាន​អ្នក​ភូមិ​បឹងសង្កែ ចោទ​ប្រកាន់​ទៅ​តុលាការ​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​កាំបិត ពូថៅ ក្នុង​ជម្លោះ​ដណ្ដើម​កាន់កាប់​ដីធ្លី នៅ​ក្នុង​ឃុំ​ក្ដុលតាហែន ស្រុក​បវេល ខេត្ត​បាត់ដំបង។

លោក​មាន​ប្រសាសន៍​ទៀត​ថា ៖ «មិន​អនុវត្ត​ទៅ​តាម ស.ជ.ណ. របស់​ក្រសួង​មហាផ្ទៃ ដែល​បាន​ធ្វើការ​បែង​ចែក​ដី​នោះ​រួច​ហើយ ៥០% ដី​ហ្នឹង។ ដី​ហ្នឹង​វា​មាន ១៦៨​ហិកតារ អ៊ីចឹង​ទេ​ធ្វើការ​បែង​ចែក​បាន​ក្នុង​មួយ​ភូមិ ៨៤​ហិកតារ»។

លោក ជន ប៊ុនចាន់ អភិបាល​រង​ស្រុក​បវេល បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា កាល​ពី​ចុង​ឆ្នាំ​២០១០ ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង ឬ​ហៅ​ថា ស.ជ.ណ. មួយ ដោយ​បាន​សម្រេច​ធ្វើការ​បែងចែក​ដី​មាន​ទំនាស់​ទំហំ ១៦៨​ហិកតារ​ជា​ពីរ​ចំណែក ក្នុង​នោះ​ភូមិ​បឹងសង្កែ ទទួល​បាន​ដី ៥០% ស្មើរ ៨៤​ហិកតារ និង​ភូមិ​ទួលស្នួល បាន ៥០% ស្មើ​នឹង ៨៤​ហិកតារ​ដូច​គ្នា។

ចំណែក​ឯ​ខាង​ភូមិ​បឹងសង្កែ ព្រម​ទទួល​យក​ការ​បែងចែក​ដី​ទំហំ ៥០% ដូច​គ្នា​នេះ ប៉ុន្តែ​ខាង​ភូមិ​ទួលស្នូល បាន​បដិសេធ​មិន​ព្រម​ទទួល​យក ដោយ​សំអាង​ថា ខាង​ភូមិ​ទួលស្នួល មាន​ការ​បាត់បង់​ដី​ច្រើន ហើយ​ក៏​នាំ​គ្នា​​ប្រឆាំង​​រហូត​មាន​ការ​ប្រើប្រាស់​កាំបិត ពូថៅ និង​ដាវ​សាំម៉ូរ៉ៃ ទប់​ស្កាត់​មិន​ឲ្យ​អ្នក​ភូមិ​បឹងសង្កែ បង្កបង្កើន​ផល​នៅ​លើ​ដី​ដែល​បាន​បែងចែក​កំណត់​ព្រំ​ដី​ដោយ​អាជ្ញាធរ​រួច​រាល់​ហើយ​នោះ​ឡើយ។

ជម្លោះ​ដណ្ដើម​កាន់កាប់​ដី​ទំហំ ១៦៨​ហិកតារ​រវាង​អ្នក​ភូមិ​ទួលស្នួល និង​ភូមិ​បឹងសង្កែ ឃុំ​ក្ដុលតាហែន ស្រុក​បវេល ខេត្ត​បាត់ដំបង បាន​កើត​មាន​ឡើង​តាំង​ពី​ឆ្នាំ​២០០៤ មក រហូត​មក​ដល់​ឆ្នាំ​២០១១​នេះ​នៅ​តែ​កើត​មាន​ជម្លោះ។

ប្រភព​ពី​អាជ្ញាធរ​ស្រុក​បវេល និង​ប្រជាពលរដ្ឋ​ភូមិ​បឹងសង្កែ បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ខាង​ភូមិ​ទួលស្នួល បដិសេធ​មិន​ព្រម​ទទួល​យក​ការ​បែងចែក​ដី​ខាង​លើ​នេះ គឺ​ដោយសារ​ភាគី​អ្នក​ភូមិ​ទួលស្នូល បាន​លក់​ដូរ​ដី​ជា​ច្រើន​ហិកតារ​នៅ​មុន​ការ​បែងចែក​របស់​អាជ្ញាធរ​ទៅ​ឲ្យ​ឈ្មួញ​ដី​ឈ្មោះ ចឹក ស៊ីវ៉ា ហៅ​តា ក​វែង និង​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ អ៊ី ហ៊ើយ ដែល​កំពុង​រស់​នៅ​ក្នុង​ខេត្ត​បាត់ដំបង៕