មហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំខាល ឬឆ្នាំខ្លា ចូលមកនៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ វេលាម៉ោង១០ព្រឹក គឺចំវេនទេពធីតាព្រះនាម «កិរណីទេវី» ជាបុត្រីទី៥នៃកបិលមហាព្រហ្ម ចូលមកថែរក្សាទ្វីបលោកយើងនេះក្នុងរយៈពេលពេញមួយឆ្នាំ បន្តវេនពីទេវតាឆ្នាំចាស់។
តាមការគន់គូរនៃក្រុមជំនុំវិជ្ជាហោរាស្រ្តពីបុរាណ ផ្សព្វផ្សាយដោយគណៈកម្មការស្រាវជ្រាវហោរាសាស្ត្រ និងប្រពៃណី ទំនៀមទម្លាប់ខ្មែរ បានបង្ហាញថា នៅពេលព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចែត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសានោះ ព្រះអាទិត្យចរចេញពីមីនរាសី ទៅឋិតនៅឯ មេសរាសីតាមផ្លូវគោវិថី គឺផ្លូវកណ្តាល ទើបមានទេពធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម «កិរិណីទេវី» ជាបុត្រីទី៥ក្នុងចំណោមបុត្រីទាំង៧អង្គ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌បៃតង លម្អនូវ ព្រះកាណ៌ដោយសៀតផ្កាមន្ទារ ឬមណ្ឌារ អាភរណៈទ្រង់ពាក់ កែវមរកត (ឈ្មោះកែវ ឬត្បូងសម្បុរខៀវខ្ចី ឬបៃតង) ភក្សាហារទ្រង់សោយសណ្ដែក-ល្ង ទ្រង់អាវុធនៅព្រះហស្ដទាំងសង ព្រះហស្តស្តាំទ្រង់កង្វេរ (ប្រដាប់មានផ្លែក្ងក់ធ្វើដោយដែក មានដងធ្វើដោយឈើសម្រាប់កាវដំរី) ព្រះហស្តឆ្វេង ទ្រង់កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេត្រលើខ្នងគជសារ (សត្វដំរី) ជាពាហនៈ។
នៅក្នុងសង្ក្រានទាំង៣ថ្ងៃនេះរួមមាន៖
-ថ្ងៃព្រហស្បត្តិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស ២០២២ ជាថ្ងៃដំបូងនៃមហាសង្ក្រាន្តឆ្នាំខាល។
-ថ្ងៃសុក្រ ១៤ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ជាវារៈវ័នបត (ថ្ងៃកណ្ដាល)
និងថ្ងៃសៅរ៍ ១៥ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្ត៣ថ្ងៃស្រេចដោយបរិបូណ៍។
ចាសលោកអ្នកនាងធ្លាប់បានដឹងបានឮហើយថាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងការរៀបចំគ្រឿងរណ្ដាប់ទទួលទេវតាឆ្នាំថ្មី គឺមាន ជាប់ទាក់ទងសំខាន់នឹងរឿងព្រេងនិទានពីបុរាណ នៃបុត្រីទាំង៧អង្គរបស់កបិលមហាព្រហ្ម ដែលមានកាតព្វកិច្ចយាងមកប្ដូរវេនគ្នារក្សាទ្វីបលោកយើងនេះ និងធ្វើបុណ្យ សុនន្ទា ថ្វាយព្រះរាជកុសលដល់ព្រះបិតា តាមកាលកំណត់ទៅតាមជំនឿរបស់ខ្មែរតាំងពីបុរាណកាល រហូតដល់សព្វថ្ងៃនេះ។
ទាក់ទងនឹងការរៀបចំគ្រឿងរណ្ដាប់ និងពិធីការផ្សេងៗ ដើម្បីទទួលទេវតាឆ្នាំថ្មី និងការគោរពប្រតិបត្តិតាមទំនៀមពីបុរាណវិញ គេឃើញមានការរៀបចំខុសគ្នាត្រង់ផ្នែកខ្លះទៅតាមខេត្ត និងតំបន់ ជាពិសេសរវាងប្រជាពលរដ្ឋសាមញ្ញ ស្ថាប័នរដ្ឋ ឬគ្រឹះស្ថានធំៗ និងព្រះបរមរាជវាំង។
សម្រាប់ទេវតា ឆ្នាំថ្មី ឆ្នាំខាលនេះ ចាស់ព្រឹទ្ធាចារ្យ ដែលមានចំណេះជំនាញខាង ប្រពៃណី ទំនៀមទម្លាប់ពីបុរាណបានឲ្យកូនចៅប្រុសស្រីទាំងឡាយត្រៀមរៀបចំគ្រឿងសក្ការៈទទួលទេវតាឆ្នាំថ្មីមានបាយសី ១គូ ឬរៀបបាយសី ៣ថ្នាក់ ៥ថ្នាក់ ៧ថ្នាក់ ៩ថ្នាក់ ស្លាធម៌ ១គូ ធូប៥ ទៀន៥ ទឹកអប់ ១គូ ផ្កាភ្ញី លាជ ទឹក១ផ្តិលធំ ភេសជ្ជៈ នំនែក ផ្លែឈើ និងមានសណ្ដែក-ល្ងផង បើសិនជាមាន ពីព្រោះជាភត្តាហារសំខាន់បំផុតសម្រាប់ទេវតាឆ្នាំថ្មីឆ្នាំខាលនេះ។
ទាក់ទងនឹងទេវតាឆ្នាំថ្មីនេះ នាយកនៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរលោក អ៊ឹម បុរិន្ទ ពន្យល់ថា ហេតុដែលទេវតាឆ្នាំថ្មីមានទ្រង់កាំភ្លើងនៅព្រហស្ដឆ្វេងនេះមិនមែនជាការនឹកឃើញដាក់ដោយគណៈកម្មការស្រាវជ្រាវហោរាសាស្ត្រទេ តែនេះជាអ្វីដែលមានចែងក្នុងតម្រាហោសាស្រ្ត។ លោកថា ការទស្សន៍ទាយតែងផ្សារភ្ជាប់នឹងស្ថានភាព បច្ចុប្បន្នភាពពិភពលោក ដែលនឹងពើបប្រទះនាពេលបច្ចុប្បន្ននេះ ឬអាចថាជាការប្រមើលមើលទុកមុនពីហេតុការណ៍នានា មិនមែនទស្សន៍ទាយពីរឿងរ៉ាវក្នុងអតីតកាលទេ៖ « រឿងនេះមិនមែនជារឿងរបស់ទេវតាទេ ជារឿងរបស់ហោរ៉ា ដែលលោកបានព្យាករណ៍ទុករាប់ពាន់ឆ្នាំមកហើយ គឺគាត់តែងទុកជាប្រស្នាររបស់ហោរ៉ា។ ហោរ៉ាហ្នុងមិនមែនជាប្រស្នាររបស់ខ្ញុំអ្នកដាក់ទេគឺជាក្បួនខ្នាតរបស់ហោរ៉ា របស់មហាសង្រ្កាន្ត ដែលមានទំនាយហ្នឹង មិនមែនហោរ៉ាសម័យថ្មីនេះអ្នកដាក់ទេ»។
តែទោះជាយ៉ាងណា ព្រះសង្ឃក្នុងព្រះពុទ្ធសាសនា និងសាធាររណៈជនមួយចំនួននៅតែមានមន្ទិលចំពោះអាវុធដែលមានក្នុងដៃទេវតាឆ្នាំថ្មីនេះ។
ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា ព្រះតេជគុណមិនធ្លាប់ឮថាទេវតាមានកាន់កាំភ្លើងទេ៖ « ក្នុងប្រវត្តិអាត្មាមិនដែលឃើញទេវតាកាន់កាំភ្លើង មិនដឹងអ្នកណាមកនិពន្ធរឿងអីចឹង។ ក្នុងរឿងនិទានក្នុងប្រពៃណីទេវតា អាវុធធំបំផុតរបស់ទេវតាមាន ធ្នូ ស្នា លំពែង ដាវ ម្ជុល ហ្នឹងជាទម្លាប់អាវុធរបស់ទេវតា»។
តែទោះជាយ៉ាងណា លោក អ៊ឹម បុរិន្ទ នៅតែប្រកាន់ថារូបទេវតាកាន់កាំភ្លើងនៅលើក្របសៀវភៅ មហាសង្រ្កាន្តឆ្នាំថ្មី ពិតជាដកស្រង់ចេញពីក្បួនហោរាសាស្រ្តពិតប្រាកដមិនមែនតាមការនឹកឃើញ ឬនិពន្ធរបស់លោកឡើយ។
មិនខុសគ្នានេះដែរ សៀវភៅព្រះរាជពិធីទ្វារទសមាស ដែលស្រាវជ្រាវចងក្រងដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត ដែលអាចចាត់ទុកថាជាក្បួនច្បាប់សំខាន់មួយសម្រាប់ប្រតិបត្តិពិធីតាមជំនឿទំនៀមទម្លាប់ខ្មែរបានបញ្ជាក់ថា បើសង្រ្កាន្តជាថ្ងៃព្រហស្បតិ៍នោះទេពធីតាមានព្រះនាមកិរិណីទេវី មានអាវុធស្ដាំ កង្វេរ ឆ្វេងកាំភ្លើង។
អ្នកសិក្សាស្រាវជ្រាវមួយចំនួនបញ្ជាក់ដែរថា អាវុធដែលមានក្នុងព្រះហស្ដទេពធិតា កិរិណីទេវី នេះដូចគ្នានឹងទេវៈព្រះនាមព្រហស្បត្តិ៍ ដែលមានចែងក្នុងគម្ពីរព្រហ្មញ្ញសាសនា ដែលបញ្ជាក់ថា ទ្រង់កាន់កាំភ្លើងដែរ។ ប៉ុន្តែការបកស្រាយរបស់អ្នកសិក្សាស្រាវជ្រាវមិនបានសំដៅលើកាំភ្លើងក្នុងសម័យថ្មីនេះសោះ ដោយប្រៀបធៀបនឹងអាវុធរបស់ព្រះឥន្រ្ទ ដែលសំដៅដល់ វជិរ ឬវជ្រៈ ជាកាំរស្មីនៃភ្លើង ជាកាំរន្ទះជាដើម។
ទាក់ទងនឹងទំនាយក្នុងឆ្នាំថ្មីនេះវិញលោក អ៊ឹម បុរិន្ទ បញ្ជាក់ត្រួសៗថា សកលលោកនេះអាចពើបប្រទះនឹងការប្រើប្រាស់អាវុធ ឬកាំភ្លើងច្រើន៖ « ពិភពលោកអាចនឹងមាន ប៉ុន្តែសម្រាប់ខ្មែរយើង កាំភ្លើងប្រហែលជាសម្រាប់តែការពារទឹកដី ការពារព្រំដែនតែប៉ុណ្ណឹងទេ ក្នុងប្រទេសយើងអាចថាមានសន្តិភាពរួចស្រេចទៅហើយ។ វាល្អជាងឆ្នាំទៅច្រើនទាំងពីផលអាហារ ទាំងពីមំសាហារ ទាំងពីដំណាំដាំដុះផ្សេងៗ ហើយចំពោះជំងឺដង្កាត់ ខ្ញុំជឿថាមិនសូវមានទេ បើមានក៏មានបន្តិចបន្តួច។ ទឹកទន្លេអាចធំជាងឆ្នាំកន្លងទៅ អាចនឹងមានជំនន់ទឹកភ្លៀងអីអីចឹងទៅដោយសារ ភ្លៀង៤រយមេច្រើនដែរសម្រាប់ជម្ពូរទ្វីបយើង»។
ក្រៅពីពិធីទទួលទេវតា ជាធម្មតានៅទីអារាមនានា តែងតែមានពិធីសាសនា និងប្រពៃណីទំនៀមទម្លាប់ជាច្រើនទៀត ដូចជាពិធីស្រង់ព្រះ ពូនភ្នំខ្សាច់ និងការលេងល្បែងប្រជាប្រិយជាដើម។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ «ខាល» ២០២២ នេះ នាងខ្ញុំ សុជីវី និងក្រុមការងារនៃវិទ្យុអាស៊ីសេរីទាំងអស់ សូមបួងសួងដល់ទេវតាឆ្នាំថ្មីព្រះនាម កិរិណីទេវី ប្រទានពរដល់លោកអ្នកនាង កញ្ញា និងក្រុមគ្រួសារទាំងអស់ ឲ្យជៀសផុតពីរោគាព្យាធិទាំងឡាយ ប្រាថ្នាចង់បានអ្វីនោះ សូមឲ្យទទួលបានដូចក្ដីបំណង ប្រាថ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។