អ្នកវិភាគកំពុងព្រួយបារម្ភ អំពីវិបត្តិនយោបាយថ្មីមួយ ដែលនឹងអាចកើតឡើងនៅកម្ពុជា នាពេលខាងមុខ ដោយសារភាពច្របូកច្របល់ ជុំវិញដំណើរការបោះឆ្នោតបច្ចុប្បន្ន ដ៏ចម្រូងចម្រាសបែបនេះ។
អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ មើលឃើញនូវភាពចម្រូងចម្រាសដ៏ធំមួយ ដែលកំពុងតែធ្វើឲ្យពលរដ្ឋគាំទ្របក្សកាន់អំណាច និងបក្សប្រឆាំង បែកបាក់គ្នាយ៉ាងខ្លាំង ដែលនឹងឈានទៅរកស្ថានភាពលំបាកបំផុតមួយទៀត នៃវិបត្តិនយោបាយបន្ថែមថ្មីមួយ ដោយសារតែបក្សកាន់អំណាចប្រឹងជំរុញឲ្យមានការបោះឆ្នោតមួយ ដែលគ្មានវត្តមានគណបក្សប្រឆាំង ស្របពេលដែលបក្សប្រឆាំងវិញ មិនទទួលជោគជ័យក្នុងការប្រឹងជំរុញឲ្យមានវត្តមានបក្សនេះ ចូលរួមក្នុងការបោះឆ្នោតនាពេលមុខ។
ការណ៍ដែលរបបលោក ហ៊ុន សែន ផាត់បក្សប្រឆាំងចោល មិនឲ្យចូលរួមបោះឆ្នោតបែបនេះ ទើបធ្វើឲ្យបក្សនេះ ផ្តើមធ្វើយុទ្ធនាការអំពាវនាវឲ្យពលរដ្ឋកុំទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា។ ប្រការនេះ ធ្វើឲ្យបណ្ឌិត ឡៅ ម៉ុងហៃ ចាត់ទុកការបោះឆ្នោតខាងមុខនេះថា មិនមែនជាការបោះឆ្នោត ដើម្បីប្រយោជន៍ជាតិ និងប្រជាពលរដ្ឋម្ចាស់ឆ្នោតនោះទេ ប៉ុន្តែជាការបោះឆ្នោត ដើម្បីក្រាញអំណាចបុគ្គល និងបក្សប៉ុណ្ណោះ។ ការបោះឆ្នោតបែបនេះ គឺគ្រាន់តែជាការស្ទាបស្ទង់មតិពលរដ្ឋ ឲ្យដឹងថា តើមានចំនួនពលរដ្ឋប៉ុន្មានភាគរយ ដែលមិនពេញចិត្តនឹងគណបក្សកាន់អំណាច ដែលរម្លាយគណបក្សប្រឆាំង៖ «អ៊ីចឹងការបោះឆ្នោតនេះ មិនមែនជាការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត តែវាទៅជាការបោះឆ្នោតប្រជាមតិ អំពីថាតើការទៅបោះឆ្នោត ឬមិនបោះឆ្នោត។ កាលណាអ្នកចូលរួមបោះឆ្នោតតិច គឺយ៉ាងម៉េច ? គឺមានន័យថា ប្រជាពលរដ្ឋមិនគាំទ្រព្រះមហាក្សត្រ និងរបបនេះទាំងមូល។ ហើយតិចឬច្រើននេះយ៉ាងម៉េច ? កាលពីឆ្នាំកន្លងទៅ កុំភ្លេចថា អត្រាចូលរួមបោះឆ្នោតមាន ៩០ % ឯណោះ រួចបើចុះមក ៥០ % ឬក្រោម ៥០ % មានន័យថា ប្រជាពលរដ្ឋបដិសេធចោលការបោះឆ្នោតហ្នឹង ពួកគាត់អត់ចូលរួម » ។
ស្របពេលដែលគ្មានបក្សប្រឆាំងចូលរួមក្នុងការបោះឆ្នោត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមន្រ្តីសាធារណៈនៃរបបលោក កំពុងសម្រុកចេញឃោសនារកសំឡេងឆ្នោត ឲ្យគណបក្សកាន់អំណាច មុនរដូវកាល។ ការធ្វើបែបនេះ រងការរិះគន់យ៉ាងខ្លាំងថា កំពុងរំលោភច្បាប់បោះឆ្នោត និងច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ដោយសារប្រញាប់រួសរាន់ចេញឃោសនា និងការបំពានតួនាទីមន្រ្តីរាជការសាធារណៈ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រឹងចេញឃោសនារកសំឡេងឆ្នោតគ្រប់ច្រកល្ហក ជាពិសេសការអំពាវនាវឲ្យកម្មកររោងចក្របោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជារៀងរាល់លើក ដែលលោកចុះជួបកម្មករតាមរោងចក្រ។ មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន យកតួនាទីជានាយករដ្ឋមន្រ្តី ដែលសម្រាប់បម្រើប្រជាពលរដ្ឋគ្រប់រូប គ្រប់និន្នាការនយោបាយ ទៅឃោសនាឲ្យប្រជាពលរដ្ឋគូសលេខ ២០ លើសន្លឹកឆ្នោត ដែលជាលេខរៀងរបស់បក្សលោកទៅវិញ។ មន្រ្តីរាជការសាធារណៈ ដែលជាសមាជិកបក្សកាន់អំណាច ក៏ហ៊ានឃោសនាអំពាវនាវឲ្យពលរដ្ឋបោះឆ្នោតឲ្យបក្សរបស់ខ្លួន ទាំងក្នុងតួនាទីបម្រើរដ្ឋ មិនត្រូវបម្រើបក្សក៏ដោយ។
ច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ជំពូកទី ៥ មាត្រា ៣៧ ចែងច្បាស់អំពីអព្យាក្រិតភាព របស់មន្រ្តីរាជការសាធារណៈ រួមទាំងនាយករដ្ឋមន្រ្តីផង ដែលច្បាប់ហាមឃាត់ដាច់ខាត មិនឲ្យប្រើប្រាស់មុខងាររបស់ខ្លួន និងសម្ភារៈរបស់រដ្ឋ ដើម្បីបម្រើសកម្មភាពនយោបាយរបស់បក្សនោះឡើយ។ ការប្រព្រឹត្តិផ្ទុយនឹងមាត្រានេះ ចាត់ទុកជាកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ។ ចំណែកឯច្បាប់បោះឆ្នោត ក៏ហាមឃាត់មិនឲ្យឃោសនារកសំឡេងឆ្នោត នៅមុនថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោតនោះដែរ។ សម្រាប់ការបោះឆ្នោតជាតិអាណត្តិនេះ ថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោត មិនទាន់មកដល់នៅឡើយទេ ព្រោះថ្ងៃឃោសនាពិតប្រាកដ គឺចាប់ពីថ្ងៃទី៧ ដល់ទី២៧ ខែកក្កដាឯណោះ។
ទោះជាយ៉ាងនេះក្តី បណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា ទម្លាប់រំលោភច្បាប់បែបនេះ គឺមិនមែនជារឿងអ្វីថ្មីនោះឡើយ៖ «អ៊ីចឹងបានថា ទម្លាប់អ៊ីចឹងៗ គឺវាបានធ្វើយូរមកហើយ រួចយើងអត់មាននរណាតវ៉ាអ្វីនោះទេ។ ប៉ុន្តែ សំខាន់គឺត្រង់ថា ទម្លាប់ដែលថ្មីលើកនេះ គឺដូចជាមានការច្របូកច្របល់ ហើយយកតួនាទីរបស់ខ្លួនហ្នឹងឃោសនាបណ្តើរៗ បែបនេះ ធ្វើឲ្យប្រចូកច្របល់អស់ គឺយកតួនាទីរបស់ខ្លួន ហើយនឹងសកម្មភាពទៅឃោសនាបោះឆ្នោត ដែលប្រការនេះ បើមិនខុសច្បាប់ ក៏ខុសស្មារតី នៃគោលការណ៍ប្រជាធិបតេយ្យ ឬគោលការណ៍ក្នុងការរៀបចំការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌ដែរ»។
ប៉ុន្តែមន្រ្តីនាំពាក្យរបបលោក ហ៊ុន សែន គឺលោក ផៃ ស៊ីផាន អះអាងថា គ្មានច្បាប់ណាហាមឃាត់ នាយករដ្ឋមន្រ្តី មិនឲ្យឃោសនារកសំឡេងឆ្នោតសម្រាប់បក្សខ្លួនឯងនោះឡើយ ព្រោះលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីផង និងជាប្រធានបក្សកាន់អំណាចផង៖ «នៅពេលដែលលោកមានប្រសាសន៍ លោកត្រូវតែការពារបុព្វហេតុបក្សរបស់លោក ជាតួនាទីរបស់នាយករដ្ឋមន្រ្តី។ ដូច្នេះ គួរសួរទៅ គ.ជ.ប តើគេយល់ឃើញយ៉ាងម៉េច គេវិនិច្ឆយយ៉ាងម៉េច គឺជារឿងរបស់ គ.ជ.ប » ។
អាស៊ីសេរី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យ គ.ជ.ប គឺលោក ឌឹម សុវណ្ណារុំ បាននៅឡើយទេ កាលពីថ្ងៃទី២១ ខែមិថុនា ទោះខិតខំព្យាយាមទូរសព្ទទៅលោកជាច្រើនសា តែគ្មានអ្នកទទួល។ ទោះជាយ៉ាងនេះក្តី លោកធ្លាប់អះអាងប្រាប់អាស៊ីសេរីថា ការឃោសនារកសំឡេងឆ្នោត នៅក្រៅរង្វង់ថ្ងៃយុទ្ធនាការបោះឆ្នោត មិនមែនជាការទទួលខុសត្រូវរបស់ស្ថាប័ន គ.ជ.ប នោះឡើយ។
បន្ថែមទៅលើការបំផ្លាញឆន្ទៈរាស្រ្តម្ចាស់ឆ្នោត ដោយសាររបបលោក ហ៊ុន សែន រម្លាយគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្ររហូតដល់ជិត ៤៤% ឬជាងបីលាននាក់នោះ របបលោក ហ៊ុន សែន បែរជាខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងធ្វើរឿងដែលមិនធ្លាប់ធ្វើពីមុនជាច្រើន រួមទាំងការណ៍ដែលប្រធាន គ.ជ.ប ចុះជួបគ្រូបង្រៀនតាមខេត្ត ដើម្បីអប់រំអំពីការបោះឆ្នោត ការអំពាវនាវឲ្យពលករចំណាកស្រុកមកចូលរួមបោះឆ្នោត ការអនុញ្ញាតឲ្យកម្មកររោងចក្រឈប់សម្រាកបីថ្ងៃ ដោយមានប្រាក់ខែ ដើម្បីអាចទៅបោះឆ្នោតបាន និងការឲ្យក្រុមហ៊ុនទូរស័ព្ទចល័ត ផ្សាយសារអំពាវនាវឲ្យពលរដ្ឋ ចេញទៅបោះឆ្នោតជាដើម។
មន្រ្តីឃ្លាំមើលការបោះឆ្នោត ចាត់ទុកការខិតខំប្រឹងប្រែង ដែលមិនធ្លាប់មាននេះថា ជាការបំបែកឯតទគ្គកម្មថ្មីមួយ នៅកម្ពុជាក្នុងការងារបោះឆ្នោត។ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការ ខុមហ្រ្វែល (COMFREL) លោក កន សាវាង្ស យល់ឃើញថា ការខំប្រឹងធ្វើយ៉ាងណាឲ្យពលរដ្ឋចេញទៅបោះឆ្នោតឲ្យបានច្រើននេះ គឺប្លែកខ្លាំងត្រង់ថា កន្លងមក ទោះបីអង្គការសង្គមស៊ីវិល និងបក្សប្រឆាំងប្រឹងប្រែងឲ្យ គ.ជ.ប និងរដ្ឋាភិបាល ធ្វើយ៉ាងសម្រួលឲ្យពលករចំណាកស្រុកបានចុះឈ្មោះបោះឆ្នោតឲ្យបានច្រើន ក៏សំណើសុំនេះ មិនត្រូវបានយកចិត្តទុកដាក់នោះដែរ ទើបតែពេលគ្មានវត្តមានគណបក្សសង្គ្រោះជាតិ បែរជាមានការយកចិត្តទុកដាក់ខ្លាំង ខ្លាចពលករចំណាកស្រុក មិនមកបោះឆ្នោតបែបនេះទៅវិញ។
ទោះជាយ៉ាងនេះក្តី លោក កន សាវាង្ស យល់ឃើញថា មិនថារបបលោក ហ៊ុន សែន ខំប្រឹងប្រែងអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតយ៉ាងណានោះទេ ក៏ចំនួននៃការចូលរួមនោះ បើឧបមាថា វាមានច្រើន ក៏មិនប្រាកដថាឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋពិតប្រាកដនោះដែរ ព្រោះមានកត្តាភ័យខ្លាច និងរងការគំរាមកំហែងជាច្រើន ពាក់ព័ន្ធនឹងការមិនទៅបោះឆ្នោតនេះ៖ «ចង់មិនចង់ឆន្ទៈរបស់ប្រជាពលរដ្ឋហ្នឹង ទទួលរងបញ្ហាហើយ។ បញ្ហាហ្នឹងហើយដែលគេមើលឃើញហើយ ទោះបីចំនួនអ្នកចេញទៅបោះឆ្នោត មានច្រើនប៉ុនណាក៏ដោយ ក៏វានៅតែមិនអាចទទួលយកនូវលំនាំនៃលទ្ធិប្រជាធិបតេយ្យ ដ៏ទូលំទូលាយនោះដែរ។ ទាក់ទងរងបរិយាកាសនយោបាយ ការគម្រាមកំហែង ការទិញទឹកចិត្ត ការបង្ខិតបង្ខំ ប្រជាពលរដ្ឋដែលទៅបោះឆ្នោត ដែរឬទេ ? ដូច្នេះតិច ឬច្រើន វាផ្អែកទៅលើស្ថានភាពទាំងអស់នេះថែមទៀត » ។
ទោះជាមានការអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត និងការធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតខុសរដូវកាល យ៉ាងសន្ធាប់របស់លោក ហ៊ុន សែន និងមន្រ្តីរាជការ ដែលជាមន្រ្តីបក្សកាន់អំណាចផងយ៉ាងណាក្តី ក៏អង្គការឃ្លាំមើលការបោះឆ្នោតធំៗ រួមទាំងអង្គការតម្លាភាពកម្ពុជាផង សុទ្ធតែបានប្រកាសធ្វើពហិការ និងមិនដាក់អ្នកសង្កេតការណ៍បោះឆ្នោតនោះទេ ដោយសារតែស្ថានការណ៍នយោបាយអាប់អួរខ្លាំងពេក។ ចំណែកឯសហគមន៍អន្តរជាតិឯណោះវិញ ក៏បានចាត់ទុកការបោះឆ្នោតខាងមុខថា នឹងមិនអាចប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងមិនឆ្លុះបញ្ចាំងពីឆន្ទៈពលរដ្ឋម្ចាស់ឆ្នោតបាននោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
