មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន អះអាងថា សិទ្ធមនុស្សនៅកម្ពុជាមានការរីកចម្រើនទៅមុខល្អប្រសើរ ដោយសារកម្ពុជាលែងមានសង្គ្រាម ហើយពលរដ្ឋបានកើនចំនួនរាប់លាននាក់ក្រោមការគ្រប់គ្រងរបស់លោក។ លោកថា សិទ្ធិមនុស្សសំខាន់ជាងគេបំផុត គឺការរស់រានមានជីវិត មិនមែនស្ថិតលើការបកស្រាយក្នុងទំព័រកាសែតនោះឡើយ។ ក៏ប៉ុន្តែ អ្នកការពារសិទ្ធិមនុស្សថា សិទ្ធិរស់រានមានជីវិតត្រូវបំពេញបន្ថែមដោយសិទ្ធិជាមូលដ្ឋានជាច្រើនផ្សេងទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅថ្ងៃទី១ កក្កដាថា សិទ្ធិមនុស្សមានច្រើនយ៉ាង មិនមែនត្រឹមតែជាការបញ្ចេញមតិតែមួយមុខនោះឡើយ។ លោកអះអាងថា របបរបស់លោកគិតគូរសព្វគ្រប់បែបយ៉ាងអំពីរឿងសិទ្ធិមនុស្សនេះ មិនមែនដូចជាក្រុមសង្កេតការណ៍ជាតិ និងអន្តរជាតិ ដែលផ្តោតទៅលើរឿងសិទ្ធិសេរីភាពបញ្ចេញមតិតែមួយមុខនោះឡើយ។
លោកបន្តថា ក្នុងសម័យខ្មែរក្រហម និងសម័យក្រោយនោះបន្តិច កម្ពុជាគ្មានការគោរពសិទ្ធិមនុស្សឡើយ ដោយសារតែពលរដ្ឋត្រូវបានគេកាប់សម្លាប់ និងបាត់បង់ជីវិតក្នុងសង្គ្រាមបង្ហូរឈាម។ ហេតុដូច្នេះលោក ចាត់ទុកការរស់រានមានជីវិត គឺជាសិទ្ធិសំខាន់ជាងគេបំផុត។ លោកបន្តថា សិទ្ធិមនុស្សនៅកម្ពុជាមានដំណើរការល្អទៅមុខ ដោយសារពលរដ្ឋបានកើនចំនួនពី ៥លាននាក់ ក្រោយការដួលរលំនៃរបបខ្មែរក្រហម ដល់ ១៦លាននាក់នាពេលបច្ចុប្បន្ន។ លោកបញ្ជាក់ថា របបរបស់លោកគ្មានការចាំបាច់ដែលត្រូវស្តាប់មតិយោបល់របស់សហគមន៍អន្តរជាតិអំពីរឿងគោរពសិទ្ធិមនុស្សនេះឡើយ ពីព្រោះប្រទេសដែលណែនាំកម្ពុជានោះ កំពុងតែជួបប្រទះវិបត្តិសិទ្ធិមនុស្សខ្លួនឯង៖ «យើងបានឈានឡើងក្នុងជំហានដ៏ក្លាហានមួយ ការរស់រានមានជីវិតរបស់យើងឡើងវិញ។ យើងបានឃើញប្រត្យក្សនឹងភ្នែក សិទ្ធិមនុស្សត្រូវចាប់ផ្តើមពីសិទ្ធិរស់រានមានជីវិត មិនមែនចាប់ផ្តើមពីសរសេរកាសែតទេ។ បើវាងាប់ទៅហើយ តើវាសរសេរកាសែតរបៀបម៉េច ? ដូច្នេះហើយបានជាកម្ពុជាមិនព្រមឱនក្បាលជាមួយនឹងការប្រៀនប្រដៅរបស់អ្នកដទៃ»។
មេដឹកនាំក្រាញអំណាចរូបនេះ អះអាងទៀតថា លោកនឹងបកស្រាយអំពីការវិវឌ្ឍជាក់ស្តែងនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្រាប់ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វ៊ីស (Switzerland) នៅថ្ងៃទី០៤ កក្កដា ខាងមុខ។ បន្ថែមពីលើនេះ លោកបានអំពាវនាវឱ្យសហគមន៍ខ្មែរនៅអឺរ៉ុប ធ្វើបាតុកម្មប្រឆាំងរូបលោកនៅទីក្រុងហ្សឺណែវនេះផងដែរ ពីព្រោះលោកជឿជាក់ថា អ្នកដែលមកគាំទ្ររូបលោកនឹងមានចំនួនច្រើនជាងអ្នកប្រឆាំង។ មន្ត្រីសិទ្ធិមនុស្សបញ្ជាក់ថា ប្រសាសន៍របស់លោក ហ៊ុន សែន ត្រឹមត្រូវបានតែមួយជ្រុងប៉ុណ្ណោះ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ទទួលស្គាល់ថា សិទ្ធិរស់រានមានជីវិតជាសិទ្ធិសំខាន់មួយក្នុងចំណោមសិទ្ធិមនុស្សដទៃទៀត។ ក៏ប៉ុន្តែ លោកពន្យល់ថា សិទ្ធិនេះមិនអាចឈរតែឯងបានទេ ពោលគឺត្រូវតែបំពេញបន្ថែមដោយសិទ្ធិសេរីភាពជាមូលដ្ឋានផ្សេងទៀត ដូចជា សិទ្ធិបញ្ចេញមតិ សិទ្ធិទទួលបានព័ត៌មាន សិទ្ធជួបប្រជុំ សិទ្ធិប្រមូលផ្តុំ និងសិទ្ធិចងក្រងជាគ្នាសហជីព ជាដើម។
លោកកត់សម្គាល់ថា បច្ចុប្បន្ននេះសិទ្ធិមួយចំនួនត្រូវបានគោរព រួមមាន សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានការថែទាំសុខភាព និងសិទ្ធិខាងជំនឿសាសនាជាដើម ក៏ប៉ុន្តែសិទ្ធិជាមូលដ្ឋានដទៃទៀតនោះ នៅតែស្ថិតក្រោមការរឹតត្បិត ការត្រួតពិនិត្យ និងតាមដានពីសំណាក់អាជ្ញាធរនៅឡើយ៖ «គ្រប់សិទ្ធិទាំងអស់ហ្នឹង វាត្រូវបំពេញគ្នាទៅវិញទៅមក។ វាមិនអាចខ្វះខាតបានទេ។ ប្រសិនបើខ្វះខាត វាធ្វើឱ្យចន្លោះប្រហោងនៃការបំពេញសិទ្ធិរបស់ពលរដ្ឋម្នាក់ៗ។ អ៊ីចឹងបើយើងមានសិទ្ធិរស់រានមានជីវិត តែបើគ្មានសិទ្ធិក្នុងការបញ្ចេញមតិ គ្មានសិទ្ធិក្នុងការចូលរួមជីវភាពនយោបាយ គ្មានសិទ្ធិចូលរួមបញ្ហាផ្សេងៗ អាហ្នឹងក៏វាមិនអាចបំពេញទៅក្នុងលក្ខខណ្ឌនៃការគោរពសិទ្ធិមនុស្សហ្នឹងបានដែរ»។
សហគមន៍អន្តរជាតិនិយមប្រជាធិបតេយ្យ បានវាយតម្លៃពីការធ្លាក់ចុះដុនដាបនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជា បន្ទាប់ពីរបបលោក ហ៊ុន សែន បានចាប់ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដាក់ពន្ធនាគារ ដោយចោទប្រកាន់ពីបទក្បត់ជាតិ។ បន្ទាប់មក របបនេះបានរំលាយគណបក្សសង្រ្គោះជាតិ ហើយយកអាសនៈសភា និងក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សនេះ ទៅចែកគ្នាកាន់កាប់ និងបានហាមប្រាមអ្នកនយោបាយបក្សនេះជាង ១០០នាក់ មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល ៥ឆ្នាំថែមទៀត។ ហើយការវិវឌ្ឍចុងក្រោយបំផុតនោះ គឺអាជ្ញាធររបបលោក ហ៊ុន សែន បានកោះហៅមន្ត្រីបក្សប្រឆាំងនៅមូលដ្ឋានរាប់រយនាក់ឱ្យមកឆ្លើយបំភ្លឺរឿងបំពានសាលដីកាតុលការកំពូល ក្នុងនោះមានអ្នកខ្លះ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារថែមទៀត។
ទន្ទឹមនឹងការកម្ទេចដៃគូប្រជែងដ៏ធំរបស់ខ្លួននេះ របបក្រុងភ្នំពេញក៏បានវាយបង្ក្រាបឥតស្រាកស្រាន្តទៅលើក្រុមអង្គការសង្គមស៊ីវិល សហជីព និងស្ថាប័នព័ត៌មានឯករាជ្យផងដែរ ជាពិសេសរបបនេះបានរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ទាំងនៅក្នុងសង្គម និងនៅលើប្រព័ន្ធអ៊ិនធើណិត។
ផ្តើមចេញពីបញ្ហាទាំងអស់នេះហើយ ដែលធ្វើឱ្យសហភាពអឺរ៉ុបបានពិចារណាឡើងវិញ អំពីទំនាក់ទំនងផ្នែកពាណិជ្ជកម្មជាមួយកម្ពុជា ដោយបានព្រមានពីការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ប្រសិនបើរបបក្រុងភ្នំពេញមិនព្រមស្តារស្ថានការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យឱ្យមានភាពប្រក្រតីឡើងវិញទេនោះ៕
លោក ហ៊ុន សែន អះអាងថា សិទ្ធមនុស្សនៅកម្ពុជាមានការរីកចម្រើនមន្រ្តីសង្គមស៊ីវិលច្រានចោលការអះអាងរបស់លោក ហ៊ុន សែន ដែលថា សិទ្ធិមនុស្សនៅកម្ពុជាមានការរីកចម្រើន។ ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖ »» គេហទំព័រ www.rfa.org/khmer »» យូធូប www.youtube.com/RFAKhmerVideo
Posted by RFA Khmer on Monday, July 1, 2019
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
