លោក ទៀ បាញ់​ ច្រាន​ចោល​ព័ត៌មាន​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​សហរដ្ឋ​អាមេរិក​ ​ជួយ​អភិវឌ្ឍ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម

លោក មាន ឫទ្ធិ
2019.07.01
TeaBanh រដ្ឋមន្ដ្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់​ (ហ្វេសប៊ុក)។ មន្ដ្រី​កងទ័ពជើងទឹក​កម្ពុជា ចូលរួមពិធី​ក្រោយ​ពេលធ្វើ​សមយុទ្ធយោធារួច កាលពី​ថ្ងៃទី២៦ ខែ​កុម្ភៈ​ឆ្នាំ២០១៦ (Reuters)។
ហ្វេសប៊ុក/Reuters

​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ ​លោក​ ​ទៀ ​បាញ់​ ​ច្រានចោល​ព័ត៌មាន​ដែល​ថា​ ​ក្រសួង​ការពារ​ជាតិ​មិន​អនុញ្ញាតឲ្យ​សហរដ្ឋ​អាមេរិក​ ​ជួយ​ជួសជុល​អាគារ​បណ្តុះបណ្តាល​នៅ​ឯ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​។ ​ការបដិសេធ​នេះ​ ​កើត​មាន​ឡើង​ក្រោយពេល​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​បាន​ស្នើ​ភាគី​កម្ពុជា​ ​ឲ្យ​ពន្យល់​ជុំវិញ​មូលហេតុ​ដែល​កម្ពុជា​ ​ផ្លាស់ប្តូរ​ជំហរ ​មិន​ព្រម​ទទួល​យក​សំណើ​របស់​ភាគី​អាមេរិក​ក្នុង​ការជួយ​ជួសជុល​អាគារ​បណ្តុះបណ្តាល​នៅ​ឯ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​នេះ​។​

រដ្ឋមន្ដ្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ លោក ទៀ បាញ់​។

ថ្លែង​ប្រាប់​អាស៊ី​សេរី​ ​កាលពី​ព្រលប់​ថ្ងៃ​ទី ០១ កក្កដា ​លោក​ ​ទៀ ​បាញ់​ ​ថា​ក្រសួង​ការពារ​ជាតិ​បាន​ជូន​ដំណឹង​ច្បាស់លាស់​រួចហើយ​ទៅ​ភាគី​អាមេរិក​ជុំវិញ​ករណី​នេះ​។​លោក​ថា​ ​កម្ពុជា​ ​មិន​ដែល​ធ្លាប់​បដិសេធ​ម្តង​ណា​ឡើយ​ជុំវិញ​បញ្ហា​នេះ​ទេ​ហើយ​ថា​ ​កម្ពុជា​នៅតែ​រីករាយ​ ​និង​ចាំ​ទទួលស្វាគមន៍​ចំពោះ​ជំនួយ​នានា​។ ​លោក​ទៀ ​បាញ់​ ​គូសបញ្ជាក់​ថា​ ​ទីតាំង​ដែល​បម្រុង​នឹង​ជួសជុល​នោះ​ ត្រូវ​ផ្លាស់ប្តូរ​ទៅ​ទីកន្លែង​ផ្សេងទៀត​ដើម្បី​អភិវឌ្ឍន៍​តំបន់​រាម​នេះ​។ ​យ៉ាងណា​ក៏ដោយ​ ​លោក​ ​ទៀ ​បាញ់​ បដិសេធ​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ទីតាំង​ថ្មី​នោះ​ដោយ​អះអាង​ថា​ ​នោះ​ជា​សិទ្ធិ​របស់​កម្ពុជា​។​

«​គ្មាន​រឿង​អី​ដែល​យើង​ត្រូវ​បដិសេធ​អី​ទាំងអស់​។​ដូច្នេះ​រឿង​នេះ​ ​កុំ​និយាយ​ហួស​ពី​នេះ​ ​វា​អត់​មាន​អី​លើស​ពី​នេះ​ទេ​។​យើង​ត្រូវការ​អភិវឌ្ឍន៍​នៅ​តំបន់​រាម​ហ្នឹង​។​ដូច្នេះ​ទីតាំង​ហ្នឹង​គឺ​យើង​រៀបចំ​ ​ទៅ​ធ្វើ​នៅ​កន្លែង​ផ្សេង​គឺ​ឲ្យ​វា​បាន​សមស្រប​ហ្នឹង​ ​និង​តាម​តម្រូវ​ការចាំបាច់​របស់​ខាង​សន្តិសុខ​លំហរ​សមុទ្រ​របស់​យើង​ដែល​មាន​មួយ​ផ្នែក​កាល​មុន​នេះ​គឺ​សហរដ្ឋ​អាមេរិក​ ​អូស្ត្រាលី​ ​និង​ជប៉ុន​បាន​ជួយ​រៀបចំ​ទី​បញ្ជាការ​មុខ​នៅ​ទីនោះ​។ ​ដូច្នេះ​គឺ​យើង​នៅ​រក្សា​កន្លែង​នោះ​ ​ហើយ​យើង​ក៏​នៅតែ​ស្វាគមន៍​ដែរ​។​យើង​ក៏​អរគុណ​ណាស់​ចំពោះ​ការរៀបចំ​ហ្នឹង​។ ​តែ​ឥឡូវ​យើង​ត្រូវ​រៀបចំ​កន្ឡែង​មួយ​ថ្មី​ឲ្យ​មាន​ការសមស្រប​មាន​ការសមស្រប​ជាង​ ​មាន​ការរីកចម្រើន​ជាង​ធ្វើឲ្យ​វា​កាន់តែ​ល្អ​ឡើង​។​»​

សារព័ត៌មាន​ជប៉ុន​ Nikkei Asian Reviewរាយការណ៍​កាលពី​ថ្ងៃ​ទី ០១ កក្កដា​ ​ម្សិល​ម៉ិញ​ថា​ ​មន្ត្រី​ជាន់ខ្ពស់​នៃ​មន្ទីរ​បច្ច​កោណ ​និង​ជា​ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​ ទទួលបន្ទុក​ ​ភូមិភាគ​អាស៊ី​ខាងត្បូង​ ​និង​អាស៊ី​អាគ្នេយ៍ ​លោក​ ​ចូសេហ្វ ​ហ្វែល​ធ័រ ​(Joseph Felter)បាន​សរសេរ​លិខិត​មួយ​ច្បាប់​ ​ទាមទារ​ឲ្យ​កម្ពុជា​ពន្យល់​លម្អិត​អំពី​មូលហេតុ​ ​ដែល​លែង​ចង់​ឲ្យ​សហរដ្ឋ​អាមេរិក​ ​ជួយ​ជួសជុល​កែលម្អ​បរិវេណ​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​នេះ​ ​ក៏​ដូចជា​ផែនការ​នា​ពេល​អនាគត​សម្រាប់​អភិវឌ្ឍ​ទីតាំង​នេះ​។ ​សារព័ត៌មាន​ដដែល​នេះ​ ​បាន​ដកស្រង់​ខ្លឹមសារ​នៃ​លិខិត​របស់​លោក​ ​ចូសេហ្វ ​ហ្វែល​ធ័រ ​ដែល​សរសេរ​ក្នុង​អត្ថន័យ​ដែល​គេ​អាច​យល់​ថា​ ​ការបដិសេធ​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា​នេះ​ សរ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ ​កម្ពុជា​អាច​មាន​ផែនការ​ធំ​ធេង​ជាង​នេះ​ ​ក្នុង​ការអនុញ្ញាតឲ្យ​មាន​វត្តមាន​យោធា​ចិន​នៅ​ឯ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​នេះ​ ​ដែល​សេណារីយ៉ូ​នេះ​នឹង​ជះឥទ្ធិពល​ខ្លាំង​ដល់​សន្តិសុខ​តំបន់​ ​ខណៈ​ចិន​បាន​ស្វះស្វែង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​។​ ក្នុង​លិខិត​នោះ​ លោក​ ​ចូសេហ្វ ​ហ្វែល​ធ័រ ​បាន​រំឮក​ថា​ ​មេបញ្ជាការ​រង​ទទួលបន្ទុក​គណៈកម្មាធិការ​ជាតិ​សម្រាប់​ទី​បញ្ជាការដ្ឋាន​សន្តិសុខ​លំហរ​សមុទ្រ ​ធ្លាប់​បាន​ស្នើសុំ​ទៅ​លោក​ ​ឲ្យ​ជួយ​ជួសជុល​កែលម្អ​ទីតាំង​នោះ​ ​នៅពេល​ដែល​លោក​បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ កាលពី​ខែមករា ​កន្លងទៅ​។ ​ទីតាំង​ជួសជុល​នោះ​ ​រួម​មាន​អាគារ​បណ្តុះបណ្តាល​ ​និង​កន្លែង​ជួសជុល​នាវា​ ​ដែល​ត្រូវបាន​កសាងឡើង​ក្រោម​ថវិកា​របស់​សហរដ្ឋ​អាមេរិក​ កាលពី​ឆ្នាំ ២០១៧ ។ ​លោក​ ហ្វែល​ធ័រ​ សរសេរ​ថា​ ​ថវិកា​សម្រាប់​កែលម្អ​ទីតាំង​នោះ​ ​បាន​ទទួល​ការឯកភាព​កាលពី​ខែមេសា ​តែ​ផ្ទុយទៅវិញ​ ក្នុង​ខែមិថុនា​ ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ ​បាន​ប្រាប់​ទៅ​ភាគី​សហរដ្ឋ​អាមេរិក​ថា ​ផែនការ​កែលម្អ​នេះ​ ​លែង​ចាំបាច់​ទៀត​ហើយ​។ ​លោក​ សរសេរ​បន្ត​ថា​ ​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ជំនួយ​ ​និង​ការគាំទ្រ​យ៉ាង​ច្រើន​ដល់​វិស័យ​យោធា​កម្ពុជា​ក្នុង​រយៈពេល​ ២៨ ​ឆ្នាំ​ចុងក្រោយ​នេះ​ ​ហើយ​លោក​សង្ឃឹម​ថា​ ​កម្ពុជា​នឹង​បន្ត​ធ្វើការ​ជាមួយ​សហរដ្ឋ​អាមេរិក​ក្នុង​តំបន់​ដែល​មាន​អត្ថប្រយោជន៍​រួម​នេះ​។​

ជុំវិញ​ការសង្ស័យ​នេះ​លោក​ ​ទៀ ​បាញ់​ ​ជា​ថ្មី​ម្តង​ទៀត​បដិសេធ​ថា​ ​ជា​ព័ត៌មាន​មិន​ពិត​និង​ថ្លែង​ការពារ​ថា​ ​រដ្ឋាភិបាល​ ​គ្រាន់តែ​អនុញ្ញាតឲ្យ​ចិន​ធ្វើ​ការវិនិយោគ​និង​អភិវិឌ្ឍន៍​តំបន់​នៅ​ខេត្ត​កោះកុង​នោះ​ ​ទៅ​ជា​តំបន់​ទេសចរណ៍​ប៉ុណ្ណោះ​ក្រោម​រូបភាព​ជា​ការផ្តល់​សម្បទាន​។​
«​ហើយ​រឿង​ថា​មូលដ្ឋាន​នេះ​ ​មូលដ្ឋាន​នោះ​ ​រឿង​កោះ​កុងរឿង​នោះ​គឺជា​រឿង​ផ្សេង​ ​ខុសពី​រឿង​ការអភិវឌ្ឍន៍​កងយោធពល​ខេមរភូមិន្ទ​ស្រឡះ​។​គេ​ធ្វើ​កិច្ចការ​វិនិយោគ​ ​កិច្ចការ​ទេសចរណ៍​ ​ដែល​ទទួល​ការសម្បទាន​ពី​រដ្ឋាភិបាល​ដើម្បី​កសាង​តំបន់​ផ្សេង​ៗ​ទៅ​ជា​នាំគ្នា​បកស្រាយ​ទ្រហឹង​អឺងកង​ថា​ ​ចុះ​ថា​ចេះ​។​អា​ហ្នុង​គឺ​ទៅ​តាម​ឆន្ទៈ​របស់​អ្នក​ដែល​ចង់​ឲ្យ​វា​ទៅ​អញ្ចឹង​។​»​

សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ពិភពលោក​នៃ​មហាវិទ្យាល័យ​ Occidental Collegeនៅ​រដ្ឋ​កាលីហ្វ័រញ៉ា ​សហរដ្ឋ​អាមេរិក​ ​ប្រាប់​អាស៊ី​សេរី​តាម​សារ​អេឡិចត្រូនិក​ថា​ ​ការប្រើប្រាស់​ទីតាំង​ដែល​ធ្លាប់​ ​ផ្តល់​មូលនិធិ​ដោយ​សហរដ្ឋ​អាមេរិក​នៅឯ​តំបន់​រាម​នេះ​ ​ឲ្យ​ក្លាយទៅជា​ប្រយោជន៍​ដល់​យោធា​ចិន ​ជា​រឿង​ធ្វើឲ្យ​ស្ថានការណ៍​រឹតតែ​ដុន​ដាប​។ ​លោក​ថា​ របប​ក្រុង​ភ្នំពេញ​ ​អាច​បដិសេធ​បាន​តាម​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​ ​ប៉ុន្តែ​ ​រឿងរ៉ាវ​នេះ​ ​មិន​អាច​លាក់​កំបាំង​បាន​ឡើយ​ ​នៅពេល​ដែល​រូបភាព​ពី​ប្រព័ន្ធ​ផ្កាយ​រណប ​សញ្ញា​បញ្ជូន​ពី​ការស៊ើប​ការសម្ងាត់​ ​និង​ក្រុម​អ្នក​ស៊ើប​ការសម្ងាត់​ ​ប្រាប់​ឲ្យដឹង​នូវ​រឿងរ៉ាវ​ផ្ទុយពី​ការបដិសេធ​ទាំងនោះ​។​ ជារឿយ​ៗ​រដ្ឋាភិបាល​របប​ក្រុង​ភ្នំពេញ​តែង​បដិសេធ​ព័ត៌មាន​ដែល​ថា​ ​ខ្លួន​អាចនឹង​មាន​ផែនការ​អនុញ្ញាតឲ្យ​ចិន​សាងសង់​មូលដ្ឋាន​កងទ័ព​នៅ​ខេត្ត​កោះកុង​ដោយ​ចាត់ទុក​ថា​​ជា​ព័ត​មានមិន​ពិត​។

​របប​ក្រុង​ភ្នំពេញ​តែង​បញ្ជាក់​ថា​រដ្ឋធម្មនុញ្ញ​កម្ពុជា​មិន​អនុញ្ញាតឲ្យ​មាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅលើ​ទឹកដី​របស់​ខ្លួន​ឡើយ​។​ក៏ប៉ុន្តែ​ របប​នេះ​ ​នៅ​មិន​ទាន់​បាន​បង្ហាញ​ជំហរ​ឲ្យបាន​ច្បាស់លាស់​នៅឡើយ​ទេ​ ​ជុំវិញ​ការអនុញ្ញាតឲ្យ​ភាគី​អន្តរជាតិ​ចុះ​ទៅ​ធ្វើ​ការត្រួតពិនិត្យ​នៅ​ ​ខេត្ត​កោះកុង​ដែល​មាន​ការសង្ស័យ​នោះឡើយ​។ ​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ សម ​រង្ស៊ី​ ធ្លាប់​ហៅ​ហេតុការណ៍​នេះ​ ​ថា​របប​លោក​ ហ៊ុន ​សែន​ ​កំពុងតែ​បើក​ដៃ​ឲ្យ​ចិន​អនុវត្ត​គោលនយោបាយ​វាត​ទីនិយម​នៅ​កម្ពុជា​ ​ដែល​កំពុង​ធ្វើឲ្យ​ប្រទេស​ជិតខាង​ក្នុង​តំបន់​មាន​ការព្រួយបារម្ភ​ខ្លាំង​។ ​ដោយឡែក​ ​អ្នកវិភាគ​ ​លោក​ ​គឹម​ ​សុខ​ ​ព្រមាន​ថា​ដំណើរការ​អនុវត្ត​នយោបាយ​វាត​ទី​និយម​របស់​ចិន​និង​ការជួយជ្រោមជ្រែង​ចិន​ឲ្យ​ធ្វើ​ដូច្នេះ​ពីសំណាក់​របប​លោក​ ហ៊ុន ​សែន ​នេះ​គឺជា​គ្រោះ​ជាន់​គ្រោះ​សម្រាប់​កម្ពុជា​ស្រប​ពេល​ដែល​ប្រទេស​វៀតណាម​ ​ក៏​មាន​មហិច្ឆតា​ចង់​គ្រប់គ្រង​កម្ពុជា​ផងដែរ​នោះ​តាម​របៀប​អ្វី​មួយ​ដែល​លោក​ ​គឹម​ ​សុខ​ ​ហៅ​ថា​ ​ជា​នយោបាយ​ឥណ្ឌូចិន​ទី​ពីរ​ឬ​ឥណ្ឌូចិន​តូច​៕

អត្ថបទពេញនិយម
ព័ត៌មាន​ថ្មីៗ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។