អាមេរិក​​សម្រេច​ប្រគល់​រថយន្ត​៣១​គ្រឿង​ដល់​កង​យោធា​ខ្មែរ

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា បាន​ជូន​ដំណឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា រដ្ឋាភិបាល​អាមេរិក​សម្រេច​ប្រគល់​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ ចំនួន​៣១​គ្រឿង ជូន​ដល់​កងយោធា​នៃ​ប្រទេស​កម្ពុជា ។

ជំនួយ​រថយន្ត​របស់​អាមេរិក​ដល់​យោធា​ខ្មែរ​នេះ គឺ​ធ្វើឡើង​ក្រោម​កម្មវិធី​ហិរញ្ញប្បទាន​យោធា​បរទេស​របស់​សហរដ្ឋ​អាមេរិក (FMF) ។

សេចក្តី​ជូន​ដំណឹង​ដដែល​បាន​ឲ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក​និង​កម្ពុជា​បាន​ព្រមព្រៀង​គ្នា ដោយ​បែងចែង​រថយន្ត​១៦​គ្រឿង​ឲ្យ​ទៅ​អង្គភាព​ដែល​មាន​បេសកកម្ម​ទាក់ទង​ផ្ទាល់​ទៅ​នឹង​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព រថយន្ត​១០​គ្រឿង​ត្រូវ​ប្រគល់​ឲ្យ​អង្គភាព​ប្រឆាំង​ភេរវកម្ម និង​រថយន្ត​៥​គ្រឿង​ទៀត ត្រូវ​ប្រគល់​ឲ្យ​អង្គភាព​សន្តិសុខ​ដែន​សមុទ្រ ។

សហរដ្ឋ​អាមេរិក​បាន​កំណត់​ថា រថយន្ត​ទាំង​នោះ​ផ្តល់​ឲ្យ​សម្រាប់​យក​ទៅ​ប្រើប្រាស់​ក្នុង​ការងារ​ផ្លូវការ​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ ហើយ​កម្ពុជា​មិន​អាច​ផ្ទេរ​ទៅ​ភាគី​ណា​ផ្សេង​ទៀត ដោយ​គ្មាន​ការ​យល់ព្រម​ពី​ការិយាល័យ​សហ​ប្រតិបត្តិការ​យោធា​នៃ​ស្ថានទូត​អាមេរិក​ឡើយ ។

រថយន្ត​ទាំង​៣១​គ្រឿង​ដំបូង​នោះ​នឹង​ត្រូវ​ប្រគល់​ជា​ផ្លូវការ​នា​ថ្ងៃ​ទី​២ ខែ​មិថុនា នា​មូលដ្ឋាន​ទ័ព​អាកាស​ពោធិ៍ចិនតុង ៕