មនុស្ស​​ប្រមាណ​១៨៣​នាក់​ស្លាប់​ដោយសារ​ទឹក​ជំនន់

ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ ១៨៣​នាក់​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ក្នុង​ជំនន់​ដ៏​ធ្ងន់ធ្ងរ បន្ទាប់​ពី​មាន​ទឹក​ជន់​លិច​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​កន្លង​មក​នេះ។
ដោយ ផន រីណា
2011.10.08
Share on WhatsApp
Share on WhatsApp
ទឹក​ជំនន់ សៀមរាប ៣០៥ ប្រជាពលរដ្ឋ​​នៅ​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប បាន​នាំ​គ្នា​ឡើង​លើ​ដំបូល​ផ្ទះ​នៅ​ពេល​ដែល​​ទឹក​ជំនន់​កាន់​តែ​ហូរ​កួច​ខ្លាំង កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១១។
RFA/Hang Savyouth

ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ជាង​ពីរ​ម៉ឺន​នាក់​បាន​ជម្លៀស​ខ្លួន​ទៅ​កាន់​ទី​ទួល ហើយ​កំពុង​រង់ចាំ​ជំនួយ​ពី​រដ្ឋាភិបាល។ គ្រួសារ​ខ្លះ​បាន​ឲ្យ​ដឹង​ថា ពួកគេ​កំពុង​អត់​អង្ករ​ដាំ​បាយ និង​ខ្លះ​ទៀត​ថា មាន​អង្ករ​នៅ​សេសសល់​តែ​ពីរ​ពេល​ប៉ុណ្ណោះ។

យោង​តាម​កាសែត Times Live ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​៧ តុលា ទឹក​ជំនន់​បាន​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​អ្នក​ស្រុក​ជាង ៣​សែន​នាក់​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

ទឹក​ជំនន់​ក៏​បាន​ធ្វើ​ឲ្យ​ខូចខាត​ស្រូវ​អស់​ប្រមាណ ១០​ម៉ឺន​ហិកតារ និង​ខូចខាត​ដល់​ផ្លូវ​ជាតិ និង​អគារ​ជា​ច្រើន​ខ្នង​ដែរ។

ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ទី​៧ តុលា បដិសេធ​មិន​ផ្ដល់​យោបល់​ដល់​វិទ្យុ​អាស៊ីសេរី អំពី​អ្នក​ស្លាប់​ដោយ​ទឹក​ជំនន់​ទេ។ លោក​សួរ​តប​វិញ​ថា ហេតុ​អ្វី​បាន​ជា​មិន​គិត​ពី​មនុស្ស​ស្លាប់​ដោយសារ​រន្ទះ​បាញ់​ទៅ​វិញ។

កាល​ពី​ឆ្នាំ​២០០០ កម្ពុជា​ក៏​មាន​ទឹក​ជំនន់​ដ៏​ធ្ងន់ធ្ងរ បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ៣៧០​នាក់​ដែរ។

តំណាង​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ផ្នែក​ខាង​កាត់​បន្ថយ​គ្រោះ​មហន្តរាយ អ្នកស្រី ម៉ាហ្គារ៉េតា វ៉លស្ត្រម (Margareta Wahlstrom) ថ្មីៗ​នេះ មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា រដ្ឋាភិបាល​មិន​គួរ​បណ្ដោយ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លួន​ស្លាប់​ដោយសារ​ទឹក​ជំនន់​នោះ​ទេ ព្រោះ​ថា ក្នុង​ពេល​បច្ចុប្បន្ន​មាន​បច្ចេកវិជ្ជា​គ្រប់គ្រាន់ សម្រាប់​ជូន​ដំណឹង​ដល់​សហគមន៍ និង​ប្រជាពលរដ្ឋ​ឲ្យ​បាន​ដឹង​មុន​ពី​ការ​កើត​ឡើង​នៃ​ទឹក​ជំនន់ ហើយ​អ្នកស្រី​បញ្ជាក់​ដែរ​ថា បញ្ហា​នេះ​គឺ​ជា​វិធានការ​ខ្ពស់​បំផុត​មួយ​សម្រាប់​ការពារ​អាយុ​ជីវិត​ប្រជាពលរដ្ឋ។

ក្រៅ​ពី​កម្ពុជា​ក៏​មាន​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី បាន​ជួប​ប្រទះ​ថ្មីៗ​នូវ​គ្រោះ​ទឹក​ជំនន់​ដ៏​ធ្ងន់ធ្ងរ​ដែរ ដូចជា​ប្រទេស​ហ្វីលីពីន ប៉ាគិស្ថាន ឥណ្ឌា និង​ប្រទេស​ថៃ ជាដើម៕

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
តុលាការ​សម្រេច​ឃុំខ្លួន​មេដឹកនាំ​សហជីព​កញ្ញា ឈឹម ស៊ីថរ ក្រោយ​ចាប់ខ្លួន​ពីព្រលាន​យន្តហោះ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។