កិច្ចប្រជុំរវាងដើមបណ្ដឹងរដ្ឋប្បវេណី និងមន្ត្រីសាលាក្ដីខ្មែរក្រហម
2011.03.17
សមាគមការពារសិទ្ធិមនុស្សឈ្មោះអាដហុក បានរៀបចំឲ្យមានការជួបជុំដើមបណ្ដឹងរដ្ឋប្បវេណី លើសំណុំរឿង០០១ របស់សាលាក្ដីខ្មែរក្រហមជាង ១០០នាក់ ដើម្បីស្ដាប់អំពីការត្រៀមរៀបចំកាត់ក្តីរបស់តុលាការកំពូល លើសំណុំរឿងលេខ០០១ ជាបន្តទៀត ក្រោយពេលមានការប្ដឹងទាស់ ចំពោះការសម្រេចរបស់ចៅក្រមសាលាដំបូងតុលាការខ្មែរក្រហម លើសំណុំរឿង០០១ នោះ។
តំណាងសហមេធាវីសាលាក្ដីខ្មែរក្រហម លោក ចាន់ តារ៉ារស្មី បានថ្លែងថា តុលាការសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម បានដាក់ទោសយ៉ាងស្រាលដល់ជនជាប់ចោទ ក្នុងករណីសំណុំរឿង០០១។ ទើបសហព្រះរាជអាជ្ញាជាតិ និងអន្តរជាតិ ប្ដឹងសារទុក្ខទៅតុលាការកំពូល នៃសាលាក្ដីខ្មែរក្រហម។ តុលាការកំពូលនឹងបើកសវនាការករណី០០១ ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ខាងមុខនេះ។ លោកថា ដើមបណ្ដឹងរដ្ឋប្បវេណី និងសហព្រះរាជអាជ្ញាបានទាមទារសុំឲ្យតុលាការកំពូលដាក់ទោសជនជាប់ចោទករណី០០១ ផ្ដន្ទាទោស ១ជីវិត ឬយ៉ាងហោចណាស់ដាក់គុក ៤៥ឆ្នាំ ៖ "ក៏ប៉ុន្តែ ពាក់ព័ន្ធនឹងទោសនោះ ការសម្រេចទាបជាង ឬការសម្រេចដដែល ឬក៏ការសម្រេចឲ្យខ្ពស់ជាង គឺជាសិទ្ធិអំណាចផ្ដាច់មុខរបស់ចៅក្រមនៅតុលាការកំពូល"។
អ្នកសម្របសម្រួលកម្មវិធីរបស់អង្គការ GIZ លោកបណ្ឌិតAndreas Selmeci ថ្លែងថា ប្រទេសអាល្លឺម៉ង់បានគាំទ្រដល់សកម្មភាពទាំងឡាយ ក្នុងដំណើរការកាត់ទោសជនប្រល័យពូជសាសន៍នេះ ព្រោះប្រទេសអាល្លឺម៉ង់ធ្លាប់រងគ្រោះក្នុងរបបហ្វាសិស្ត អ៊ីត្លែរ ដែលសម្លាប់ជនជាតិជ្វីស និងបង្កើតឲ្យមានសង្គ្រាមលោកលើកទី២។ លោកថាក្រុមគ្រួសារលោក មានជនរងគ្រោះក្រោមរបបអ៊ីត្លែរនោះ។
សហព្រះរាជអាជ្ញាអន្តរជាតិលោក Andrew CAYLEY បានសំដែងការព្រួយបារម្ភថា សាលាក្ដីអាចនឹងប្រឈមបញ្ហាកង្វះថវិកាខ្លះ ដោយប្រទេសជប៉ុន អ្នកផ្ដល់ជំនួយធំមួយដល់សាលាក្ដីខ្មែរក្រហម កំពុងរងនូវការរំជួយដី និងរលកយក្សស៊ូណាមិ ដែលបណ្ដាលឲ្យប្រទេសជប៉ុនប្រឈមនិងការខ្វះខាតមួយចំនួនធំដែរ។
តំណាងដើមបណ្ដឹងរដ្ឋប្បវេណី ២៤ខែត្រ-ក្រុង បានចោទសួរវាគ្មិនមកពីសាលាក្ដីខ្មែរក្រហម អំពីសំណងដល់ជនរងគ្រោះក្រោមរបបខ្មែរក្រហម និងសុំឲ្យពន្លឿនបើកសវនាការកាត់ក្តីសំណុំរឿង០០២ ព្រោះជនជាប់ចោទមានវ័យកាន់តែចាស់ជ្រុល។
សហព្រះរាជអាជ្ញាជាតិ និងអន្តរជាតិ បំភ្លឺថា ភាពយឺតយ៉ាវដែលតុលាការសាលាដំបូងខ្មែរក្រហមមិនទាន់អាចចាប់ផ្ដើមបើកសវនាការករណី០០២ បានរហ័ស ព្រោះតុលាការនេះ កូនកាត់ គឺជាតិផង អន្តរជាតិផង នាំឲ្យមានការប្រើច្បាប់ជាតិផង និងច្បាប់អន្តរជាតិផង។
ប្រធានសមាគមអាដហុក លោក ធន សារាយ ថ្លែងថា ដំណើរការជំនុំជម្រះករណី០០២ មានការចាប់អារម្មណ៍ខ្លាំងពីមតិជាតិ និងអន្តរជាតិ និងជាពិសេស ពីជនរងគ្រោះក្នុងរបបខ្មែរក្រហម ដែលបានដាក់ពាក្យប្ដឹងទៅសាលាក្ដីខ្មែរក្រហម សុំធ្វើជាអ្នកដើមបណ្ដឹងរដ្ឋប្បវេណី។
សមាគមអាដហុកមានអ្នកដាក់ពាក្យជាដើមបណ្ដឹងរដ្ឋប្បវេណីគ្រប់បណ្ដាលខេត្តក្រុង សរុបចំនួន ១០៥៨រូប។ ក្នុង ១០៥៨រូបនោះ បានបោះឆ្នោតរើសតំណាងដើមបណ្ដឹងរដ្ឋប្បវេណី យកតែ ១២២រូបទេ។ តំណាង ១២២រូបនោះនឹងពាំនាំការវិវត្តនៃសាលាក្ដី ដែលកំពុងប្រជុំ ២ថ្ងៃ ពីថ្ងៃ១៧ ដល់១៨ មីនា ទៅប្រាប់អ្នកដើមបណ្ដឹងដទៃទៀត ដែលមិនបានចូលរួមប្រជុំឲ្យគ្នាបានដឹង៕