កម្ពុជា​ត្រៀម​ខ្លួន​ជួប​ចរចា​ទ្វេ​ភាគី​ជាមួយ​ស.រ.អា ដើម្បី​ពង្រឹង​ទំនាក់​ទំនង​កងទ័ព

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក​នាយ​ឧត្តមសេនីយ៍ ទៀ បាញ់ នៅ​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា បាន​បញ្ជាក់​ថា លោក​ត្រៀម​ខ្លួន​ជួប​ចរចា​ទ្វេ​ភាគី​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក លោក លីអូន ប៉ាណេតា (Leon Panetta) នៅ​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា នៅ​ខេត្ត​សៀមរាប ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ចំណង​ទាក់​ទង​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​សហរដ្ឋ​អាមេរិក។

0:00 / 0:00

លោក​នាយ​ឧត្តមសេនីយ៍ ទៀ បាញ់ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា នៅ​ឯ​ក្រសួង​ការពារ​ជាតិ​ថា ទំនាក់​ទំនង​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​សហរដ្ឋ​អាមេរិក នៅ​តែ​រឹងមាំ​ដដែល៖ «ចំណែក​ឯ​ការ​ពិភាក្សា​ទ្វេ​ភាគី​នោះ ខ្ញុំ​សុំ​អនុញ្ញាត​ជម្រាប​ជូន​ថា បញ្ហា​ខ្លះ គឺ​ជា​បញ្ហា​ដែល​យើង​ត្រូវ​តែ​ជួប​ពិភាក្សា​គ្នា។ វា​លេច​ឡើង​ជា​បញ្ហា​អី ដែល​ជា​បញ្ហា​សំខាន់​នោះ គឺ​វា​នៅ​លើ​ពេល​ដែល​ជជែក​គ្នា។ តែ​យ៉ាង​ណា​ក៏ដោយ អ្វីៗ​ទាំង​អស់ គឺ​វា​មាន​ការ​បង្កើន​នូវ​កិច្ច​សហប្រតិបត្តិការ ហើយ​ជាពិសេស ឲ្យ​តម្លៃ​ទៅ​លើ​សភាពការណ៍​សន្តិសុខ​នៅ​ក្នុង​តំបន់ ក៏​ដូច​ជា​សកលលោក​យើង​នេះ​ផង​ដែរ ដែល​យើង​ជា​ប្រធាន​អាស៊ាន ហើយ​ចំពោះ​ក្រសួង​ការពារ​ជាតិ ក៏​ជា​ប្រធាន​អង្គ​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ក្រៅ​ផ្លូវការ»

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ សហរដ្ឋ​អាមេរិក លោក លីអូន ប៉ាណេតា គ្រោង​មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន នៅ​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ខាង​មុខ​នេះ តាម​ការ​អញ្ជើញ​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។