ករណីនេះបានបណ្ដាលជនបរទេសម្នាក់ស្លាប់ និងមនុស្សជាង ៤០នាក់ទៀតរងរបួស។
ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកោះកុង លោក អ៊ុក សុផា បានឲ្យដឹងថា រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនរិទ្ធ មុន្នី បានធ្វើដំណើរមកពីខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ខេត្តកោះកុង មកដល់ចំណុចក្បែរគល់ស្ពានតាតៃ ក៏បានបែកកង់ហើយបណ្ដាលឲ្យរថយន្តនេះក្រឡាប់។
លោកបន្តថា មានស្ត្រីជនជាតិរុស្សីអាយុ ២៣ឆ្នាំម្នាក់បានស្លាប់ ក្នុងចំណោមអ្នកជិះលើរថយន្តចំនួន ៤៦នាក់ ដែលមានជនបរទេស ៤០នាក់ និងខ្មែរ ៦នាក់ផង។
លោកបញ្ជាក់ថា ករណីគ្រោះថ្នាក់នេះក្មេងស្រីជនជាតិខ្មែរម្នាក់អាយុ៧ឆ្នាំដាច់ដៃត្រឹមស្មា ហើយក្រៅពីនោះរងរបួសធ្ងន់និងស្រាល៖ «មានម្នាក់ទៀត ៤៧ វាឡានខ្ទាតត្រូវខ្វះ ២ម៉ែត្រទៀតចូលដល់ផ្ទះគេហ្មង។ ផ្ទះគាត់នៅហ្នឹងឡានក្រឡាប់ដល់មុខផ្ទះហ្មងអ្នកនៅក្នុងភូមិហ្នឹង។ អ្នកបើករត់ចូលព្រៃបាត់ហើយហ្នឹង រថយន្តហ្នឹងខ្ញុំកំពុងគិតថា ឲ្យម្ចាស់ក្រុមហ៊ុនហ្នឹងមកសងមកអី ធ្វើហើយក៏អូសមកខេត្ត ព្រោះវាក្រឡាប់យើងអទ់មានលទ្ធភាពអ៊ីចឹងក្រុមហ៊ុនគេទាក់ទងយកឡាននោះមកទុកនៅខេត្ត»។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ជនរងគ្រោះទាំងអស់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។