#រូបត្លុកនយោបាយ៖ «ដៃប្រឡាក់ឈាមដូចគ្នា!»

សូមប្រិយមិត្តចូលរួមដាក់ចំណងជើងឱ្យរូបត្លុកនេះទាំងអស់គ្នា!

ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានឱបនិងថើប ប្រធានាធិបតីភូមាលោក មីន អ៊ុងឡាំង (Min Aung Hlaing) ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជាកាលពីខែកញ្ញា ដើម្បី រឹតចំណងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំ។

ភាពស្និទ្ធស្នាលរបស់លោក ហ៊ុន សែន ចំពោះលោក មីន អ៊ុងឡាំង ហាក់បង្ហាញឱ្យឃើញថា ពួកលោកនឹងជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីប្រឈមទៅនឹងសម្ពាធពីសហគមន៍អន្តរជាតិ ដែលបានថ្កោលទោសពួកលោក ថាជាអ្នករំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដឹកនាំតាមបែបជិះជាន់ និងគាប់សង្កត់ពលរដ្ឋ បន្ទាប់ពីដណ្ដើមបានអំណាចតាមការធ្វើរដ្ឋប្រហារ បង្ហូរឈាមដូចគ្នា។

លោក មីន អ៊ុងឡាំង បានធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០២១ ដើម្បីដណ្ដើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi)។ លោកបានប្រើកម្លាំងយោធា បាញ់សម្លាប់ពលរដ្ឋ ដែលចេញតវ៉ានៅតាមដងផ្លូវ ចាប់ចងមេដឹកនាំ និងមន្ត្រីរដ្ឋាភិបាលស៊ីវិលដាក់ពន្ធនាគារ​។

ចំណែកលោក ហ៊ុន សែន ក៏មានប្រវត្តិប្រហាក់ប្រហែលលោក មីន អ៊ុងឡាំង ដែរ។ លោកបានអំណាចពេញដៃនិងក្លាយជាបុរសខ្លាំង ដល់សព្វថ្ងៃ គឺតាមការធ្វើរដ្ឋប្រហារបង្ហូរឈាម កាលពីឆ្នាំ១៩៩៧ ដើម្បីបណ្តេញក្រុមមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច ចេញពីរដ្ឋាភិបាល ព្រមទាំងសម្លាប់ក្រុមមន្ត្រីស្មោះត្រង់នឹងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ អស់ជាច្រើននាក់។ ក្រោយបានអំណាចដោយរដ្ឋប្រហារ លោក ហ៊ុន សែន ក៏ប្រើប្រាស់ប្រព័ន្ធតុលាការចោទប្រកាន់ និងចាប់ចងក្រុមមន្ត្រីគណបក្សប្រឆាំង និងពលរដ្ឋ ហើយរៀបចំការបោះឆ្នោតបង្គ្រប់កិច្ច ដើម្បីរក្សាអំណាច៕

#នេះជាគំនិតរបស់អ្នកគូររូបត្លុក!

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។