ក្រុមហ៊ុនកាស៊ីណូណាហ្គា ចំណាយប្រាក់១២លានដុល្លារសាងសង់អគារថ្មីឲ្យគ.ជ.ប
2012.11.09
គម្រោងសាងសង់អគារ គ.ជ.ប ថ្មីនេះ ដែលឧបត្ថម្ភថវិកាដោយក្រុមហ៊ុនកាស៊ីណូណាហ្គា (NagaCorp) ចំនួន ១២លានដុល្លារអាមេរិក នឹងបញ្ចប់ក្នុងរយៈពេលជាង ២ឆ្នាំ។
នាយិកាវិទ្យាស្ថានជាតិដើម្បីប្រជាធិបតេយ្យ (National Democratic Institute) អ្នកស្រី ឡូរ៉ា ធនតុន (Laura Thornton) បានប្រាប់កាសែតឌឹ ខេមបូឌា ដេលី (The Cambodia Daily) កាលពីថ្ងៃទី៨ ខែវិច្ឆិកា ថា ប្រការដែលសាងសង់អគារថ្មីសម្រាប់ គ.ជ.ប នៅក្បែរកន្លែងកាស៊ីណូ និងឧបត្ថម្ភថវិកាដោយកាស៊ីណូណាហ្គា នេះ គឺមិនត្រឹមត្រូវឡើយ ពីព្រោះវានាំឲ្យមានឥទ្ធិពលដល់ឯករាជ្យភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ អ្នកស្រីបន្តថា គំរោងសាងសង់អគារនេះ គួរតែអនុម័តនៅរដ្ឋសភាជាមុនសិន ដើម្បីពិភាក្សាថា តើប្រាក់ឧបត្ថម្ភរបស់កាស៊ីណូណាហ្គា ត្រូវចំណាយក្នុងការសាងសង់ដោយរបៀបណា។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បដិសេធចំពោះការលើកឡើងរបស់នាយិកាវិទ្យាស្ថានជាតិដើម្បីប្រជាធិបតេយ្យ។ លោកបញ្ជាក់ថា ភាពឯករាជ្យនៃការងាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនមានពាក់ព័ន្ធនឹងកាស៊ីណូណាហ្គា ទេ។ លោកបន្តថា ដីនោះគឺជាដីរដ្ឋ ដែលបានផ្តល់ឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយ គ.ជ.ប ក៏បានជួលដីមួយផ្នែកឲ្យទៅក្រុមហ៊ុនកាស៊ីណូណាហ្គា ដើម្បីទទួលបានថវិកាសាងសង់អគារថ្មីនេះ ហើយដីសេសសល់ផ្សេងទៀត មានគំរោងសាងសង់ផ្សារទំនើប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។