លោក នូ ទៀង អាយុ ២៩ឆ្នាំ ជាមន្ត្រីអនុរក្សពន្ធនាគារ ទទួលបន្ទុកផ្នែកសុខាភិបាលនៃពន្ធនាគារខេត្តពោធិ៍សាត់។ លោកបានឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ថា កាលពីថ្ងៃទី១៧ ខែតុលា កន្លងទៅ លោកបានដាក់ពាក្យសុំច្បាប់ឈប់សម្រាកចំនួន ៣ថ្ងៃ ដោយមូលហេតុកូនលោកឈឺធ្ងន់នៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ ពាក្យសុំនេះត្រូវបានប្រធានផ្នែកសុខាភិបាលប្រធានការិយាល័យអប់រំ និងលោកអនុប្រធានពន្ធនាគារខេត្តទទួលបន្ទុកផែនការអប់រំកែប្រែយល់ព្រមតាមលំដាប់លំដោយអស់ហើយ។ ប៉ុន្តែលោកប្រធានពន្ធនាគារនៅតែមិនព្រមអនុញ្ញាតច្បាប់ឲ្យលោកឡើយ។
លោកបន្តថា ដោយមានការបារម្ភពីសុខភាពកូនពេក លោកក៏ជម្នះទៅមើលកូន លុះវិលត្រឡប់មកវិញលោកត្រូវបានលោកប្រធានពន្ធនាគារដាក់ពិន័យដោយដកលោកពីផ្នែកជំនាញឲ្យទៅផ្នែកសន្តិសុខ កាត់ប្រាក់ខែ និងលោកត្រូវសរសេរតារាងត្រួតពិនិត្យទៀតផង៖ «កូនឈឺជាក់ស្ដែង កូនខ្ញុំរហូតមកដល់ថ្ងៃនេះ គឺនៅដេកនៅមន្ទីរពេទ្យគន្ធបុប្ផា។ អ៊ីចឹងហើយគាត់មិនអនុញ្ញាតច្បាប់ឲ្យខ្ញុំទេ។និយាយឲ្យចំទៅ គឺគាត់អត្តនោម័តិតែម្នាក់ឯង សូម្បីតែអនុប្រធានទាំង៣ ក៏គ្មាននរណាបានចូលរួមធ្វើការសម្រេចកិច្ចការក្នុងពន្ធនាគារនេះដែរ។ ខ្ញុំសូមសំណូមពរកុំឲ្យលោកប្រធានគាត់ប្រើអំណាចផ្ដាច់ការបែបនេះទៀត»។
លោកថា ការដាក់ពិន័យនេះលោកប្រធានពន្ធនាគារបានសម្រេចអត្តនោម័តដោយមិនមានការយល់ព្រមពីក្រុមប្រឹក្សាវិន័យនោះឡើយ។
ប្រធានពន្ធនាគារខេត្តពោធិ៍សាត់ គឺលោក ងួន ឡាយ។ លោកបានពន្យល់ចំពោះបញ្ហានេះថា ការដាក់ពិន័យចំពោះលោក នូ ទៀង គឺអនុវត្តតាមបទបញ្ជា និងវិន័យរបស់កងកម្លាំងប្រដាប់អាវុធ។លោកថា ដោយកម្លាំងមន្ត្រីអនុរក្សមានចំនួនតិចទើបលោកមិនអនុញ្ញាតច្បាប់ដល់លោក នូ ទៀង តែមន្ត្រីរូបនេះបានប្រឆាំងនឹងមេកើយទើបលោកដាក់ពិន័យ។
លោកបន្ថែមដូច្នេះ៖ «បើយើងមិនឲ្យច្បាប់តែគាត់នៅតែទៅ គឺមានន័យថា គាត់ប្រឆាំងនិងបទបញ្ជា។ បើគាត់ធ្វើអ៊ីចឹងបាន មន្ត្រីហាហុកសិបនាក់ទៀតគេនឹងធ្វើតាមគាត់។ បើគាត់ដើរសេរីបាន គេក៏ដើរបានដូចតែគ្នាដែរហើយ យើងជាអ្នកមើលអ្នកទោស យើងធ្វើអ៊ីចឹងម៉េចកើត។ ក្រមសីលធម៌មន្ត្រីរាជការមានតើ! បើយើងមិនអនុញ្ញាតហើយគាត់នៅតែធ្វើម៉េចកើត»។
យ៉ាងនេះក្តី មន្ត្រីសម្របសម្រួលអង្គការលីកាដូ ខេត្តពោធិ៍សាត់ គឺលោក អេង ឈុនហាន មានប្រសាសន៍ថា ប្រសិនបើដូចអ្វីដែលលោក នូ ទៀង បានអះអាងលោកគួរតែត្រូវទទួលបាននូវការអនុញ្ញាតច្បាប់ដើម្បីទៅមើលកូនដែលកំពុងមានជំងឺធ្ងន់នៅឯមន្ទីរពេទ្យ៖ «យើងសោកស្ដាយដែលគ្រាន់តែគាត់ចង់យកកូនទៅមន្ទីរពេទ្យ តែមានបញ្ហាដូច្នេះ។ ករណីនេះប្រសិនបើមានការជ្រុលជ្រួសដែលឈានទៅដល់ការបាត់បង់កុមារម្នាក់នោះ វាជាបញ្ហាដែលគាត់ជាឪពុកនឹងមានការសោកស្ដាយអស់មួយជីវិតមិនខាន ដោយសារខ្លួនមិនបានបំពេញកាតព្វកិច្ចជាឪពុកនោះ...»។
កាលពីចុងខែមេសា កន្លងទៅ មន្ត្រីអនុរក្សពន្ធនាគារជាច្រើននាក់បានដាក់បណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តពោធិ៍សាត់ ដោយចោទប្រកាន់លោក ងួន ឡាយ ប្រធានពន្ធនាគារខេត្តនេះថា បានប្រព្រឹត្តអំពើពុករលួយ និងអំពើខុសឆ្គងនានាជាច្រើន ដោយពួកគេបានលើកបង្ហាញនូវភស្តុតាងនានាក្នុងពាក្យបណ្ដឹងនេះផងដែរ៕