សហភាពសហជីពកម្ពុជា អះអាងថា កម្មកររោងចក្រមួយចំនួនដែលព្យួរការងារដោយសារ វិបត្តិជំងឺកូវីដ នៅមិនទាន់ទទួលបានប្រាក់ឧបត្ថម្ភគ្រប់ចំនួនតាមការសន្យារបស់រដ្ឋាភិបាលនោះ ឡើយ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងការងារ ឆ្លើយតបថា ក្រសួងបានចេញសេចក្ដីជូនដំណឹងពីការ ផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មករជាបន្តបន្ទាប់។
សហភាពសហីជពកម្ពុជា នៅថ្ងៃទី៩ ខែកក្កដា ដាក់លិខិតមួយច្បាប់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើសុំជួយពិនិត្យ និងអន្តរាគមន៍ ចំពោះប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារជូនដល់កម្មករនិយោជិត ដែលមានការយឺតយ៉ាវ។
សហភាពសហជីពកម្ពុជា លើកឡើងក្នុងលិខិតនោះថា កម្មករមួយចំនួន ទើបតែទទួលបានប្រាក់ឧបត្ថម្ភចំនួន ២០ដុល្លារ ខណៈពួកគេត្រូវបានរោងចក្រព្យួរការងារ និងបិទរោងចក្ររយៈពេល ២ខែ ទៅហើយ។ លិខិតដដែល បញ្ជាក់ថា កម្មករដែលបាត់បង់ការងារ និងប្រាក់ចំណូល គឺរំពឹងតែលើប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាល ដើម្បីសម្រាលបន្ទុកខ្លះ ប៉ុន្តែការដែលវិធានការបើកប្រាក់នេះមានភាពយឺតយ៉ាវនេះ ធ្វើឲ្យកម្មករជួបការលំបាកក្នុងជីវភាពរស់នៅ ថ្លៃឈ្នួលបន្ទប់ស្នាក់នៅ និងបំណុលជាដើម។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ប្រាប់អាស៊ីសេរីបន្ថែមថា ចំពោះភាគីក្រុមហ៊ុន គឺ ភាគច្រើនបានផ្ដល់ប្រាក់ឧបត្ថម្ភទាំងពីរលើកជូនកម្មករតាមពេលវេលា និងគ្រប់ចំនួន ប៉ុន្តែសម្រាប់ ភាគីរដ្ឋាភិបាលវិញ គឺមានកម្មករជាច្រើននាក់ បានរាយការណ៍ថា មិនបានផ្ដល់ប្រាក់ឧបត្ថម្ភទាន់ ពេលវេលា និងគ្រប់ចំនួន ៤០ដុល្លារតាមការសន្យានោះទេ៖ « រដ្ឋាភិបាល ត្រូវផ្ដល់ប្រាក់នោះមួយខែ ៤០ ឬពីរខែ ៨០ដុល្លារតែម្ដង ហើយបើគាត់ទទួលបាន ២០ដុល្លារហើយនៅសល់ ៦០ដុល្លារទៀត បើកបង្គ្រប់ឲ្យគាត់ ទាំងអស់តែម្តងទៀត ដើម្បីឲ្យគាត់ងាយស្រួលបានលុយដុំយកទៅប្រើប្រាស់ដោះបំណុលធនាគារ និងដោះស្រាយជីវភាព » ។
កម្មការិនីម្នាក់ធ្វើការនៅរោងចក្រ ប៊ឺរី អីភែរីល ខេមបូឌា (Berry Apparel (Cambodia) លោកស្រី វង្ស យូរី រៀបរាប់ថា រោងចក្រដែលលោកស្រីធ្វើការនេះ ព្យួរការងាររយៈពេលពីរក្នុងខែមិថុនា ដល់ខែ កក្កដា ហើយកម្មករទទួលបានប្រាក់ឧបត្ថម្ភ ៣០ដុល្លារពីខាងក្រុមហ៊ុន និង ២០ដុល្លារពីខាងរដ្ឋាភិ បាល៖ « វាពិបាកសម្រាប់កម្មករណាស់ដោយសារតែបានពីរោងចក្រ ៣០ដុល្លារ ហើយបានពីក្រសួងតែ ២០ដុល្លារ ហើយ ២០ដុល្លារទៀតអត់ដឹងអង្កាល់បានដូច្នេះ ពិបាកសម្រាប់គាត់ណាស់ សម្រាប់ ៥០ដុល្លារ ឯណាសម្រាប់ចាយ ឯណាសម្រាប់ផ្គត់ផ្គង់ក្នុងផ្ទះរាល់ថ្ងៃ ឯណាសម្រាប់ផ្ទះជួល ឯណាសម្រាប់ទឹកភ្លើង ។សំណូមពរឲ្យរដ្ឋាភិបាល ជួយផ្តល់ប្រាក់ ដល់កម្មករនោះឲ្យទៀងទាត់តែម្ដងមក » ។
ទាក់ទងនឹងករណីនេះ អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ សរសេរសារឆ្លើយតបជាមួយ អាស៊ីសេរីតាមបណ្ដាញទំនាក់ទំនងតេឡេក្រាម (Telegram) ដោយមិនឆ្លើយតបចំពោះលិខិតរបស់ សហជីព លោក រ៉ុង ឈុន នោះទេ ហើយលោកជំរុញឲ្យអាស៊ីសេរីទៅមើលសេចក្តីជូនដំណឹងរបស់ ក្រសួងការងារ ។ លោក បញ្ជាក់ថា មកដល់ពេលនេះ ក្រសួងបានចេញសេចក្តី ជូនដំណឹងអំពីការ បើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលតាមរយៈធនាគារឯកទេស វីង ចំនួន ១២លើកហើយ ក្នុងនោះ មានកម្មករនិយោជិតជាង ២២ម៉ឺន ៣ពាន់ (២២៣.៥៨៥) នាក់ ដែលស្មើនឹងថវិកាប្រមាណ ៦លាន ៥សែនដុល្លារអាមេរិក។
ដោយឡែក សេចក្តីជូនដំណឹងរបស់ក្រសួងការងារ ចុះថ្ងៃទី៩ កក្កដា បង្ហាញថា ក្រសួងនឹងបើកប្រាក់ឧបត្ថម្ភលើកទី២ តាមរយៈធនាគារឯកទេស វីង ជូនដល់កម្មករនិយោជិតជាង ៣ម៉ឺន (៣០.១៨៩) នាក់នៃរោងចក្រសហគ្រាសវិស័យកាត់ដេរ និងទេសចរណ៍ចំនួន៩៦។ ក្រសួងការងារបញ្ជាក់ក្នុង លិខិតនោះថា កម្មករដែលព្យួរការងាររយៈពេល ១១ថ្ងៃដល់ ២០ថ្ងៃ ទទួលបានប្រាក់ឧបត្ថម្ភ ១០ដុល្លារ ហើយកម្មករ ព្យួរការងារចាប់ពី ២១ថ្ងៃដល់ ៣០ថ្ងៃទទួលបាន ២០ដុល្លារ។កម្មករព្យួរការងារចាប់ពី ៣១ថ្ងៃដល់ ៤៩ថ្ងៃទទួលបាន ៥០ដុល្លារ រីឯកម្មករព្យួរការងារ ចាប់ពី ៥០ថ្ងៃដល់ពីរខែទទួលបាន ៦០ដុល្លារ។
ទោះជាយ៉ាងណា លោក រ៉ុង ឈុន លើកឡើងថា សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ គ្រាន់តែ ជានីតិវិធី និងមានតែនៅលើក្រដាស ប៉ុន្តែជាក់ស្ដែងកម្មករមិនទាន់ទទួលបានប្រាក់ឧបត្ថម្ភគ្រប់ ចំនួននៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។