ម្រេច គឺជាគ្រឿងទេសដ៏ចាំបាច់ និងមានតម្លៃខ្ពស់នៅលើពិភពលោក។ ការសិក្សាបង្ហាញថា តម្រូវការម្រេចនៅលើទីផ្សារអន្តរជាតិមានប្រហែល ៤០ម៉ឺនតោនក្នុងមួយឆ្នាំ។ ដោយសារតម្រូវការដ៏ច្រើនបែបនេះ អ្នកវិនិយោគលើវិស័យកសិកម្ម និងកសិករខ្មែរមួយចំនួន ចាប់ផ្ដើមងាកមកចាប់អារម្មណ៍ និងដាំដុះម្រេចស្ទើរគ្រប់ខេត្ត-ក្រុងទូទាំងប្រទេស។ ទោះបីជាយ៉ាងណា ការបង្កបង្កើនផលដំណាំយុទ្ធសាស្ត្រមួយនេះ នៅមានបញ្ហាប្រឈមជាច្រើន ដូចជា កង្វះខាតប្រព័ន្ធស្រោចស្រព ដើមទុន និងទីផ្សារ នៅខណៈដែលវៀតណាម ជាប្រទេសក្បែរខាងកម្ពុជា បន្តរក្សាតំណែងជាប្រទេសនាំចេញម្រេចលេខមួយលើពិភពលោក។
យើងលក់ទៅឲ្យវៀតណាម។ អ៊ីចឹងទៅជាម្រេចវៀតណាម។ វៀតណាម គេនាំចេញបន្តទៀត ក្លាយជាម្រេចរបស់គេ លែងមានឈ្មោះម្រេចកម្ពុជា ទៀតហើយ។ នេះជាការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ហៃ លីអៀង។
កាលណាគេនិយាយពីដំណាំឧស្សាហកម្ម ដូចជា ដំឡូងមី ស្វាយចន្ទី កៅស៊ូ និងអំពៅ ជាដើមនោះ គេមិនដែលភ្លេចឡើយអំពីដំណាំម្រេច ដែលជាដំណាំយុទ្ធសាស្ត្រដ៏សំខាន់ និងមានតម្លៃនៅលើទីផ្សារពិភពលោក។
កាលពីខែមិថុនា ឆ្នាំ២០១៥ កន្លងទៅ តម្លៃម្រេចស្តង់ដារនៅលើទីផ្សារអន្តរជាតិ បានកើនឡើងដល់ជាង ១ម៉ឺនដុល្លារក្នុងមួយតោន (១០.៩០០ដុល្លារក្នុងមួយតោន) ដែលជាតម្លៃមួយដ៏ខ្ពស់មិនធ្លាប់មាន។
តម្លៃខ្ពស់បែបនេះ បានជំរុញឲ្យប្រទេសនាំចេញម្រេចសំខាន់ៗ ដូចជា វៀតណាម (Vietnam) ឥណ្ឌូនេស៊ី (Indonesia) ប៊្រេស៊ីល (Brazil) ឥណ្ឌា (India)សិរីលង្កា (Sri Lanka) និងម៉ាឡេស៊ី (Malaysia) ជាដើម បង្កើនផ្ទៃដីដាំដុះម្រេចកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។
សម្រាប់កម្ពុជា វិញ ការដាំដុះដំណាំម្រេចទើបនឹងចាប់ផុសផុលនៅរវាង ៥ឆ្នាំចុងក្រោយនេះ ហើយការដាំដុះទៀតសោត ក៏ច្រើនធ្វើឡើងជាលក្ខណៈគ្រួសារ ឬសហគមន៍។
របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ផ្ទៃដីដាំម្រេចនៅទូទាំងប្រទេសបានកើនឡើងពី ១.៤៤៤ហិកតារនៅឆ្នាំ២០១២ ដល់ ៥.៨០០ហិកតារ ដែលអាចនឹងផ្តល់ទិន្នផលជាង ១ម៉ឺនតោន (១១.៤០០តោន) នៅឆ្នាំ២០១៦ នេះ។
ប្រធាននាយកដ្ឋានដំណាំឧស្សាហកម្មនៃអគ្គនាយកដ្ឋានកសិកម្ម លោក ខាន់ សំបាន ប៉ាន់ស្មានថា តម្រូវការម្រេចនៅកម្ពុជា មានប្រមាណ ៣០០តោនក្នុងមួយឆ្នាំ។ ដូចនេះ បរិមាណម្រេចភាគច្រើនដែលកម្ពុជា ផលិតបាន គឺសម្រាប់តែនាំចេញទៅក្រៅប្រទេស៖ « ឆ្នាំ២០១៥ កន្លងទៅនេះ យើងមានផលម្រេចប្រមាណជា ៩ពាន់តោននាំចេញទៅបរទេស។ ម្រេចភាគច្រើនផលិតក្នុងស្រុកយើង គឺយើងនាំចេញទៅបរទេសទាំងអស់។ សេចក្តីត្រូវការក្នុងស្រុកយើង គឺតិចតួចទេ »។
ម្រេចដែលកម្ពុជា ផលិតបាន ច្រើននាំចេញទៅប្រទេសវៀតណាម ឬពេលខ្លះក្រុមឈ្មួញវៀតណាម មកទាក់ទងទិញពីផលិតករ និងកសិករខ្មែរដោយផ្ទាល់តែម្តង លើកលែងតែម្រេចកំពតមួយប៉ុណ្ណោះ ដែលផលិតរួច ត្រូវបាននាំចេញទៅលក់នៅទីផ្សារអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន និងប្រទេសកូរ៉េ។
នេះ គឺដោយសារតែម្រេចកំពត ត្រូវបានគេទទួលស្គាល់ថា ជាម្រេចដែលមានគុណភាពល្អផ្តាច់គេ និងត្រូវបានគណៈកម្មការអឺរ៉ុប ចុះឈ្មោះជាសូចនាករភូមិសាស្ត្រការពារ (PGI) ទៅក្នុងទីផ្សារសហភាពអឺរ៉ុប។
លោក ងួន ឡាយ គឺជាប្រធានសមាគមលើកកម្ពស់ម្រេចកំពត និងជាផលិតករម្រេចកំពតមួយរូបនៅភូមិអង្គរជ័យ២ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ លោកមានប្រសាសន៍ថា ការដាំដុះម្រេចនៅឆ្នាំនេះ ហាក់មិនសូវហុចផលបានល្អនោះទេ ដោយហេតុតែមានបាតុភូតគ្រោះរាំងស្ងួតកើតឡើង៖ « វាប៉ះពាល់មិនមែនថាមិនប៉ះពាល់ ពីព្រោះវាក្តៅ វាធ្វើឲ្យវាជ្រុះ វាធ្វើឲ្យដីស្ងួតខ្លាំង គ្រាប់ម្រេចក៏វាមិនអាចរីកធំដូចត្រូវអាកាសធាតុល្អដូចពីមុនៗ។ សម្រាប់ឆ្នាំនេះ គ្រាប់ម្រេចអត់បានធំល្អនោះទេ។ វាជ្រុះក៏ច្រើន ចម្ការខ្លះដែលធ្លាប់ថា ១ពាន់គុម្ពបានដល់ទៅ ១តោន ១តោនជាង តែឆ្នាំនេះយើងមិនសង្ឃឹមបានទេ។ យើងមើលទៅបានជុំវិញប្រហែល ៥ ទៅ ៦០០គីឡូក្រាម »។

លោក ងួន ឡាយ បញ្ជាក់ថា កសិករ និងផលិតករម្រេចគ្រប់រូប ត្រូវស្វះស្វែងរកប្រភពទឹកដោយខ្លួនឯង មិនអាចរង់ចាំការជំនួយ ឬអន្តរាគមន៍ដោះស្រាយបញ្ហាទឹកនេះពីស្ថាប័នរដ្ឋនោះទេ ពីព្រោះវាអាចនឹងយឺតពេល៖ « យើងចង់បានតែទឹកទេ ដោះស្រាយផ្នែកទឹក ជួយជីកស្រះ ជួយបុកអណ្ដូង។ យើងចង់បានអាហ្នឹងជាសំខាន់ ពីព្រោះធ្វើកសិកម្មទាមទារតែទឹកទេជាកត្តាសំខាន់ »។
ឆ្លើយតបនឹងបញ្ហានេះ ប្រធាននាយកដ្ឋានដំណាំឧស្សាហកម្មនៃអគ្គនាយកដ្ឋានកសិកម្ម លោក ខាន់ សំបាន មានប្រសាសន៍ថា ដោយសារតែម្រេចជាដំណាំយុទ្ធសាស្ត្រ ដូចនេះក្រសួងកសិកម្ម កំពុងប្រឹងប្រែងរកថវិកាដើម្បីស្ថាបនាប្រព័ន្ធធារាសាស្ត្រ ផ្សព្វផ្សាយអំពីបច្ចេកទេសដាំដុះ និងស្វែងរកប្រភពទុនជូនកសិករ៖ « យើងក៏បានប្រឹងប្រែងរកថវិកាដើម្បីជួយដល់សហគមន៍នានា ដែលគាត់ដាំដុះម្រេច ដូចជាជីកស្រះរួមជូនពួកគាត់ និងជីកអណ្ដូងជូនសហគមន៍។ ក្នុងនោះដែរ យើងក៏បានខិតខំប្រឹងប្រែងផ្សព្វផ្សាយពីបច្ចេកទេសដាំដុះដំណាំម្រេចនេះជូនដល់ប្រជាកសិករ និងសហគមន៍ដាំម្រេច »។
សម្រាប់ឆ្នាំ២០១៦ នេះ ប្រជាកសិករ និងផលិតករម្រេចតាមបណ្ដាខេត្តនៅទូទាំងប្រទេស ចាប់ផ្ដើមប្រមូលផលម្រេចតាមចម្ការរៀងៗខ្លួនតាំងតែពីដើមខែមីនា និងគ្រោងបញ្ចប់នៅចុងខែឧសភា ខាងមុខ។
នៅអំឡុងរដូវប្រមូលផលនេះ ម្រេចខ្មៅធម្មតាមានតម្លៃជាង ៧ពាន់ដុល្លារអាមេរិក (៧.៥០០ដុល្លារ) ក្នុងមួយតោន លើកលែងតែម្រេចកំពត ដែលមានតម្លៃរហូតដល់ ២ម៉ឺនដុល្លារអាមេរិកក្នុងមួយតោន។
លោកវេជ្ជបណ្ឌិត ហៃ លីអៀង គឺជាអគ្គនាយកក្រុមហ៊ុន ខុនហ្វីរ៉ែល (Confirel) ដែលជាក្រុមហ៊ុនជួរមុខគេមួយក្នុងចំណោមក្រុមហ៊ុនធំៗដទៃទៀត ដែលទទួលទិញម្រេចកំពតរបស់កម្ពុជា យកទៅលក់នៅលើទីផ្សារជាតិ និងអន្តរជាតិ។ លោកមានប្រសាសន៍ថា ថ្វីត្បិតតែម្រេចមានតម្លៃខ្ពស់ក៏ដោយ ប៉ុន្តែកសិករ និងផលិតករ នៅតែទទួលបានចំណូលតិចនៅឡើយ ពីព្រោះកម្ពុជា មិនមានរោងចក្រកែច្នៃម្រេច។ ដូច្នេះ ពួកគេត្រូវបង្ខំចិត្តលក់ទៅឲ្យប្រទេសវៀតណាម៖ « ក្រៅពីម្រេចកំពត យើងនាំចេញម្រេចសឹងតែទាំងអស់ទៅប្រទេសវៀតណាម ធ្វើឲ្យវៀតណាម ក្លាយជាប្រទេសទីមួយក្នុងការនាំចេញម្រេចនេះឯង ជាពិសេសម្រេចយើងនៅតាមព្រំដែន។ យើងលក់ទៅឲ្យវៀតណាម។ អ៊ីចឹងទៅជាម្រេចវៀតណាម។ វៀតណាម គេនាំចេញបន្តទៀត ក្លាយជាម្រេចរបស់គេ លែងមានឈ្មោះម្រេចកម្ពុជា ទៀតហើយ »។
លោកវេជ្ជបណ្ឌិត ហៃ លីអៀង មើលឃើញថា កម្ពុជា មានសក្ដានុពលចំពោះឧស្សាហកម្មម្រេច ដោយហេតុថា កម្ពុជា មានដីច្រើនដែលអាចដាំដុះម្រេចបាន ព្រមទាំងមានការអនុគ្រោះពន្ធនាំចូលតាមបណ្ដាប្រទេសជាច្រើន។ លោកថា ចំណុចខ្សោយរបស់ដំណាំម្រេចនៅកម្ពុជា គឺកង្វះខាតការសិក្សាអំពីព័ត៌មានទីផ្សារ និងកង្វះខាតគោលនយោបាយថ្នាក់ជាតិ៖ « សព្វថ្ងៃនេះ នាំគ្នាដាំច្រើន ប៉ុន្តែទីផ្សារយើងអត់ទាន់បានរៀបចំគុណភាពក៏យើងអត់ទាន់បានរៀបចំ។ អ៊ីចឹងវាមានបញ្ហាមួយ ថ្វីត្បិតតែផលិតផលរបស់យើងល្អមែន ក៏ប៉ុន្តែកាលណាមានផលិតផលដែលគ្មានការគ្រប់គ្រង វាអាចធ្វើឲ្យខូចឈ្មោះទាំងអស់ »។
របាយការណ៍របស់ក្រុមហ៊ុន ណេដស្ប៉ាយ (NEDSPICE) ជាសម្ព័ន្ធក្រុមហ៊ុនឯកជនដ៏ធំ ធ្វើជំនួញលើប្រភេទបន្លែសម្ងួត និងគ្រឿងទេស មានមូលដ្ឋាននៅទីក្រុងរ៉ូធើដាម (Rotterdam) ប្រទេសហូល្លង់ដ៍ (Netherland) បង្ហាញថា ក្នុងមួយឆ្នាំៗ បរិមាណម្រេចប្រហែល ៤០ម៉ឺនតោន ត្រូវបានប្រើប្រាស់នៅទូទាំងពិភពលោក ហើយចំនួននៃការប្រើប្រាស់នេះ នឹងបន្តកើនឡើងថែមទៀតនៅពេលខាងមុខ។
ប្រទេសដែលនាំចេញម្រេចច្រើនជាងគេលើពិភពលោក គឺវៀតណាម។ កាលពីឆ្នាំ២០១៥ កន្លងទៅ វៀតណាម ផ្គត់ផ្គង់ម្រេចសម្រាប់ទីផ្សារអន្តរជាតិជាង ១៣ម៉ឺនតោន (១៣៣.០០០តោន) ស្មើនឹងជាង ៣០ភាគរយ (៣៣,២៥%) នៃបរិមាណម្រេចនាំចេញនៅទូទាំងពិភពលោក។ នៅឆ្នាំដដែលនោះ វៀតណាម រកចំណូលបានជាង ១.២០០លានដុល្លារអាមេរិក (១,២៦ពាន់លានដុល្លារ) ពីការនាំចេញម្រេច។

ដោយមើលឃើញពីសក្ដានុពលប្រាក់ចំណូលបែបនេះ ប្រទេសវៀតណាម បានបង្កើនផ្ទៃដីដាំដុះម្រេចរបស់ខ្លួនពីជាង ៨ម៉ឺនហិកតារនៅឆ្នាំ២០១៥ ទៅដល់ ១០ម៉ឺនហិកតារនៅឆ្នាំ២០១៦ ដោយរំពឹងថា នឹងអាចនាំចេញម្រេចបានដល់ទៅ ១៥ម៉ឺនតោន (១៥០.០០០តោន)។ បើសិនជាវៀតណាម អាចដាំម្រេចបានតាមផែនការ ហើយតម្លៃម្រេចវៀតណាម នៅថេរត្រឹម ៩.៥០០ដុល្លារក្នុងមួយតោនដូចឆ្នាំ២០១៥ នោះវៀតណាម នឹងអាចរកចំណូលបានជាង ១.៤០០លានដុល្លារអាមេរិកពីការនាំចេញម្រេចនៅឆ្នាំ២០១៦ នេះ។
សម្រាប់កម្ពុជា ការប្រែក្លាយខ្លួនជាប្រទេសនាំចេញម្រេចលំដាប់ពិភពលោក ហាក់នៅឆ្ងាយ។ មូលហេតុចម្បងរួមមាន កង្វះខាតដើមទុន ធនធានមនុស្ស ព័ត៌មានទីផ្សារ និងខ្វះការវិនិយោគទ្រង់ទ្រាយធំចំពោះផលិតកម្មម្រេច។
ទោះបីជាបែបនេះក្តី លោកវេជ្ជបណ្ឌិត ហៃ លីអៀង ដែលជាអ្នកធ្វើជំនួញម្រេច អះអាងថា កម្ពុជា មានសមត្ថភាពដោះស្រាយបញ្ហាផ្សេងៗក្នុងដំណើរការផលិតកម្មម្រេច និងអាចក្លាយខ្លួនជាប្រទេសនាំចេញម្រេចដ៏ធំនៅលើពិភពលោកបាន ដោយគ្រាន់តែរៀនសូត្រពីបទពិសោធន៍របស់ប្រទេសវៀតណាម៖ « វៀតណាម គេមានអង្គការរបស់រដ្ឋដែលគេចាត់ចែងប្រមូលផលម្រេច ហើយនិងឲ្យតម្លៃគុណភាពទៅតាមតំបន់នីមួយៗ។ ទាល់តែយើងធ្វើអ៊ីចឹង ទើបម្រេចយើងមានឈ្មោះ និងមានការគាំទ្រនៅអន្តរជាតិ »៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។