សមាគមរោងចក្រកាត់ដេរកម្ពុជា(GMAC) ថា នឹងសហការជាមួយរបបក្រុងភ្នំពេញ ដើម្បីពន្យល់ទៅគណៈកម្មាធិការសហភាពអឺរ៉ុប កុំឲ្យវាយតម្លៃខុស លើការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ (EBA)។ រីឯខាងសហជីពឯករាជ្យវិញ យល់ថា ដើម្បីជៀសផុតពីការដកប្រព័ន្ធអនុគ្រោះពន្ធនោះ គឺខាងសមាគមរោងចក្រកាត់ដេរកម្ពុជា គួរតែជួយជំរុញឲ្យរបបក្រុងភ្នំពេញ ដោះស្រាយវិបត្តិ នយោបាយ គោរពសិទ្ធិមនុស្ស និងគោរពលក្ខខណ្ឌការងារឲ្យបានល្អ។
អគ្គលេខាធិការរង សមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា ជី.ម៉ាក់(GMAC) លោក កាំង ម៉ូនីកា លើកឡើងថា សមាគមរោងចក្រកាត់ដេរកម្ពុជា គឺជាវិស័យឯកជនមួយ មិនមានជំហរអ្វីនោះទេ លើលក្ខខណ្ឌតម្រូវឲ្យគោរពកិច្ចសន្យារបស់សហភាពអឺរ៉ុប អំពីរឿងបន្តប្រព័ន្ធអនុគ្រោះពន្ធ(EBA) ឲ្យកម្ពុជាទៀត ឬយ៉ាងណានោះ ព្រោះ វាគឺជាកិច្ចការដែលស្ថិតក្នុងដៃទាំងស្រុងរបស់របបក្រុងភ្នំពេញ និងសហភាពអឺរ៉ុប។
ទោះយ៉ាងណាក្តី លោក កាំង ម៉ូនីកា បញ្ជាក់ថា ជី.ម៉ាក់ (GMAC) នឹងចូលរួមជាមួយរបបក្រុងភ្នំពេញ ដើម្បីពន្យល់ទៅកាន់គណៈកម្មាធិការសហភាពអឺរ៉ុប កុំឲ្យវាយតម្លៃខុស និងកុំឲ្យដកប្រព័ន្ធអនុគ្រោះព័ន្ធពាណិជ្ជកម្មពីកម្ពុជា EBA ដោយផ្អែកលើហេតុផលថា កម្ពុជាបានអនុវត្តល្អក្នុងការលើកកម្ពស់ លក្ខខណ្ឌការងារ គោរពសិទ្ធិកម្មករនិងសហជីពជាដើម៖ «ពួកខ្ញុំតំណាងអោយវិស័យឯកជនហើយយើងខ្ញុំមិនមានមតិយោបល់ពាក់ព័ន្ធនឹងស្ថានភាពនយោបាយទេ។ យើងព្យាយាមពិនិត្យមើលតែទៅលើវិស័យរបស់យើងជាពិសេសគឺការអនុវត្តនូវការគោរពលក្ខខណ្ឌការងារ និងគោរពសិទ្ធិកម្មករ ហើយនឹងការខិតខំប្រឹងប្រែង ជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ដើម្បីលើកកម្ពស់ជីវភាពបងប្អូនកម្មករយើង ហើយជាការពិតយើងឃើញមានការប្រសើរឡើង តាមរយៈការកើនឡើងនៃប្រាក់ឈ្នួល ការអនុវត្តប្រព័ន្ធសុវត្ថិភាពសង្គម ហៅថា របបសន្តិសុខសង្គម ហើយនឹងអត្ថប្រយោជន៍ផ្សេងៗទៀតដូចជាថ្មីៗនេះ រដ្ឋាភិបាលទើបតែផ្ដល់ជូន ជាពិសេសពាក់ព័ន្ធនឹងស្ត្រីមានផ្ទៃពោះ ពាក់ព័ន្ធនឹងការទូទាត់អតីតការងារ។ ទាំងអស់នេះ គឺជាចំណុចវិជ្ជមានដែលធ្វើឲ្យយើងខ្ញុំមានទំនុកចិត្តថា សហភាពអឺរ៉ុប នឹងពិចារណាអោយបានហ្មត់ចត់ហើយប្រុងប្រយ័ត្នក្នុងការដាក់ទណ្ឌកម្មក្នុងវិស័យយើងខ្ញុំបាទ»។
លោក កាំង ម៉ូនីកា ទទួលស្គាល់ថា ប្រសិនបើសហភាពអឺរ៉ុប ដកប្រព័ន្ធអនុគ្រោះព័ន្ធមែននោះ គឺប្រាកដធ្វើឲ្យមានផលប៉ះពាល់ដល់កម្ពុជា ប៉ុន្តែលោកមិនចង់និយាយអំពីបញ្ហានេះទេ ព្រោះអាចនាំឲ្យថយចុះនូវ ទំនុកចិត្តអ្នកបញ្ជាទិញ និងអ្នកវិនិយោគទូទៅ ហើយមិនផ្ដល់ផលចំណេញដល់កម្ពុជា។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន លើកឡើងថា សមាគមរោងចក្រកាត់ដេរ (GMAC) គួរតែជំរុញឲ្យរបបក្រុងភ្នំពេញ វិលទៅរកតុចរចាបញ្ចប់វិបត្តិនយោបាយ និងលើកកម្ពស់ ការគោរព សិទ្ធិមនុស្សឡើងវិញ ទើបកម្ពុជា អាចជៀសផុតពីការដកប្រព័ន្ធអនុគ្រោះពន្ធ ពីសំណាក់សហភាពអឺរ៉ុប៖ «ខ្ញុំគិតថា Gmac គួរតែបញ្ចុះបញ្ចូលទៅរដ្ឋាភិបាលវិញ វាប្រសើរជាងក្នុងការរក្សានូវប្រព័ន្ធ EBA សម្រាប់កម្ពុជា ព្រោះយើងដឹងហើយថា សហភាពអឺរ៉ុប បានលើកឡើង៦ចំណុច ដើម្បីអោយរដ្ឋាភិបាលយកទៅគិត និងពិចារណា ដូចជាដោះលែងលោក កឹម សុខា លោក សម រង្ស៊ី និងផ្ដល់សិទ្ធិសេរីភាពមន្ត្រីបក្សប្រឆាំង១១៨រូបនោះ និងគណបក្សសង្គ្រោះជាតិជាតិធ្វើនយោបាយឡើងវិញ។ Gmac គួរតែនិយាយជាមួយរដ្ឋាភិបាល ប្រសើរ ជាងទៅសហការជាមួយរដ្ឋាភិបាលដើម្បីបញ្ចុះបញ្ចូលសហភាពអឺរ៉ុប ព្រោះបញ្ហានេះ កូនសោសំខាន់គឺនៅលើដៃរដ្ឋាភិបាល»។
កាលពីដើមខែតុលា សហភាពអឺរ៉ុបបានជូនដំណឹងផ្លូវការទៅរបបលោក ហ៊ុន សែន អំពីចំណាត់ការឈានទៅរកការលុបចោលប្រព័ន្ធអនុគ្រោះពន្ធ “ទំនិញគ្រប់មុខលើកលែងគ្រឿងសព្វាវុធ ឬ EBA” នេះ។ សហភាពអឺរ៉ុបបញ្ជាក់ថា ចំណាត់ការនេះ គឺដោយសារតែពុំមានការកែប្រែស្ថានភាពវិបត្តិ នយោបាយ ប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា ក្នុងរយៈកាលកន្លងទៅនេះ។ សហភាពអឺរ៉ុបទុករយៈពេល ៦ខែពីរដង ឱ្យរបបលោក ហ៊ុន សែន ស្ដារប្រជាធិបតេយ្យ និង គោរពសិទ្ធិមនុស្សឡើងវិញ ហើយបើក្នុងរយៈពេលនេះ របបក្រុងភ្នំពេញមិនអនុវត្តតាមលក្ខខណ្ឌនេះទេ សហភាពអឺរ៉ុប នឹងឈប់ផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធនេះតទៅទៀត។
លោក រ៉ុង ឈុន ថាការអះអាងថា មានការគោរពសិទ្ធិ និងលើកកម្ពស់លក្ខខណ្ឌការងារ ជូនកម្មករនោះ គឺមិនឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងរបស់កម្មករដែលកំពុងជួបប្រទះឡើយ ព្រោះ សហជីព និងកម្មករ កំពុងរងផលប៉ះពាល់ និងមានការរឹតត្បិតសិទ្ធិសេរីភាពយ៉ាងខ្លាំង ពីព្រោះថា ក្រៅពីវិបត្តិនយោបាយនោះ គឺរបបលោក ហ៊ុន សែន បានបង្កើតច្បាប់សហជីព រឹតត្បិតតួនាទីសហជីព និងចែងពីការដាក់ទោសទណ្ឌថែមទៀតជាដើម៖ «លក្ខខណ្ឌកម្មករមិនមានអីល្អទេ ពីមួយឆ្នាំទៅមួយឆ្នាំយើងឃើញហើយថា ច្បាប់សហជីពមានការរឹតបន្តឹង ហើយថ្មីៗនេះ មានធ្វើវិសោធនកម្មច្បាប់ការងារទៀត ដើម្បីរឹតបន្តឹងសេរីភាពកម្មករ និងសហជីព ហើយលក្ខខណ្ឌកម្មករនៅតែមិនទាន់ល្អប្រសើរ នោះទេ។ យើងឃើញថា ក្នុងមួយឆ្នាំៗ មានកម្មកររាប់ពាន់នាក់ដួសសន្លប់»។
មេដឹកនាំរបបក្រុងភ្នំពេញ ហ៊ុន សែន និងមន្ត្រីក្រោមឱវាទ ប្រកាសក្ដែងៗថា មិនខ្វល់នឹងរឿងការដកប្រព័ន្ធអនុគ្រោះពន្ធពិតមែន ក៏ប៉ុន្តែខាងអ្នកវិភាគសេដ្ឋកិច្ច ខាងសហជីពឯករាជ្យ និងអង្គការសង្គមស៊ីវិល បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរឿងនេះ និងបានស្នើសុំយ៉ាងទទូចឱ្យរបបលោក ហ៊ុន សែន និងសហភាពអឺរ៉ុប ចរចារកដំណោះស្រាយជាវិជ្ជមាន។ ពួកគេអះអាងថា ប្រព័ន្ធអនុគ្រោះពន្ធនេះ បានបង្កើតការងាររាប់ម៉ឺនកន្លែង និងផ្ដល់ចំណូលរាប់ពាន់លានដុល្លារដល់កម្មកររាប់សែននាក់ ធ្វើឱ្យក្រុមគ្រួសាររបស់កម្មករនៅតាមទីជនបទ រស់នៅរួចចាកផុតពីភាពក្រីក្រ ហើយប្រព័ន្ធនេះក៏បានជួយឱ្យលក្ខខណ្ឌការងារកាន់តែមានភាពល្អប្រសើរ និងបានរួមចំណែកយ៉ាងសម្បើមដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ។ ប្រសិនបើប្រព័ន្ធនេះត្រូវបានកាត់ផ្តាច់នោះ វានឹងបង្អាក់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា៕