ការ​អនុវត្ត​ច្បាប់​ការងារ​និង​សិទ្ធិ​កម្មករ​នៅ​ក្នុង​រោងចក្រ​របស់​វិនិយោគិន​ចិន (ភាគ​២)

ដោយ សាន សែល
2016.09.14
កម្មករ​កាត់​ដេរ​តំបន់​សេដ្ឋកិច្ច ស្វាយរៀង ២០១៤ ៨៥៥ ៥-មិថុនា-២០១៤៖ សកម្មភាព​របស់​កម្មករ​រោងចក្រ​កាត់ដេរ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន (Manhattan SEZ) នា​ខេត្ត​ស្វាយរៀង។
Photo: RFA

ការ​សិក្សា​ស្រាវជ្រាវ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) រក​ឃើញ​ថា ចិន ចាប់​អារម្មណ៍​វិនិយោគ​នៅ​ប្រទេស​ដែល​សម្បូរ​ធនធាន​ធម្មជាតិ​ដូច​វិនិយោគិន​បស្ចិម​ប្រទេស​ដែរ។ ក៏ប៉ុន្តែ​វិនិយោគិន​ចិន មិន​ពិនិត្យ​លក្ខខណ្ឌ និង​មិន​ខ្វល់​ពី​ការ​អនុវត្ត​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​របស់​ប្រទេស​ដែល​ចិន ចង់​ដាក់​ទុន​វិនិយោគ​នោះ​ទេ ខណៈ​វិនិយោគិន​បស្ចិម​ប្រទេស​សម្លឹង​មើល​កន្លែង​ដែល​មាន​ការ​អនុវត្ត​អភិបាលកិច្ច​ល្អ។

ចិន វិនិយោគ​នៅ​គ្រប់​តែ​ប្រទេស​ហ្នឹង ដោយ​មិន​ប្រកាន់​ពី​ចំណាត់​ថ្នាក់​នៃ​ការ​អនុវត្ត​អភិបាលកិច្ច​ឡើយ គ្រាន់​តែ​ចិន ដៃ​ទូលាយ​បន្តិច ពេល​បោះ​ទុន​វិនិយោគ​នៅ​ប្រទេស​ដែល​មាន​អភិបាលកិច្ច​ខ្សោយ។

មន្ត្រី​ជាន់​ខ្ពស់​កម្មវិធី​នៃ​មជ្ឈមណ្ឌល​អាមេរិកាំង សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ (ACILS) លោក ឃុន ថារ៉ូ ថ្លែង​ថា ស្ថានភាព​នៅ​តាម​រោងចក្រ​កាត់​ដេរ​ដែល​មាន​ថៅកែ​ជា​ជនជាតិ​ចិន ក្នុង​រយៈពេល​ជាង ១០​ឆ្នាំ​ចុង​ក្រោយ គឺ​លក្ខខណ្ឌ​ការងារ​របស់​កម្មករ​នៅ​តែ​ជា​បញ្ហា​ប្រឈម ពិសេស​ប្រាក់​ឈ្នួល​អប្បបរមា ការ​រស់នៅ​របស់​កម្មករ​មិន​ទាន់​បាន​ប្រសើរ​ឡើង ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការងារ​ក៏​នៅ​ទន់​ខ្សោយ អធិការកិច្ច​នៅ​តាម​រោងចក្រ​ក៏​ខ្សោយ ដែល​នាំ​ឲ្យ​កម្មករ សហជីព ក្រោក​ឈរ​ឡើង​ធ្វើ​បាតុកម្ម​កូដកម្ម​ដាក់​សម្ពាធ​លើ​អ្នក​បញ្ជា​ទិញ ដើម្បី​ឲ្យ​ថៅកែ​រោងចក្រ​កែប្រែ​ស្ថានភាព​នៅ​តាម​រោងចក្រ។

រយៈពេល​ពេញ​មួយ​ឆ្នាំ​២០១៥ មាន​កូដកម្ម​ចំនួន ៣៣៦​ករណី និង​បាតុកម្ម​ចំនួន ១៩២​ករណី។ ករណី​បាតុកម្ម​កើន​ឡើង​ចំនួន ១.២៧១​ភាគរយ តែ​ករណី​កូដកម្ម​ថយ​ចុះ​ចំនួន ២​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៤។

នៅ​ក្នុង​ការ​សិក្សា​មួយ​កាល​ពី​ឆ្នាំ​២០១៣ សាស្ត្រាចារ្យ អៀ សុផល រក​ឃើញ​ថា ការ​គ្រប់គ្រង​គ្មាន​ប្រសិទ្ធភាព ចូលរួម​ចំណែក​ធ្វើ​ឲ្យ​មាន​កូដកម្ម​ជា​ញឹកញយ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។

មេ​ដឹកនាំ​សហជីព​លោក អាត់ ធន់ បញ្ជាក់​ថា សហជីព​លោក​ដែល​មាន​បណ្ដាញ​កម្មករ​កាត់​ដេរ​នៅ​តាម​រោងចក្រ ពិបាក​ធ្វើ​ការ​ជាមួយ​រោងចក្រ​របស់​វិនិយោគិន​ចិន។ លោក​សង្កេត​ឃើញ​ថា ក្នុង​ចំណោម​រោងចក្រ​កាត់​ដេរ រោងចក្រ​ចិន ជា​ញឹកញយ​តែង​ធ្វើ​ទុក្ខបុកម្នេញ​លើ​កម្មករ។ លោក​បន្ត​ថា ការ​អនុវត្ត​សេរីភាព​ក្នុង​ការ​ចូលរួម​សហជីព ក៏​ត្រូវ​បាន​រឹតត្បិត ដូចជា​អ្នក​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ឲ្យ​កម្មករ​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ៖ «ពេល​ខ្លះ​ថៅកែ​រោងចក្រ​បង្កើត​សហជីព​ខ្លួន​ឯង​ឲ្យ​គេ​ឃើញ​ថា​មាន​សហជីព​ក្នុង​រោងចក្រ។ យើង​ខំ​តស៊ូ​ដើម្បី​សិទ្ធិ​កម្មករ តែ​អ្នក​ដែល​សកម្ម ត្រូវ​គេ​ចាប់​ដាក់​ពន្ធនាគារ»

រដ្ឋាភិបាល​ត្រូវ​គេ​មើល​ឃើញ​ថា បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​គាប​សង្កត់​សហជីព​ទាំងឡាយ​ណា​ដែល​សកម្ម​ក្នុង​ការ​តវ៉ា។ ឧទាហរណ៍ មេ​ដឹកនាំ​សហជីព​មួយ​ចំនួន​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ។ ចំណែក​ច្បាប់​ស្ដីពី​សហជីព​ដែល​ទើប​អនុម័ត រង​ការ​រិះគន់​ថា រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​កម្មករ​ក្នុង​ការ​ធ្វើ​កូដកម្ម​បាតុកម្ម និង​សិទ្ធិ​ដទៃ​ទៀត​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា។

សហព័ន្ធ​សហជីព​អន្តរជាតិ (International Trade Union Confederation) បាន​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា ក្នុង​បញ្ជី​ប្រទេស​ទាំង​១០ ដែល​មាន​ស្ថានភាព​អាក្រក់​បំផុត​លើ​ពិភពលោក​ផ្នែក​សិទ្ធិ​ការងារ ដោយសារ​ការ​អនុម័ត​ច្បាប់​សហជីព និង​ការ​ប្រើ​ហិង្សា​របស់​ប៉ូលិស បង្ក្រាប​បាតុកម្ម​របស់​កម្មករ។ អង្គការ​អន្តរជាតិ​នេះ ថ្លែង​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ (ITUC Global Rights Index 2016) របស់​ខ្លួន​ថា ច្បាប់​សហជីព​រឹតត្បិត​លទ្ធភាព​របស់​កម្មករ​ក្នុង​ការ​ចរចា​ប្រាក់​ឈ្នួល និង​លក្ខខណ្ឌ​ការងារ។

ការ​សិក្សា​មួយ​របស់​អេស៊ា ផ្ល៉ វេច្ឆ អាឡាយអឺន (Asia Floor Wage Alliance) បង្ហើប​ឲ្យ​ដឹង​ថា កម្មករ​រោងចក្រ​កាត់​ដេរ​កម្ពុជា ទទួល​រង​នូវ​ការ​បំពាន​សិទ្ធិ​ការងារ ដូចជា​ប្រាក់​បៀវត្ស​មិន​គ្រប់គ្រាន់ និង​កុងត្រា​ការងារ​ខុស​ច្បាប់។

ទោះ​បី​ជា​យ៉ាង​ណា លោក ហេង សួរ អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការងារ អះអាង​ថា ច្បាប់​សហជីព​មាន​ទំនោរ​គាំទ្រ​ប្រយោជន៍​កម្មករ ហើយ​វា​មាន​លក្ខណៈ​ប្រសើរ​ជាង​ច្បាប់​សហជីព​របស់​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត ដូចជា ភូមា និង​វៀតណាម៖ «អាយុ ១៨​ឆ្នាំ​អាច​ធ្វើ​ជា​តំណាង​រោងចក្រ​បាន មិន​ត្រូវ​ការ​លិខិត​ថ្កោលទោស។ ច្បាប់​នេះ​មិន​តម្រូវ​ថា ត្រូវ​បញ្ជូន​របាយការណ៍​ឲ្យ​ក្រសួង​ទេ ច្បាប់​តម្រូវ​ឲ្យ​ចម្លង​របាយការណ៍​សន្និបាត​ប្រចាំ​ឆ្នាំ​ឲ្យ​ក្រសួង»

កាល​ពី​នៅ​មាន​ជីវិត បណ្ឌិត កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បាន​រក​ឃើញ​ថា កម្មករ​កាត់​ដេរ​កម្ពុជា អាច​ទទួល​បាន​ប្រាក់​បៀវត្ស​យ៉ាង​តិច ២០៨​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២០១៦ ប្រសិន​បើ​គ្មាន​ការ​រំលោភ​សិទ្ធិ​កម្មករ។ កាល​ពី​ឆ្នាំ​២០០០ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​កាត់​ដេរ​មាន​ចំនួន ៤៥​ដុល្លារ។ ចំនួន​នេះ​នៅ​ថេរ​រយៈពេល ៦​ឆ្នាំ (២០០០-២០០៦)

បច្ចុប្បន្ន កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​ទទួល​បាន​ប្រាក់​បៀវត្ស​អប្បបរមា​ចំនួន ១៤០​ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​ដៃគូ​ពាក់ព័ន្ធ​កំពុង​សិក្សា​ពិភាក្សា​ពី​លទ្ធភាព​ដំឡើង​ប្រាក់​ខែ​សម្រាប់​ឆ្នាំ​២០១៧។

បណ្ឌិត កែម ឡី យល់​ឃើញ​ថា ការ​មិន​ដំឡើង​ប្រាក់​ខែ​ឲ្យ​កម្មករ ជា​មូលហេតុ​ដែល​នាំ​ឲ្យ​កម្មករ​តវ៉ា​ខ្លាំង សន្លប់​ច្រើន នៅ​ពេល​ចំណូល និង​ចំណាយ​គ្មាន​តុល្យភាព។ លោក​ចាត់​ទុក​ថា នេះ​ជា​ការ​សម្រេច​ចិត្ត​ខុស​ឆ្គង​ខ្លាំង​ផ្នែក​គោល​នយោបាយ និង​ជា​ការ​ខ្វះ​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​ពី​ស្ថាប័ន​សភា​ជាតិ និង​ភ្នាក់ងារ​ពាក់ព័ន្ធ។

កម្មករ​កម្មការិនី​រោងចក្រ​កាត់​ដេរ​សម្ដែង​ពី​សកម្មភាព​កាត់​ដេរ​ក្នុង​ពេល​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​លើក​ទី​១៣០ នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Leng Maly
កម្មករ​កម្មការិនី​រោងចក្រ​កាត់​ដេរ​សម្ដែង​ពី​សកម្មភាព​កាត់​ដេរ​ក្នុង​ពេល​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​លើក​ទី​១៣០ នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Leng Maly
RFA/Leng Maly

លោកស្រី សុគន្ធា ជា​កម្មការិនី​នៅ​រោងចក្រ​កាត់​ដេរ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។ លោកស្រី​រៀបរាប់​ពី​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ថា សម្រាប់​អាហារ​ពេល​ព្រឹក លោកស្រី​ចំណាយ​លើ​បាយ​ស្រូប ១.០០០​រៀល ឬ​នំ ៥០០​រៀល។ សម្រាប់​អាហារ​ថ្ងៃ​ត្រង់ លោកស្រី​ចំណាយ​លើ​បាយ ៥០០​រៀល សម្ល ១.០០០​រៀល ហើយ​ទិញ​បង្អែម ៥០០​រៀល​សម្រាប់​ហូប​ពេល​រសៀល។ បើ​ទោះ​ជា​គេ​ដំឡើង​ប្រាក់​ខែ​ក៏ដោយ លោកស្រី​ថ្លែង​ថា តម្លៃ​ទំនិញ​ក៏​ឡើង​ថ្លៃ​ដែរ។ ពេល​ខ្លះ លោកស្រី​ត្រូវ​ខ្ចី​បុល​គេ​បន្ថែម ដើម្បី​ទប់ទល់​ការ​ចំណាយ នេះ​មិន​ទាន់​គិត​ដល់​ថ្លៃ​ព្យាបាល​នៅ​ពេល​ធ្លាក់​ខ្លួន​ឈឺ​ផង។ លោកស្រី​ក៏​ត្អូញត្អែរ​ពី​ស្ថានភាព​នៅ​ក្នុង​រោងចក្រ​ថា ក្រៅ​ពី​មិន​មាន​អនាម័យ​គ្រប់គ្រាន់ អ្នក​គ្រប់គ្រង​ដែល​ជា​ជនជាតិ​ចិន ប្រើ​សម្ដី​មិន​សមរម្យ និង​គំរាម​កំហែង៖ «ធ្វើ​ការ​ជាមួយ​ថៅកែ​ចិន មិន​ស្រួល​ទេ។ ចេញ​ម៉ោង ៥ ក៏​ស្ដី​ឲ្យ សុំ​ច្បាប់​ឈប់​ក៏​ពិបាក កន្លែង​ធ្វើ​ការ​គ្មាន​អនាម័យ​ទាល់​តែ​សោះ បន្ទប់​ទឹក​កខ្វក់ ខ្យល់​អាកាស​ថប់ ពេល​ភ្លៀង​សាច»

សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ជីម៉ាក់ (GMAC) ជា​សំឡេង​រួម​ក្នុង​វិស័យ​កាត់​ដេរ​ដែល​តំណាង​ឲ្យ​ការ​អនុវត្ត​គោល​នយោបាយ ដើម្បី​ការ​អភិវឌ្ឍ​ដោយ​ចីរភាព និង​ការពារ​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​រោងចក្រ។ មិន​មែន​រោងចក្រ​កាត់​ដេរ​នៅ​ប្រទេស​កម្ពុជា ទាំងអស់​ជា​សមាជិក​របស់​សមាគម​ជីម៉ាក់​នេះ​ទេ។ មាន​ន័យ​ថា សមាគម​ជីម៉ាក់ មាន​សមាជិក​សរុប ៥១៥ ដែល​ជា​រោងចក្រ​សំដៅ​ការ​នាំ​ចេញ និង​រោងចក្រ​កាត់​ដេរ​បន្ត (sub-contractor) ហើយ ១៩៩​រោងចក្រ (៣៨​ភាគរយ) ជា​សមាជិក​សមាគម​មាន​ម្ចាស់​ជា​ជនជាតិ​ចិន (គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ​២០១៦)

លោក កាន់ ម៉ូនីកា នៃ​សមាគម​នេះ​អះអាង​ថា ការ​បោះ​ទុន​វិនិយោគ​នៅ​ប្រទេស​ណា​មួយ ត្រូវ​គោរព​ច្បាប់​ប្រទេស​ម្ចាស់​ផ្ទះ។ លោក​បញ្ជាក់​ទៀត​ថា ជីម៉ាក់ មិន​ត្រួត​ពិនិត្យ​ស្ថានភាព​រោងចក្រ​ដោយ​ផ្ទាល់​ទេ គឺ​យក​តាម​របាយការណ៍​របស់ «គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ» របស់​អង្គការ​អន្តរជាតិ​ផ្នែក​ការងារ ហៅ​កាត់​ថា អាយ​ឡូ (ILO) និង​ការ​ត្រួត​ពិនិត្យ​ពី​ក្រសួង​ការងារ៖ «ខ្ញុំ​គិត​ថា ការ​វាយ​តម្លៃ​នេះ​អាច​ទុក​ចិត្ត​បាន ព្រោះ​ជា​ស្ថាប័ន​របស់​អង្គការ​សហប្រជាជាតិ»

លោក​បន្ត​អះអាង​ថា ការ​អនុវត្ត​សិទ្ធិ​ការងារ និង​ច្បាប់​ការងារ​នៅ​តាម​រោងចក្រ​កាត់​ដេរ​មាន​ប្រសិទ្ធភាព​ច្រើន៖ «វា​មិន​ឥត​ខ្ចោះ​នោះ​ទេ ដែល​ចន្លោះ​នៅ​តាម​រោងចក្រ​មួយ​ចំនួន​ក៏ដោយ។ តែ​បើ​ពិនិត្យ​មើល​សិទ្ធិ​ស្នូល​របស់​កម្មករ យើង​ឃើញ​ថា មាន​ការ​ផ្ដល់​ប្រាក់​ឈ្នួល​សមរម្យ គ្មាន​ការងារ​ដោយ​បង្ខំ និង​គ្មាន​ពលកម្ម​កុមារ។ ចំណុច​មិន​ធ្ងន់ធ្ងរ​នោះ គឺ​បង្គន់​មិន​ស្អាត តែ​ធ្វើ​ម៉េច​បើ​មនុស្ស​ប្រើ​ច្រើន»

មន្ត្រី​នាំ​ពាក្យ​នៃ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
មន្ត្រី​នាំ​ពាក្យ​នៃ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

លោក​ឲ្យ​ដឹង​ថា ជីម៉ាក់ បាន​ណែនាំ​ដល់​សមាជិក​របស់​ខ្លួន​ឲ្យ​ដឹង​ពី​ស្ថានភាព​ទូទៅ​នៃ​វិស័យ​កាត់​ដេរ និង​ការ​អនុវត្ត​ច្បាប់​ការងារ​នៅ​កម្ពុជា។ បន្ថែម​ពី​លើ​នេះ មុន​ពេល​សម្រេច​ឲ្យ​ចូល​ជា​សមាជិក ជីម៉ាក់ ផ្ដល់​ការ​ប្រឹក្សា​ផ្នែក​ច្បាប់​ការងារ​ឲ្យ​សមាជិក​បាន​ដឹង​ដោយ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ជា​ប្រចាំ​សម្រាប់​សមាជិក៖ «តែ​យើង​មិន​មាន​ការ​តាមដាន​ការ​អនុវត្ត​ច្បាប់​ការងារ​របស់​រោងចក្រ​នោះ​ទេ។ យើង​មិន​មាន​ធនធាន​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ការងារ​នេះ ហើយ​វា​ក៏​មិន​ស្ថិត​ក្រោម​សមត្ថកិច្ច​យើង​ដែរ។ យើង​គ្មាន​សិទ្ធិ​អី​ដាក់​ទណ្ឌកម្ម​ដល់​សមាជិក​ដែល​ធ្វើ​ខុស​នោះ​ដែរ។ អ្វី​ដែល​យើង​អាច​ធ្វើ​បាន គឺ​ដក​សមាជិក​ភាព​ចេញ​ពី​សមាគម។ យើង​ក៏​មិន​ទាមទារ​ឲ្យ​បញ្ជូន​របាយការណ៍​ស្ដីពី​ការ​អនុវត្ត​ការងារ​ប្រចាំ​ឆ្នាំ​នោះ​ទេ»

ចំពោះ​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការងារ លោក ហេង សួរ វិញ រោងចក្រ​កាត់​ដេរ​ដែល​មាន​ថៅកែ​ជា​ជនជាតិ​ចិន រំលោភ​ច្បាប់​ការងារ និង​សិទ្ធិ​កម្មករ គឺ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ទេ៖ «៦០​ភាគរយ​នៃ​រោងចក្រ​សរុប​ជា​របស់​ថៅកែ​ចិន ហើយ​ហ្នឹង។ ដូច្នេះ​ពេល​ករណី​កើត​ឡើង គេ​ឃើញ​តែ​ចិន។ តែ​បើ​មើល​ឲ្យ​ដិតដល់​ទៅ ពេល​រោងចក្រ​ដែល​មិន​មាន​ថៅកែ​ចិន មាន​ជម្លោះ​កើត​ឡើង គេ​មិន​សូវ​មើល​ឃើញ ពិនិត្យ​មើល ១០​លើ​៦០ និង ២​លើ​១០»

លោក​រៀបរាប់​បន្ត​ថា កិច្ចការ​អធិការ​ការងារ និង​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ (BFC) គឺ​ធ្វើ​បាន​ល្អ៖ «BFC គេ​ធ្វើ​ការ​អង្កេត​ដោយ​មិន​រើសអើង​ជាតិ​សាសន៍​ទេ មិន​ថា​រោងចក្រ​ជាតិ​សាសន៍​ណា​បំពាន​ខុស​ច្បាប់​នោះ​ទេ តែ​គេ​ធ្វើ​ជា​ទូទៅ។ ក្រសួង​ក៏​ធ្វើ​អធិការ​ការងារ​ដោយ​មិន​រើសអើង»

របាយការណ៍​របស់​អង្គការ​អន្តរជាតិ​ផ្នែក​ការងារ (ILO) រក​ឃើញ​ថា លក្ខខណ្ឌ​ក្នុង​រោងចក្រ​កាត់​ដេរ​កម្ពុជា មាន​ភាព​ប្រសើរ​ឡើង​ចាប់​តាំង​ពី​អង្គការ​នេះ កំណត់​បទល្មើស​ការងារ​នៅ​រោងចក្រ​មួយ​ចំនួន​កាល​ពី​ពីរ​ឆ្នាំ​មុន។ គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​របស់ ILO (Better Factories Cambodia) បាន​ចុះ​អង្កេត​រោងចក្រ​ចំនួន​៣៨១ នៃ​រោងចក្រ​សរុប​៥៨០ ក្នុង​គម្រោង​របស់​ខ្លួន (មិន​មែន​រោងចក្រ​នៅ​កម្ពុជា ទាំងអស់​នោះ​ទេ) ដោយ​វាយ​តម្លៃ​លើ​ផ្នែក​មួយ​ចំនួន ដូចជា​ពលកម្ម​កុមារ លក្ខខណ្ឌ​សុខភាព និង​សេរីភាព​សហជីព។ ស្តង់ដារ​សុខភាព និង​សុវត្ថិភាព​នៅ​រោងចក្រ គឺ​ជា​ចំណុច​ដែល​រង​ការ​រំលោភ​បំពាន​ជាង​គេ។ របាយការណ៍​រក​ឃើញ​ថា ៨៧​ភាគរយ​នៃ​រោងចក្រ​ខ្វះ​ពន្លឺ ៦៩​ភាគរយ​មាន​សីតុណ្ហភាព​ក្ដៅ​ខ្លាំង ដែល​ជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​កម្មករ​ដួល​សន្លប់​នៅ​តាម​រោងចក្រ និង ៥៩​ភាគរយ​ខ្វះ​ទឹក​ស្អាត​បរិភោគ ហើយ​ពីរ​ភាគ​បី (/) រំលោភ​លក្ខខណ្ឌ​ធ្វើ​ការ​ថែម​ម៉ោង។ ទោះ​យ៉ាង​ណា វត្តមាន​ពលកម្ម​កុមារ​ក្រោម​អាយុ ១៥​ឆ្នាំ​មាន​ការ​ថយ​ចុះ។

កម្មករ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស សេវិន.អេនជី (7NG) ក្នុង​ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បន្ទាប់​ពី​ពុល​សន្លប់ នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា ឆ្នាំ​២០១៥។
កម្មករ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស សេវិន.អេនជី (7NG) ក្នុង​ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បន្ទាប់​ពី​ពុល​សន្លប់ នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Sorn Chanratha


ទោះ​បី​ជា​យ៉ាង​ណា លោកស្រី សុគន្ធា កម្មការិនី​នៅ​រោងចក្រ​កាត់​ដេរ​ឲ្យ​ដឹង​ថា រោងចក្រ​ដែល​លោកស្រី​ធ្វើ​ការ ក៏​មាន​ស្ថាប័ន​នានា​មក​ពិនិត្យ​ដែរ ក៏ប៉ុន្តែ​ការ​ត្រួត​ពិនិត្យ​ទាំងនោះ​មិន​សូវ​មាន​ប្រសិទ្ធភាព​ទេ៖ «ពេល ILO ក្រសួង​សុខាភិបាល ចុះ​មក​ពិនិត្យ គេ​ប្រាប់​ឲ្យ​យើង​រៀបចំ​ឲ្យ​បាន​ស្អាត​រៀបរយ តែ​ពេល​ពិនិត្យ​ចប់ ហើយ​គេ​ទៅ​បាត់ រោងចក្រ​មិន​ឃើញ​កែប្រែ​អ្វី​ទេ។ ធ្វើ​ការ​នៅ​រោងចក្រ​មិន​សូវ​ស្រួល​ទេ តែ​ទ្រាំ​តស៊ូ​ដើម្បី​រក​លុយ។ ខ្ញុំ​ដឹង​ថា​គ្មាន​អី​សល់​ទេ។ ផល​ពិបាក​ជាង​គេ គឺ​ជំងឺ»

លោក អៀ សុផល សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ពិភពលោក និង​ការទូត​នៃ​មហាវិទ្យាល័យ​អុកស៊ីឌែនថល (Occidental College) នៅ​សហរដ្ឋ​អាមេរិក បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​របស់​លោក​ឆ្នាំ​២០១៣ ថា​រោងចក្រ​កាត់​ដេរ​តម្រូវ​ឲ្យ​ចូល​ជា​សមាជិក​របស់​សមាគម​អ្នក​កាត់​ដេរ​នៅ​កម្ពុជា (GMAC) ដើម្បី​អាច​នាំ​សម្លៀកបំពាក់​ចេញ​ទៅ​ក្រៅ​ប្រទេស ហើយ​សមាគម​នេះ​ជា​សមាគម​ពាណិជ្ជកម្ម ដែល​មាន​ឥទ្ធិពល​ជាង​គេ​បំផុត​នៅ​កម្ពុជា។ ជីម៉ាក់ ក៏​មាន​ឥទ្ធិពល​ចរចា​ដោះស្រាយ​ជាមួយ​អាជ្ញាធរ ពេល​មាន​បញ្ហា​ពុក​រលួយ​ឲ្យ​លុយ​ក្រោម​តុ​កើត​មាន​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។