ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ព្យាករ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​៧%​នៅ​ឆ្នាំ​២០១៦

0:00 / 0:00

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​៣០ សីហា ធ្វើ​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​មួយ​ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា សម្រាប់​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ នឹង​មាន​កំណើន​ប្រមាណ ៧​ភាគរយ ដែល​ជា​សន្ទុះ​សេដ្ឋកិច្ច​ដែល​កម្ពុជា រក្សា​បាន​ជាច្រើន​ឆ្នាំ​ជាប់ៗ​គ្នា។ អ្នក​សេដ្ឋកិច្ច​ឯកភាព​លើ​ការ​ព្យាករ​នេះ ប៉ុន្តែ​សម្ដែង​នូវ​ការ​ព្រួយ​បារម្ភ​ចំពោះ​លទ្ធភាព​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​គ្រប់គ្រង​កំណើន​សេដ្ឋកិច្ច​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។

ពិធី​ផ្សព្វផ្សាយ​នេះ ធ្វើ​ឡើង​ក្រោម​ការ​ចូលរួម​ពី​តំណាង​ធនាគារ​ពិភពលោក (World Bank) មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ក្នុង​ស្រុក​នានា។ របាយការណ៍​តាមដាន​វឌ្ឍនភាព​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា នេះ សិក្សា​ទៅ​លើ​សូចនាករ​សំខាន់ៗ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៦ ដូចជា​វិស័យ​ឧស្សាហកម្ម កសិកម្ម ទេសចរណ៍ ពន្ធដារ។ល។ ដើម្បី​យក​មក​ធ្វើ​ការ​ព្យាករ។

ឧទាហរណ៍​នៃ​ការ​រក​ឃើញ​មួយ​ចំនួន​នៅ​ក្នុង​របាយការណ៍​នេះ​មាន​ដូចជា កំណើន​វិស័យ​កសិកម្ម​កម្ពុជា ត្រឡប់​មក​ភាព​ប្រក្រតី​វិញ ក្រោយ​ពី​ការ​ធ្លាក់​ចុះ​ខ្លាំង​នៅ​ឆ្នាំ​២០១៥ ដោយសារ​គ្រោះ​ធម្មជាតិ។ វិស័យ​ដឹក​ជញ្ជូន​អចលនទ្រព្យ និង​ការ​នាំ​ចូល​នូវ​វត្ថុ​ធាតុ​ដើម​វិស័យ​កាត់​ដេរ​មាន​ការ​កើន​ឡើង​ខ្លាំង ដែល​ជា​សញ្ញា​បង្ហាញ​ពី​កំណើន​នៃ​ផលិតកម្ម។ របាយការណ៍​ដដែល​នេះ ក៏​បង្ហាញ​ពី​វិស័យ​ដែល​កំណើន​កំពុង​ជួប​ការ​ថមថយ​ដែរ។ កំណើន​វិស័យ​ទេសចរណ៍​នៅ​តែ​បន្ត​ធ្លាក់​ចុះ ដែល​ជា​មូលហេតុ​ទាញ​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​នូវ​វិស័យ​សេវាកម្ម។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វង្សី វិស្សុត មាន​ប្រសាសន៍​ថា ទោះ​បី​ជា​ជួប​ឧបសគ្គ​ខ្លះ​ក៏ដោយ ក៏​សេដ្ឋកិច្ច​កម្ពុជា នៅ​តែ​រំពឹង​ថា​អាច​សម្រេច​បាន​នូវ​គោលដៅ ៧​ភាគរយ​ដូច​ការ​កំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ។ ឧបសគ្គ​ធំ​ដែល​អាច​ប៉ះពាល់​លើ​កម្ពុជា នោះ គឺ​ភាព​មិន​ច្បាស់លាស់​នៃ​សេដ្ឋកិច្ច​អន្តរជាតិ ពោល​គឺ​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ បន្ទាប់​ពី​ការ​ចាកចេញ​នៃ​ចក្រភព​អង់គ្លេស ពី​សហភាព​អឺរ៉ុប និង​ជាពិសេស​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ប្រទេស​ចិន ដែល​កម្ពុជា កំពុង​មាន​ចំណង​ស្អិតល្មួត​ជាមួយ៖ « ខ្មែរ​យើង​ដូច​គេ​ដែរ។ ប្រទេស​ណា​ក៏​ទៅ​រក​ចិន ព្រោះ​ចិន មាន​ប្រភព​កំណើន​ធំ​ជាង​គេ។ ម្នាក់ៗ​រត់​ទៅ​រក​ចិន គ្រប់​គ្នា។ កម្ពុជា ពឹងពាក់​លើ​ចិន លើ​រឿង ៣​ចំណុច​ធំ។ ទី​មួយ ចិន ជា​វិនិយោគិន​ធំ​ជាង​គេ។ ទី​ពីរ ចិន ជា​ប្រភព​ផ្តល់​ជំនួយ​ដល់​កម្ពុជា ច្រើន​ជាង​គេ។ ទី​បី ចិន ជា​ប្រភព​ទេសចរណ៍​ធំ​ជាង​គេ »

ប្រធាន​សមាគម​សេដ្ឋកិច្ច​កម្ពុជា លោក ច័ន្ទ សុផល ឯកភាព​ទៅ​លើ​ការ​ព្យាករ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​លោក​ថា របាយការណ៍​នេះ​ផ្អែក​ទៅ​លើ​ស្ថិតិ​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន ក៏ប៉ុន្តែ​កំណើន ៧​ភាគរយ​នេះ​ជា​តួលេខ​ម៉ាក្រូ​សេដ្ឋកិច្ច ដែល​អាច​បង្ហាញ​ស្ថានភាព​មធ្យម​របស់​សេដ្ឋកិច្ច តែ​មិន​មែន​ឆ្លុះ​បញ្ចាំង​ពី​តថភាព​សេដ្ឋកិច្ច​កម្ពុជា ទាំង​ស្រុង​ឡើយ៖ « តួលេខ​ទាំងនេះ​ជា​តួលេខ​ម៉ាក្រូ​សេដ្ឋកិច្ច ឧទាហរណ៍​កំណើន​សេដ្ឋកិច្ច ៧​ភាគរយ​ជា​តួលេខ​រួម​នៅ​ក្នុង​ប្រទេស។ ប្រជាពលរដ្ឋ​សួរ​ខ្ញុំ​ថា កសិករ​ខ្លះ​ដូច​អត់​មាន​កើន​អី​ទេ មាន​តែ​ក្រ​ជាង​មុន។ បើ​ពួក​គាត់​ជួប​គ្រោះ​រាំង​ស្ងួត ឬ​បញ្ហា​ផ្សេងៗ​ធ្វើ​ឲ្យ​ចំណូល​គាត់​ធ្លាក់​ចុះ។ ការ​ពិត​បើ​ប្រជាពលរដ្ឋ​មើល​ពី​ចំណុច​ទាប មីក្រូ​មក​វិញ​គឺ​មាន​ភាព​ខុស​គ្នា​ច្រើន​ណាស់ »

កំណើន​សេដ្ឋកិច្ច​កម្ពុជា ជាង ៧​ភាគរយ​នៅ ៤-៥​ឆ្នាំ​ចុង​ក្រោយ​នេះ ត្រូវ​បាន​លោក ច័ន្ទ សុផល ថា​មួយ​ផ្នែក​ធំ​បាន​មក​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​កម្ពុជា-ចិន ដែល​ជា​រឿង​មួយ​អ្នក​សិក្សា​មួយ​ចំនួន​ថា​គួរ​ឲ្យ​ព្រួយ​បារម្ភ។

នៅ​ក្នុង​អត្ថបទ​ស្រាវជ្រាវ​មួយ​ស្ដីពី​ឥទ្ធិពល​ចិន ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​របស់​សហព័ន្ធ​អ្នក​វិទ្យាសាស្ត្រ​អាមេរិក បង្ហាញ​ថា ប្រទេស​ចិន មាន​គោលការណ៍​មិន​លូក​ដៃ​ក្នុង​រឿង​ផ្ទៃក្នុង​ប្រទេស​ដែល​ខ្លួន​វិនិយោគ​ទេ មាន​ន័យ​ថា ចិន មិន​ខ្វល់​ឡើយ​ថា លុយ​វិនិយោគ​របស់​គេ​ត្រូវ​ឆ្លង​កាត់​ប្រព័ន្ធ​ដែល​ពុក​រលួយ ឬ​គ្មាន​តម្លាភាព​យ៉ាង​ណា​ទេ។

អ្នក​វិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​អនាគត លោក អ៊ូ វីរៈ សម្ដែង​ការ​ព្រួយ​បារម្ភ​ទៅ​លើ​តួលេខ​នេះ ថា​តើ​កំណើន​សេដ្ឋកិច្ច ៧​ភាគរយ​បាន​ទៅ​ដល់​ប្រជាជន​ក្រីក្រ ឬ​នៅ​ក្បែរ​បន្ទាត់​ក្រីក្រ​បាន​ចំនួន​ប៉ុណ្ណា​ដែរ? លោក អ៊ូ វីរៈ បាន​បន្ត​ទៀត​ថា កន្លង​មក​រដ្ឋាភិបាល​មិន​មាន​យន្តការ​រៀបចំ​ការ​បែងចែក​ធនធាន​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ បញ្ហា​នយោបាយ និង​អំពើ​ពុក​រលួយ​បាន​ធ្វើ​ឲ្យ​គម្លាត​អ្នក​មាន និង​អ្នក​ក្រ​របស់​កម្ពុជា ស្ថិត​នៅ​អត្រា​ខ្ពស់​ខ្លាំង បើ​ធៀប​នឹង​ប្រទេស​ដទៃ​ក្នុង​តំបន់។ លោក​ថា ប្រហែល​ប្រាំ​ឆ្នាំ​ក្រោយ​ទៀត ទើប​សេដ្ឋកិច្ច និង​នយោបាយ​កម្ពុជា មាន​ភាព​ចាស់​ទុំ​ជាង​នេះ ហើយ​អាច​ចាប់​ផ្ដើម​ដោះស្រាយ​បញ្ហា​គម្លាត​រវាង​អ្នក​មាន និង​អ្នក​ក្រ​នេះ​បាន៖ « ឥឡូវ​នេះ​សេដ្ឋកិច្ច​មិន​ទាន់​ចាស់​ទុំ​ទេ មិន​ទាន់​មាន​ការ​ជជែក​គ្នា​ពី​រឿង​ថា​ធ្វើ​ម្ដេច​អាច​កាត់​បន្ថយ​គម្លាត​រវាង​អ្នក​ក្រ និង​អ្នក​មាន​នោះ​ទេ។ ខ្ញុំ​មើល​ទៅ​មាន​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ប៉ុន្តែ​គម្លាត​នៅ​ដដែល។ ការ​កើន​ឡើង​នៃ​សេដ្ឋកិច្ច​នេះ​ច្រើន​តែ​ទៅ​អ្នក​មាន​រួច​ហើយ។ អ្នក​ក្រ​កើន​ដែរ តែ​កើន​តិចតួច។ គម្លាត​នេះ​វា​ធ្វើ​ឲ្យ​អស្ថិរភាព​ដល់​នយោបាយ​ទៀត។ អ៊ីចឹង​ចង់​មិន​ចង់​ត្រូវ​ដោះស្រាយ​រឿង​គម្លាត​នេះ »

ស្ថិតិ​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បង្ហាញ​ថា អត្រា​ប្រជាជន​កម្ពុជា ដែល​កំពុង​រស់នៅ​ក្រោម​បន្ទាត់​ក្រីក្រ​ធ្លាក់​ពី ៥៣​ភាគរយ​នៅ​ឆ្នាំ​២០០៤ មក​សល់ ១៣,៥% នៅ​ឆ្នាំ​២០១៤ ក៏ប៉ុន្តែ​វា​នៅ​តែ​ជា​ស្ថិតិ​ខ្ពស់​ជាង​គេ​ទី​៤ ក្នុង​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន។ អ្នក​បច្ចេកទេស​របស់​ធនាគារ​ពិភពលោក នៅ​ឆ្នាំ​២០១១ បាន​សរសើរ​ពី​សមត្ថភាព​របស់​កម្ពុជា ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ប៉ុន្តែ​បន្ថែម​ថា ប្រជាជន​ប្រហែល ៤០​ភាគរយ​កំពុង​រស់នៅ​ក្បែរ​បន្ទាត់​ក្រីក្រ​នៅ​ឡើយ ពោល​គឺ​ពួក​គេ​ងាយ​នឹង​ធ្លាក់​ចូល​ក្រោម​បន្ទាត់​ក្រីក្រ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។