ចំនួន​អ្នកក្រ បន្ត​កើន​ឡើង​ច្រើន ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​

0:00 / 0:00

ចំនួន​អ្នកក្រ បន្ត​កើនឡើង​ច្រើន ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩។ មកដល់ពេលនេះ​មេដឹកនាំ​របប​ក្រុងភ្នំពេញ អះអាង​ថា រក​ឃើញ​អ្នក​ក្រីក្រ​បន្ថែម​ជាង ៥ ម៉ឺន​គ្រួសារ​ទៀត ដែល​ធ្វើឲ្យ​ចំនួន​អ្នក​ក្រីក្រ​នៅ​ទូទាំង​ប្រទេស កើនឡើង​ដល់​ជិត ២លាន​កន្លះ។ ប៉ុន្តែ ធនាគារពិភពលោក ថា​អ្នក​ក្រីក្រ​នៅ​កម្ពុជា​ក្នុង​ស្ថានភាព​វិបត្តិ​នេះ អាច​មាន​ច្រើនជាង​នេះ​ពីរ​ដង​ឯណោះ។

បើ​តាម​ការ​អះអាង​របស់​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​ថ្លែង​ក្នុង​ពេល​ចុះទៅ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ កាលពី​ថ្ងៃ​ទី ២១ ខែ​កក្កដា ថា​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​លោក វង សូត្រ ប្រកាស​ថា នៅក្នុង​ខែកក្កដា​នេះ របប​ក្រុងភ្នំពេញ​ត្រូវ​បន្ថែម​លុយ ៣ លាន​ដុល្លារ​ទៀត​ក្នុង​មួយ​ខែ ទៅលើ​លុយ ២៥លាន​ដុល្លារ​មួយ​ខែ ដែល​គ្រោង​ចែក​អ្នកក្រ ក្នុង​រដូវ​កូ​វីដ​-១៩ នេះ។ លោក ហ៊ុន សែន អះអាងបន្ថែម​ថា ការ​កើន​លុយ​ចំណាយ​នេះ គឺ​ដោយសារ​ទើបតែ​រក​ឃើញ​អ្នកក្រ​ថែមទៀត៖ « យើង​កើន​ពី ៥៦ម៉ឺន​គ្រួសារ​ជាង [ គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ ] ដែល​ចំណាយ​ជាង ២៤លាន​ដុល្លារ ទៅដល់ ៦១ម៉ឺន​គ្រួសារ នឹង​ត្រូវ​ចំណាយ ២៨លាន​ដុល្លារ​សម្រាប់​ខែ​កក្កដា​នេះ ព្រោះ​យើង​ស្វែងរក​ឃើញ​គ្រួសារ​ក្រីក្រ​ថ្មី​ប្រមាណ​ជាង ៥ម៉ឺន​គ្រួសារ​បន្ថែម​ទៀត ហើយ​នឹង​បន្ត​រុករក។ បើ​កូវីដ​មិន​ទាន់​ថមថយ​ទេ យើង​ត្រូវ​នៅ​បន្ត​កម្មវិធី​ជំនួយ​សង្គម ប៉ុន្តែ​មិនមែន​បាន​សេចក្ដី​ថា រដ្ឋ​ចិញ្ចឹម​រហូត​ទេ ហើយ​នេះ​ក៏​មិនមែន​រដ្ឋ​ចិញ្ចឹម​ទាំងស្រុង​ដែរ គឺជា​ការ​ប៉ះប៉ូវ »

ជា​ការពិត ការ​ជួយ​លុយ​គ្រួសារ​ក្រីក្រ​ត្រឹម​ម្នាក់ ២០ដុល្លារ ទៅ ៣០ ដុល្លារ​ក្នុង ១ ខែ មិន​អាច​ជួយ​អ្វី​ពួក​គាត់ បាន​ច្រើន​នោះ​ទេ គឺ​គ្រាន់តែ​អាច​ជួយ​ដោះ​ទាល់​បាន​មួយ​គ្រា​តែប៉ុណ្ណោះ។ ម្យ៉ាងទៀត មន្រ្តី​សង្គម​ស៊ីវិល ធ្លាប់​រិះគន់​ថា ជំនួយ​របស់​របប​ក្រុងភ្នំពេញ ហាក់​មាន​ភាពយឺត​យ៉ាវ​ខ្លាំង ព្រោះ​វិបត្តិ​កូ​វីដ​-១៩ នេះ​កើតមាន​តាំងពី​ខែ កុម្ភៈ​មក​ម្ល៉េះ។ ទាល់តែ​ចូល​ខែ មិថុនា ទើប​រដ្ឋ​ចាប់ផ្តើម​ទម្លាក់​លុយ​ខ្លះ។

ការ​ស្រង់​ចំនួន​អ្នក​ក្រីក្រ​នេះ​ទៀតសោត ក៏​រង​ការរិះគន់ ថា​ធ្វើ​មិន​គ្រប់ជ្រុងជ្រោយ ដោយ​មើល​រម្លង​គ្រួសារ និង​កសិករ​ក្រីក្រ​ជាច្រើន។ គ្រួសារ​ក្រីក្រ​ជាច្រើន បាន​ចោទប្រកាន់​អាជ្ញាធរ​ថា​រើសអើង​នយោបាយ បក្ស​ពួក​និយម ចែក​មិន​ស្មើភាព​ជា​និង​មិន​ជូនដំណឹង​ពលរដ្ឋ​ឲ្យបាន​ទូលំទូលាយ​ជាដើម។

ប៉ុន្តែ ខាង​រដ្ឋាភិបាល​វិញ អះអាង​ថា លុយ​នេះ​ចែក​តែ​គ្រួសារ​ណា​ដែល​មាន​ប័ណ្ណ​ក្រីក្រ មិនទាន់​ផុត​សុពលភាព​ប៉ុណ្ណោះ។ អ្នក​ក្រីក្រ​ដែរ ហើយ​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​គ្មាន​បណ្ណ​ក្រីក្រ គឺ​មិន​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​នេះ​ទេ។ ឯ​ពលរដ្ឋ​ទូទៅ រួម​ទាំង​កសិករ អ្នក​បាត់បង់​មុខរបរ និង​បាត់បង់​ការងារ​ធ្វើ​ទាំងអស់ មិន​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​នេះ ឬ​ប្រាក់​ជំនួយ​អ្វី​ផ្សេង​ពីរ​ដ្ឋ​នោះ​ទេ លើកលែងតែ​កម្មករ​រោងចក្រ​កាត់ដេរ និង​បុគ្គលិក​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ ដែល​បាន​ប្រាក់​ព្យួរ​ការងារ​មួយ​ខែ ៤០ដុល្លារ។

លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់​សន្យា​ថា នឹង​បញ្ចេញ​ថវិកាជាតិ​ប្រមាណ ២ពាន់​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​បញ្ហា​វិបត្តិ​ដោយសារ​ជំងឺ​កូ​វីដ​-១៩នេះ។ ប៉ុន្តែ រហូតដល់​ពេលនេះ ប្រាក់ជំនួយ​ដែល​រដ្ឋ​បញ្ចេញ ដើម្បី​ជួយ​ពលរដ្ឋ ជា​សាច់ប្រាក់​សុទ្ធ គឺ​មាន​មិនដល់ ៥ភាគ​រយ នៃ​ការសន្យា​នោះ​នៅឡើយ​ទេ។ នេះ​បើ​គិត​ពី​ចំនួន​ទឹកប្រាក់​ដែល​ចែក​កម្មករ​រោងចក្រ និង​គ្រួសារ​ក្រីក្រ​ជាង ២លាន ៣សែន​នាក់ កាលពី​ខែ មិថុនា។

ក្នុង​ពេល​ជាមួយគ្នា​រដ្ឋាភិបាល​កម្ពុជា ទទួល​បាន​ជំនួយ​ជា​ទឹកប្រាក់​រាប់​រយ​លាន​ដុល្លារ ពី​រដ្ឋាភិបាល​បរទេស​ជាច្រើន ដើម្បី​ជួយ​កម្ពុជា​ដោះស្រាយ​បញ្ហា​កូ​វីដ​-១៩ នេះ។បើ​តាម​ធនាគារ​ពិភពលោក (World Bank​) វិបត្តិ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នេះ ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរ​ជិត ២លាន​នាក់ (១,៧៦ លាន​) ប្រឈម​នឹង​ការបាត់បង់​ការងារ​ធ្វើ។ ចំណែក​ឯ​ពលរដ្ឋ​ប្រមាណ

ឲ្យ​ពលរដ្ឋខ្មែរ​ជិត ២លាន​នាក់ (១,៧៦ លាន​) ប្រឈម​នឹង​ការបាត់បង់​ការងារ​ធ្វើ។ ចំណែក​ឯពលរដ្ឋ​ប្រមាណ ០,៥ លាន​នាក់ ទៅ​ជិត ២ លាន​នាក់ (១,៧៦ លាន​) បន្ថែម​ទៀត​នឹង​ធ្លាក់ខ្លួន​ក្រ។

បើ​តាម​តួលេខ​របស់​ធនាគារ​ពិភពលោក​នេះ ចំនួន​អ្នក​ក្រី​នៅ​កម្ពុជា ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ អាច​មាន​ច្រើនជាង​តួលេខ​ដែល​រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច​ប្រកាស រហូតដល់​ទៅ​ពីរ​ដង។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​លោក សន ជ័យ ថ្មីៗ នេះ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ចុះ​ស្រង់​ស្ថិតិ​អ្នកក្រ និង​អ្នក​ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​-១៩ ឲ្យបាន​ទូលំទូលាយ និង​សុ​ក្រិត និង​ឲ្យ​មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ ទើប​អាច​រក​ឃើញ​ចំនួន​អ្នកក្រ​ពិត​ប្រាកដ និង​ដោះស្រាយ​បញ្ហា​ចំ​គោលដៅ។ ឯ​ពលរដ្ឋ​សហគមន៍​ជាច្រើន​តាម​បណ្ដា​ខេត្ត ស្នើ​ឲ្យ​រដ្ឋាភិបាល ជួយ​លុយ​ជាទូទៅ​ដល់​ពលរដ្ឋ​ទាំងអស់ ឲ្យតែ​រង​ផល​ប៉ះពាល់​ដោយ​សារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩នេះ ដោយ​មិន​ចាំបាច់​ទាល់តែ​មាន​ប័ណ្ណ​ក្រីក្រ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។