សហរដ្ឋអាមេរិក និងប្រទេសអង់គ្លេសមិនបានសន្យាថា នឹងបន្តផ្ដល់ការអនុគ្រោះពន្ធ GSP និង EBA ដល់កម្ពុជានោះទេ ប្រសិនស្ថានភាពរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ នៅតែមិនទាន់ត្រូវបាន ស្ដារឱ្យប្រសើរឡើងវិញ។
មន្ត្រីនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាអ្នកស្រី អេមីលី ហ្ស៊ីប៊ើក (Emily Zeeberg) ឱ្យអាស៊ីសេរីដឹងតាមសារអេឡិចត្រូនិក កាលពីថ្ងៃទី២៦ ខែតុលាថា នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាលោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) សង្កត់ធ្ងន់លើចំណុចជាច្រើន ដែលជាបញ្ហាកង្វល់របស់សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិផង នោះគឺបញ្ហានៃការគោរពគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស បញ្ហាសិទ្ធិសេរីភាពពេញលេញរបស់អ្នកនយោបាយបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ដែលតំណាងស្ថានទូតអាមេរិករូបនេះ ថាទាល់តែរដ្ឋាភិបាលកម្ពុជា ចាត់វិធានការជាក់ស្ដែង និងប្រកបដោយអត្ថន័យ ដើម្បីស្ដារបញ្ហាទាំងនេះឡើងវិញតែប៉ុណ្ណោះ ទើបទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក អាចវិវត្តទៅរកភាពល្អប្រសើរឡើងវិញ ពិតប្រាកដបាន។
ទោះជាយ៉ាងនេះក្តី អ្នកស្រី អេមីលី ហ្ស៊ីប៊ើក (Emily Zeeberg) បន្ថែមថា លោក ប៉ាទ្រីក ម័រហ្វី បានជម្រាបទៅប្រមុខរដ្ឋាភិបាលកម្ពុជាថា សហរដ្ឋអាមេរិក រង់ចាំជានិច្ចដើម្បីធ្វើជាដៃគូល្អជាមួយភាគីកម្ពុជា ក្នុងការជួយស្តារស្ថានភាពទាំងនេះ ដើម្បីធ្វើឱ្យកម្ពុជាមានភាពចម្រុងចម្រើន មានប្រជាធិបតេយ្យ និងអធិបតេយ្យ។
ក្នុងជំនួបដដែលនោះ តំណាងសហរដ្ឋអាមេរិក មិនបានលើកឡើងអំពីការសន្យាបន្តផ្ដល់ប្រព័ន្ធការអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក ដល់កម្ពុជានោះទេ។
ខ្លឹមសារពិតនៃជំនួបនោះ មិនឃើញមានផ្សាយក្នុងប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន ទេ។ ជាងនេះទៅទៀត បើទោះបីជាលោក ហ៊ុន សែន ធ្លាប់ជំរុញឱ្យគេផ្ដាច់ការអនុគ្រោះពន្ធ ឬជំនួយដទៃទៀត ដោយសារមិនពេញចិត្តនឹងការដាស់តឿនឱ្យស្ការសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញក៏ដោយ ក៏អ្នកនាំពាក្យនៃក្រសួងការបរទេសលោក កុយ គួង បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុក ដោយរំលេចអំពីការណ៍ដែលកម្ពុជា អរគុណសហរដ្ឋអាមេរិក ដែលបានបន្តផ្ដល់ការអនុគ្រោះពន្ធ GSP ដល់កម្ពុជា៖ «ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក នូវជំនួយឧបត្ថម្ភជាច្រើន និងប្រព័ន្ធអនុគ្រោះផ្នែកសេដ្ឋកិច្ចខាង GSP ដែលសហរដ្ឋអាមេរិកនៅបន្តផ្ដល់ឱ្យដល់កម្ពុជាយើង»។
តាមការពិត សហរដ្ឋអាមេរិក តាំងពីចុងខែកុម្ភៈ ឆ្នាំ២០១៨ បានកាត់ផ្ដាច់ជំនួយទាំងស្រុង ដែលធ្លាប់ផ្ដល់ឱ្យកម្ពុជា លើកលែងតែជំនួយមនុស្សធម៌ប៉ុណ្ណោះ ដោយសារតែការរំលោភសិទ្ធិមនុស្ស និង បំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ។
សព្វថ្ងៃប្រទេសកម្ពុជា នៅទទួលបានការអនុគ្រោះពន្ធ GSP ពីសហរដ្ឋអាមេរិក ដែលបន្តផ្ដល់ឱ្យកម្ពុជា កាលពីខែមេសា ឆ្នាំ២០១៨ សម្រាប់រយៈពេលពីរឆ្នាំ ដែលនឹងមានសុពលភាពដល់ចុងឆ្នាំ ២០២០។
ទោះជាយ៉ាងនេះក្តី ដោយសារស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមិនប្រសើរឡើង សមាជិកសភាអាមេរិកអាមេរិក បានស្នើច្បាប់ឱ្យរដ្ឋាភិបាលអាមេរិក ពិចារណាដកការអនុគ្រោះពន្ធនេះមកវិញ។
សមាជិកព្រឹទ្ធសភាអាមេរិកពីររូបគឺលោក ថិត គ្រូស (TED Cruz) ពីខាងគណបក្សសាធារណរដ្ឋ និងលោក គ្រីស ឃូនស៍ (Chris Coons) ពីខាងគណបក្សប្រជាធិបតេយ្យ កាលពីខែមករា ក៏បានដាក់សេចក្ដីស្នើច្បាប់ស្ដីពីពាណិជ្ជកម្មកម្ពុជាឆ្នាំ២០១៩នេះ ព្រោះពួកគាត់ថា ប្រទេសដែលបំផ្លាញប្រជាធិបតេយ្យ និងរំលោភបទដ្ឋានការងារ និងសិទ្ធិមនុស្ស មិនសមទទួលបានការអនុគ្រោះពន្ធនេះទេ។
មួយខែក្រោយមក សមាជិកសភាមកពីខាងគណបក្សប្រជាធិបតេយ្យ លោក អាឡាន់ ឡូវេនថល (Alan Lowenthal) និងលោក ស្ទីវ ឆាបុត្រ (Steve Chabot) ពីខាងគណបក្សសាធារណរដ្ឋ បានស្នើច្បាប់ស្ដីពីពាណិជ្ជកម្មកម្ពុជាឆ្នាំ២០១៩នេះដែរ។ សេចក្ដីសម្រេចយ៉ាងណាជុំវិញរឿងនេះ កំពុងស្ថិតក្នុងដៃរបស់គណៈកម្មាធិការសភា និងព្រឹទ្ធសភាអាមេរិក។
ទោះជាស្ថិតក្នុងស្ថានភាពបែបនេះក្តី ជំនួបផ្លូវការ ដែលជាផ្នែកមួយនៃពិធីសារ សម្រាប់ការចូលកាន់តំណែងថ្មី នៃឯកអគ្គរដ្ឋទូតរបស់រដ្ឋបរទេសនេះ ត្រូវបានប្រព័ន្ធឃោសនាលោក ហ៊ុន សែន និង មន្ត្រីរបបនេះ ហៅថាជារបត់ថ្មីមួយ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោក ហ៊ុន សែន ដែលជានិច្ចជាកាល ថ្លែងសារវាយប្រហារសហរដ្ឋអាមេរិក ឥតឈប់ឈរនោះ បែរជាណែនាំមន្ត្រីនៅគ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធ្វើសកម្មភាពឱ្យបានព្រមៗគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក។
អ្នកនាំពាក្យរបបលោក ហ៊ុន សែន គឺលោក ផៃ ស៊ីផាន ឯណោះ ដែលធ្លាប់ដៀលមន្ត្រីទូតអាមេរិក ថាជាមនុស្សព្រៃ ជាមន្ត្រីរម៉ិករម៉ក់ និងឱ្យវេចបង្វេចចេញពីកម្ពុជា ដោយសារតែអ្នកទាំងនោះ ហ៊ាននិយាយរិះគន់ការបោះឆ្នោតនៅកម្ពុជានោះ ក៏ប្រែជាសរសេរសារល្អៗ សាទរមន្ត្រីទូតថ្មីរបស់អាមេរិកនេះ។ នៅក្នុងហ្វេសប៊ុក លោក ផៃ ស៊ីផាន ថា “ប្រជាពលរដ្ឋកម្ពុជា ស្វាគមន៍ឯកអគ្គរដ្ឋទូតថ្មីយ៉ាងកក់ក្ដៅ ជាមួយនិងភាពញញឹមរាក់ទាក់ ស្មោះស្ម័គ្រ ឥតលាក់លៀម” និង ថា “អ្វីៗ ដែលមានសព្វថ្ងៃ ក៏មានចំណែកចូលរួម របស់សហរដ្ឋអាមេរិកផងដែរ។ លោក ផៃ ស៊ីផាន ថាកម្ពុជា ជាប្អូនស្រីរបស់អាមេរិក”។
ភាពផ្អែម និងវិជ្ជមាន តែតាមរយៈសម្ដីរបស់មន្ត្រីរបបលោក ហ៊ុន សែន ដែលមើលទៅទំនងជាផ្នែកមួយនៃសារឃោសនា ជាជាងការផ្សព្វផ្សាយការពិតនោះ បានឆ្លុះបញ្ចាំង នៅក្នុងជំនួបមួយទៀតកាលពីខែកញ្ញា រវាងមន្ត្រីការទូតជាន់ខ្ពស់អង់គ្លេសអ្នកស្រី ហិតឌ័រ វីល័រ (Heather Wheeler) ដែលជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអង់គ្លេស និង លោក ប្រាក់ សុខុន ត្រូវបានមន្ត្រីក្រសួងការបរទេសរបបលោក ហ៊ុន សែន គឺលោក មាស គឹមសេង យកមកបកស្រាយប្រាប់អ្នកសារព័ត៌មាន ថាអ្នកស្រី ហិតឌ័រ វីល័រ សន្យាថា ប្រទេសអង់គ្លេស នឹងនៅតែផ្តល់ការអនុគ្រោះពន្ធ EBA ដល់កម្ពុជា និងប្រទេសក្រីក្រដទៃទៀត ពេលអង់គ្លេសចេញពីសហភាពអឺរ៉ុប។ សម្តីរបស់លោក មាស គឹមសេង ត្រូវបានប្រព័ន្ធឃោសនាលោក ហ៊ុន សែន ផ្សាយព្រោងព្រាតទាំងភាសាខ្មែរ និងអង់គ្លេស។
សារនេះធ្វើឱ្យមានប្រតិកម្មតបពីអង្គការយុទ្ធនាការសិទ្ធិកម្មកររោងចក្រកាត់ដេរពិភពលោក នៅអង់គ្លេស (Labour Behind the Label) និងសភាសហជីពពាណិជ្ជកម្ម (Trade Union Congress) ដែលសរសេរញត្តិកាលពីដើមខែតុលា អំពាវនាវឱ្យរដ្ឋាភិបាលអង់គ្លេស បញ្ឈប់ធ្វើសេចក្តីថ្លែងការណ៍ណាមួយ ដែលត្រូវផ្សព្វផ្សាយជាសាធារណៈ នាំឱ្យប៉ះពាល់ដល់ការសម្រេចចិត្តព្យួរការអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប ព្រោះសហភាពអឺរ៉ុបកំពុងពិចារណាព្យួរការអនុគ្រោះពន្ធពីកម្ពុជា ដោយសារបញ្ហារំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ។
បើទោះបីមន្ត្រីរបបលោក ហ៊ុន សែន អះអាងថា អង់គ្លេសបញ្ជាក់ថា នឹងនៅតែបន្តផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់កម្ពុជា ក្រោយអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបយ៉ាងណាក្តី ក៏មន្ត្រីការបរទេសអង់គ្លេស ដែលសុំមិនបង្ហាញអត្តសញ្ញាណ បង្ហើបប្រាប់អាស៊ីសេរី ថាការបន្តផ្តល់ EBA ឬ មិនផ្ដល់ឱ្យកម្ពុជា គឺអាស្រ័យលើសេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលកំពុងពិនិត្យ និង វាយតម្លៃស្ថានភាពរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា ដែលនៅពេលនេះ ប្រទេសអង់គ្លេស ក៏កំពុងជាសមាជិកមួយក្នុងគណៈកម្មការនេះដែរ។
មន្ត្រីដដែលរូបនេះ បញ្ជាក់បន្ថែមថា ប្រទេសកម្ពុជា ស្ថិតក្នុងស្ថានភាពពិសេស ខុសគ្នាពីស្ថានភាពប្រទេសក្រីក្រដទៃទៀត ពិសេសត្រង់ថា កម្ពុជាកំពុងរងការត្រួតពិនិត្យ ជុំវិញស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ដូច្នេះ ការសម្រេច បើទោះបីក្រោយចាកចេញពីសហភាពអឺរ៉ុប ចក្រភពអង់គ្លេសមានសិទ្ធិស្វ័យសម្រេច ដោយឯករាជ្យខ្លួនឯងយ៉ាងក្តី ក៏ការសម្រេចនេះ គឺចៀសមិនផុត ពីស្របតាមអ្វីដែលគណៈកម្មការអឺរ៉ុប នឹងសម្រេចរឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនេះដែរ។
អ្វីដែលមន្ត្រីរបបលោក ហ៊ុន សែន មិនបាននិយាយប្រាប់អ្នកសារព័ត៌មានអំពីកិច្ចប្រជុំនោះ គឺតំណាងអង់គ្លេសជំរុញឱ្យអាជ្ញាធររបបក្រុងភ្នំពេញ គោរពឱ្យបានទៅតាមលក្ខខណ្ឌតម្រូវ នៃប្រព័ន្ធអនុគ្រោះពន្ធ EBA។
មន្ត្រីតំណាងស្ថាប័នរដ្ឋសភានៃរបបលោក ហ៊ុន សែន ឯណោះ ធ្លាប់រងការរិះគន់ពីស្ថាប័នសហភាពអន្តរសភា IPU កាលពីខែតុលា ឆ្នាំ២០១៨ ម្តងដែរ ដោយសារការបន្លំសារ។
មន្ត្រីជាន់ខ្ពស់នៃសហភាពអន្តរសភា IPU ហួសចិត្តនឹងការបន្លំសារនេះ ក្រោយ អ្នកស្រី ឃួន សុដារី អនុប្រធានទី២រដ្ឋសភា ប្រាប់ប្រព័ន្ធឃោសនារបស់របបលោក ហ៊ុន សែន ក្រោយជំនួបជាមួយប្រធានស្ថាប័ន IPU អ្នកស្រី ហ្កាប្រ៊ីឡា គូអេវ៉ាស បារ៉ុន (Gabriela Cuevas Barron) ថាប្រធានស្ថាប័ន IPU រូបនេះបានអបអរសាទរយ៉ាងពេញទំហឹង ហើយវាយតម្លៃខ្ពស់ ជាពិសេសលទ្ធផលដ៏ជោគជ័យ នៃការបោះឆ្នោតឆ្នាំ២០១៨ នៅកម្ពុជា ដែលបានបង្ហាញអំពីលទ្ធិប្រជាធិបតេយ្យ យ៉ាងពិតប្រាកដ។
សារបន្លំនេះ ត្រូវបានអ្នកស្រីប្រធានសហភាពអន្តរសភា សរសេរសារបដិសេធយ៉ាងដាច់អហង្កាភ្លាមៗ នៅលើបណ្ដាញសង្គម Twitter របស់អ្នកស្រី។ អ្នកស្រី ហ្កាប្រ៊ីឡា គូអេវ៉ាស បារ៉ុន បញ្ជាក់ថា ពិតជាមិនបានអបអរសាទរលទ្ធផលបោះឆ្នោតនៅកម្ពុជានោះទាល់តែសោះ។ ផ្ទុយទៅវិញ អ្នកស្រីថែមទាំងបានចោទជាសំណួរ ទៅកាន់គណៈប្រតិភូរដ្ឋសភាឯកបក្សនៃរបបលោក ហ៊ុន សែន អំពីករណីរំលោភសិទ្ធិមនុស្ស ដែលសហភាពអន្តរសភាបានកត់ត្រាទុកទៀតផង។
ក្រោយមក អ្នកស្រី ឃួន សុដារី តាមរយៈមន្ត្រីខុទ្ទកាល័យរបស់អ្នកស្រី ថា នោះជាការភាន់ច្រឡំ និងសុំអធ្យាស្រ័យ។
ក្នុងស្ថានភាព ដែលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ រងការរឹតត្បិតបែបនេះ ការផ្សព្វផ្សាយព័ត៌មាន ពីប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន និង ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដែលខ្វះភាពឯករាជ្យ ត្រូវបានអ្នកវិភាគនយោបាយ និងសង្គមលោក គឹម សុខ យល់ឃើញថា ជាគ្រោះថ្នាក់ធំមួយ ដល់សិទ្ធិសេរីភាព ក្នុងការទទួលបានព័ត៌មានពិត និងត្រឹមត្រូវ សម្រាប់ការសម្រេចចិត្តត្រឹមត្រូវ របស់ប្រជាពលរដ្ឋ ក្នុងការសម្រេចជោគវាសនាអនាគតរបស់ប្រទេសជាតិខ្លួន។ មិនតែប៉ុណ្ណោះ វារឹតតែបង្កើនភាពអាម៉ាស ដល់ស្ថាប័នរដ្ឋាភិបាល និងបាត់បង់ទំនុកចិត្តលើស្ថាប័ននេះ។
ទោះជាយ៉ាងនេះក្តី លោក គឹម សុខ យល់ថា របបលោក ហ៊ុន សែន កំពុងតែទាល់ច្រកខ្លាំង ដែលចៀសមិនផុត ពីការប្រើនយោបាយប្រជាភិថុតិ ដើម្បីបន្លប់ស្ថានការណ៍ ក្នុងបំណងរក្សាកុំឱ្យពលរដ្ឋក្រោកប៉ះបោរប្រឆាំងរបបនេះ កាន់តែខ្លាំងប៉ុណ្ណោះ៖ «ធ្វើការឃោសនាប្រជាភិថុតិបែបហ្នឹង គឺដើម្បីទប់ទល់ការជ្រួលច្របល់ពីមហាជន ដែលរងគ្រោះពី EBA ។ បើមានការច្របូកច្របល់តវ៉ាខ្លាំងពីអ្នករងគ្រោះទាំងនោះ នឹងធ្វើឱ្យគាត់ពិបាកទប់។ អ្វីដែលគាត់ចង់ធ្វើហ្នឹង គឺខំព្យាយាមទប់ស្ថានភាពតាមដំណាក់កាល នៅពេលដែលទឹកចូលច្រមុះកាន់តែខ្លាំង»។
បើតាមអ្នកវិភាគ ដំណោះស្រាយដើម្បីបញ្ចប់វិបត្តិនយោបាយបច្ចុប្បន្ន និងដើម្បីបញ្ចៀសកុំឱ្យសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបព្យួរការអនុគ្រោះពន្ធ គឺមិនមែនលើការខិតខំប្រឹងប្រែងផ្សព្វផ្សាយព័ត៌មានប្រជាភិថុតិទេ ប៉ុន្តែត្រូវខិតខំស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ដោយស្មោះស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។