សម្ព័ន្ធសហគមន៍កសិករ និងអ្នកជំនាញកសិកម្ម លើកឡើងថា ការទម្លាក់ថវិកាចំនួន ៥០លាន ដុល្លាររបស់រដ្ឋាភិបាលលោក ហ៊ុន សែន នៅមានចំនួនតិច និងយឺតពេលដែលមិនអាចធានាតម្លៃ ស្រូវឱ្យបានសមរម្យឡើយ។ ចំណែកក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ត្រេកអរ និង លើកឡើងថា ការបញ្ចេញកញ្ចប់ថវិកានេះ នឹងជួយរក្សាស្ថិរភាពតម្លៃ និងការប្រមូលទិញស្រូវ ពីកសិករ។
សម្ព័ន្ធសហគមន៍កសិករកម្ពុជា និងអ្នកជំនាញវិស័យកសិកម្ម មិនរំពឹងខ្ពស់នោះទេថា កញ្ចប់ថវិកា ៥០លានដុល្លារដែលរដ្ឋាភិបាលឯកបក្សបានបន្តក់ឱ្យធនាគារអភិវឌ្ឍន៍ជនបទនោះ អាចនឹងជួយស្រោចស្រង់តម្លៃស្រូវរបស់កសិករដែលកំពុងតែធ្លាក់ចុះនោះបានឡើយ។
អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន មានប្រសាសន៍ថា ការផ្តល់ថវិកា ៥០លានដុល្លារនេះគឺផ្ដល់ប្រយោជន៍សម្រាប់តែរោងម៉ាស៊ីនកិនស្រូវ ឬក្រុមអ្នកប្រមូល ទិញស្រូវប៉ុណ្ណោះ ប៉ុន្តែមិនបានផ្ដល់ផលប្រយោជន៍ច្រើនដល់កសិករនោះទេ។ លោកមិនរំពឹងថា ក្រុមហ៊ុនរកស៊ីស្រូវអង្ករ អាចប្រមូលទិញស្រូវពីកសិករក្នុងតម្លៃសមរម្យដែលធ្វើឱ្យកសិករពេញចិត្ត នោះឡើយ។ លោក ថេង សាវឿន បន្ថែមថា ទិន្នន័យតម្លៃស្រូវដែលលោកប្រមូលបានពីកសិកររាល់ថ្ងៃ គឺនៅតែធ្លាក់ចុះពី ២រយរៀល ទៅជិត៣រយរៀលក្នុងមួយគីឡូក្រាម។ ជាឧទារហណ៍តម្លៃស្រូវសែនក្រអូបមានតម្លៃខ្ពស់បំផុត ១ពាន់ ៧០ (១.០៧០) រៀលក្នុងមួយគីឡូក្រាម បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំមុនមានតម្លៃចន្លោះ ១ពាន់ ២រយ (១.២០០) រៀល ទៅ ១ពាន់ ៣ (១.៣០០) រយរៀល៖ «ប្រសិនបើថា ដោះស្រាយភ្លាមៗរឿងតម្លៃស្រូវឡើងថ្លៃនេះ ខ្ញុំមើលមិនទាន់ឃើញដំណោះស្រាយបែបនេះទេ។ លទ្ធភាពនេះគឺរដ្ឋាភិបាល គ្រាន់តែ ជួយសម្រួលដល់អ្នករកស៊ីស្រូវអង្ករជាពិសេសរោងម៉ាស៊ីនកិនស្រូវ អាចខ្ចីទិញស្រូវស្តុកទុក ដើម្បីកុំឱ្យស្រូវនេះមិនមានអ្នកទិញតែប៉ុណ្ណោះ ប៉ុន្តែតម្លៃកម្រិតប៉ុណ្ណានោះ វាអាស្រ័យលើទីផ្សារអន្តរជាតិ»។
សម្រាប់ក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញក្តីត្រេកអរយ៉ាងខ្លាំងចំពោះ រដ្ឋាភិបាលដែលទម្លាក់កញ្ចប់ថវិកា ៥០លានដុល្លារនេះ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន លើកឡើងក្នុងលិខិតថ្លែងអំណរគុណចុះថ្ងៃទី៦ ខែធ្នូថា ថវិកា ៥០លានដុល្លារនេះ នឹងជួយសម្រាប់បម្រើវិស័យកសិកម្ម ជាពិសេសប្រើប្រាស់សម្រាប់រក្សាស្ថិរភាពថ្លៃ និងប្រមូលទិញស្រូវពី កសិករ ហើយស្តុកទុក កិនកែច្នៃ និងនាំចេញ ដែលបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់ រាជរដ្ឋាភិបាលក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងវិស័យ ស្រូវអង្ករ ដល់វិស័យឯកជន និងប្រជាកសិករ។
រីឯសហព័ន្ធស្រូវអង្ករកម្ពុជាវិញលើកឡើងថា ការទម្លាក់ថវិកានេះ នឹងជួយសម្រួលឱ្យរោងម៉ាស៊ីន កិនស្រូវ មានលទ្ធភាពប្រមូលទិញស្រូវពូជផ្ការំដួល និងសែនក្រអូប ដែលចាប់ផ្ដើមប្រមូលផលក្នុង ខែធ្នូនេះ។ សហព័ន្ធស្រូវអង្ករកម្ពុជា បញ្ជាក់ថា តម្លៃស្រូវគុណភាពល្អ ផ្កាម្លិះ ផ្ការំដួល និងសែន ក្រអូប មានតម្លៃធ្លាក់ចុះបន្តិចបន្តួចប្រហែល ១០០រៀល ហើយរោងម៉ាស៊ីនកិនស្រូវនៅតែមានតម្រូវការទិញស្រូវច្រើនថែមទៀត។ យ៉ាងណាក្តី កាលពីពេលថ្មីៗនេះ ប្រធានសហព័ន្ធស្រូវអង្ករ កម្ពុជា លោក សុង សារ៉ន បានប្រាប់កាសែតក្នុងស្រុកថា សហព័ន្ធត្រូវការថវិកាខ្ទង់ ២០០លានដុល្លារ បន្ថែមទៀតសម្រាប់ប្រមូលទិញស្រូវពីកសិករ ដើម្បីស្តុកទុកសម្រាប់កិនកែច្នៃឱ្យបានរយៈពេល ៦ខែ។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបបន្ថែមពីអ្នកនាំពាក្យក្រសួងកសិកម្ម លោក ចាន់ ហេង និងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុង សារ៉ន បានទេនៅថ្ងៃទី៧ ធ្នូ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ការធ្លាក់ចុះទាំងតម្លៃ និងការនាំចេញអង្ករនេះ កើតឡើងបន្ទាប់ពីសហភាពអឺរ៉ុប កាលពីថ្ងៃទី១៨ មករា ឆ្នាំ២០១៩ បានកំណត់យកពន្ធលើការនាំចូលអង្ករពីកម្ពុជា សម្រាប់ទីផ្សារអឺរ៉ុប ដោយ ១ឆ្នាំដំបូង ដោយកម្ពុជាត្រូវបង់ពន្ធ ២០០ដុល្លារ ក្នុងមួយតោន។ ឆ្នាំទី២ ត្រូវបង់ពន្ធចំនួន ១៧០ដុល្លារ ក្នុងមួយតោន និងឆ្នាំទី៣ ចំនួន ១៤២ដុល្លារ ក្នុងមួយតោន។
ទិន្នន័យកាលពីថ្ងៃទី៦ ខែធ្នូ របស់សហព័ន្ធស្រូវអង្ករកម្ពុជាបង្ហាញថា តម្លៃស្រូវផ្ការំដួលសើមនៅវាលស្រែ មានតម្លៃចន្លោះ ៩រយ ៥០ (៩៥០) រៀល ដល់ ១ពាន់ ១រយ ៨០សិប (១.១៨០) រៀលក្នុងមួយគីឡូក្រាម។
អ្នកជំនាញវិស័យកសិកម្ម និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ ថ្លែងថា ការទម្លាក់ថវិកា ៥០លានដុល្លារនេះ គឺនៅមានចំនួនតិច និងយឺតពេល ព្រោះកសិករដែលប្រមូលផលកាលពីខែវិច្ឆិកានោះ បានបង្ខំចិត្តលក់ស្រូវក្នុងតម្លៃថោករួចទៅហើយ។ លោកបន្តថា រដ្ឋាភិបាល គួរតែទម្លាក់ទុក ២០០លានដុល្លារ ទិញស្រូវពីកសិករស្តុកទុក ដើម្បីជួយឱ្យតម្លៃស្រូវងើបឡើងវិញ៖ «ក្រៅពីតម្លៃទុនឱ្យវិស័យឯកជន ឱ្យសហគមន៍ដើម្បីទិញ រដ្ឋាភិបាល ក៏ត្រូវទិញស្រូវស្តុកទុកដែរ ក្នុងគោលបំណងពីរ ទី១ គឺជួយទិញដើម្បីកុំឱ្យតម្លៃស្រូវធ្លាក់ចុះ ហើយទី២ ដើម្បីរក្សាសន្តិសុខស្បៀង ព្រោះថា យើងអត់ដឹងថា ពេលខាងមុខគឺមានអ្វីកើតឡើងខ្លះដូចជាហានិភ័យធម្មជាតិជាដើម»។
លោក ថេង សាវឿន និងលោក យ៉ង សាំងកុមារ យល់ថា ដើម្បីធានាតម្លៃស្រូវរបស់កសិករមាន តម្លៃខ្ពស់នោះ លុះត្រាតែរដ្ឋាភិបាល ខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការរៀបចំនិងអនុវត្តគោល នយោបាយគាំទ្រវិស័យកសិកម្មឱ្យបានច្បាស់លាស់ ដូចជាគោលនយោបាយបញ្ចុះថ្លៃដើមត្រូវតែ អនុវត្តឱ្យមានប្រសិទ្ធភាព មិនមែនមានតែនៅលើក្រដាស ជាពិសេសពង្រីងទីផ្សារជាមួយសហគមន៍អន្តរ ជាតិឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។