ប្រជាពលរដ្ឋមួយចំនួននៅខេត្តបាត់ដំបង ប្រកបរបរឡើងត្នោតជាមុខរបរសំខាន់មួយ ដើម្បីរកប្រាក់មកផ្គត់ផ្គង់ជីវភាព និងការរៀនសូត្ររបស់កូនៗ។ មន្ត្រីសង្គមស៊ីវិលស្នើឱ្យអាជ្ញាធរមូលដ្ឋាន គាំទ្រនិងជំរុញឱ្យមានការកែច្នៃអាហារចេញពីទឹកត្នោតឱ្យបានកាន់តែច្រើន ដើម្បីចូលរួមលើកស្ទួយជីវភាពពលរដ្ឋ និងកាត់បន្ថយការនាំចូលទំនិញបរទេស។
បើនិយាយពីរបរឡើងត្នោត ពលរដ្ឋមួយចំនួនអាចនឹងគិតថា មុខរបរប្រភេទនេះ ជាអាជីពមុខរបរតូចតាច មានប្រាក់ចំណូលទាប សម្រាប់កសិករដែលទំនេរពីការធ្វើស្រែចម្ការ។ ក៏ប៉ុន្តែពេលនេះ មុខរបរឡើងត្នោតបានធ្វើឱ្យពលរដ្ឋមួយចំនួនមានជីវភាពធូរធារ តាមរយៈការលក់អនុផល និងផលិតជាភេសជ្ជៈជាដើម។
ពលរដ្ឋមានស្រុកកំណើតនៅខេត្តកំពង់ចាម និងប្រកបរបរឡើងត្នោតនៅឃុំសំរោងក្នុង ស្រុកឯកភ្នំ លោក សួរ ថេង ប្រាប់វិទ្យុអាស៊ីសេរីថា លោកប្រកបរបរនេះអស់រយៈពេល១៩ឆ្នាំមកហើយ ដោយដើរម៉ៅដើមត្នោតអ្នកស្រុក ដើម្បីគាបយកទឹកនិងបេះផ្លែ។ លោកបន្តថា ក្នុងមួយថ្ងៃលោកអាចឡើងត្នោតបានជាង២០ដើម ដោយគាបយកទឹកមកធ្វើទឹកត្នោតជូរ និងផ្អែម។ លោកលើកឡើងថា របរនេះបានផ្ដល់ចំណូលសមរម្យដោយក្នុងមួយថ្ងៃលោកអាច រកប្រាក់បានពី៥ម៉ឺនទៅ១០ម៉ឺនរៀល។ លោកលើកឡើងថា ត្បិតរបរឡើងត្នោតនេះត្រូវការភាពប្រុងប្រយ័ត្ននៅពេលឡើងទៅលើដើម ប៉ុន្តែមុខរបរនេះធ្វើឱ្យជីវភាពគ្រួសារលោកប្រសើរឡើងជាងមុន។
លោក សួរ ថេង៖ «ត្នោតវាមានខែវា(ប្រមូលផល)បានតែខែប្រាំង។ បើវស្សាជួនកាលអត់ផ្កាគាប អត់ទឹកអ៊ីចឹងទៅ ជួនកាលមានដែរ តែពិបាកក្នុងការប្រមូលផល ភ្លៀងផ្គររាល់ថ្ងៃអ៊ីចឹងទៅ»។
នៅកម្ពុជា ខេត្តដែលសម្បូរដើមត្នោតដុះមានដូចជា ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម និងខេត្តព្រៃវែង ជាដើម។ ប៉ុន្តែ ទោះបីជាតំបន់ដែលសម្បូរដើមត្នោត ក៏មិនប្រាកដថា មានទីផ្សារ និងអ្នកគាំទ្រ និងលក់ដាច់ច្រើននោះដែរ។ ជាក់ស្ដែង ពលរដ្ឋដែលប្រកបរបរឡើងត្នោតនៅខេត្តបាត់ដំបង ភាគច្រើនសុទ្ធសឹងតែជាប្រជាពលរដ្ឋមកពីខេត្តកំពង់ចាម។ ពួកគាត់លើកឡើងថា នៅខេត្តកំពង់ចាម មិនសូវមានអ្នកនិយមទទួលទានផ្លែត្នោតខ្ចី និងទឹកត្នោតដូចនៅខេត្តបាត់ដំបងឡើយ។
ពលរដ្ឋម្នាក់ទៀតមានស្រុកកំណើតនៅខេត្តកំពង់ចាម និងប្រកបរបរឡើងត្នោតនៅភូមិតាកុយ សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង លោកស្រី ឆុំ រឹម ឱ្យដឹងថា គ្រួសារលោកស្រីប្រកបរបរនេះជាង២០ឆ្នាំមកហើយ ដោយជួលដីអ្នកស្រុកសម្រាប់ធ្វើកញ្ចុះចំនួនបីសម្រាប់ឱ្យអតិថិជនដែលមកទទួលទានទឹកត្នោតជូរលក្ខណៈជាក្រុម។ លោកស្រីបន្តថា អ្នកស្រុកបាត់ដំបងពេញនិយមបរិភោគទឹកត្នោតផ្អែម និងជូរ ទាំងក្មេងទាំងចាស់ដែលធ្វើឱ្យលោកស្រីអាចប្រកបរបរនេះបានគ្រប់រដូវ។ តែយ៉ាងណាលោកស្រីបន្ថែមថា របរនេះមានភាពនឿយហត់ និងប្រឈមគ្រោះថ្នាក់ខ្លាំងជាពិសេសនៅរដូវវស្សា ខណៈប្ដីលោកស្រីដែលជាអ្នកឡើងត្នោតមានវ័យចំណាស់ទៅហើយ។
លោកស្រី ឆុំ រឹម៖ «ឱ្យកូនទៅរកអ៊ីចឹងទៅ ពេលលក់បានតិចតួចពេលបានមកយើងផ្សែផ្សំទុកបង់ភ្លើងខ្លះទៅ បង់ដីខ្លះទៅ។ គ្រាន់បើជាងធ្វើស្រែវាពិបាក តែបើយើងឡើងត្នោត យើងបានលុយភ្លាមៗ បានមួយស៊ីៗអ៊ីចឹងទៅ ព្រោះជីវិតយើងប្ដូរនឹងដើមត្នោតហ្នឹងហើយ»។
ពលរដ្ឋនៅភូមិតាកុយ ដែលជាអតិថិជនទិញទឹកត្នោតលោកស្រី ឆុំ រឹម គឺលោក នៅ សុជាតិ រៀបរាប់ថា លោកចូលចិត្តផឹកទឹកត្នោតតាំងពីនៅក្មេង និងជួនកាលយកទឹកត្នោតផ្អែមមកស្រូបបាយហូបទៀតផង។ លោកបន្តថា ផលិតផលចេញពីរុក្ខជាតិនេះសុទ្ធតែជារបស់ធម្មជាតិគ្មានជាតិគីមីធ្វើឱ្យប៉ះពាល់សុខភាពឡើយ។ លោកជំរុញឱ្យពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានគាំទ្រ លើកស្ទួយ និងប្រើប្រាស់ផលិតផលនេះឱ្យបានច្រើនដើម្បីលើកទឹកចិត្តឱ្យមានការថែរក្សារបរនេះ។
លោក នៅ សុជាតិ៖ «កាលពី១០ឆ្នាំមុនហ្នឹងក្មេងជំទង់ពេញនិយមណាស់ រឿងពិសាទឹកត្នោតជូរ ឬផ្អែម។ ទិញទឹកត្នោតផ្អែមហ្នឹងមកស្រូបជាមួយបាយកកព្រឹកស្ទើរតែរៀងរាល់ថ្ងៃ»។
ត្នោតច្រើនដុះនៅតាមដីវាល ឬភ្លឺស្រែ អាចមានកម្ពស់លើសពី១០ម៉ែត្រ និងមានអាយុវែងលើសពី៣០ឆ្នាំ។ ត្នោតជារុក្ខជាតិដែលផ្សាភ្ជាប់នឹងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរតាំងពីសម័យបុរាណមក តាមរយៈការផលិតជាឧបករណ៍ប្រើប្រាស់ផ្សេងៗ ក្ដារសម្រាប់ធ្វើផ្ទះ និងទូក ស្លឹកស្រាប់ធ្វើមួក កន្ទេល ផ្លិត គ្រឿងវេចខ្ចប់ ដំបូលផ្ទះ និងជញ្ជាំងផ្ទះ ផ្លែសម្រាប់ធ្វើនំ ឬបង្អែម និងទឹកសម្រាប់ទទួលទាន ឬផលិតជាស្ករជាដើម។
ដោយសារអត្ថប្រយោជន៍ គុណតម្លៃនៃអត្តសញ្ញាណវប្បធម៌ អរិយធម៌ និង ប្រវត្តិសាស្ត្រធម្មជាតិ ដើមត្នោតត្រូវបានចាត់បញ្ចូលជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃកម្ពុជា កាលពីឆ្នាំ២០០៥ ស្ដីពីការកំណត់ប្រភេទសត្វនិងរុក្ខជាតិសម្រាប់និមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។
ជុំវិញរឿងនេះ ជំទប់ទី២ សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង មកពីគណបក្សភ្លើងទៀន លោក រឿន កែប ឱ្យដឹងថា នៅសង្កាត់ក្ដុលដូនទាវ មានពលរដ្ឋប្រកបរបរឡើងត្នោតចំនួន២គ្រួសារ ដែលពួកគាត់មានស្រុកកំណើតនៅខេត្តកំពង់ចាម។
លោក រឿន កែប៖ «នៅជិតផ្ទះខ្ញុំមាន១កន្លែង គាត់លក់ទឹកត្នោតជូរ គាត់ឡើងរាល់ថ្ងៃ»។
ទាក់ទិនរឿងនេះ អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) ប្រចាំនៅខេត្តបាត់ដំបង លោក អ៊ិន គង់ជិត យល់ឃើញថា អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធគួរតែបង្កើតសហគមន៍ចងក្រងនិងរកទីផ្សារឱ្យកសិករ ជាពិសេសទីផ្សារស្ករត្នោត។ លោកសម្លឹងឃើញថា ប្រជាពលរដ្ឋអាចប្រើប្រាស់ទឹកត្នោតឱ្យអស់ពីលទ្ធភាព និងរក្សាទុកបាន យូរ តាមរយៈការកូររំងាស់ធ្វើស្ករដែលអាចផ្គត់ផ្គង់ការប្រើប្រាស់នៅក្នុងស្រុក និងកាត់បន្ថយការនាំចូលពីក្រៅប្រទេសបានមួយកម្រិតផងដែរ។
លោក អ៊ិន គង់ជិត៖ «ចំពោះមន្ត្រីកសិកម្មខេត្តហ្នឹងក៏ត្រូវតែចុះពិនិត្យដើម្បីផ្ដល់បច្ចេកទេសដល់ពួកគាត់ប្រកបរបរហ្នឹង ហើយផ្ដល់បច្ចេកទេសដល់ការដែលគាត់ទៅយកផលទឹកត្នោតពីដើមត្នោតហ្នឹងប្រកបដោយប្រសិទ្ធភាព កុំឱ្យគាត់មានគ្រោះថ្នាក់»។
កសិករឡើងត្នោត ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល សង្ឃឹមថា ក្រសួង និងអង្គការសមាគមពាក់ព័ន្ធ នឹងបង្កើនការគាំទ្រជំរុញផលិតផលចេញពីរុក្ខជាតិត្នោតឱ្យបានកាន់តែច្រើន ដើម្បីចូលរួមអភិរក្សរុក្ខជាតិតំណាងជាតិមួយនេះ និងលើកស្ទួយជីវភាព បង្កើតការងារឱ្យពលរដ្ឋបានកាន់តែច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។