ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB ព្យាករណ៍ថា គ្រួសារ និងក្រុមហ៊ុនឯកជននានានឹងបន្តជួបវិបត្តិ ឬសម្ពាធផ្នែកសេដ្ឋកិច្ច បើទោះបីសេដ្ឋកិច្ចជាតិអាចងើបឡើងវិញក្នុងឆ្នាំ២០២១ នេះក៏ដោយ។
សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលចេញផ្សាយកាលពីថ្ងៃទី២៨ ខែមេសា អោយដឹងថា បើតាមការព្យាករណ៍ សេដ្ឋកិច្ចកម្ពុជាអាចនឹងកើនឡើងវិញចំនួន ៤% ក្នុងឆ្នាំ២០២១ និងជាង ៥% ក្នុងឆ្នាំ២០២២។
នាយិកាប្រចាំកម្ពុជារបស់ធនាគារ ADB អ្នកស្រី សន្យា ដុរ៉ានី ចាម៉ាល (Sunniya Durrani-Jamal) លើកឡើងថា កំណើននេះនឹងជួយបង្កើនប្រាក់ចំណូលគ្រួសារ ប៉ុន្តែមិនមែនគ្រប់វិស័យ និងតំបន់ទាំងអស់នឹងទទួលបានផលប្រយោជន៍ស្មើគ្នានោះទេ។ អ្នកស្រីព្រមានថា ល្បឿនមិនស្មើគ្នានៃការងើបឡើងវិញនៃវិស័យនានានឹងបន្តជាសម្ពាធលើគ្រួសារ និងក្រុមហ៊ុនមួយចំនួន ហើយបញ្ហានេះនឹងធ្វើឱ្យការងើបឡើងសេដ្ឋកិច្ចជារួមមានការយឺតយ៉ាវ។ អ្នកស្រីបន្តថា ចាំបាច់ណាស់ដែលរដ្ឋត្រូវតាមដានមើលជីវភាពគ្រួសារទាំងឡាយ ក៏ដូចជាផ្តល់ការគាំទ្របន្ថែមដល់ពួកគេឱ្យបានដិតដល់។
តាមការព្យាករណ៍របស់ធនាគារ ADB ក្នុងឆ្នាំ២០២១ ផលិតកម្មឧស្សាហកម្មអាចនឹងកើនឡើងជាង ៧% ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារការងើបឡើងវិញនៃវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ការធ្វើដំណើរ ព្រមទាំងកំណើននៃឧស្សាហកម្មធនស្រាលផ្សេងទៀត ដូចជាផលិតផលអេឡិចត្រូនិច និងកង់។ វិស័យកសិកម្មអាចនឹងកើនឡើងជាង១% ដោយសារមានកំណើនផលិតផលកសិកម្ម វារីវប្បកម្ម និងការនាំផលិតផលទៅប្រទេសចិន។ រីឯវិស័យសេវាកម្មនឹងងើបឡើងក្នុងល្បឿនយឺតប្រមាណ៣% នៅឆ្នាំ២០២១ និងជាង៦%ក្នុងឆ្នាំ២០២២។ ប៉ុន្តែវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលចាប់ផ្តើមពីខែកុម្ភៈកំពុងធ្វើអោយវិស័យនេះធ្លាក់ចុះ។ រីឯការរឹតបន្ដឹងការធ្វើដំណើរនៅទូទាំងប្រទេសនឹងធ្វើអោយវិស័យទេសចរណ៍ប៉ះពាល់ និងមិនអាចជួយទៅដល់វិស័យសេវាកម្មឡើយ។ ជាមួយគ្នានេះវិស័យអចលនទ្រព្យអាចនឹងងើបឡើងវិញដែរ ដោយមាននិន្នាការស្រដៀងគ្នានឹងវិស័យឧស្សាហកម្មសំណង់៕