ទីក្រុង​ហុងកុង​ព្រមព្រៀង​ជាមួយ​កម្ពុជា​​លើ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​និង​វិនិយោគ

ដោយ ម៉ៅ សុធានី
2024.08.03
ទីក្រុង​ហុងកុង​ព្រមព្រៀង​ជាមួយ​កម្ពុជា​​លើ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​និង​វិនិយោគ គណៈប្រតិភូមដឹកនាំដោយប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង លោក ចន លី (John Lee) ចាកចេញពីកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៣១ កក្កដា ២០២៤។
រូប៖ ហ្វេសប៊ុកក្រុមប្រឹក្សាអភីវឌ្ឍន៍កម្ពុជា

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​និង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ហុងកុង​និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ ​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ចំនួន​១៣ កាល​ពី​ពេល​ថ្មីៗ។

ភាគី​ទាំង​ពីរ​អះអាង​ថា​​អនុស្សរណៈ​យោគយល់​គ្នា​ទាំង​នេះ ធ្វើ​ឡើង ក្នុង​គោល​បំណង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម ​វិនិយោគ​ ក៏​ដូច​ជា​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​លើក​កម្ពស់​អាជីវកម្ម​រវាង​កម្ពុជា​និង​ទីក្រុង​ហុងកុង។

អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម ​យល់​ថា​ កម្ពុជា​អាច​មាន​ឱកាស​ប្រកួត​ប្រជែង​ពាណិជ្ជកម្ម​ថ្មីៗ ​នៅ​ក្នុង​ទីផ្សារ​ហុងកុង ​ប្រសិន​បើ​កម្ពុជា ​ឆ្លាតវៃ​ក្នុង​ការ​សិក្សា​បទពិសោធន៍ ​ហើយ​បន្ត​ពង្រីក​និង​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ ដើម្បី​ការ​ប្រកួត​ប្រជែង។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​សិក្សា​ស្រាវជ្រាវ ​លោក ​សេក សុជាតិ ​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ថា ​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ​ចំនួន​១៣​ រវាង​កម្ពុជា​និង​ហុងកុង​ គឺ​ជា​ឱកាស​ដែល​ម្ចាស់​អាជីវកម្ម​និង​ប្រទេស​នីមួយៗ​អាច​មើល​ឃើញ​រៀងៗ​ខ្លួន​ដើម្បី​បង្កើត​មុខមាត់​និង​ទំនាក់ទំនង​ទីផ្សារ​ល្អ ​សម្រាប់​វិស័យ​ពាណិជ្ជកម្ម។

លោក សេក សុជាតិ៖ «បើសិនជា​យើង​យក​បញ្ហា​ក្រុមហ៊ុន​ ឬ​ក៏​ទិសដៅ​នៃ​កម្ពុជា​ធ្វើ​ជា​ទីផ្សារ​របស់​គេ​ក៏​ដោយ​ ​ក៏​​ជា​ឱកាស​មួយ​សម្រាប់​កម្ពុជា​ដែរ។ បើសិនជា​កម្ពុជា​មាន​ភាព​ឆ្លាត​វៃ ​ក្នុង​ការ​យក​សមិទ្ធផល​ ដែល​គេ​ធ្លាប់​ប្រើប្រាស់​​​កម្ពុជា​ធ្វើ​ជា​ទីផ្សារ​រួច​ហើយ​នោះ​​​ មក​ធ្វើ​ការ​សិក្សា​អំពី​បទពិសោធន៍​របស់​គេ រួច​ហើយ​ពង្រឹង​សមត្ថភាព​​របស់​ខ្លួន ​ប្រកួតប្រជែង​វិញ​នោះ​ វា​ក៏​ជា​ទីផ្សារ​សម្រាប់​កម្ពុជា​ដែរ ​បើសិន​ជា​កម្ពុជា​​គិត​ក្នុង​ផ្លូវ​វិជ្ជមាន​បែប​នេះ»។

ការ​លើក​ឡើង​បែប​នេះ​ នៅ​ក្នុង​ពេល​ដែល​នាយក​ប្រតិបត្តិ​តំបន់​រដ្ឋបាល​ពិសេស​នៃ​ទីក្រុង​ហុងកុង លោក ចន លី (John Lee Ka-chiu)​ធ្វើ​ទស្សនកិច្ច​ មក​កាន់​កម្ពុជា​ កាល​​ពី​ថ្ងៃ​ទី​៣០-៣១​ខែ​កក្កដា។

ក្នុង​កំឡុង​ពេល​ដំណើរ​ទស្សនកិច្ច ​របស់​ លោក ចន លី​(John Lee Ka-chiu)នៅ​កម្ពុជា​រយៈពេល​២​ថ្ងៃ​នោះ ​គឺ​ទីក្រុង​ហុងកុង​និង​កម្ពុជា ​បាន​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​ចំនួន​១៣​ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម ​និង​វិនិយោគ​ ព្រម​ទាំង​លើក​ទឹក​ចិត្ត​ឱ្យ​កម្ពុជា​ធ្វើ​ជា​ដៃគូ​អាជីវកម្ម​ជា​មួយ​ហុងកុង​ផង។

អនុស្សារណៈ​យោគយល់​គ្នា​ចំនួន​១៣​នេះ ​គឺ​ជា​ការ​បើក​ផ្លូវ​ ឱ្យ​កម្ពុជា​និង​ហុងកុង​ អាច​បង្កើន​ទំនាក់ទំនង​និង​ឱកាស​ថ្មីៗ ​លើ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម ​ដែល​គ្រប​ដណ្ដប់​លើ​វិស័យ​ដូច​ជា ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម​ ការ​ជំរុញ​វិនិយោគ​វិស័យ​អាកាសចរណ៍ ​ព័ត៌មានវិទ្យា ​អចលនទ្រព្យ ​ភស្តុភារ ​ការ​ដឹកជញ្ជូន បដិសណ្ឋារកិច្ច ​ទីផ្សារ​ភាគហ៊ុន​ ម្ហូបអាហារ ​សេវាកម្ម​ហិរញ្ញវត្ថុ​ ភាពយន្ត​និង​ផ្នែក​ថាមពល​ជាដើម។

នាយកប្រតិបត្តិ​របស់​ទីក្រុង​ហុងកុង ​លោក ចន លី​(John Lee Ka-chiu)​បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​ធុរៈកិច្ច ​ក្នុង​ពេល​ធ្វើ​ទស្សនកិច្ច​ កាល​ពី​ថ្ងៃ​ទី​៣០-៣១ ខែ​កក្កដា​ថា ហុងកុង ​កំពុង​ស្វែងរក​ឱកាស​ដ៏​ធំធេង ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​​ ពាណិជ្ជកម្ម​និង​​វិនិយោគ​ជាមួយ​កម្ពុជា ​ដើម្បី​ភាព​រុងរឿង​ទៅ​វិញ​ទៅ​មក​ ក៏​ដូច​ជា​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​ការ​លើក​កម្ពស់​អាជីវកម្ម។

វិទ្យុ​អាស៊ីសេរី ​មិន​អាច​សុំ​ការ​អធិប្បាយ​ ជុំវិញ​សារៈ​សំខាន់​​ស្ដីពី​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ដ៏​ច្រើន ​រវាង​កម្ពុជា​និង​ទីក្រុង​ហុងកុង​នេះ ​ពី​ឧបនាយករដ្ឋមន្ត្រី​និង​ជា​អនុ​ប្រធាន​ទី​មួយ​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​លោក ស៊ុន ចាន់ថុល និង​ពី​ប្រធាន​ក្រុម​អ្នកនាំពាក្យ​រដ្ឋាភិបាល ​លោក ប៉ែន បូណា បាន​នៅ​ឡើយ​ កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា។ 

​សភា​ពាណិជ្ជកម្ម​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ​បង្ហាញ​ថា​បច្ចុប្បន្ន ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ រវាង​កម្ពុជា​និង​ហុងកុង ​គឺ​ជា​ទំនាក់ទំនង​ដ៏​រឹងមាំ​។

សភា​ពាណិជ្ជកម្ម​កម្ពុជា​បញ្ជាក់​ថា ​ចាប់​តាំង​ពី​ឆ្នាំ​២០១៣ ​រហូត​មក​ដល់​ពេល​នេះ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី ​រវាង​ហុងកុង​និង​កម្ពុជា​ បាន​បន្ត​កើន​ឡើង​ជា​លំដាប់​ក្នុង​ទំហំ​ទឹកប្រាក់​ច្រើន​ជាង ១​ពាន់​លាន​ដុល្លារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សង្គមស៊ីវិលបារម្ភថា កសាង​ស្តូប​មិត្តភាព-កម្ពុជា​វៀតណាម​ជាង ២០ខេត្ត/ក្រុង ជា​និមិត្ត​រូប​បំបែក​បំបាក់​សាមគ្គី​ខ្មែរ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។