កម្ពុជា និង​កូរ៉េខាងត្បូង​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​​ពាក់​កណ្ដាល​ឆ្នាំនេះ

ដោយ មាន ឫទ្ធិ
2021.02.04
កម្ពុជា និង​កូរ៉េខាងត្បូង​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​​ពាក់​កណ្ដាល​ឆ្នាំនេះ ជំនួប​រវាង​មេដឹកនាំ​កូរ៉េ​ខាងត្បូង ដឺកនាំ​ដោយ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​ មូន ជេអ៊ីន (Moon Jae-In) និង​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី១៥ ខែ​មីនា ឆ្នាំ​២០១៩។
Photo courtesy of Hun Sen Facebook Page

កម្ពុជា និង​កូរ៉េខាងត្បូង (South Korea) នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី FTA នា​ពាក់​កណ្ដាល​ឆ្នាំនេះ ក្រោយ​ប្រទេស​ទាំងពីរ​ប្រកាស​ថា ទើប​នឹង​បញ្ចប់​ការចរចា នៅ​ថ្ងៃ​ទី​០៣ កុម្ភៈ​។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ពាណិជ្ជកម្ម ឱ្យ​ដឹង​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង​នេះ នឹង​លើកកម្ពស់​ការ​នាំ​ចេញ​របស់​កម្ពុជា ទៅកាន់​ប្រទេស​កូរ៉េ​បន្ថែម​ទៀត ក្នុង​នោះ មាន​ដូចជា សំលៀកបំពាក់ និង​វាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍​អេឡិចត្រូនិក កៅស៊ូ និង​ផលិតផល​កសិកម្ម​ជាដើម​។ រីឯ ការនាំចេញ​បន្ថែម​ពី​កូរ៉េ មក កម្ពុជា វិញ រួមមាន យានយន្ត គ្រឿង​អេឡិចត្រូនិក សម្ភារៈ​អគ្គិសនី ភេសជ្ជៈ ឱសថ និង​ផលិតផល​ប្លាស្ទិក។

ក្រសួង​ពាណិជ្ជកម្ម ឱ្យ​ដឹង​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​នេះ នឹង​ពង្រីក​បន្ថែម​ទីផ្សារ​រវាង​ប្រទេស​ទាំងពីរ លើស​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​មាន​ស្រាប់ ក្នុង​នោះ មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង អាស៊ាន និង​កូរ៉េ (AKFTA) និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP)

ក្រៅពី​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​នឹង​កូរ៉េខាងត្បូង និង​ចិន នា​រយៈពេល​ចុងក្រោយ​នេះ កម្ពុជា​ក៏​មាន​មហិច្ឆតា​ជំរុញ​ចរចា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ជាមួយ​ប្រទេស​រុស្ស៊ី (Russia) សហភាព​សេដ្ឋកិច្ច​អឺរ៉ាស៊ាន (EAEU) ប្រទេស​ឥណ្ឌា (India) និង​ចក្រភព​អង់គ្លេស (UK)​។ កម្ពុជា បាន​ជំរុញ​ការ​ចរចា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​ជា​បន្តបន្ទាប់ ក្រោយ​សហភាព​អឺរ៉ុប បាន​ប្រកាស​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០%​។ ក្រុម​អ្នក​ជំនាញ​ធ្លាប់​ព្រមាន​ថា ការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ប្រទេស​ផ្សេងៗ នឹង​មិន​អាច​ធានា​បាន​ថា ប្រទេស​ទាំងនោះ នឹង​ទទួល​ទិញ​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា ហើយ​អាច​ឱ្យ​កម្ពុជា​ចំណេញ​ច្រើន​ដូច​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប និង GSP របស់​សហរដ្ឋអាមេរិក​នោះ​ទេ​។ ពួកគេ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី មិនមែន​ជា​រឿង​ល្អ​ទេ​សម្រាប់​កម្ពុជា ដោយសារតែ​កម្ពុជា នឹង​នាំចូល​កាន់តែ​ច្រើន​បន្ថែម​ទៀត​ពី​ប្រទេស​ទាំងនេះ។ ពួកគេ​ក៏​ព្រមាន​ដែរ​ថា ប្រសិនបើ​កម្ពុជា​គ្មាន​ផលិតផល​ត្រូវ​នាំចេញ​បន្ថែម​នោះ​ទេ នោះ​វា​នឹង​ក្លាយ​ជា​ការ​ធ្វើ​អត្តឃាត​ខ្លួនឯង ខណៈ​ឧស្សាហកម្ម​ទន់ខ្សោយ​ក្នុងស្រុក​នឹង​ត្រូវ​ដួល​រលំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។