កម្ពុជាបរាជ័យក្នុងការនាំអង្ករចេញឱ្យបាន១លានតោន
2019.03.15
មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ថា កម្ពុជាមិនអាចនាំអង្ករចេញទៅលក់នៅក្រៅប្រទេស តាមគោលដៅឱ្យបាន ១លានតោន នោះឡើយ។
ការថ្លែងរបស់លោក ហ៊ុន សែន នេះ ធ្វើឡើងក្នុងឱកាសចូលរួមបិទសន្និបាត បូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម កាលពីថ្ងៃទី១៤ ខែមីនា។
លោក ហ៊ុន សែន លើកឡើងថា មូលហេតុដែលមិនអាចនាំអង្ករចេញ បាន ១លានតោន ដោយលទ្ធភាពនៃការកែច្នៃអង្កររបស់កម្ពុជានៅមានកម្រិត ហើយថ្លៃដើមនៃការផលិតក៏នៅខ្ពស់ នាំឱ្យពិបាកក្នុងការប្រកួតប្រជែងនៅទីផ្សារអន្តរជាតិ។ លោកបន្តថា ដើម្បីការពារតម្លៃស្រូវរបស់កសិករធ្លាក់ចុះនោះ ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជ ត្រូវរួមគ្នា ចាត់វិធានការកុំឱ្យថ្លៃដើម នៃការផលិតរបស់កសិករយើងធ្លាក់ចុះ ដើម្បីអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងយើង៖ «បញ្ហាមិនសម្រេចគោលដៅ គឺការកែច្នៃសម្រាប់នាំចេញនៅមានកម្រិត។ យើងត្រូវធ្វើការរួមគ្នា ដើម្បីឱ្យថ្លៃដើម នៃការផលិតរបស់កសិករយើងធ្លាក់ចុះ អាចប្រកួតប្រជែងជាមួយប្រទេសជិតខាងយើង។ ឧទាហរណ៍ ហ្វីលីពីនត្រូវការអង្ករ ១លានតោន ដោយដាក់ឱ្យដេញថ្លៃ ប៉ុន្តែកម្ពុជាមិនអាចដេញថ្លៃឈ្នះគេទេ ដោយសារតែផលិតផលអង្ករ របស់យើងវាមានតម្លៃខ្ពស់។ ដូច្នេះយើងត្រូវរិះរកគ្រប់វិធី ដើម្បីកាត់បន្ថយតម្លៃ នៃការផលិតរបស់ប្រជាជនយើង»។
លោក ហ៊ុន សែន បន្តថា ក្រសួងទាំងពីរ ត្រូវបន្ថែមកិច្ចសហការសម្រេចឱ្យបាននូវគោលដៅនាំចេញអង្ករទៅកាន់ទីផ្សារចិន និងវៀតណាម ចំនួនសរុប ៧០ម៉ឺនតោន ក្នុងនោះទីផ្សារចិនចំនួន ៤០ម៉ឺនតោន និងទីផ្សាររបស់វៀតណាម ចំនួន៣០ម៉ឺនតោន។ តួលេខនៃការនាំអង្ករចេញបង្ហាញថា កាលពីឆ្នាំ២០១៧ កម្ពុជា បាននាំចេញអង្ករយកទៅលក់នៅទីផ្សារអន្តរជាតិ បានជាង ៦៣ម៉ឺនតោន ប៉ុន្តែឆ្នាំ២០១៨ ការនាំអង្ករចេញជាង ៦២ម៉ឺនតោន ដែលថយចុះប្រមាណជា ១ម៉ឺនតោន បើធៀបកាលពីឆ្នាំ២០១៧។ កាលពីដើមឆ្នាំ២០១៩ សហគមន៍អឺរ៉ុប បានសម្រេចយកពន្ធអង្ករខ្មែរដែលនាំទៅលក់នៅទីផ្សារអឺរ៉ុប។ ដូច្នេះកម្ពុជា ត្រូវខាតបង់យ៉ាងហោចណាស់ជាង ៥០លានដុល្លារក្នុងមួយឆ្នាំៗ ពីការតម្រូវឱ្យបង់ពន្ធលើការនាំចូលអង្ករទៅកាន់សហភាពអឺរ៉ុប៕