អ្នកវិភាគសង្គមនិងសេដ្ឋកិច្ចយល់ថា ថ្វីត្បិតតែបច្ចុប្បន្នទំនាក់ទំនងនយោបាយរវាងរដ្ឋាភិបាលសហរដ្ឋអាមេរិកនិងរដ្ឋាភិបាលកម្ពុជាមិនស៊ីសង្វាក់គ្នាជុំវិញការរំលោភសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យក្តី ក៏ប៉ុន្តែកម្ពុជានៅតែពឹងផ្អែកលើទីផ្សាររបស់សហរដ្ឋអាមេរិកនៅឡើយ។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាបញ្ចេញរបាយការណ៍មួយរកឃើញថា ក្នុងរយៈពេល៧ខែឆ្នាំ២០២៤ បាននាំចេញទំនិញទៅកាន់សហរដ្ឋអាមេរិកនាំមុខគេ ក្នុងទំហំទឹកប្រាក់ជាង៥ពាន់លានដុល្លារ ក្នុងចំណោមទឹកប្រាក់នាំចេញសរុបជាង១៤ពាន់លានដុល្លារ ខណៈដែលកម្ពុជានាំចេញទៅកាន់ប្រទេសចិន ដែលជាមិត្តដែកថែប ក្នុងទំហំទឹកប្រាក់ជិត ១ពាន់លានដុល្លារ។
អ្នកអត្ថាធិប្បាយនយោបាយលើកឡើងថា ការដែលកម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានតួលេខនាំមុខគេ ក្នុងរយៈពេល៧ខែឆ្នាំ២០២៤ គឺជាភស្តុតាងដែលបញ្ជាក់ថា សេដ្ឋកិច្ចរបស់កម្ពុជា នៅទីពឹងលើសហរដ្ឋអាមេរិកនៅឡើយ បើទោះបីជាពេលនេះ កម្ពុជា ហាក់លំអៀងការទំនាក់ទំនងនយោបាយទៅរកប្រទេសចិនក៏ដោយ។
លោក គឹម សុខ បញ្ជាក់ទៀតថា បច្ចុប្បន្ននេះកម្ពុជាមិនអាចពឹងផ្អែកសេដ្ឋកិច្ចទាំងស្រុង ទៅលើប្រទេសចិន ដែលជាមិត្តដែកថែបបានទេ។
ប្រសិនបើកម្ពុជា ចង់បានសេដ្ឋកិច្ចរីកចម្រើន គឺត្រូវកែលំអទំនាក់ទំនងនយោបាយនិងទីផ្សារពាណិជ្ជកម្មនៅអឺរ៉ុប នៅជប៉ុននិងប្រទេសដែលជាសម្ព័ន្ធមិត្ត ជាមួយសហរដ្ឋអាមេរិកឱ្យប្រសើរឡើងវិញ។
លោក គឹម សុខ៖ «សព្វថ្ងៃរដ្ឋាភិបាលកម្ពុជានៅមានដង្ហើមខ្លះ ដោយសារតែទីផ្សារសហរដ្ឋអាមេរិកនៅតែមានការអនុគ្រោះខ្លះ ហើយនិងបង្កើតកិច្ចទំនាក់ទំនងយោគយល់គ្នាខ្លះ។ ប៉ុន្តែប្រសិនបើក្រុមលោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត នៅតែមានៈមិនស្ដាប់យោបល់របស់អាមេរិកលើទិដ្ឋភាពនយោបាយ មួយចំនួនទេ ប្រសិនបើអាមេរិកបិទទីផ្សារ គឺរដ្ឋាភិបាលលោកហ៊ុន ម៉ាណែតដកដង្ហើមមិនរួចទេ។ បើសង្ឃឹមទៅលើទីផ្សាររបស់ចិន បើទោះបីជាឃើញមានកំណើននាំចេញយ៉ាងណាក្តី ប៉ុន្តែជាទីផ្សារប្រកួតប្រជែងដែលមិនមានចំណេញច្រើនឡើយ»។
ការលើកឡើងរបស់អ្នកវិភាគដូចនេះ បន្ទាប់ពីតួលេខពាណិជ្ជកម្មនៃការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារបរទេសបង្ហាញថា សហរដ្ឋអាមេរិក គឺជាទីផ្សារធំជាងគេ ក្នុងពេលដែលកម្ពុជា តែងរំពឹងទៅលើចិន ជាមិត្តដែកថែបនោះ។
ស្ថិតិពាណិជ្ជកម្មអន្តរជាតិ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ ដែលចេញផ្សាយកាលពីពេលថ្មីៗឱ្យដឹងថា រយៈពេល៧ខែឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញក្នុងទំហំទឹកប្រាក់ជាង១៤ពាន់លានដុល្លារ ទៅកាន់ទីផ្សារជាច្រើនប្រទេស។ ទំហំទឹកប្រាក់នាំចេញនេះ មានការកើនឡើងជាង១៤ ភាគរយ បើធៀបទៅនិងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។
ស្ថិតិពាណិជ្ជកម្មអន្តរជាតិ បញ្ជាក់ថា ក្នុងរយៈពេល៧ខែឆ្នាំនេះ កម្ពុជាបាននាំចេញទំនិញទៅកាន់សហភាពអឺរ៉ុបមាន អាល្លឺម៉ង់(Germany) អេស្ប៉ាញ (Spain) អង់គ្លេស(England) ហូល្លងដ៍ (Netherlands) និងបារាំង (France)ក្នុងទំហំទឹកប្រាក់ជាង១ពាន់(១៦៧២)លានដុល្លារ ក៏ប៉ុន្តែការនាំចេញទៅកាន់សហរដ្ឋអាមេរិក (United State) ច្រើនជាងគេ ក្នុងទំហំទឹកប្រាក់ជាង ៥ពាន់ (៥.៥០០) លានដុល្លារ ខណៈដែលការនាំចេញទៅប្រទេសចិន (China) ក្នុងទំហំទឹកប្រាក់ជិត ១ពាន់លានដុល្លារ ស្ថិតក្នុងលំដាប់ទី៣ បន្ទាប់ពីវៀតណាមជាង ២ពាន់ (២.២០០) លានដុល្លារនោះ។
វិទ្យុអាស៊ីសេរី មិនអាចសុំការអធិប្បាយជុំវិញការកើនឡើងនៃការនាំចេញទំនិញទៅកាន់សហរដ្ឋអាមេរិកនេះ ពីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បាននៅឡើយ កាលពីថ្ងៃទី១៤ ខែសីហា។
ប៉ុន្តែអគ្គនាយកដ្ឋានគយនិងរដ្ឋាករឱ្យដឹងថា ក្នុងរយៈពេល៧ខែឆ្នាំ២០២៤ កម្ពុជា បាននាំចេញទំនិញទៅកាន់ទីផ្សារបរទេសជាច្រើនប្រភេទ ដូចជាស្បែកសត្វ ស្បែកសិប្បនិមិត្ត ក្រដាស ក្រដាសកាតុង កប្បាស អាលុយមីញ៉ូម វត្ថុធ្វើពីអាលុយមីញ៉ូម ដែក ដែកថែប វត្ថុធាតុប្លាស្ទិក វត្ថុធ្វើពីប្លាស្ទិក ផលិតផលដែលចាក់ដោយម្ជុល សរសៃអំបោះសិប្បនិមិត្តខ្លីៗ ជ័រកៅស៊ូ និងវត្ថុដែលធ្វើពីកៅស៊ូជាដើម។
អ្នកវិភាគបញ្ហាសង្គមនិងនយោបាយយល់ថា បើទោះបីជាកម្ពុជាបាននាំចេញផ្នែកពាណិជ្ជកម្ម ទៅកាន់សហរដ្ឋអាមេរិក មានតួលេខនាំមុខគេក្តី ក៏វាមិនមានន័យថាទំនាក់ទំនងនយោបាយ រវាងរដ្ឋាភិបាលកម្ពុជានិងអាមេរិក ប្រសើរឡើងទេ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការសិក្សាស្រាវជ្រាវ លោក សេក សុជាតិ មានប្រសាសន៍ថា បច្ចុប្បន្ននេះរដ្ឋាភិបាលសហរដ្ឋអាមេរិកនិងរដ្ឋាភិបាលកម្ពុជា មិនមានទំនាក់ទំនងល្អ ក្នុងវិស័យនយោបាយឡើយ ប៉ុន្តែការនាំចេញទំនិញទៅសហរដ្ឋអាមេរិក ដោយសារតែទំនាក់ទំនងរវាងអ្នកជំនួញនិងអ្នកជំនួញ។
លោក សេក សុជាតិ៖ «មើលទៅហាក់ដូចជានៅក្នុងទំនាក់ទំនងល្អរវាងនយោបាយកម្ពុជានិងអាមេរិក ដោយសារតែសហរដ្ឋអាមេរិក ប្រកាន់យកគោលការណ៍ប្រជាធិបតេយ្យ ហើយកម្ពុជា កំពុងដើរចេញពីគោលការណ៍ប្រជាធិបតេយ្យ ដូច្នេះវាជារបត់មួយដែលធ្វើឱ្យប្រទេសទាំងពីរ មិនអាចដើរស្របគ្នានៅក្នុងទិដ្ឋភាពនយោបាយប្រជាធិបតេយ្យតែមួយបានទេ។ បច្ចុប្បន្នការដែលកម្ពុជាមានទំនាក់ទំនងពាណិជ្ជកម្មល្អ ដោយសារតែប្រជាពលរដ្ឋនិងប្រជាពលរដ្ឋមានទំនាក់ទំនងដោយមិនខ្វល់ពីរឿងទិដ្ឋភាពនយោបាយជាធំប៉ុណ្ណោះ»។
រយៈពេលជាង១០ឆ្នាំមកនេះ រដ្ឋាភិបាលកម្ពុជា ដែលគ្រប់គ្រងអំណាច ដោយត្រកូលហ៊ុន បានផ្លាស់ប្ដូរឥរិយាបថ បែរចេញពីទំនាក់ទំនងល្អផ្នែកនយោបាយជាមួយសហរដ្ឋអាមេរិក ហើយងាកទៅបង្កើនកិច្ចសហប្រតិបត្តិការទាំងការទូត នយោបាយនិងវិស័យយោធា ស្អិតល្មួតជាមួយប្រទេសចិន។
រដ្ឋាភិបាលកម្ពុជាតែង រំពឹងស្ទើរតែទាំងស្រុង ទាំងកម្ចី ជំនួយ ការវិនិយោគនិងការអភិវឌ្ឍសេដ្ឋកិច្ច ដោយពឹងផ្អែកទៅលើប្រទេសចិន។ ប៉ុន្តែភាពជាក់ស្ដែងក្តីរំពឹងរបស់រដ្ឋាភិបាលកម្ពុជានេះ បានត្រឹមតែធ្វើឱ្យខកបំណង ដោយសារតែការនាំចេញទំនិញពីកម្ពុជា ទៅកាន់ប្រទេសចិន គឺស្ថិតនៅក្នុងលំដាប់ក្រោមប្រទេសវៀតណាមផង។
ជុំវិញរឿងនេះ អ្នកសិក្សាកិច្ចការសង្គមនិងនយោបាយ លោក ប៉ោ មករា យល់ឃើញថា បច្ចុប្បន្នថ្វីត្បិតតែរដ្ឋាភិបាលកម្ពុជា បង្ហាញពីទំនាក់ទំនងការទូតនិងនយោបាយ ជាមិត្តដែកថែប ជាមួយចិន ដែលធ្វើឱ្យក្រុមហ៊ុនចិនជាច្រើន ចូលមកវិនិយោគនិងធ្វើពាណិជ្ជកម្មនៅកម្ពុជាក្តី ក៏ប៉ុន្តែភាគច្រើននៃក្រុមហ៊ុនចិនទាំងនោះ ពុំបានផ្ដល់ផលប្រយោជន៍អ្វីសមរម្យ ដល់ពលរដ្ឋកម្ពុជាទេ។
លោក ប៉ោ មករា៖ «ជាទូទៅក្រុមហ៊ុនវិនិយោគរបស់ចិនមកដល់កម្ពុជាតាមរយៈការរកស៊ី ធ្វើពាណិជ្ជកម្ម ការលក់ដូរជាទំនិញអ្វីក៏ដោយ យើងមិនឃើញបានផ្ដល់ផលប្រយោជន៍ឱ្យប្រជាពលរដ្ឋខ្មែរ នៅកំរិតមូលដ្ឋានប៉ុន្មានទេ បើបានគឺតិចតួច។ អ្នកជំនួញចិន គាត់មករកស៊ីដោយមិនខ្វល់ពីការគោរពសិទ្ធិមនុស្ស មិនខ្វល់ពីសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនិងការរស់នៅ មិនខ្វល់ពីរឿងរំលោភបំពានទៅលើពលរដ្ឋដែលជាម្ចាស់ស្រុកអីទេ ។ ចំណុចទាំងអស់ហ្នឹងយើងឃើញថា ភាពលេចធ្លោរបស់ចិន នៅតែឈានមុខគេ ក្នុងចំណោមប្រទេសផ្សេងៗ»។
កិច្ចសហប្រតិបត្តិការល្អជាមួយចិន ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ មិនត្រឹមតែពលរដ្ឋកម្ពុជា មិនបានទទួលផលប្រយោជន៍សមរម្យទេ គឺថែមទាំងធ្វើឱ្យកម្ពុជាជំពាក់បំណុលចិនចំនួនជាង៤ពាន់លានដុល្លារ ក្នុងចំណោមបំណុលសរុបជាង១ម៉ឺន ប្រាំមួយរយ(១០,៦៦៧,២៥0,000)លានដុល្លារ ដែលកម្ពុជាជំពាក់បរទេស។
បន្ថែមលើនេះ ជំនួយចិន ក្នុងការសាងសង់មូលដ្ឋានកងទ័ពជើងទឹក នៅសមុទ្ររាម កាលពីឆ្នាំ២០២២ កំពុងធ្វើឱ្យសហរដ្ឋអាមេរិក និងប្រទេសជាច្រើន ក្នុងតំបន់ ព្រួយបារម្ភ ចំពោះវត្តមានកងទ័ពចិន នៅលើទឹកដីកម្ពុជា ក្នុងរឿងវាទីភូមិសាស្ត្រនយោបាយ។
ថ្មីៗនេះកម្ពុជានឹងជំពាក់បំណុលចិនថែមទៀត លើគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលត្រូវចំណាយប្រាក់ជាង១ពាន់(១,៧)លានដុល្លារអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
