កម្ពុជា​នឹង​ជំពាក់​បំណុល​ចិន​កាន់​តែ​ច្រើន​លើ​កម្ចី​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​និង​ស្ពាន

0:00 / 0:00

នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ឱ្យ​ដឹង​ថា កម្ពុជា​នៅ​តែ​មាន​ផែន​ការ​កសាង​ស្ពាន​ឆ្លង​ទន្លេ​ធំៗ​ ស្ពាន​អាកាស និង​ស្ពាន​ខ្សែក្រវាត់​ក្រុង​ជា​ច្រើន​ទៀត​នៅ​ពេល​ខាង​មុខ។

គម្រោង​និង​ផែនការ​កសាង​ស្ពាន​ដ៏​ច្រើន​ទាំង​នេះ ​ភាគ​ច្រើន​ពឹង​ផ្អែក​ទៅ​លើ​កម្ចី​ពី​ប្រទេស​ចិន​ ដែល​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា​ កម្ពុជា​នឹង​ជំពាក់​បំណុល​ចិន​កាន់​តែ​ច្រើន​ឡើង។

ក្រុម​អ្នក​សិក្សា​ការ​អភិវឌ្ឍន៍​​ព្រួយ​បារម្ភ​ថា កម្ពុជា​នឹង​ជំពាក់​បំណុល​ចិន​វ័ណ្ឌក បើ​រដ្ឋាភិបាល​នៅ​តែ​ពឹង​ផ្អែក​លើ​កម្ចី​របស់​ចិន យក​មក​អភិវឌ្ឍន៍​ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ និង​ស្ពាន​កាន់​តែ​ច្រើន​ទៅៗ​នោះ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត ​និង​ការ​ស្រាវជ្រាវ​ លោក សេក សុជាតិ មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​កម្ពុជា​បាន​ជំពាក់​បំណុល​បរទេស​ជា​ច្រើន​ ដែល​ក្នុង​ចំណោម​នោះ បំណុល​របស់​ប្រទេស​ចិន​ មាន​តួលេខ​នាំ​មុខ​គេ។

លោក សេក សុជាតិ បញ្ជាក់​បន្ថែម​ថា ថ្វីត្បិត​តែ​រដ្ឋាភិបាល​ត្រូវការ​ថវិកា​យក​មក​អភិវឌ្ឍន៍ ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ផល​ប្រយោជន៍​រួម​ក្តី​ ក៏​កម្ពុជា​នឹង​ជំពាក់​បំណុល​ចិន​ច្រើន​ថែម​ទៀត។

លោក សេក សុជាតិ៖ «បើសិន​ជា​ការ​ខ្ចី​បុល​នឹង​បន្ត​កើន​ឡើង ​នៅ​ថ្ងៃ​អនាគត​យើង​ក៏​ពិបាក​ថ្លែង​និង​ពិបាក​សន្និដ្ឋាន​បាន​ថា តើ​កម្ពុជា​នឹង​ឈាន​ដល់​ចំណុច​ណា?។ អ្វី​ដែល​ជា​ក្តី​ព្រួយ​បារម្ភ​នៅ​ត្រង់​ថា​ កម្ពុជា​នឹង​អាច​ក្លាយ​ជា​កូន​បំណុល​មួយ​ដែល​មាន​ផល​លំបាក​សម្រាប់​អនាគត បើសិន​ជា​ចំនួន​ប្រាក់​ដែល​ខ្ចី​បុល​ពី​ចិន​ឡើង​ទៅ​ដល់​កម្រិត​​អតិបរមា​មួយ ដែល​សេដ្ឋកិច្ច​ កម្ពុជា​មិន​អាច​ឆ្លើយ​តប ឬ​ក៏​គ្រប់​គ្រង​បាន​នៅ​ពេល​អនាគត»។

ការ​បង្ហាញ​ក្តី​ព្រួយ​បារម្ភ ​របស់​អ្នក​សិក្សា​និង​ស្រាវជ្រាវ​សង្គម​ដូច​នេះ​ បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា នៅ​មាន​ផែនការ​កសាង​ស្ពាន​ឆ្លង​ទន្លេ​ ស្ពាន​អាកាស និង​ស្ពាន​​ក្រវាត់​ក្រុង​ជា​ច្រើន​ទៀត​ ដោយ​ពឹង​ផ្អែក​ទៅ​លើ​ជំនួយ​និង​កម្ចី​ពី​ប្រទេស​ចិន។

នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លង​កាត់​ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈថា ជា​ច្រើន​ឆ្នាំ​មក​នេះ​ ចិន​បាន​ជួយ​សាងសង់​ស្ពាន​នៅ​កម្ពុជា​ចំនួន​១៦ និង​ផ្លូវ​ថ្នល់​ទាំង​នៅ​ក្នុង​ទី​ប្រជុំជន ​នៅ​តំបន់​ដាច់​ស្រយាល និង​តំបន់​ដែល​មាន​ភាព​ស្មុគស្មាញ​ដោយ​ត​ភ្ជាប់​នឹង​បណ្ដា​ប្រទេស​ជិត​ខាង​ផង។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ទៀត​ថា បើ​ទោះ​បី​ជា​បច្ចុប្បន្ន​កម្ពុជា​​មាន​ស្ពាន​ឆ្លង​ទន្លេ​ធំ​ៗ​ចំនួន​២៥​ក៏​ដោយ​ ក៏​កម្ពុជា​នៅ​តែ​មាន​ផែនការ​សង់​ស្ពាន​ជា​ច្រើន​ថែម​ទៀត។

លោក ហ៊ុន ម៉ាណែត៖ «ឥឡូវ​យើង​កំពុង​រៀបចំ​ផែនការ ​ធ្វើ​បន្ត​ទៀត។ ឥឡូវ​រៀបចំ​ធ្វើ​ស្ពាន​ពី​ផ្សារ​ចាស់ ឆ្លង​ទៅ​អរិយក្សត្រ​ ស្ពាន​កំពុង​សិក្សា​ធំ​​វែង​ជាង​គេ​នៅ​ខេត្ត​កំពង់ឆ្នាំង ផ្លូវ ៥០​សេ។ស្ពាន​ហ្នឹង​ធ្វើ​ហើយ​ ប្រវែង​ជាង ៣​គីឡូម៉ែត្រ។ ដូច្នេះ​ការ​វិវត្តន៍​នេះ​សួរ​ថា យើង​ចប់​ហើយ​ឬ​នៅ?គឺ​មិន​ទាន់​ចប់​ទេ។ ​ឥឡូវ​មិន​ត្រឹម​តែ​ស្ពាន​លើ​ទឹក​ទេ យើង​នឹង​ធ្វើ​ស្ពាន​លើ​ដី​ទៀត ​ហើយ​កន្លែង​ខ្លះ​ ស្ទះ​ចរាចរណ៍​ពេក​គឺ​យើង​ធ្វើ​ស្ពាន​លើ​អាកាស​ ហើយ​ទៅ​មុខ​ទៀត ​មិន​មែន​មាន​តែ​ស្ពាន​មួយ​កំណាត់​នោះ​ទេ ​គឺ​ប្រហែល​ជា​យើង​ត្រូវ​ធ្វើ​ស្ពាន​ជា​ខ្សែ​ក្រវាត់​ក្រុង»។

រីឯ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ​លោក វ៉ាង វិនធាន (Wang Wentian) ក៏​បាន​ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាង​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​បាសាក់ (ចាក់អង្រែក្រោម-ព្រែក​ប្រា) ​ដែល​ជា​កម្ចី​របស់​ចិន​មួយ​ទៀត ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ​ដែរ​ថា ភាគី​ចិន​ពេញ​ចិត្ត​សហការ​ជាមួយ​កម្ពុជា​នៅ​ក្នុង​ក្របខណ្ឌ​នៃ​កិច្ច​សហ​ប្រតិបត្តិការ (ត្បូង​ពេជ្រ) ហើយ​ចិន​នឹង​បង្កើន​ការ​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​ថែម​ទៀត​នៅ​កម្ពុជា។

ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឱ្យ​ដឹង​ថា គិត​មក​ដល់​ត្រីមាស​ទី​៣ ឆ្នាំ​២០២៣​ កម្ពុជា​បាន​ជំពាក់​បំណុល​បរទេស​ចំនួន​ជាង ១ម៉ឺន​ប្រាំ​មួយ​រយ (១០,៦៦៧,២៥0,000)លាន​ដុល្លារ​អាមេរិក។ ក្នុង​ចំណោម​បំណុល​បរទេស​នោះ កម្ពុជា​ជំពាក់​ចិន​ច្រើន​ជាង​គេ គឺ​ចំនួន​ជាង ៤​ពាន់​លាន​ដុល្លារ (៤.០១១,៣៤ លាន​ដុល្លារ)។

បើ​ទោះ​បី​ជា​យ៉ាង​ណា ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ នៅ​តែ​អះអាង​ថា សេដ្ឋកិច្ច​កម្ពុជា ​នៅ​តែ​អាច​គ្រប់​គ្រង​បំណុល​បាន។

វិទ្យុ​អាស៊ី​សេរី​ មិន​អាច​សុំ​ការ​អធិប្បាយ​បញ្ហា​នេះ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ លោក មាស សុខសេនសាន ​បាន​ទេ​នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ។

ក៏​ប៉ុន្តែ ​ក្រុម​អ្នក​វិភាគ និង​តាម​ដាន​ការ​អភិវឌ្ឍ​សង្គម ​បាន​មើល​ឃើញ​ផ្សេង​ពី​នេះ​ ដោយ​ថា​សេដ្ឋកិច្ច ​ដែល​កម្ពុជា​អាច​គ្រប់​គ្រង​បាន​នោះ គឺ​គ្មាន​អ្វី​ក្រៅ​ពី​វិធានការ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​បង់​ពន្ធ​កាន់​តែ​ច្រើន​ថែម​ទៀត ដើម្បី​រក​លុយ​ទៅ​សង​បំណុល​នោះ​ទេ។

អ្នក​សិក្សា​កិច្ចការ​សង្គម និង​នយោបាយ​ លោក ​ប៉ោ មករា​ យល់​ឃើញ​ថា បញ្ហា​បំណុល​ បើ​ទោះ​បី​ជា​ស្ថិត​ក្នុង​ទម្រង់​បែប​ណា​ក៏​ដោយ​ គឺ​នៅ​តែ​ជា​បញ្ហា​សម្រាប់​ពល​រដ្ឋ និង​ប្រទេស​ជាតិ។​

លោក ប៉ោ មករា ​ព្រួយ​បារម្ភ​ថា ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ដូច​បច្ចុប្បន្ន​នេះ​ កម្ពុជា​អាច​នឹង​វ័ណ្ឌក​ដោយសារ​តែ​បំណុល។

លោក ប៉ោ មករា៖ «វា​ជា​ការ​ព្រួយ​បារម្ភ​ គឺ​នៅ​ពេល​ដែល​ចំណូល​សេដ្ឋកិច្ច​យើង​ទាប​ ហើយ​យើង​ចេះ​តែ​មាន​បំណុល​ទៅ​ៗ​ ដូច្នេះ​វា​នឹង​ឈាន​ទៅ​រក​បំណុល​វ័ណ្ឌក ពីព្រោះ​យើង​ឃើញ​បច្ចុប្បន្ន​ ស្ថានភាព​សេដ្ឋកិច្ច​ គឺ​វា​មិន​ល្អ​ទេ​ សម្រាប់​ពិភព​លោក​ទាំង​មូល​។ នៅ​ក្នុង​ប្រទេស​ របស់​យើង​កសិករ​ក៏ដោយ​ ពលរដ្ឋ​សាមញ្ញ​ក៏​ដោយ​កម្មករ​ក៏ដោយ ​គឺ​សុទ្ធ​តែ​បាត់​បង់​ចំណូល​។ ដូច្នេះ​ទាំង​អស់​ហ្នឹង​គឺ​ជា​បញ្ហា​មួយ​ដែល​នឹង​ធ្វើ​ឱ្យ​ប្រទេសជាតិ​ របស់​យើង​នឹង​មាន​បញ្ហា​ដោយសារ​បំណុល​។ពលរដ្ឋ​​​វ័ណ្ឌក​ផង ហើយ​ជាតិ​ទាំង​មូល​ក៏​វ័ណ្ឌក​ដែរ»។

ប្រសិន​បើ​កម្ពុជា​ជំពាក់​បំណុល​ចិន វ័ណ្ឌក រើ​មិន​រួច​នោះ ​គេ​មិន​ដឹង​ថា តើ​នឹង​មាន​រឿង​អ្វី ​អាច​កើត​ឡើង​ទេ។ ក៏ប៉ុន្តែ ​ប្រទេស​មួយ​ចំនួន​ដូច​ជា​ ស្រីលង្កា (Sri Lanka) ដែល​ជំពាក់​បំណុល​ចិន​ធ្ងន់​ធ្ងរ​ ហើយ​គ្មាន​លទ្ធភាព​សង​ប្រាក់​បំណុល​ទាន់​ពេល​កំណត់​ ត្រូវ​ចិន​រឹប​អូស​យក​សមិទ្ធផល​សំណង់​មួយ​ចំនួន ដូច​ជា​កំពង់ផែ ហាំបានតូតា (Hambantota)ជាដើម។

ការ​វិភាគ​មួយ​ធ្វើ​ឡើង​ដោយ​ភ្នាក់ងារ​សារព័ត៌មាន ​អេ.ភី(AP) របស់​អាមេរិក​ កាល​ពី​ខែ​ឧសភា​ ឆ្នាំ​២០២៣ ​រក​ឃើញ​ថា​ ប្រទេស​ក្រីក្រ​ចំនួន​១២ ​នៅ​លើ​ពិភពលោក​កំពុង​ប្រឈម​នឹង​អស្ថិរភាព​​សេដ្ឋកិច្ច​ និង​ឈាន​ទៅ​រក​ការ​ដួល​រលំ​ដោយសារ​តែ​ជាប់​បំណុល​បរទេស​ខ្លាំង ​ជា​ពិសេស​ជំពាក់​ម្ចាស់​បំណុល​ចិន។

កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត គម្រោង​អភិវឌ្ឍន៍​ជា​ច្រើន​ក្រោម​កម្ចី និង​ជំនួយ​របស់​ចិន​ ដែល​កំពុង​អនុវត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ធ្វើ​ឱ្យ​មាន​ការ​បារម្ភ​ថា​ កម្ពុជា​អាច​ផុង​ខ្លួន​កាន់​តែ​ជ្រៅ​ ទៅ​ក្នុង​អន្ទាក់​​ភូមិសាស្ត្រ​នយោបាយ​របស់​ចិន។

គម្រោង​ទាំង​នោះ​ មាន​ដូច​ជា​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​ នៅ​ខេត្ត​ស្ទឹងត្រែង ​ស្ពាន​ឆ្លង​ទន្លេ​ នៅ​ស្រុក​ស្ទឹងត្រង់ ខេត្ត​ត្បូងឃ្មុំ ពហុ​កីឡដ្ឋាន​ជាតិ​មត៌ក​តេជោ ភ្នំពេញ ផ្លូវ​ល្បឿន​លឿន ​ភ្នំពេញ-ព្រះសីហនុ មន្ទីរពេទ្យ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ព្រលាន​យន្តហោះ ​នៅ​ខេត្ត​កណ្ដាល និង​កោះកុង គម្រោង​ព្រែកជីក​ហ្វូណន តេជោ កំពង់ផែ​សមុទ្រ​នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម និង​កំពង់ផែ​ទឹក​ជ្រៅ​នៅ​ខេត្ត​​កោះកុង​ជា​ដើម។

អ្នក​វិភាគ​យល់​ថា បើ​កម្ពុជា​ចង់​ជៀស​ផុត​ពី​បំណុល​​វ័ណ្ឌក​​របស់​ចិន កម្ពុជា​គួរ​តែ​បង្វែរ​ម្ចាស់​បំណុល​ចេញ​ពី​ចិន​ ហើយ​ងាក​មក​គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ឆ្នាំ​១៩៩១​ឡើង​វិញ​ ដោយ​បើក​លំហ លទ្ធិប្រជាធិបតេយ្យ​​គោរព​សិទ្ធិមនុស្ស​ និង​សេរីភាព​បញ្ចេញមតិ ឱ្យ​គណបក្ស​នយោបាយ​និង​សង្គម​ស៊ីវិល​ពេញលេញ​ នោះ​​ទើប​កម្ពុជា​​អាច​ទទួល​បាន​ការ​អនុគ្រោះ និង​អាច​ស្វែង​រក​ជំនួយ​និង​កម្ចី ពី​បណ្ដា​ប្រទេស​​លោក​សេរី​ផ្សេងៗ​ទៀត​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។