រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ឱ្យ​ក្រុមហ៊ុន​​កាណាដា​រុករក​ប្រេង​និង​ឧស្ម័ន​នៅ​ប្លុក​៨

រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ឱ្យ​ក្រុមហ៊ុន​កាណាដា​មួយ​ឈ្មោះ អ៊ីនើខេម (EnerCam) ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​អង្គរ (Angkor Resources) ដើម្បី​ធ្វើការ​រុករក​ប្រេង​និង​ឧស្ម័ន នៅ​តំបន់​ប្លុក​៨ (VIII) លើ​ផ្ទៃដី​ប្រមាណ​ជាង ៧​ពាន់​គីឡូ​ម៉ែត្រការ៉េ ស្ថិត​នៅ​ដីគោក តំបន់​អាង​កំពង់សោម។ កម្ពុជា​បែងចែក​តំបន់​សម្រាប់​ការ​រុករក​ប្រេងកាត រួម​មាន ៦ ប្លុក នៅក្នុង​សមុទ្រ និង នៅ​លើ​គោក​មាន​ចំនួន ១៩ ប្លុក​ផ្សេងទៀត។

សេចក្តី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃទី​៣ ខែ​តុលា របស់​ក្រុមហ៊ុន​អង្គរ ដែល​មាន​ទីស្នាក់ការ​នៅ​ខេត្ត​អាល់ប៊ឺរតា (Alberta) នៃ​ប្រទេស​កាណាដា ឲ្យ​ដឹង​ថា ការ​រុករក​ដំណាក់កាល​ដំបូង​នៅ​ប្លុក​៨ (VIII) គឺ​សម្រាប់​រយៈពេល​៣ ឆ្នាំ បន្ទាប់​មក​នឹង​បន្ត រយៈពេល​២​ឆ្នាំ​ម្ដង។ លក្ខខណ្ឌ​នៃ​ការ​អភិវឌ្ឍ និង​ផលិតកម្ម មាន​រយៈពេល ២៥​ឆ្នាំ ដោយ​អាច​ពន្យារ​ថ្មី​បន្ថែម​ទៀត​បាន​។ ការរុករក​នេះ នឹង​ធ្វើ​ឡើង នៅ​ខាងក្រៅ​តំបន់​ឧទ្យាន ដែល​ជា​ផ្នែក​មួយ​នៃ​អាណត្តិ​អភិបាលកិច្ច​បរិស្ថាន​សង្គម (ESG) របស់​ក្រុមហ៊ុន EnerCam ហើយ​ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នេះ ជួយ​ការពារ​ឧទ្យាន​ជាតិ​ភ្នំក្រវាញ ព្រះមុនីវង្ស និង​ឧទ្យាន​ជាតិ​គិរី​រម្យ។

ប្រធាន​ក្រុមហ៊ុន អ៊ីនើខេម (EnerCam) លោក ម៉ៃ វីគស៍ (Mike Weeks) អះអាង​ថា ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​រុករក​ប្រេង​និង​ឧស្ម័ន​នេះ ក្រុមហ៊ុន​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ប្រេង និង​ឧស្ម័ន​របស់​កម្ពុជា ដែល​ជា​ឱកាស​ដ៏​ធំ​មួយ ដើម្បី​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ថ្មី នៅ​ប្រទេស​កម្ពុជា​។ លោក​បន្ត​ថា ប្រការ​ដែល​មាន​ប្រភព​ធនធាន​ថាមពល​រយៈពេល​វែង សម្រាប់​ឧស្ម័ន​ធម្មជាតិ (LNG) ប្រេង​ឥន្ធនៈ និង​ផលិតផល​ជាច្រើន​ប្រភេទ​ទៀត នឹង​ជំរុញ​ប្រទេស​កម្ពុជា វិវត្ត​ដល់​កម្រិត​ថ្មី​មួយ​យ៉ាង​ប្រសើរ​ថែមទៀត។

លោក ម៉ៃ វីគស៍ ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា តាម​ការ​ពិនិត្យ​ជាបឋម នៅ​តំបន់​ប្លុក​៨ ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ដី បាន​រក​ឃើញ​ការ​ជ្រាប​ប្រេង និង​ឧស្ម័ន ជាច្រើន​កន្លែង នៅ​ទូទាំង​តំបន់​គោលដៅ​នេះ ហើយ​ដែល​លោក​ជឿជាក់​ថា វា​ជា​សក្ដានុពល​ដ៏​សំខាន់ សំរាប់​ការ​រុករក​ប្រេង​និង​ឧស្ម័ន​នេះ។

ពាក់ព័ន្ធ​ការរុករក​ប្រេង​នេះ រដ្ឋាភិបាល​កម្ពុជា ធ្លាប់​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ ឆឺ វឺរ៉ុន (Chevron Overseas Petroleum) ដែល​ជា​ក្រុមហ៊ុន​ប្រេង​ដ៏​ធំ​មួយ​របស់​សហរដ្ឋអាមេរិក ក៏ប៉ុន្តែ​ក្រោយមក​ក្រុមហ៊ុន​មួយ​នេះ ក៏​បាន​បោះបង់​សិទ្ធិ​រុករក​និង​អាជីវកម្ម​បូម​ប្រេង ដោយ​សម្រេច​លក់​គម្រោង​វិនិយោគ​ឲ្យ​ទៅ​ក្រុមហ៊ុន​គ្រីស អ៊ិននឺហ្យី (Kris Energy) របស់​ប្រទេស​សិង្ហ​បុរី ក្នុង​តម្លៃ ៦៥​លាន​ដុល្លារ​អាមេរិក ដើម្បី​បន្ត​អាជីវកម្ម​បូម​ប្រេង​ក្នុង​ប្លុក​អេ (A) ឬ​ប្លុក​អប្សរា​។

រហូតដល់​ពាក់កណ្តាល​ឆ្នាំ​២០២១ ទើប​ក្រុមហ៊ុន Kris Energy បូម​បាន​ប្រេង​ឆៅ ចំនួន​ជិត​៣០​ម៉ឺន​បារ៉ែល (២៩៥.០០០) ប៉ុន្តែ​ប្រេង​ទាំងនេះ ត្រូវ​បាន​ក្រុម​នាវិក​នៃ​កប៉ាល់ ឈ្មោះ MT Strovolos លួច​ដឹក​ចេញ​ពី​ដែនទឹក​កម្ពុជា កាលពី​ខែ​មិថុនា ឆ្នាំ​២០២១​។ ការ​លួច​ដឹក​ចេញ​នេះ ភាគី​ក្រុមហ៊ុន​នាវា​ដឹក​ប្រេង អះអាង​ថា ដោយសារ​ក្រុមហ៊ុន KrisEnergy មិន​បាន​បង់ប្រាក់​​ឱ្យ​ខ្លួន ក្រោយ​ពី​ក្រុមហ៊ុន​នេះ បាន​ប្រកាស​ក្ស័យធន។

លទ្ធផល​ការ​ចរចា​ចុងក្រោយ​របស់​ក្រសួង​រ៉ែ និង​ថាមពល ក្នុង​ការ​ទាមទារ​យក​ប្រេង​ឆៅ​កម្ពុជា ជិត​៣០​ម៉ឺន​បារ៉ែល ពី​ម្ចាស់​កប៉ាល់ MT Strovolos នេះ​ត្រូវ​បាន​បញ្ចប់​តាមរយៈ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​លក់​ប្រេង​ឆៅ​ទាំងនេះ​។ លោក ជៀប សួរ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន កាល​ពី​ចុងខែ​កញ្ញា​ថា កម្ពុជា​ទទួល​បាន​ប្រាក់​ចំនួន​៧០% នៃ​តម្លៃ​សរុប​ប្រមាណ​ជាង​២០​លាន​ដុល្លារ ដែល​បាន​មក​ពី​ការ​លក់​ប្រេង​ឆៅ​ទាំងនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។