ពលរដ្ឋ​​ត្អូញ​ត្អែរ​​សាំង​​ឡើង​​ថ្លៃ ខណៈ​​អាជ្ញាធរ​​មាន​​មោទនភាព​​នឹង​​​ការ​​ប្រមូល​​ពន្ធដារ​​​បាន​​ច្រើន​​លើស​​ផែន​ការ​​​រាល់​ខែ

0:00 / 0:00

ប្រជា​ពលរដ្ឋ​មួយ​ចំនួន​​​​ ចាប់​ផ្ដើម​ត្អូញត្អែរ​​រឿង​​ប្រេង​​សាំង​​​ឡើង​ថ្លៃ​​ឡើងវិញ​ ក្នុង​គ្រា​ដែល​​ពួកគាត់​កំពុង​រងគ្រោះ​​​ពី​​វិបត្តិ​ជំងឺ​កូវីដ១៩​ បំប្លែង​ថ្មី​ អូមីក្រុង​ (Covid-19 Omicron) ​​ម្ដ​ង​​ទៀត​។ ​ការ​​ត្អូញត្អែរ​រឿង​តម្លៃ​​​សាំង​នេះ កើត​ឡើង​ក្រោយ​ពេល​អាជ្ញាធរ​ពន្ធដារ​​បង្ហាញ​ថា រដ្ឋ​​ប្រមូល​ពន្ធ​បាន​លើស​ផែន​ការ​​ទាំង​នៅ​ឆ្នាំ​២០២១ និង​​នៅ​ដើម​ឆ្នាំ​២០២២​នេះ។​​ ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ ​រក​យន្តការ​ដោះស្រាយ​បញ្ហា​​​​នេះ​ បើ​ពុំ​ដូច្នេះ​ទេ​ ពលរដ្ឋ​​នឹង​ធ្លាក់​ខ្លួន​ក្រីក្រ​ យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​ស្ថាន​ភាព​​កំពុង​លំបាក​នេះ។

ពលរដ្ឋ​​ក្រីក្រអះអាង​ថា ​​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ ពួកគាត់​​រង​ផល​ប៉ះពាល់​ពី​ការ​ឡើង​ថ្លៃ​សាំង​ខ្លាំង​ ដោយសារ​ការ​រក​ចំណូល​ធ្លាក់​ចុះ តែ​ត្រូវ​ចំណាយ​ច្រើន​​ជាង​​សព្វ​ដង។​

អ្នក​រត់​​រ៉ឺម៉ក​​សណ្ដោង ឬ​កង់បី​​​នៅ​រាជធានី​ភ្នំពេញលោក​ សឿង អសោក ​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​សាំង​ហក់​ឡើង​មួយ​លីត្រ​ជិត​ប្រាំ​ពាន់​ (៥.០០០)​ រៀល​មក លោក​​រត់​រ៉ឺម៉ក​​មិន​សូវ​សល់​លុយ​ទេ។ លោក​ព្រួយ​បារម្ភ​ថា ខែ​នេះ លោក​នឹង​មិន​មាន​លុយ​សង​បំណុល​ធនាគារ​ឡើយ ព្រោះ​​​​ជំងឺ​កូវីដ​១៩ ​ប្រភេទ​បំប្លែង​ថ្មី​​ អូមីក្រុង កំពុង​ឆ្លង​ខ្លាំង​​ ហើយ​សាំង​ក៏​ប្រជែង​ឡើង​ថ្លៃ​ ​តាម​​គ្នា​ដែរ។

លោកបន្ត​​ថា នៅ​ពេល​សាំង​ឡើង​ថ្លៃ បណ្ដាល​ឲ្យ​ទំនិញ​គ្រប់​មុខ​ឡើង​ថ្លៃ​តាម​ ប៉ុន្តែ​ប្រាក់​ឈ្នួល​របស់​កម្មករ ការ​ប្រកប​របរ​រកស៊ី​របស់​​អ្នក​​រត់​រ៉ឺម៉ក់​កង់បី ឬ​អ្នក​មុខ​របរ​​ក្រៅ​​ប្រព័ន្ធ​មួយ​ចំនួន​ទៀត មិន​អាច​ឡើង​ថ្លៃ​បាន​ទេ ព្រោះ​ថា​​ បើ​ហ៊ាន​តែ​ឡើង​ថ្លៃ​ពលរដ្ឋ​នឹង​ឈប់​ជិះ​កង់​បី​​តែ​ម្ដង​៖ «ជួយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ជួយ​បញ្ចុះ​តម្លៃ​ប្រេង​សាំង​បន្តិច​ទៅ ហើយ​ជួយ​អន្តរាគមន៍​ទៅ​ធនាគារ​វិស័យ​ឯកជន​ហ្នឹង កុំ​ឲ្យ​គាត់​បន្ដឹង​ពេក​ណា»។

អ្នក​រត់​រ៉ឺម៉ក់​រូប​នេះបន្ត​​​ទៀត​​ថា ការ​ឡើង​ថ្លៃ​ប្រេង​​​សាំង​ គឺ​ជា​បញ្ហា​​ធំ ​ដែល​​​ប៉ះពាល់​ដល់​មុខរបរ និង​​ជីវភាព​គ្រួសារ​ទាំង​មូល​ ព្រោះ​​លោក​ត្រូវ​​កាត់​បន្ថយ​ថ្លៃ​ចំណាយ​ផ្សេងៗ​​ រួម​ទាំង​ថ្លៃ​ម្ហូប​អាហារ​ផង ដើម្បី​​ទុក​​ទូទាត់​​ថ្លៃ​សាំង​ចាក់​រឺម៉ក់​ម៉ូតូ​​​​​។

ចំណែក​ក្រុម​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​​ (facebook) ​ក៏​​បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​ការ​ឡើង​ថ្លៃ​សាំង​នេះ​ដែរ។ អ្នក​ខ្លះ​រិះគន់​​រដ្ឋាភិបាល​ថា ​គ្មាន​ចំណាត់​ការ​ច្បាស់​លាស់ ទើប​បណ្ដាល​ឲ្យ​សាំង​ឡើង​ថ្លៃ​ម្ដង​ហើយ​ម្ដង​ទៀត។ ឯ​អ្នក​​​ខ្លះ​ឡកលើយ​ថា ​ប្រេង​សាំង និង​ម៉ាសូត​ឡើង​ថ្លៃ​​មធ្យម​ ងំ​​​​​កេង​បន្លំ​ចាក់​មិន​គ្រប់​លីត្រ ឬ​​​ករណី​សាំង​លាយ​ប្រេង​​​​​ថែម​​ទៀត​​។

ប្រតិកម្ម​ទាំង​នេះ​ ធ្វើ​ឡើង​​ក្នុង​ពេល​​តម្លៃ​ប្រេង​សាំង​​ចាប់​ផ្ដើម​ហក់​ឡើង​ខ្លាំង​វិញ​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​។ ក្រសួង​ពាណិជ្ជកម្ម បាន​ប្រកាស​ថា​​ ចាប់​ពី​ថ្ងៃទី១៦​ ដល់​​ថ្ងៃ​ទី​២៨ ​ខែកុម្ភៈ​ ​​​ តម្លៃ​ប្រេងឥន្ធនៈ​បន្ត​ឡើង​ថ្លៃ​បន្ថែមពីររយ​ (២០០)​ រៀល​​ទៀត ​ក្នុង​មួយ​លីត្រ​ ​ដោយ​​ប្រេង​សាំង​ប្រភេទ​ធម្មតា​ មួយ​​លីត្រ​ឡើង​ដល់​ជិត​ប្រាំ​ពាន់​​ (៤.៧០០)​ ​រៀល ​និង​ម៉ាស៊ូត​តម្លៃ​​​ជាង​បួន​ពាន់ (៤.៤៥០) ​រៀល​​។ ក្រសួង​មិន​បាន​បង្ហាញ​តម្លៃ​ប្រេង​សាំង​ប្រភេទ​ស៊ុបពែរ​ទេ តែ​​ជាក់​ស្ដែង​សាំង​ប្រភេទ​នេះ​ក៏​ឡើង​ថ្លៃ​ដែរ គឺ​ជាង​ប្រាំ​ពាន់​ (៥.២០០)​ រៀលក្នុង​មួយ​លីត្រ​។

ជុំវិញនឹង​ការ​ឡើង​ថ្លៃ​ប្រេង​សាំង​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​​ក្រសួង​ពាណិជ្ជកម្មលោក ប៉ែន សុវិជាតិ និង​អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​​ហិរញ្ញ​វត្ថុលោក មាស សុខ​សេនសាន​ បាន​ទេ​ នៅ​ថ្ងៃ​ទី​២០ ខែកុម្ភៈ​។ ប៉ុន្តែ​សារ​ព័ត៌មាន​ក្នុង​ស្រុក ( https://www.kampucheathmey.com )​ បាន​ស្រង់​សំដី​របស់​រដ្ឋ​លេខាធិការ​​​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​លោក វង្ស៊ី វិស្សុត លើក​ឡើង​​​ក្នុង​វេទិកា​សាធារណៈ​​ស្តីពី​ការ​គ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច និង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០២២​កាល​​ពីថ្ងៃ​ទី​១៨ ខែកុម្ភៈ ដោយលោកបញ្ជាក់​ថា រដ្ឋាភិបាល​មិន​អាច​បន្ថយ​ថ្លៃ​ពន្ធ​នាំ​ចូល​ប្រេង​ឥន្ធនៈ ដើម្បី​ទម្លាក់​តម្លៃ​ប្រេង​សាំង​​បាន​ទេ ព្រោះ​​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ ក្នុង​ពេល​​ដែល​រដ្ឋាភិបាល​កំពុង​​​ត្រូវ​ការ​​យក​​លុយ​ ​ទៅ​​ជួយ​ដល់​ពលរដ្ឋ​​ក្រីក្រ និង​ងាយ​រង​គ្រោះ​ក្នុង​វិបត្តិ​កូវីដ​១៩ ដោយ​ចំណាយ​ជិត​សែសិប ​(៤០លាន​)​ លាន​ដុល្លារ​ ក្នុង​មួយ​ខែ។

ជាមួយ​​​គ្នា​នេះ លោក​បាន​ស្នើសុំ​​​ការ​យោគយល់​ពី​អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ។ តំណាង​​រដ្ឋាភិបាល​រូប​នេះជឿជាក់​ថា ថ្ងៃ​ណា​មួយ​អ្នក​ប្រកប​របរ​សេវា​ដឹក​ជញ្ជូន​នឹង​អាច​​​ដំឡើង​ថ្លៃ​​សេវា​របស់​​ខ្លួន​ តាម​តម្លៃ​ប្រេង​សាំង​បាន​។ បន្ថែម​ពី​នេះ លោក​​ វង្ស៊ី វិស្សុត​ ក៏​​បាន​ផ្ដល់​យោបល់​ឲ្យ​​អ្នក​ប្រកប​របរ​ដឹក​ជញ្ជូន ​​​បោះបង់​អាជីព​នេះ​ចោល​ រួច​​​ទៅ​​រក​ការងារ​ផ្សេង​ធ្វើ ហើយ​​​​ប្រសិន​បើ​នៅ​តែ​​ពិបាក​​ជីវភាព​ខ្លាំង​​​​ទៀត លោក​​ជំរុញ​ឲ្យ​​​​​ពលរដ្ឋ​ស្នើសុំ​​ទទួល​ការ​ឧបត្ថម្ភ​ពីរ​ដ្ឋ។

ប៉ុន្តែ​ផ្ទុយ​ពី​ការ​អះអាង​របស់​មន្ត្រី​ជាន់​ខ្ពស់​រូប​នេះ ខាង​អាជ្ញាធរ​ពន្ធដារ​ និង​​ពន្ធ​គយ​ បាន​ប្រកាស​ថា ចំណូល​ពន្ធ​ដារ ពន្ធ​អាករ​​ក្នុង​ស្រុក និង​ពន្ធ​នាំ​ចូល​​ សម្រាប់​ឆ្នាំ​២០​២១ បាន​​កើន​ឡើង​ហួស​ផែន​ការ​នៃ​ច្បាប់​គ្រប់​គ្រង​​ហិរញ្ញ​វត្ថុ​​​​ឆ្នាំ​២០២១​ ជាង​មួយ​រយ​ម្ភៃ ​​(​១២៤,០២%) ​ភាគរយ​។ ចំណែក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ប្រកាស​ថា ការ​ផលិត​មាស​បាន​កាន់​តែ​ច្រើន​ឡើង​​ពី​មួយ​​​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​ ដោយ​​គ្រាន់​តែ​តំបន់​អូរខ្វាវ​ ស្រុក​កែវសីមា ​ខេត្ត​មណ្ឌលគិរី​មួយ ​រយៈ​ពេល​ជាង​កន្លះ​ឆ្នាំ​​មក​នេះ ​ក្រសួង​រ៉ែ​ផលិត​បាន​មាស​ជិត​ពីរ​ពាន់ (១.៧៥១) គីឡូក្រាម។​ ​​

ជុំវិញ​រឿង​នេះ មន្ត្រីសង្គម​ស៊ីវិល​​ខក​ចិត្ត​ចំពោះ​​​មន្ត្រី​រដ្ឋាភិបាល ដែល​​​ដាក់​បន្ទុក​ឲ្យ​ពលរដ្ឋ​​ក្រីក្រ​ និង​អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ​ទទួល​ខុស​ត្រូវ​​បញ្ហា​ថ្លៃ​សាំង​ដោយ​ខ្លួន​​ឯង។ ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធលោក វ៉ន់ ពៅ សោកស្ដាយចំពោះ​​​អ​​សមត្ថភាព​ម្ដង​ហើយ​ម្ដង​ទៀត​ ​របស់​រដ្ឋាភិបាល​ក្នុង​ការ​​​ដោះស្រាយ​​បញ្ចុះ​តម្លៃ​ប្រេង​សាំង​​​។

លោក វ៉ន់ ពៅ​ ​ស្នើសុំ​មន្ត្រី​រដ្ឋាភិបាល​ឈប់​ទម្លាក់​កំហុស​លើ​តម្លៃ​ប្រេង​សាំង​អន្តរ​ជាតិ ហើយ​ងាក​មក​​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពលរដ្ឋ​ក្រីក្រ​ឲ្យ​ទាន់​ពេល​វេលា​ បើ​ពុំ​ដូច្នេះ​​ទេ លោក​ព្រួយ​បារម្ភ​ថា កម្ពុជា​នឹង​កើន​ឡើង​នូវ​ចំនួន​​​អ្នក​ងាយ​រង​គ្រោះ ​ឬ​អ្នក​ធ្លាក់​ខ្លួន​ក្រីក្រ​យ៉ាង​ឆាប់​រហ័ស។ ក្នុង​ស្ថានភាព​​ចំពោះ​មុខ​ពេល​នេះ​​ ​លោក វ៉ន់ ពៅ ​ជឿជាក់​ថា ​​រដ្ឋាភិបាល​អាច​​ប្រើប្រាស់​យន្តការ​បន្ធូរ​បន្ថយ​តម្លៃ​ពន្ធ​លើ​សាំង​នាំចូល​​ដើម្បី​រួម​​ចំណែក​ដល់​ការ​បញ្ចុះតម្លៃ​ប្រេងសាំង៖ «រដ្ឋ​តែងតែ​អួត​អំពី​ការ​ប្រមូល​ពន្ធ។ អ៊ីចឹង ! ខ្ញុំ​គិត​ថា ប្រសិន​បើ​រដ្ឋ​មាន​វិធានការ​មួយ​ គឺ​បញ្ចុះ​តម្លៃ​ពន្ធ​នាំ​ចូល​ទៅ​លើ​ការ​នាំ​ចូល​ប្រេង​ឥន្ធនៈ​ ហើយ​អាច​យក​ពន្ធ​លើ​របស់​ដែល​មិន​មាន​តម្រូវ​ការ​ចាំបាច់ ដូចជា ស្រា គ្រឿង​តុបតែង​កាយ​អ្វី​គ្រប់​បែប​យ៉ាង ខ្ញុំ​គិត​ថា ​រដ្ឋ​អាច​ធ្វើ​ទៅ​បាន​»។​​

កាល​ពី​ឆ្នាំ​២០២០ ក្នុង​ពេល​​​រដ្ឋាភិបាល​ដាក់​ចេញ​វិធានការ​បិទ​ខ្ទប់​​ផ្លូវ​​​ពលរដ្ឋ​មិន​​ឲ្យ​ចេញ​ពី​ផ្ទះ​នោះ តម្លៃ​ប្រេង​សាំង​បាន​ធ្លាក់​ចុះ​ម្ដង​ហើយ​ គឺ​សាំង​ធម្មតា​ក្នុង​មួយ​លីត្រ ​តម្លៃ​ខ្ទង់​​បី​​ពាន់​ ​​(៣.០០០) រៀល ឯ​​ម៉ាស៊ូត​ក្នុង​មួយ​លីត្រ​​ជិត​បី​ពាន់​ (២.៧៥០) ​រៀល​។ ប៉ុន្តែ​នៅ​ក្រោយ​ពេល​រដ្ឋាភិបាល​ប្រកាស​ដាក់​ប្រទេស​ឲ្យ​ដំណើរ​ការ​ធម្មតា​ឡើងវិញ​មក ​តម្លៃ​ប្រេង​សាំង​បាន​​ឡើង​ថ្លៃ​​វិញ​ជា​បន្ត​បន្ទាប់​ ​​​រហូត​​ហក់​ដល់​ខ្ទង់​​ប្រាំ​ពាន់​ (៥.០០០) ​រៀល​ ក្នុង​មួយ​លីត្រ​ ខណៈ​​ពលរដ្ឋ​ត្អូញត្អែរ​ថា​ ប្រាក់​ឈ្នួល ឬ​ប្រាក់​ចំណូល​​នៅ​ទ្រឹង ឬ​ក្រិន​​ មិន​ឡើង​ដូច​ថ្លៃ​សាំង និង​ទំនិញ​ទាល់​តែ​​​សោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។