មន្ត្រីសង្គមស៊ីវិល និងប្រជាសហគមន៍ខេត្តមណ្ឌលគិរី នៅតែមិនទុកចិត្តរដ្ឋាភិបាល ក្នុងការគ្រប់គ្រងប្រាក់ចំណូល ដែលទទួលបានពីវិស័យរ៉ែមាសប្រកបដោយតម្លាភាព និងគោរពសិទ្ធិជនជាតិដើមភាគតិច ដែលរងផលប៉ះពាល់ពីអាជីវកម្មចម្រាញ់រ៉ែមាស។
ការលើកឡើងនេះ ក្រោយពីក្រសួងរ៉ែអះអាងថា រដ្ឋាភិបាលទទួលបានប្រាក់ចំណូល ពីវិស័យរ៉ែមាសចំនួនជាង ១៤លានដុល្លារ ពីក្រុមហ៊ុនចំនួន៦។
ប្រជាសហគមន៍ជនជាតិដើមភាគតិចព្នងអះអាងថា ក្រុមហ៊ុនឯកជនចំនួន៦ ដែលកំពុងធ្វើអាជីវកម្មរ៉ែមាស នៅមិនទាន់គោរពសិទ្ធិជនជាតិដើមភាគតិចឱ្យបានពេញលេញនៅឡើយទេ ហើយរាល់គម្រោងទាំងឡាយ របស់ក្រុមហ៊ុនទាំងនេះ ក៏មិនដែលជូនដំណឹង ពិគ្រោះយោបល់ ដោយមានការឯកភាពពីតំណាងសហគមន៍ជនជាតិដើមភាគតិចនៅឡើយដែរ។
ប្រធានបណ្ដាញសហគមន៍ជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី លោកស្រី ភ្លឹក ភីរុំ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៣ វិច្ឆិកាថា ក្រុមហ៊ុន រ៉ឺនេសង់ របស់អូស្រាលី (Renaissance Minerals (Cambodia) Ltd និងក្រុមហ៊ុនចិនរ៉ុងឆេង (Rong Cheng ) បានរំលោភលើសិទ្ធិជនជាតិដើមភាគតិច ធ្វើឱ្យពួកគាត់បាត់បង់កន្លែងអាស្រ័យផលព្រៃឈើ និងដីព្រៃអារក្ស។ រីឯការទទួលបានសំណងពីក្រុមហ៊ុនទាំងនេះ គឺតិចតូចប៉ុណ្ណោះ មិនអាចប៉ះប៉ូវ ការខូចខាត ចំពោះការបាត់បង់ ដើមឈើផលិតជ័រទឹក ដែលជាប្រភពចំណូលយូរអង្វែងរបស់ប្រជាសហគមន៍នោះឡើយ។
លោកស្រីបញ្ជាក់ថា តំបន់ខ្លះទៀត ក្រុមហ៊ុនចិនរ៉ុងឆេង បានរំលោភយក ទីតាំងរ៉ែលក្ខណៈប្រពៃណី ដែលប្រជាសហគមន៍មានទម្លាប់ អាស្រ័យផលរ៉ែមាស ជាលក្ខណៈគ្រួសារ។
លោកស្រី ភ្លឹក ភីរុំ៖ «បានផលពីរ៉ែច្រើន តែការអភិវឌ្ឍក្នុងភូមិយើងគ្មាន។ បើគេមិនប្រព្រឹត្តអំពើពុករលួយ គឺល្អ តែបើគេនៅតែពុករលួយ គ្មានថ្ងៃណា ដែលខ្ញុំទុកចិត្ត ជាមួយក្រសួងទាំងអស់ហ្នឹងទេ»។
ប្រជាសហគមន៍ជនជាតិដើមភាគតិចព្នងរំលឹកថា កាលពីឆ្នាំ២០១៨ ជនជាតិដើមភាគតិចជាច្រើននាក់ រស់នៅខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ពុលទឹកអូរធម្មជាតិ ធ្វើឱ្យពលរដ្ឋយ៉ាងហោចណាស់១៨នាក់ ស្លាប់ និងជាង ៤រយនាក់ទៀតធ្លាក់ខ្លួនឈឺ ក្រោយពីប្រើទឹកព្រែកទេរ មានសារធាតុពុល ដែលសហគមន៍សង្ស័យថា ក្រុមហ៊ុនចិនរ៉ុងឆេង ចម្រាញ់រ៉ែមាសធ្វេសប្រហែស ហូរសារជាតិគីមីចូលព្រែក។
មកទល់ពេលនេះ គ្មានការសិក្សា និងការអះអាងហេតុផលណាមួយ ធ្វើឱ្យអ្នកភូមិស្ងប់ចិត្តនោះឡើយ ដែលជាហេតុធ្វើឱ្យពលរដ្ឋស្លាប់យ៉ាងអយុត្តិធម៌។ រីឯអាជ្ញាធរបែរយកលេសថា ពលរដ្ឋរងគ្រោះ ដោយសារពុលស្រាទៅវិញ។
យុវជនស្រឡាញ់បរិស្ថាន លោក អូត ឡាទីន សង្កេតឃើញថា ចំណូលពន្ធបានមកពីវិស័យរ៉ែមាស ហាក់មិនឆ្លើយតប នឹងធនធានធម្មជាតិដែលបាត់បង់ រួមទាំងផលប៉ះពាល់បរិស្ថាន និងជីវភាពរស់នៅរបស់ពលរដ្ឋមូលដ្ឋានមានទំហំធំធេង។
លោកបារម្ភថា អំពើពុករលួយ អាចជាឧបសគ្គធ្វើឱ្យការគ្រប់គ្រងធនធានរ៉ែមាស ខ្វះតម្លាភាព ស្របពេលដែលក្រុមហ៊ុនភាគច្រើនទទួលលិខិតអនុញ្ញាតត្រឹមតែសិក្សាស្រាវជ្រាវ រ៉ែលោហៈប៉ុណ្ណោះ ក៏ប៉ុន្តែបែរជាមានសិទ្ធិធ្វើអាជីវកម្ម ចម្រាញ់រ៉ែមាសជាច្រើនឆ្នាំ។
លោក អូត ឡាទីន៖ «យើងចង់បានទៀត គឺសូមឱ្យបង្ហាញតម្លាភាព និងតម្លាភាពព័ត៌មានឡើងទៅ ហើយចំណូលទទួលបានកម្រិតណា បង់ពន្ធចូលរដ្ឋយ៉ាងម៉េច?យកទៅចាត់ចែងបម្រើប្រាស់ក្នុងសង្គម ឱ្យយើងបានដឹងទាំងអស់គ្នា។ ចៀសវាងប្រព្រឹត្តអំពើពុករលួយ ធ្វើឱ្យខាតបង់ធនធានជាតិ»។
ប្រតិកម្មនេះ ក្រោយពីរដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានថ្លែងថា គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្ពុជាផលិតដុំមាស ចំនួនជាង ១ពាន់ដុំ ( ១.០៤០) ស្មើនឹងជិត ៩ពាន់គីឡូក្រាម (៨.៩៧៩) និងទទួលបានចំណូលពន្ធសួយសារជាង ១៤.៤លានដុល្លារអាមេរិក។ លោក កែវ រតនៈ ថ្លែងបែបនេះ ក្នុងវេទិកាពិភាក្សា ស្ដីពី «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» ក្នុងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺបន្ថែមរឿងនេះ ពីអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា បាននៅឡើយទេ នៅថ្ងៃទី២៣ វិច្ឆិកា ដោយសារទូរស័ព្ទហៅចូល តែគ្មានអ្នកលើក។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលលេខាធិការដ្ឋានសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជាលោក យុន ឡូរ៉ង់ សង្កេតឃើញថា ពេលនេះប្រជាសហគមន៍ជនជាតិដើមភាគតិចមូលដ្ឋាន នៅពុំទាន់ទទួលបាន ការអភិវឌ្ឍណាមួយ បានផលពីវិស័យរ៉ែមាសនៅឡើយទេ។ លោកស្នើដល់ក្រុមហ៊ុនវិនិយោគរ៉ែមាសទាំងអស់ថា ត្រូវគោរពសិទ្ធិជនជាតិដើមភាគតិច និងផ្តល់សំណងផលប៉ះពាល់ឱ្យបានសមរម្យ។
លោក យុន ឡូរ៉ង់៖ «ជនជាតិដើមភាគតិចចង់បានឱ្យក្រុមហ៊ុនគោរពសិទ្ធិជនជាតិដើមភាគតិច មិនត្រូវឱ្យមានការប៉ះពាល់សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ធ្វើឱ្យមានហានិភ័យដោយសារគម្រោងរ៉ែរបស់ខ្លួនឯង។ ជនជាតិដើមភាគតិចមិនដឹងថា តើថ្ងៃណាមានការបាក់ដី ឬហូរជាតិពុល ប៉ះពាល់ពួកគាត់»។
របាយការណ៍របស់ក្រសួងរ៉ែឱ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៦ ដែលកំពុងចម្រាញ់រ៉ែមាស រួមមាន ក្រុមហ៊ុន រ៉ឺនេសង់ (Renaissance Minerals (Cambodia) Ltd) របស់អូស្ត្រាលី ស្ថិតក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ក្រុមហ៊ុនស៊ីនសាន (Xinshan) រួមទាំងក្រុមហ៊ុន ឌែលខម (Delcom Cambodia) ស្ថិតនៅក្នុងតំបន់ភ្នំលុង ខេត្តព្រះវិហារ។
រីឯក្រុមហ៊ុនចិនរ៉ុងឆេង (Rong Cheng) ស្ថិតនៅតំបន់ចុងផ្លាស់ ខេត្តមណ្ឌលគិរី ក្រុមហ៊ុនស៊ីងយ៉ន់ (Xing Yuan) ស្ថិតនៅតំបន់អូរត្រូន ខេត្តក្រចេះ ហើយចុងក្រោយ គឺក្រុមហ៊ុនចិន ឡេតចេងម៉ាញនីង (LATE CHENG MINING DEVELOPMENT CO., LTD. ស្ថិតតំបន់ភ្នំជី ជាប់តំបន់ព្រៃឡង់ ក្នុងខេត្តកំពង់ធំ និងក្រចេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
