គណៈរដ្ឋមន្ត្រី​អនុម័ត​លើ​សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​៥​ឆ្នាំ​បន្ទាប់

ដោយ មាន ឫទ្ធិ
2023.09.21
គណៈរដ្ឋមន្ត្រី​អនុម័ត​លើ​សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​៥​ឆ្នាំ​បន្ទាប់ កិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២០ កញ្ញា ២០២៣។
រូប៖ តេឡេក្រាមលោក ហ៊ុន ម៉ាណែត

រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត អះអាង​ថា កា​រពិភាក្សា​និង​អនុម័ត សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ពី​ឆ្នាំ២០២៣ ដល់​ឆ្នាំ​២០២៨ ជា​ការ​កំណែទម្រង់ ដែល​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​បន្ទាន់។ ទោះ​យ៉ាងណា​រដ្ឋាភិបាល មិនទាន់​បង្ហាញ​លម្អិត​ពី​សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅឡើយ​ទេ។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា បាន​ទេ​នៅ​ថ្ងៃទី​២០ ខែ​កញ្ញា។ ទោះ​យ៉ាងណា លោក ប៉ែន បូណា សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុ​ក​របស់​លោក​នៅ​ថ្ងៃទី​២០ ខែ​កញ្ញា ថា រដ្ឋាភិបាល​របស់ លោក ហ៊ុន ម៉ាណែត ជា​រដ្ឋាភិបាល​កំណែទម្រង់ និង​គាំពារ​ប្រជាពលរដ្ឋ។ លោក​បន្ត​ថា រដ្ឋាភិបាល​ថ្មី​នេះ​ធ្វើ​សកម្មភាព​ភ្លាមៗ លឿន​រហ័ស ដោយ​ផ្ដោត​សំខាន់​លើ​ការ​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ គាំពារ​ប្រជាពលរដ្ឋ យកចិត្តទុកដាក់​ចំពោះ​ពលរដ្ឋ ជាពិសេស​ពលរដ្ឋ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ដែល​ទទួល​បាន​ផល​មុនគេ។

បើទោះជា​មន្ត្រី​រដ្ឋាភិបាល​អះអាង​បែបនេះ​ក្ដី អ្នក​ធ្វើ​ការងារ​ជាមួយ​ពលរដ្ឋ​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ និង​អ្នកឃ្លាំមើល​សង្គម សង្កេត​ឃើញ​ថា ពលរដ្ឋ​ដែល​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ត្រូវ​បាន​រដ្ឋ​ទុក​ពួកគេ​ចោល​មិន​គិតគូរ​រាប់​ឆ្នាំ​មក​ហើយ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់ លោក សុខ គីន លើកឡើង​ថា ពលរដ្ឋ​ដែល​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​គឺ​មាន​ទំហំ​ធំ តែ​ត្រូវ​បាន​រដ្ឋាភិបាល ហាក់​មិន​គិតគូរ ឬ​ផ្ដល់​ការ​គាំទ្រ​សង្គម​ដល់​ពួកគេ​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ។ លោក​បន្ត​ថា ល្មម​ដល់​ពេល​ដែល​រដ្ឋាភិបាល ដាក់​ផែន​ការ​ជំរុញ​ឱ្យ​ពលរដ្ឋ​ដែល​ប្រកប​របរ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ មាន​ស្ថិរភាព​ការងារ និង​ប្រាក់​ឈ្នួល​សមរម្យ។ អ្នកការពារ​សិទ្ធិ​ពលរដ្ឋ​ធ្វើការ​ផ្នែក​សំណង់​រូប​នេះ បន្ត​ទៀត​ថា រដ្ឋ​គួរ​មានការ​កំណត់​ប្រាក់​ឈ្នួល ដល់​ពលរដ្ឋ​ក្នុង​វិស័យ​នេះ ឬ​ពលរដ្ឋ​ក្នុង​វិស័យ​សំណង់​យ៉ាងហោចណាស់​ចាប់ពី ១៣​ដុល្លារ ទៅ ១៥​ដុល្លារ ក្នុង​មួយថ្ងៃ។

លោក សុខ គីន៖ «ហាក់បីដូច​មាន​ចន្លោះ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហ្នឹង​មួយ ហាក់បីដូច​មិន​មាន​យន្តការ​ណាមួយ​ឬក៏​ច្បាប់​បទដ្ឋាន​គតិយុត្តិ​ណាមួយ​ត្រូវ​អនុវត្ត​ទៅលើ​គាត់​ឱ្យ​មាន​ផែនការ​មួយ​ជាក់លាក់​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ហ្នឹង​ឱ្យ​ជាក់លាក់​អ៊ីចឹង​ណា អ៊ីចឹង​ធ្វើ​គាត់​ហាក់បីដូចជា​រាយប៉ាយ​មិន​មាន​អ្នក​ណាមួយ​ទទួលខុសត្រូវ»

លោក សុខ គីន ឱ្យ​ដឹង​ដែរ​ថា នៅ​ឆ្នាំ​២០២៣​នេះ មាន​កម្មករ​ធ្វើការ​នៅក្នុង​វិស័យ​សំណង់​ពី​២៥​ម៉ឺន​នាក់ ទៅ​៣០​ម៉ឺន​នាក់ ក្នុង​នោះ​ស្ត្រី​៣០​ភាគរយ ហើយ​ការងារ​ពួកគេ​មាន​អត្រា​គ្រោះថ្នាក់​ការងារ​ខ្ពស់​(១៩​ភាគរយ​) ហើយ​នៅពេល​ជួប​បញ្ហា​នេះ កម្មករ​ភាគច្រើន​មិន​ទទួល​បាន​សេវា​កិច្ច​គាំពារ​សង្គម​ពី​រដ្ឋ​នោះ​ទេ ពោល​គឺ​ពួកគេ​ត្រូវ​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​ដើម្បី​ព្យាបាល​ជំងឺ។

ទាក់ទង​រឿង​នេះ​ដែរ អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត សង្កេត​ឃើញ​ថា នៅ​ពេល​ប្រទេស​ជួប​វិបត្តិ​អ្វីមួយ ដូចជា​គឺ​វិបត្តិ​ជំងឺ​កូវីដ​១៩ ប្រសិនបើ​អ្នក​ប្រកប​របរ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ ជួប​បញ្ហា​ហើយ​នោះ វា​ក៏​ធ្វើ​ជះឥទ្ធិពល​ដល់​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ​ផង​ដែរ។ លោក​បន្ត​ទៀត​ថា ដើម្បី​គាំទ្រ​ដល់​ពលរដ្ឋ​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឱ្យ​មាន​ប្រសិទ្ធភាព រដ្ឋាភិបាល​ក៏​ត្រូវ​ពង្រឹង​ស្ថាប័ន​របស់​រដ្ឋ​ដែល​ផ្ដល់​សេវា​គាំពារ​ដល់​អ្នក​ប្រកប​របរ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ឱ្យ​មាន​ប្រសិទ្ធភាព និង​គ្មាន​ការរើសអើង​ផង​ដែរ។

លោក វ៉ន ចាន់ឡូត៖ «សេវា​គាំពារ​សង្គម​ហ្នឹង​អ៊ីចឹង​ទៅ​យើង​ឃើញថា រដ្ឋ​ក៏​ទទួល​បាន​នូវ​អត្ថប្រយោជន៍​អំពី​អ្នក​បង់​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហ្នឹង​ដែរ ប៉ុន្តែ​គ្រាន់តែ​អ្វី​តែ​ដែល​យើង​ចង់​ផ្ដោត​សំខាន់​រដ្ឋ​ត្រូវតែ​ពង្រឹង​ទាំង​គុណភាព នៃ​ផ្នែក​សេវា​សុខាភិបាល​ទាំង​ឯកជន​ទាំង​វិស័យ​រដ្ឋ​អី​ផ្សេងៗ​ទាំង​អស់ហ្នឹង​គឺ​ត្រូវ​ធ្វើ​ម៉េច​ឱ្យ​ពួកគាត់​អាច​ប្រើប្រាស់​សេវា​ទាំង​អស់ហ្នឹង​ប្រកបដោយ​ប្រសិទ្ធភាព​ទើប​យើង​អាច​និយាយ​បាន​ថា រដ្ឋ​ដាក់ចេញ​នូវ​គោលនយោបាយ​ហ្នឹង​គឺ​ត្រឹមត្រូវ​សមស្រប»

របាយការណ៍​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) កាលពី​ឆ្នាំ​២០២២ បង្ហាញ​ថា ការងារ​នៅ​កម្ពុជា​ជាង ៩០ ភាគរយ​ ​ជា​ការ​ងារ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ប៉ុន្តែ កម្មករ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ត្រូវ​គេ​មើល​រំលង ឬ​មើល​មិន​ឃើញ និង​បន្ត​ស្ថិត​ក្នុង​ភាព​ក្រីក្រ​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។