មន្ត្រីសង្គមស៊ីវិលសង្កេតឃើញមានចំណុចមិនប្រក្រតី ជុំវិញការផ្ដល់ប្រាក់កម្ចីឱ្យពលរដ្ឋរបស់ធនាគារមួយចំនួន ដែលអាចជាប់ពាក់ព័ន្ធនឹងការឆបោករបស់ឧកញ៉ាម្នាក់នៅខេត្តកំពត។ ពួកគាត់ថាធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនោះ មិនបានសិក្សាពីលទ្ធភាពសងរបស់ប្រជាពលរដ្ឋនោះឡើយ ដោយពួកគេផ្ដល់ប្រាក់កម្ចី និងរំពឹងបានការប្រាក់មកវិញតែប៉ុណ្ណោះ។
មន្ត្រីសង្គមស៊ីវិល និងអ្នកជំនាញមីក្រូហិរញ្ញវត្ថុ មើលឃើញថា ករណីឆបោកប្រាក់ពីប្រជាពលរដ្ឋជិត៣ពាន់គ្រួសារនៅខេត្តកំពត របស់ឧកញ៉ា ជា សារ៉ន អាចជាប់ពាក់ព័ន្ធនឹងធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលផ្ដល់ប្រាក់កម្ចីខុសពីលក្ខខណ្ឌ តាមរយៈការបំភ្លៃលើការវាយតម្លៃស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៦ មេសា ដោយមើលឃើញថា ធនាគារដែលផ្ដល់ប្រាក់កម្ចីទៅពលរដ្ឋទាំងនោះមិនបានគិតគូរពីគោលការណ៍សិទ្ធិមនុស្ស និងស្ថានភាពជីវភាពរបស់ពលរដ្ឋ ដោយពួកគេសម្លឹងមើលឃើញតែផលប្រយោជន៍តាមរយៈការសងការប្រាក់ និងចាំរឹបអូសទ្រព្យសម្បត្តិនៅពេលដែលពលរដ្ឋគ្មានលទ្ធភាពសង។លោកបន្តថា ការរកស៊ីទុច្ចរិតបែបនេះ នឹងមិនផ្ដល់ផលចំណេញយូរអង្វែងដល់ម្ចាស់ក្រុមហ៊ុន ឬស្ថាប័នធនាគារទាំងនោះឡើយ។
លោក នី សុខា៖«របៀបរកស៊ីបែបហ្នឹងគឺឆោតល្ងង់ណាស់ នៅពេលដែលយើងយកលុយទៅដល់ពេលទាល់ច្រក មានតែការប្ដឹងផ្ដល់គ្នាហ្នឹងឯង។ យើងគិតទៅ ប្រសិនបើប្រជាពលរដ្ឋអត់ហើយទៅរកពីណាមក?អ៊ីចឹង ជាទូទៅ ជាគោលការណ៍ធនាគារនីមួយៗ គេមិនទៅរកស៊ីដូច្នេះទេ គឺគេជួយវាយតម្លៃ សិក្សាពីចំណូល សិក្សាពីមុខរបរ ជូនទៅដល់ប្រជាជន ដើម្បីឱ្យប្រជាជន អាចយកលុយគេទៅ រកទទួលទាន ហើយបានផលចំណេញត្រឡប់មកវិញ អាហ្នឹងក៏បានមកធនាគារវិញទៅ»។
កាលពីថ្ងៃទី២០ មេសា កន្លង ទៅ មានការផ្ទុះឡើងនូវករណីពលរដ្ឋនៅខេត្តកំពត ជិត៣ពាន់គ្រួសារបានចាញ់បោកប្រាក់អស់ជាង ៤០លានដុល្លារ បន្ទាប់ពីវិនិយោគលើដីឡូត៍ជាមួយឧកញ៉ា ជា សារ៉ន។ ពលរដ្ឋអះអាងថា ក្រុមបណ្ដាញរបស់លោក ជា សារ៉ន បានបញ្ចុះបញ្ចូលពួកគាត់ឱ្យខ្ចីលុយពីស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬធនាគារ ដោយដាក់កម្មវត្ថុថាខ្ចីទៅពង្រីកមុខរបររកស៊ី ទិញគ្រឿងចក្រកសិកម្ម ឬដីស្រែ។ ប៉ុន្តែនៅពេលប្រាក់កម្ចីធ្លាក់មកភ្នាក់ងារលោក ជា សារ៉ន បាននាំពួកគេទៅផ្ដិតមេដៃ ដើម្បីទិញដីឡូត៍ទៅវិញ ដោយសន្យាជួយបង់ធនាគារឱ្យ និងផ្ដល់ភាគលាភ៧០ភាគរយ ទៅ១០០ភាគរយឱ្យពួកគាត់។ បច្ចុប្បន្នឧកញ៉ា ជា សារ៉ន និងបក្សពួក៨នាក់ទៀត ត្រូវសមត្ថកិច្ចខេត្តកំពតឃាត់ខ្លួន ដើម្បីសាកសួរ និងដោះស្រាយតាមនីតិវិធី។
បើតាមការសួរដេញដោលរបស់អភិបាលខេត្តកំពតលោក ម៉ៅ ធនិន ទៅកាន់ប្រជាជនរងគ្រោះទាំងជិត ៣ពាន់គ្រួសារ កាលពីថ្ងៃទី២២ មេសា ឱ្យដឹងថា ពលរដ្ឋទាំងនោះភាគច្រើនមានជីវភាពក្រីក្រ ប្រាក់ចំណូលទាប ក្នុងនោះពលរដ្ឋខ្លះគ្មានផ្ទះសម្បែង ខ្លះគ្មានមុខរបរជាក់លាក់ និងខ្លះទៀតពិការភាព។ ប្រាក់ដែលប្រជាពលរដ្ឋខ្ចីពីធនាគារយកទៅវិនិយោគជាមួយឧកញ៉ា ជា សារ៉ន គ្រួសារខ្លះបានខ្ចីធនាគាររាប់ពាន់ដុល្លារ និងខ្លះទៀតខ្ចីរហូតដល់ខ្ទង់ម៉ឺនដុល្លារ។
នៅក្នុងករណីនេះ សំណួរចោទឡើងថា ប្រសិនបើប្រជាពលរដ្ឋសុទ្ធតែមានជីវភាពលំបាក និងមិនគ្រប់លក្ខខ័ណ្ឌដើម្បីខ្ចីប្រាក់ដូច្នេះ ហេតុអ្វីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅតែឱ្យពួកគាត់ខ្ចី?
ទាក់ទិននឹងចម្ងល់នេះ ប្រធានផ្នែករដ្ឋបាលឥណទានធនាគារម្នាក់ ថ្លែងសុំមិនបញ្ចេញឈ្មោះដោយបារម្ភពីការងារ ប្រាប់អាស៊ីសេរីថា ករណីប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប ហើយអាចខ្ចីលុយពីធនាគាររាប់ម៉ឺនដុល្លារដូច្នេះ ដោយសារការបំប៉ោងព័ត៌មានរបស់អតិថិជន។ លោកបញ្ជាក់ថា ការបំប៉ោងព័ត៌មានរបស់អតិថិជនមានដូចជា ប្រាក់ចំណូលប្រចាំខែ លទ្ធភាព និងឆន្ទៈសងបំណុល ទ្រព្យធានា និងទន់បង្វិលជាដើម។ លោកបន្តថា
ប្រសិនបើវាយតម្លៃទៅតាមជីវភាពជាក់ស្ដែង ប្រជាពលរដ្ឋភាគច្រើនពុំមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីខ្ចីប្រាក់ពីធនាគារឡើយ។
ប្រធានផ្នែករដ្ឋបាលឥណទានធនាគារម្នាក់៖«ឧទាហរណ៍អតិថិជនខ្លះគាត់ធ្វើការសំណង់ បានមួយថ្ងៃតែ៤ម៉ឺនទេ។ ប៉ុន្តែនៅពេលដែលCOឬបុគ្គលិកធនាគារហិរញ្ញវត្ថុគាត់ទៅវាយតម្លៃ ប្រសិនបើដាក់ចំណូលតែមួយថ្ងៃ៤ម៉ឺន អ៊ីចឹងវាមិនមានលទ្ធភាពទេ។ ណាមួយត្រូវចំណាយថ្លៃទឹកថ្លៃភ្លើង អាហារហូបចុក និងថ្នាំសង្កូវរបស់គាត់ក្នុងមួយខែ យ៉ាងហោចណាស់ក៏ខ្ទង់៤០ម៉ឺនដែរ។ នៅពេលដាក់ចំណូលទាបពេកអត់មានលទ្ធភាពទាល់តែបង្កើន Cash Flow បង្កើនចំណូលរបស់អតិថិជន បានមានលទ្ធភាព»។
កាលពីថ្ងៃទី១២ ខែមេសា ធនាគារជាតិនៃកម្ពុជាបានលុបឈ្មោះគ្រឹះស្ថានឥណទានជនបទ ជាង១០០ស្ថាប័នចេញពីបញ្ជីរបស់ខ្លួន ដោយមិនបញ្ជាក់មូលហេតុច្បាស់លាស់។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុ លោក កាំង តុងងី មានប្រសាសន៍ថា សមាគមរបស់លោកកំពុងតាមដានលើករណីនេះ បន្ទាប់ពីមានការសង្ស័យថា មន្ត្រីឥណទានមួយចំនួននៅតាមមូលដ្ឋានឃុបឃិតជាមួយក្រុមហ៊ុនលោក ជា សារ៉ន។ ទន្ទឹមគ្នានេះសមាគមរកឃើញភាពមិនប្រក្រតីមួយចំនួន ដូចជាប្រជាពលរដ្ឋដែលរងគ្រោះមួយចំនួនមិនមានឈ្មោះនៅក្នុងប្រព័ន្ធកម្ចីនោះឡើយ។ លោកបន្តថា ប្រសិនបើមានការរកឃើញដូចការសង្ស័យ នោះ ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងនោះនឹងត្រូវទទួលខុសត្រូវលើអតិថិជនរបស់ខ្លួន។
លោក កាំង តុងងី «ជាគោលជំហរ ប្រសិនបើបញ្ហានេះបង្កឡើង ឬក៏មានការចូលរួមឃុបឃិតដោយគ្រឹះស្ថាន ត្រូវតែទទួលខុសត្រូវចំពោះអតិថិជន។ ប៉ុន្តែប្រសិនបើបញ្ហានេះបង្កឡើងដោយក្រុមហ៊ុន ឬក៏អតិថិជនគាត់មិនបានផ្ដល់ព័ត៌មានឱ្យយើងច្បាស់លាស់ គាត់លាក់បាំងយើង អ៊ីចឹងកិច្ចការនេះប្រហែលជាយើងត្រូវមើលដំណោះស្រាយជាក់ស្ដែងតាមតែបញ្ហាដែលបានកើតឡើង»។
របាយការណ៍ អង្គការលីកាដូ (LICADHO) និងអង្គការសមធម៌កម្ពុជា សហការជាមួយនឹងអង្គការហ្វីអាន (FIAN) ប្រទេសអាល្លឺម៉ង់ (Germany) ឆ្នាំ២០២២ បានរកឃើញអំពីបញ្ហាធ្ងន់ធ្ងរក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ លទ្ធផលនៃរបាយការណ៍ដែលធ្វើការស្រាវជ្រាវដោយ វិទ្យាស្ថានសម្រាប់ការអភិវឌ្ឍ និងសន្តិភាពហៅកាត់ថាអាយ.អិន.អ៊ី.អេហ្វ (INEF) ទៅលើពលរដ្ឋជាង១ពាន់គ្រួសារ ទូទាំងប្រទេសបានបង្ហាញថា ប្រជាពលរដ្ឋខ្មែរជាង១៦ម៉ឺននាក់កំពុងលក់ដី ដើម្បីសងកម្ចីឥណទានក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។
នៅក្នុងរបាយការណ៍ដដែលក៏បានបង្ហាញដែរថា អ្នកខ្ចីប្រាក់ជាច្រើនបានរងគ្រោះពីការរំលោភលើសិទ្ធិមនុស្ស ហើយពួកគេទាំងនោះជាញឹកញាប់ត្រូវកាត់បន្ថយបរិភោគអាហារ និងបញ្ឈប់ការសិក្សារបស់កូនៗ ហើយបង្ខំឱ្យទៅធ្វើការដើម្បីរកប្រាក់មកសងបំណុលធនាគារវិញ។
សង្គមស៊ីវិល និងអ្នកជំនាញមីក្រូហិរញ្ញវត្ថុស្នើឱ្យអាជ្ញាធរស៊ើបអង្កេតករណីប្រាក់កម្ចីឥណទាននេះ ឱ្យបានច្បាស់លាស់ ជៀសវាងនាំឱ្យពលរដ្ឋដទៃទៀត ដែលមិនសូវមានការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងងាយរងគ្រោះ ធ្លាក់ទៅក្នុងបញ្ហាបំណុលបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។