សមាគមសម្ព័ន្ធបណ្ដាញកសិករកម្ពុជា សង្កេតឃើញថា ផ្សារទំនើបធំៗនៅកម្ពុជាចាប់ផ្ដើមសម្លឹងឃើញផលិតក្នុងស្រុកជាជាងផលិតផលនាំចូលពីប្រទេសជិតខាងកម្ពុជាជាពិសេសពីប្រទេសវៀតណាម។
ប្រធានសមាគមសម្ព័ន្ធបណ្ដាលកសិករកម្ពុជា លោក ថេង សាវឿន ឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុនផ្សារទំនើបងាកមកចាប់អារម្មណ៍ផលិតផលក្នុងស្រុកនៅពេលនេះ គឺដោយសារកាលៈទេសៈប្រទេសកក្នុងតំបន់ និងពិភពលោកកំពុងប្រឈមនឹងជំងឺកូវីដ១៩នៅឡើយ ម្យ៉ាងប្រជាពលរដ្ឋចាប់ផ្ដើមយល់ដឹងពីគុណភាព និងឲ្យតម្លៃទៅផលិតផលកសិកម្មក្នុងស្រុកដែលដុះដោយគោលការណ៍ធម្មជាតិ គ្មានជាតិគីមី មិនប៉ះពាល់ដល់សុខភាពភាព ជាពិសេសផលិតផលបន្លែ ផ្លែ ឈើ ជាដើម៖ «រឿងទី២ ផលិតផលនាំចូលនិងមានព័ត៌មានផ្សព្វផ្សាយជាបន្តបន្ទាប់ស្ដីពីសមត្ថកិច្ចរកឃើញជាបន្តបន្ទាប់ នូវមុខទំនិញនាំចូលមួយចំនួនមិនមានគុណភាព ជាពិសេសបន្ថែផ្លែ ឈើ ត្រី សាច់ មាន់ ជ្រូក ជាដើមហ្នឹងមានសារធាតុគីមី៖ «អ៊ីចឹងផលិតក្នុងស្រុកទាំងនេះអាចមានទីផ្សារសម្របមួយសម្រាប់កសិករ»។
ការលើកឡើងនេះ ស្របពេលដែលគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS)នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ម៉ាក្រូ ខេមបូឌា ដែលមានផ្សារទំនើបធំមួយឈ្មោះថា ផ្សារម៉ាក្រូ(Makro)កាលពីពេលថ្មីៗនេះបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីការអភិវឌ្ឍខ្សែសង្វាក់តម្លៃផលិតផលកសិពាណិជ្ជកម្ម ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងផ្សារនៅគ្រប់សាខាទាំងអស់នៅកម្ពុជា។
គម្រោង AIMS គឺជាគម្រោងរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍកសិកម្ម ក្នុងគោលដៅលើកស្ទួយកសិករខ្នាតតូចតាមរយៈបង្កើនផលចំណេញកាន់តែច្រើន ដោយតភ្ជាប់កសិពាណិជ្ជកម្ម និងទីផ្សារដោយប្រតិបត្តិការនៅ ១៨ខេត្ត និងអន្តរាគមន៍លើខ្សែច្រវាក់តម្លៃទំនិញពាណិជ្ជចំនួន ៥ ដូចជា បន្លែ មាន់ស្រែ ស្រូវ ដំឡូងមី និងសូត្រឆៅជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។