ទុរេន​នៅ​ខេត្ត​បាត់ដំបង​មាន​ភាព​ល្បីល្បាញ​នៅ​លើ​ទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ស្រុក

0:00 / 0:00

ទុរេន​ស្រុក​សំឡូត ដែល​មាន​ភាព​ល្បីល្បាញ​ដោយសារ​រសជាតិ​ផ្អែម​ឆ្ងាញ់ និង​ការ​ដាំដុះ​ដោយ​ធម្មជាតិ កំពុង​ពង្រីក​ខ្លួន​ទៅ​ទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ស្រុក ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ចាប់ផ្ដើម​ងាក​មក​គាំទ្រ​កសិផល​ខ្មែរ​។ មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​កសិករ​បង្កើន​ការ​ដាំដុះ ឯ​អាជ្ញាធរ​ត្រូវ​សម្រួល​ដល់​ការ​នាំចេញ​ទុរេន​ទៅ​ក្រៅប្រទេស​ដើម្បី​ពង្រីក​ទីផ្សារ​ឱ្យ​កសិករ​ខ្មែរ។

ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៧០​គីឡូ​ម៉ែត្រ​ពី​ក្រុង​បាត់ដំបង តាម​បណ្ដោយ​ផ្លូវ​ក្រាល​កៅស៊ូ នៃ​ទឹកដី​ស្រុក​សំឡូត ដែល​ជា​តំបន់​ព័ទ្ធ​ទៅ​ដោយ​ជួរ​ភ្នំ សម្បូរ​ភ្លៀង​ធ្លាក់ និង​មាន​ទេសភាព​ស្រស់​ខៀវខ្ចី ប្រជាពលរដ្ឋ​តាំង​ផ្លែ​ទុរេន និង​សាវម៉ាវ​ចម្រុះ​ពណ៌​ដែល​ចង​ជា​ចង្កោម លក់​នៅ​តាម​ចិញ្ចើម​ផ្លូវ​ជា​ហូរហែ ក្នុង​តំបន់​ដែល​ប្រជាពលរដ្ឋ​ដាំ​ទុរេន​លក់​ដើម្បី​ដោះស្រាយ​ជីវភាព។

កសិករ​នៅ​ស្រុក​សំឡូត បង្ហាញ​ទឹកមុខ​រីករាយ ព្រោះ​ទិន្នផល និង​ទីផ្សារ​ទុរេន នៅ​ឆ្នាំនេះ​ហាក់​រស់​ឡើង​វិញ បន្ទាប់ពី​រង​ផល​ប៉ះពាល់​ដោយសារ​តម្លៃ​ធ្លាក់ចុះ បណ្ដាល​មក​ពី​ការ​នាំ​ចូល​ទុរេន​ពី​ក្រៅប្រទេស​ច្រើន​លើសលប់​កាល​ពី​ឆ្នាំមុន។

កសិករ​ដាំ​ទុរេន​នៅ​ឃុំ​សំឡូតចាស់ ស្រុក​សំឡូត លោក ទុយ សុឃឿន ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ទុរេន​ដែល​ដាំ​នៅ​ស្រុក​សំឡូត មាន​រសជាតិ​ផ្អែម​ក្រអូប​ឆ្ងាញ់ តាម​បែប​ធម្មជាតិ ខុសពី​ទុរេន​នៅ​លើ​ទីផ្សារ​ដែល​នាំចូល​មកពី​ប្រទេស​ជិតខាង​។ លោក​បន្ត​ថា ការ​ប្រមូល​ផល​ទុរេន​ឆ្នាំ​នេះ​ទទួល​បាន​ទិន្នផល​ខ្ពស់ និង​មានតម្លៃ​ល្អ​ជាង​ឆ្នាំមុន ដោយសារ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន ងាក​មក​គាំទ្រ​ផលិតផល​ក្នុងស្រុក​។ តែ​យ៉ាងណា លោក​លើកឡើង​ថា ទោះបីជា​ទុរេន​ក្នុងស្រុក មាន​គុណ​ភាពល្អ និង​ឆ្ងាញ់​ជាង​ទុរេន ដែល​នាំចូល​ពី​ក្រៅប្រទេស​ក្ដី ក៏​ទីផ្សារ​ទុរេន​ក្នុងស្រុក នៅ​មិនទាន់​អាច​ប្រកួតប្រជែង​តម្លៃ ដែល​នាំចូល​សន្ធឹកសន្ធាប់​ពី​ប្រទេស​ជិតខាង​បាន​ឡើយ។

លោក ទុយ សុឃឿន៖ «សំណូមពរ​តែមួយ​ទេ គឺ​សូម​កុំឱ្យ​ទុរេន​ប្រទេស​ជិតខាង​នាំចូល​។ បើ​បិទ​ច្រក​នាំចូល​ហ្នឹង​បាន​ល្អ​។ បើ​មាន​ទីផ្សារ​ទុរេន​ស្រុក​ខ្មែរ​ល្អ ព្រោះ​ទុរេន​ស្រុក​ថៃ រៀង​សាបៗ​អត់​ផ្អែម​ល្មួត​ទេ។ របស់​ខ្មែរ​យើង​ផ្អែម​ស្អិតល្មួត​ហើយ​រសជាតិ​វា​ឈ្ងុយ ដាក់​ក្នុង​មាត់​ក្រអូប»។

ទុរេន​ជា​ប្រភេទ​ផ្លែឈើ​តាម​រដូវ ដែល​កសិករ​អាច​ប្រមូល​ផល​នៅ​ចន្លោះ​ខែ​ឧសភា ដល់​ខែ​កក្កដា​។ ទុរេន​ដែល​កសិករ​នៅ​ស្រុក​សំឡូត និយម​ដាំ គឺ​ពូជ​ទុរេន​ម៉ាន់ថង ដែល​មាន​សាច់​ក្រាស់​ពណ៌​ទឹក​ដោះគោ គ្រាប់​តូច និង​សម្បក​ស្ដើង។

durian_samlot2023-2.jpg
ការ​ប្រមូល​ផល​ទុរេន​របស់​កសិករ​នៅ​ឃុំ​សំឡូតចាស់ ស្រុក​សំឡូត ខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី១៧ ខែ​មិថុនា ឆ្នាំ​២០២៣។ រូប​ពលរដ្ឋ​ផ្ដល់​ឱ្យ

ចម្ការ​ទុរេន​មិន​ត្រឹមតែ​ជា​កន្លែង​ធ្វើ​កសិកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​កន្លែង​ដើរ​កម្សាន្ត ដែល​មាន​ភ្ញៀវ​ទេសចរ​មកពី​ខេត្ត​ក្រុង​នានា នាំគ្នា​មក​ដើរ​កម្សាន្ត​ជា​រៀងរាល់ថ្ងៃ ជាពិសេស​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ និង​ទិញ​ទុរេន​យក​មក​ទទួលទាន​ភ្លាមៗ​ទៀត​ផង។

កសិករ​ដាំ​ទុរេន​ម្នាក់ទៀត​នៅ​ស្រុក​សំឡូត គឺ​កញ្ញា ម៉ាប់ សុភ័ក្ដិ ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ចុង​សប្ដាហ៍​មាន​ភ្ញៀវ​ទេសចរ​មកពី​តាម​បណ្ដា​ខេត្ត​-​ក្រុង និង​ភ្ញៀវ​បរទេស បាន​មក​ដើរ​កម្សាន្ត​នៅ​ក្នុង​ចម្ការ​ទុរេន ដើម្បី​ទស្សនា​ពី​ទេសភាព​ក្នុង​ចម្ការ ជាពិសេស​ទទួលយក​បទពិសោធន៍​នូវ​ការ​ទទួល​ទាន​ទុរេន ដែល​បេះ​ពី​ដើម​ស្រស់ៗ ដែល​កញ្ញា​អះអាង​ថា គ្មាន​ជាតិគីមី​។ កញ្ញា​បន្ត​ថា ភ្ញៀវ​ដែល​ទទួល​ទាន​ទុរេន​នៅ​ក្នុង​ចម្ការ​ផ្ទាល់ បាន​សរសើរ​គ្រប់គ្នា​ថា ទុរេន​ធម្មជាតិ​ដែល​បេះ​ពី​ដើម​ស្រស់ៗ មាន​រសជាតិ​ផ្អែម ឆ្ងាញ់ និង​ក្រអូប ខុសពី​ទុរេន​ដែល​នាំចូល​មកពី​ក្រៅប្រទេស ដែល​បរិភោគ​ហើយ បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព។

កញ្ញា ម៉ាប់ សុភ័ក្ដិ៖ «ខ្ញុំ​គ្រាន់តែ​ស្នើ​សុំ​ឱ្យ បើ​អាច​ជួយ​ទប់ស្កាត់​ការ​នាំ​ចូល​(​ទុរេន​ពី​ក្រៅប្រទេស​)​ដើម្បី​ឱ្យ​ប្រជាជន​ខ្មែរ​យើង​គាត់​បាន​ផល​ទៅ​គាត់​លក់​គាត់​បាន​តម្លៃ​ល្អ»។

ទុរេន​នៅក្នុង​ចម្ការ​នៅ​ស្រុក​សំឡូត មាន​តម្លៃ​១​ម៉ឺន ៨​ពាន់​រៀល​(១៨.០០០)​ក្នុង​មួយ​គីឡូក្រាម ដែល​ក្នុង​មួយ​ផ្លែ​មាន​ទម្ងន់​ចន្លោះ ពី​២​ទៅ ៦​គីឡូក្រាម​។ ចំពោះ​ទុរេន​លក់​នៅ​តាម​ទីផ្សារ​តាម​ទីប្រជុំជន មាន​តម្លៃ​២​ម៉ឺន​៥​ពាន់​រៀល​(២៥.០០០) ក្នុង​មួយ​គីឡូក្រាម​។ ទុរេន​អាច​ដាំដុះ​ក្នុង​តំបន់​មួយចំនួន​នៅ​ប្រទេស​កម្ពុជា ដូចជា​ក្នុង​ខេត្ត​បាត់ដំបង សៀមរាប កំពត ព្រះសីហនុ កោះកុង ត្បូងឃ្មុំ កំពង់ចាម រតនគិរី និង​ខេត្តមណ្ឌលគិរី។

durian_samlot2023-1.jpg
ការ​ប្រមូល​ផល​ទុរេន​របស់​កសិករ​នៅ​ឃុំ​សំឡូតចាស់ ស្រុក​សំឡូត ខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី១៧ ខែ​មិថុនា ឆ្នាំ​២០២៣។ រូប​ពលរដ្ឋ​ផ្ដល់​ឱ្យ

វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង លោក​ឈឹម វជិរា និង​អភិបាល​ស្រុក​សំឡូត លោក សើ សាម៉េត ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​បានទេ​។​

អ្នកសម្របសម្រួល​ផ្នែក​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) ប្រចាំ​នៅ​ខេត្ត​បាត់ដំបង លោក អ៊ិន គង់ជិត លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បង្កើន​ការ​ដាំដុះ​ដំណាំ​នេះ​បន្ថែម​ទៀត​ដើម្បី​បាន​ចំណូល​ផ្គត់ផ្គង់​ជីវភាព និង​ផ្គត់ផ្គង់​តម្រូវការ​អ្នក​បរិភោគ។ លោក​បន្ថែម​ថា អាជ្ញាធរ និង​ក្រសួង​មន្ទីរ​ពាក់ព័ន្ធ ក៏​ត្រូវ​ជួយ​ស្វះ​ស្វែងរក​ទីផ្សារ ជាពិសេស​សម្របសម្រួល​ដល់​ការ​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​នៅ​ក្បែរ​នោះ​ឱ្យ​បាន​ច្រើន ដើម្បី​ពង្រីក​ទីផ្សារ​ទៅ​ក្រៅប្រទេស។

លោក អ៊ិន គង់ជិត៖ «ជាពិសេស​សមត្ថកិច្ច​នៅ​ច្រក​៤០០ ព្រំដែន​ខ្មែរ​-​ថៃ​យើង​ហ្នឹង គួរតែ​បង្ក​លក្ខណៈ​ងាយស្រួល​ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ​របស់​ថៃ ឬក៏​ជនជាតិ​ផ្សេង​ហ្នឹង​ដែល​គាត់​ចូល​មក​ទស្សនា​នៅ​ដីចម្ការ​ទុរេន​ស្រុក​សំឡូត​យើង​ហ្នឹង​ឱ្យ​គាត់​ចូល​មក​ហើយ​ឱ្យ​គាត់​បាន​ទិញ។ ហើយ​បង្ក​លក្ខណៈ​ងាយស្រួល​ឱ្យ​គាត់​បាន​ចេញចូល»។

របាយការណ៍​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​បាត់ដំបង ឆ្នាំ​២០២២ ឱ្យ​ដឹង​ថា បណ្ដុំ​អាជីវកម្ម​ដំណាំ​ទុរេន​សំឡូត ក្នុងស្រុក​សំឡូត ខេត្ត​បាត់ដំបង មាន​ចំនួន​តែ ២​បណ្ដុំ​ប៉ុណ្ណោះ ដែល​អាច​ប្រមូល​ផល​ផ្លែ​ទុរេន​បាន​ជាង ៥​ពាន់​តោន (៥.៧៩៨) ស្មើនឹង​ថវិកា​ជិត ៣០​លាន​ដុល្លារ ក្នុង​១​ឆ្នាំៗ​។ ទោះជា​យ៉ាងណា របាយការណ៍​បញ្ជាក់​ថា កម្ពុជា ពុំ​ទាន់​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​នាំចេញ​ទុរេន ទៅកាន់​ប្រទេស​ចិន​ដោយ​ខ្លួនឯង​នៅ​ឡើយ​។ ដូច្នេះ ការ​នាំ​ចេញ​នេះ ត្រូវ​ធ្វើ​ឡើង​ដោយ​ឆ្លងកាត់ និង​ប្រើប្រាស់​ម៉ាក​សម្គាល់​របស់​ថៃ ដោយសារ​កម្ពុជា​ពុំ​ទាន់​ចរចា​បើកផ្លូវ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ខ្លួនឯង​នៅឡើយ។

កសិករ​នៅ​ស្រុក​សំឡូត លើកឡើង​ថា ការ​ដាំ​ទុរេន​មាន​ហានិភ័យ​ខ្ពស់ ចំណាយ​ដើមទុន​ច្រើន និង​ការ​ថែទាំ​ខ្ពស់ ហើយ​ប្រសិនបើ​ទុរេន​ធ្លាក់​ថ្លៃ នោះ​កសិករ​នឹង​ត្រូវ​ខាតបង់​ច្រើន ជាង​ដំណាំ​ផ្សេងៗ​។ កសិករ​ដាំ​ទុរេន​នៅ​ស្រុក​សំឡូត ស្នើ​អាជ្ញាធរ ឱ្យ​ទប់ស្កាត់​ការ​នាំចូល​ទុរេន​ពី​ក្រៅប្រទេស​លើស​កម្រិត ដែល​ធ្វើ​ឱ្យ​ទុរេន​នៅក្នុង​ស្រុក​ធ្លាក់​ថ្ងៃ​ខ្លាំង ជាពិសេស​ទុរេន​ដែល​នាំចូល​មកពី​ក្រៅ​មាន​ជាតិគីមី ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។