សហភាពអឺរ៉ុប ប្ដេជ្ញាផ្ដល់មូលនិធិចំនួនជាង ១ម៉ឺនលានដុល្លារ សម្រាប់វិនិយោគលើគម្រោងនានាក្នុងតំបន់អាស៊ាន
2022.12.14

សហភាពអឺរ៉ុប ប្តេជ្ញាផ្តល់មូលនិធិជាង ១ម៉ឺនលានដុល្លារ (១០,៦ ប៊ីលានដុល្លារ) សម្រាប់វិនិយោគលើគម្រោងនានាក្នុងតំបន់អាស៊ាន រហូតដល់ឆ្នាំ២០២៧ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងថាមពល ជាមួយប្រទេសក្នុងតំបន់អាស៊ាន។ ការប្រកាសត្រៀមផ្តល់មូលនិធិរបស់អឺរ៉ុបនេះ ធ្វើឡើងក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុប ដើម្បីរំលឹកខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងសហភាពអឺរ៉ុប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ខែធ្នូ នៅទីក្រុងព្រុចសែល (Brussels) ប្រទេសប៊ែលហ្សិក (Belgium)។
នេះគឺជាការជួបប្រជុំគ្នាដ៏កម្រ និងមិនធ្លាប់មានពីមុនមកនៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក រវាងក្រុមមេដឹកនាំមកពីតំបន់អាស៊ាន ៩ប្រទេស និងក្រុមមេដឹកនាំអឺរ៉ុប ២៧ប្រទេស ខណៈមេដឹកនាំរដ្ឋប្រហារនៃប្រទេសមីយ៉ាន់ម៉ា (Myanmar) ឬភូមា (Burma) មិនត្រូវបានអនុញ្ញាតឱ្យចូលរួមកិច្ចប្រជុំកំពូលនេះទេ។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលនេះជាផ្លូវការ កាលពីថ្ងៃទី១៤ ខែធ្នូ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាល មីសែល (Charles Michel) អំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងតំបន់ទាំងពីរ គឺសហភាពអឺរ៉ុប និងអាស៊ាន។ វិស័យសំខាន់ៗចំនួន៥ ដែលលោកចង់ឃើញឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតរួមមាន ការទទួលបាននូវវិបុលភាពកាន់តែប្រសើរជាងមុនតាមរយៈប្រព័ន្ធពហុនិយម ការធ្វើការរួមគ្នាកាន់តែជិតស្និទ្ធដើម្បីការពារភពផែនដី ការផ្លាស់ប្តូរឌីជីថលដើម្បីធានានូវសេដ្ឋកិច្ចឌីជីថលប្រកបដោយសុវត្ថិភាព បើកចំហ និងរួមបញ្ចូលគ្រប់ភាគី វិស័យហេដ្ឋារចនាសម្ព័ន្ធ និងការផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ចុងក្រោយ គឺការពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យសន្តិសុខ និងការពារជាតិ ដោយផ្តោតលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខលម្ហសមុទ្រ កិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យសន្តិសុខព័ត៌មានវិទ្យាដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ជាដើម។
រីឯ ប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី អូរស៊ូឡា វ៉ុន ដឺរ ឡេយែន (Ursula von der Leyen) ក៏ចង់ឃើញក្រុមមេដឹកនាំនៃតំបន់ទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យសំខាន់ចំនួនបី។ ទីមួយ គឺវិស័យថាមពល និងអាកាសធាតុ ស្របពេលដែលអ្នកស្រីថាសង្គ្រាមឈ្លានពានដោយរុស្ស៊ី (Russia) នៅអ៊ុយក្រែន (Ukraine) កំពុងបង្កឱ្យមាននូវវិបត្តិថាមពលជាសាកល។ អ្នកស្រីចង់ឃើញតំបន់ទាំងពីរគាំទ្រគ្នាទៅវិញទៅមកដើម្បីពន្លឿនការផ្លាស់ប្តូរចេញពីការប្រើឥន្ធនៈហ្វូស៊ីល ទៅជាការប្រើថាមពលកកើតឡើងវិញ។ វិស័យទីពីរ គឺការពង្រឹងនូវចំណងទាក់ទងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងតំបន់ទាំងពីរ។ អ្នកស្រីគូសបញ្ជាក់ថា ពាណិជ្ជកម្មគឺជាយានសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសដើម្បីដោះស្រាយការផ្លាស់ប្តូរទៅរកថាមពលបៃតង និងសេដ្ឋកិច្ចឌីជីថល ដែលមានខ្សែចង្វាក់ពាណិជ្ជកម្មធន់ស៊ាំ។ ប្រធានគណៈកម្មការអឺរ៉ុបរូបនេះ លើកឡើងថា សហភាពអឺរ៉ុប ចង់ឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) បន្ថែមទៀតជាមួយរដ្ឋសមាជិកនានាក្នុងតំបន់អាស៊ាន។ វិស័យចុងក្រោយ គឺការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ អ្នកស្រីបញ្ជាក់ថា ជាលទ្ធផលសហភាពអឺរ៉ុបដាក់ចេញនូវយុទ្ធសាស្ត្រ «ច្រកសាកល» (Global Gateway) ដោយត្រៀមផ្តល់មូលនិធិជាង ១ម៉ឺនលានដុល្លារសម្រាប់វិនិយោគលើគម្រោងនានាក្នុងតំបន់អាស៊ាន ដើម្បីចូលរួមធ្វើឱ្យប្រសើរឡើងលើវិស័យសេដ្ឋកិច្ច ថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ជាដើម។
ថ្លែងក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំកំពូលនេះ ក្នុងនាមជាប្រធានប្តូរវេនអាស៊ានជិតផុតអាណត្តិ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថាមានតែកិច្ចសន្ទនាទេ ទើបអាចដោះស្រាយជម្លោះនានានៅក្នុងតំបន់បាន៖
«ខ្ញុំមិនដែលជឿថា យើងអាចសម្រេចបាននូវសន្តិភាពតាមរយៈការធ្វើសង្គ្រាម ឬការគំរាមបង្កសង្គ្រាមនោះឡើយ។ ក្នុងន័យនេះ ខ្ញុំសង្ឃឹមយ៉ាងស្មោះថា យើងគួរតែកំណត់ការដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ជាវិធីសាស្ត្ររួមរបស់យើង»។
លោក ហ៊ុន សែន ចង់ឃើញអាស៊ាន និងសហភាពអឺរ៉ុបត្រូវតែធ្វើការជាមួយគ្នាយ៉ាងស្អិតល្មួតដើម្បីធានាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ ការចូលរួមពីគ្រប់ភាគី ភាពបើកចំហរ តម្លាភាព និងការផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក ដោយគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។
នៅទន្ទឹមពេលនឹងកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុបនេះដែរ សមាជិកសភាអឺរ៉ុប១២រូប បានសរសេរលិខិតមួយច្បាប់ផ្ញើទៅប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប និងតំណាងជាន់ខ្ពស់សហភាពអឺរ៉ុបសម្រាប់កិច្ចការគោលនយោបាយការបរទេស និងសន្តិសុខ ដោយលើកឡើងពីកង្វល់របស់ពួកគេជុំវិញស្ថានភាពនយោបាយនៅកម្ពុជា ស្របពេលដែលប្រទេសនេះត្រៀមរៀបចំការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។ ពួកគេគូសបញ្ជាក់ថា ការបោះឆ្នោតនាពេលខាងនេះនឹងកំណត់ថាតើកម្ពុជានឹងវិលត្រលប់មករកការអនុវត្តស្របតាមរដ្ឋធម្មនុញ្ញតាមបែបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ឬក៏នឹងចាក់រិះគល់កាន់តែខ្លាំងថែមទៀតនៃការរអិលធ្លាក់ចូលការគ្រប់គ្រងតាមបែបផ្តាច់ការនិយម ដែលរំលោភលើកាតព្វកិច្ចអន្តរជាតិរបស់កម្ពុជា។ ពួកគេថា ពួកគេមិនទទួលស្គាល់ការបោះឆ្នោតឃុំ-សង្កាត់កាលពីពេលកន្លងទៅថាជាការបោះឆ្នោតដោយសេរី ឬដោយយុត្តិធម៌នោះទេ ខណៈរដ្ឋាភិបាលកម្ពុជាបានបង្កើនការបង្ក្រាបមកលើគណបក្សប្រឆាំង ក្រុមអ្នកកាសែត ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសង្គមស៊ីវិលនោះ។
ក្នុងន័យនេះ សមាជិកសភាអឺរ៉ុបទាំង១២រូប បានគូសបញ្ជាក់ឡើងវិញពីការអំពាវនាវរបស់ពួកគេ ដល់សហភាពអឺរ៉ុប រដ្ឋសមាជិកអឺរ៉ុប និងសហគមន៍អន្តរជាតិ ឱ្យប្រើប្រាស់ឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុបនេះ ដាក់សម្ពាធមកលើរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងចាត់វិធានការជាសាធារណៈដើម្បីផ្តល់ការគាំពារដល់សកម្មជន និងក្រុមអ្នកការពារសិទ្ធិមនុស្ស គាំទ្រគណបក្សនយោបាយនានានៅកម្ពុជាចំពោះការតស៊ូរបស់គណបក្សទាំងនោះដើម្បីឱ្យមានការបើកលំហសង្គមស៊ីវិល និងនយោបាយនៅមុនការបោះឆ្នោតជាតិឆ្នាំ២០២៣ខាងមុខ។
ជាថ្មីម្តងទៀត សមាជិកសភាពអឺរ៉ុប ក៏អំពាវនាវឱ្យដាក់ទណ្ឌកម្មជាក់លាក់ និងជំរុញទៅក្រុមប្រឹក្សាអឺរ៉ុបឱ្យអនុម័តនូវវិធានការរឹតត្បិតនានា រួមមានដូចជា ការហាមប្រាមមិនឱ្យធ្វើដំណើរមកអឺរ៉ុប និងការបង្កកទ្រព្យសម្បត្តិ ទៅលើក្រុមមេដឹកនាំនយោបាយ និងមេដឹកនាំកងកម្លាំងសន្តិសុខនៅកម្ពុជា ព្រមទាំងផលប្រយោជន៍សេដ្ឋកិច្ចរបស់ពួកគេ ក្នុងគោលដៅដើម្បីឱ្យពួកគេទទួលខុសត្រូវចំពោះអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការរម្លាយ ព្រមទាំងការរិតត្បិតជាបន្តបន្ទាប់មកលើគណបក្សប្រឆាំងនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។