សហភាពអឺរ៉ុបរំលឹកកម្ពុជាថា ការប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ សេរីភាពមូលដ្ឋាន សិទ្ធិមនុស្ស សិទ្ធិការងារ មានសារៈសំខាន់សម្រាប់កម្ពុជា។ មន្ត្រីសិទ្ធិមនុស្សលើកឡើងថា បើកម្ពុជា យកចិត្តទុកក្នុងអនុវត្ត នូវសំណើនេះ កម្ពុជាសង្ឃឹមថា នឹងអាចទទួលបានប្រព័ន្ធអនុគ្រោះទាំងស្រុងមកវិញ។
កម្ពុជានិងសហភាពអឺរ៉ុបបានពិភាក្សាពីការស្ដារសេដ្ឋកិច្ចឡើងវិញ នៃទំនាក់ទំនងពាណិជ្ជកម្មរបស់ភាគីទាំងពីរ និងការដកបណ្ដុះអាសន្ននូវផ្នែកខ្លះនៃការអនុគ្រោះពន្ធរបស់អឺរ៉ុប (EBA)។ ការលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា និងសហភាពអឺរ៉ុប លើកទី១១ ដែលមានរយៈពីរថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមីនា ធ្វើនៅទីក្រុងភ្នំពេញ។

សេចក្ដីប្រកាសព័ត៌មានរួមនៃកិច្ចប្រជុំនោះបញ្ជាក់ថា សហភាពអឺរ៉ុបបានរំលឹកកម្ពុជា ពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ សេរីភាពមូលដ្ឋាន សិទ្ធិមនុស្ស សិទ្ធិការងារ និងនីតិរដ្ឋ។ សហភាពអឺរ៉ុប ក៏បានកត់សម្គាល់ពីកាតព្វកិច្ចកម្ពុជាស្ថិតក្រោមច្បាប់ និងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស និងកិច្ចសហការនឹងយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ ទោះបីជាយ៉ាងណា សេចក្ដីប្រកាសព័ត៌មានរួមមិនបានបញ្ជាក់ ពីសេចក្ដីសម្រេចរបស់សហភាពអឺរ៉ុបជុំវិញការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នៅឡើយទេ។
ទាក់ទងបញ្ហានេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី បាននៅឡើយទេ នៅថ្ងៃទី១១ ខែមីនា។ ចំណែកអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និង សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលលោក កត្តា អ៊ន ក៏មិនអាចសុំការបញ្ជាក់បានដែរនៅថ្ងៃដដែលនេះ។

រីឯអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយថា ទោះសហភាពអឺរ៉ុប បានដកផ្នែកខ្លះនៃការអនុគ្រោះពន្ធរបស់អឺរ៉ុប (EBA) ក្ដី ប៉ុន្តែ ទំនិញកម្ពុជា នៅតែនាំទៅលក់នៅសហភាពអឺរ៉ុបដដែល។ ប៉ុន្តែ លោក សុខ ឥសាន មិនទាន់ហ៊ាន រំពឹងថា សហភាពអឺរ៉ុប នឹងផ្ដល់ប្រព័ន្ធអនុគ្រោះពេញលេញ ១០០ភាគរយឲ្យកម្ពុជានៅពេលណានោះទេ៖ «ខ្ញុំអត់ប៉ានប្រមាណទេបាទ បើគេ (សហភាពអឺរ៉ុប ) អត់មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរហើយអត់មានលទ្ធិប្រជាធិបតេយ្យដើរថយក្រោយស្រេចតែលើគេជាអ្នកសម្រេច មិនមែនលើយើងអ្នកថា ឯណាបាទ »។
ទាក់ទងរឿងនេះដែរ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា យល់ថា បើកម្ពុជាបានគោរពតាមអនុសាស្ត្ររបស់សហភាពអឺរ៉ុប កម្ពុជាអាចនឹងទទួលប្រព័ន្ធអនុគ្រោះទាំងស្រុងឡើងវិញ។ ទោះជាបែបនេះក្ដី លោកថា បើកម្ពុជាមិនបានយកចិត្តទុកក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីភាពមូលដ្ឋាន សិទ្ធិមនុស្សនោះទេ កម្ពុជាមិនអាចទទួលបានប្រព័ន្ធអនុគ្រោះពន្ធ២០ដែលដកហូតនាពេលកន្លងទៅនោះទេ ផ្ទុយទៅកម្ពុជាអាចប្រឈមនឹងការដាក់ទណ្ឌកម្មបន្ថែមទៀតពីសហភាពអឺរ៉ុប៖ «ខ្ញុំសូមគាំទ្រចំពោះការលើកឡើងរបស់សហភាពអឺរ៉ុប ព្រោះយើងដឹងហើយការគោរពសិទ្ធិមនុស្ស គោរពសិទ្ធិជាមូលដ្ឋាន សំខាន់ណាស់សម្រាប់សង្គមប្រជាធិបតេយ្យហើយបើសិនមិនគោរពសិទ្ធិមនុស្ស សេរីភាពជាមូលដ្ឋានឲ្យបានត្រឹមត្រូវទេ ដំណើរការប្រជាធិបតេយ្យហ្នឹងច្បាស់ណាស់ច្បាស់ជាធ្លាក់ចុះហើយនឹងរកការរឹតត្បិតទៅលើសេរីភាពខាងផ្នែកនយោបាយហ្នឹងហើយបាទ »។
កាលពីខែសីហា ឆ្នាំ២០២០ សហភាពអឺរ៉ុប បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីកម្ពុជា ដោយសារតែមានការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធយ៉ាងជាក់ច្បាស់នៅក្នុងប្រទេសកម្ពុជា។ ទោះយ៉ាងណាក្ដី គណៈកម្មការអឺរ៉ុប សង្កត់ធ្ងន់ថា ការដកហូតនឹងត្រូវលើកលែង បើកម្ពុជាធានាឲ្យមានមានការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងសិទ្ធការងារឡើងវិញ។
មន្ត្រីសិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា សង្កេតឃើញមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជាមិនទាន់បានការកែលំអ លើបញ្ហាទាំងនេះនៅឡើយទេ ផ្ទុយទៅវិញកាន់តែមានការរឹតត្បិតកាន់ខ្លាំងថែមទៀត ក្នុងនោះរួមមាន អំពើហិង្សាលើសកម្មជនបក្សប្រឆាំង ការរឹតត្បិតសេរីភាពតាមប្រព័ន្ធអនឡាញ (Online) សេរីភាពនៃជួបជុំធ្វើបាតុកម្ម និងកូដកម្ម ដោយសន្តិវិធី និងករណីវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ (NagaWorld) ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។