កសិករ​ដាំ​ដំឡូងមី​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ត្អូញត្អែរ​ពី​តម្លៃ​កសិផល​ធ្លាក់​ចុះ

ដោយ ទីន ហ្សាការីយ៉ា
2024.12.03
កសិករ​ដាំ​ដំឡូងមី​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ត្អូញត្អែរ​ពី​តម្លៃ​កសិផល​ធ្លាក់​ចុះ ដំណាំដំឡូងមី ដែលក្រសួង​កសិកម្ម​ផុសលើហ្វេសប៊ុក កាលពីថ្ងៃទី៧ ធ្នូ ២០២៤។
រូប៖ ហ្វេសប៊ុកក្រសួង​កសិកម្ម

កសិករ​ដាំ​ដំឡូងមី​នៅ​តាម​ខេត្ត​មួយ​ចំនួន​ត្អូញត្អែរ​ថា តម្លៃ​ដំឡូងមី​ឆ្នាំ​នេះ ធ្លាក់​ចុះ​ខ្លាំង​ជាង​ឆ្នាំមុន ទាំង​ដំឡូង​ស្រស់ និង​ស្ងួត ដែល​ធ្វើ​ឱ្យ​ពួកគាត់​ខាតបង់​ទាំង​ដើម​ទាំង​ចុង រហូត​ដល់​គ្មាន​លុយ​សង​ធនាគារ។ ប្រធាន​សមាគម​កសិករ​ដំឡូងមី​ខ្មែរ​ថា តម្លៃ​ដំឡូងមី​ធ្លាក់​ចុះ​បែបនេះ គឺ​ដោយសារ​ឃ្លាំង​ស្តុក​ដំឡូង​របស់​អ្នក​បញ្ជាទិញ នៅសល់​ស្ដុក​ចាស់​ច្រើន ខណៈ​ការ​កែច្នៃ​វត្ថុធាតុដើម​ចេញពី​ដំឡូង​ក៏​ធ្លាក់​ចុះ ដោយសារ​មាន​វត្ថុធាតុដើម​ថ្មី មក​ជំនួស។

បន្ទាប់ពី​ឆ្លងកាត់​គ្រោះ​រាំងស្ងួត​នៅ​ដើម​រដូវ និង​ជំនន់​ទឹកភ្លៀង​កើត​មាន​នៅ​កៀក​រដូវ​ប្រមូល​ផល នៅ​ពេល​នេះ​ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត​មួយ​ចំនួន បាន​ប្រមូល​ផល​ដំឡូងមី​របស់​ពួកគាត់​ជា​បណ្ដើរៗ ហើយ។ នៅ​តាម​ចម្ការ​កម្មករ​បាន​ចុះ​ដក​ដំឡូង​នៅ​តាម​រង​ដែល​ពូន​ជា​ភ្លឺ​វែងៗ ហើយ​ដំឡូង​ដែល​ដក​ចេញ​មក មាន​មើម​ធំៗ រហូត​គុម្ព​ខ្លះ​មាន​មើម​ដល់​ទៅ ១០​គីឡូក្រាម​ក៏មាន។

ក៏ប៉ុន្តែ កសិករ​ហាក់​មិនសូវ​គាប់ចិត្ត​នឹង​មើម​ដំឡូង​ធំ​ល្អ​ទាំងនេះ​នោះ​ឡើយ ដោយ​ពួកគាត់​រអ៊ូរទាំ​ថា ដំឡូង​ឆ្នាំនេះ​ល្អ​ទាំង​មើម ល្អ​ទាំង​ដើម ប៉ុន្តែ​ចំពោះ​តម្លៃ​វិញ​ចុះ​ថោក ប្រៀប​ដូច​គាស់​ដី​យក​ទៅ​លក់​ដូច្នេះ​ដែរ។

កសិករ​ដាំ​ដំឡូង​នៅ​ស្រុក​ចំការលើ ខេត្ត​កំពង់ចាម លោក លីម ហេង ប្រាប់​វិទ្យុ​អាស៊ីសេរី ថា នៅ​តំបន់​លោក​តម្លៃ​ដំឡូងមី​ស្រស់ បាន​ចុះ​មក​នៅ​ត្រឹម ៣៥០រៀល​ក្នុង​មួយ​គីឡូក្រាម ថោក​ជាង​ឆ្នាំមុន​ដែល​មាន​តម្លៃ ៤៨០រៀល។ លោក​បន្ត​ថា តម្លៃ​ប៉ុណ្ណេះ​លោក​មិន​ចំណេញ​នោះ​ទេ ដោយសារ​ការ​ដាំ​ដំឡូង​ឆ្នាំនេះ ជួប​គ្រោះ​រាំងស្ងួត​ផង និង​ជំនន់​ទឹកភ្លៀង​ផង ដែល​ធ្វើ​ឱ្យ​លោក ត្រូវ​ចំណាយ​ទៅ​លើ​ជី និង​ថ្នាំ​បំប៉ន​ច្រើន។

លោក លីម ហេង៖ «ដំឡូង​នេះ កែច្នៃ​បាន​គ្រប់សព្វ​ហ្នឹង តាំងពី​កាកសំណល់​យក​ទៅ​ធ្វើ​ជី យក​ទៅ​ធ្វើ​ឧស្ម័ន​ចេញ​មកវិញ​នៅ​ក្នុង​រោងចក្រ អ៊ីចឹង​ខ្ញុំ​ឆ្ងល់​ដែរ ហេតុអ្វី​បាន​វា​ចុះ​ថោក

ដំឡូង​មី គឺជា​ដំណាំ​កសិ-ឧស្សាហកម្ម​ប្រភេទ​ធ្ងន់ ដែល​ប្រើប្រាស់​រយៈពេល​ដាំ និង​ថែទាំ​យ៉ាងតិច ១ឆ្នាំ​ទើប​អាច​ប្រមូល​ផល​បាន ហើយ​ប្រសិនបើ​ដំឡូង​អាយុ​ក្រោម​មួយ​ឆ្នាំ នឹង​ធ្វើ​ឱ្យ​ទិន្នផល​ថយ​ចុះ ប៉ុន្តែ​បើ​លើស​ពី​នេះ នឹង​ធ្វើ​ឱ្យ​កម្រិត​ម្សៅ​របស់​មើម​ថយ​ចុះ កើន​សរសៃ និង​រឹង​ដូច​ឈើ។ ជាទូទៅ​កសិករ​ប្រមូល​ផល​ដំឡូងមី​នៅ​រដូវប្រាំង ព្រោះ​មាន​កម្រិត​ជាតិ​ម្សៅ​ល្អ និង​តម្លៃ​ខ្ពស់។

កសិករ​ដាំ​ដំឡូង​នៅ​ខេត្ត​កំពង់ចាម ម្នាក់​ទៀត​គឺ​លោក ហុង រិន្ទ រៀបរាប់​ថា ការ​ប្រមូល​ផល​ដំឡូងមី​នៅ​ឆ្នាំនេះ ត្បិត​ទទួល​បាន​ទិន្នផល​ច្រើន ប៉ុន្តែ​បែរជា​តម្លៃ​ចុះ​ថោក ធ្វើ​ឱ្យ​លោក​ខក​បំណង​ជា​ខ្លាំង។

លោក ហុង រិន្ទ៖ «បើ​ថោក​ម្លឹងៗ ហើយ​កសិករ​មួយ​ឆ្នាំ ប្រមូល​ផល​បាន​តែ​ម្ដង​ហ្នឹង ហើយ​ប្រសិនបើ​គ្នា​ជំពាក់​អង្គការ អត់មាន​លុយ​បង់​អង្គការ មានតែ​លក់​ដី​លក់​ធ្លី​ហ្នឹង​បង់​ឱ្យ​អង្គការ ហើយ​និង​ធ្វើការ​ចំណាកស្រុក។ បានតែ ២០០ជាង​ហ្នឹង កសិករ​មិន​ចំណេញ​ទេ»

ម្ចាស់​សៃឡូ​ដែល​ទទួល​ទិញ​ដំឡូងមី​បាន​កំណត់​តម្លៃ​ខុសៗ​គ្នា ដោយ​អាស្រ័យ​ទៅតាម​ចម្ងាយ​ផ្លូវ​ដឹកជញ្ជូន ដោយ​តំបន់​ខ្លះ​ថ្លៃ ៣០០​រៀល​ក្នុង​មួយ​គីឡូក្រាម ប៉ុន្តែ​នៅ​ខេត្ត​បាត់ដំបង ប៉ៃលិន ពួកគេ​ឱ្យ​តម្លៃ​ត្រឹមតែ ២០០រៀល​ប៉ុណ្ណោះ រីឯ​ខេត្ត​ឧត្តរមានជ័យ បាន ២៣០រៀល។ កសិករ​ប្រាប់​ថា ទាល់តែ​ដំឡូង​ស្រស់​លក់​បាន​តម្លៃ ៤០០រៀល​ក្នុង​មួយ​គីឡូក្រាម និង​ស្ងួត​លក់​បាន ៧០០រៀល ទើប​ពួកគាត់​ចំណេញ។

ទោះជា​យ៉ាងណា បញ្ហា​ដំឡូងមី​ចុះថោក​នេះ មិនមែន​មាន​តែ​កសិករ​ដែល​ជា​អ្នក​លក់​នោះ​ទេ ដែល​ខាត​ឡុងចុង​នោះ សូម្បីតែ​ម្ចាស់​សៃឡូ​ដែល​ជា​អ្នក​ទទួល​ទិញ​កសិផល ក៏​ជួប​ការ​លំបាក និង​ខាត​ចូល​ដើម​ដូចគ្នា​ដែរ។

ម្ចាស់​សៃឡូ​នៅ​ស្រុក​ស្វាយលើ ខេត្ត​សៀមរាប លោក បូ វី ប្រាប់​ថា លោក​ទទួល​ទិញ​ដំឡូងមី​ស្រស់​ពី​កសិករ​ក្នុង​តម្លៃ ២០០រៀល​ក្នុង​មួយ​គីឡូក្រាម ចំណែង​ដំឡូង​ស្ងួត​ក្នុង​តម្លៃ ៤០០រៀល។ លោក​បញ្ជាក់​ថា ការ​ទិញ​ចូល​ក្នុង​តម្លៃ​ទាប​បែបនេះ មិនមែន​លោក​ជា​អ្នក​កំណត់​ដោយ​ខ្លួនឯង​នោះ​ទេ ប៉ុន្តែ​គឺ​ដោយសារ​ឈ្មួញ​វៀតណាម និង​ថៃ គឺជា​អ្នក​ដាក់​តម្លៃ​ទាប​មក​ស្រាប់ ពោល​គឺ​លើស​ពី​តម្លៃ​លោក​ទិញ​ចូល​តែ ១០០រៀល​ក្នុង​មួយ​គីឡូក្រាម​ប៉ុណ្ណោះ។ ថៅកែ​សៃឡូ​រូប​នេះ​ត្អូញត្អែរ​ថា ដោយសារ​តែ​ថ្លៃ​កម្មករ និង​ដឹកជញ្ជូន​ចំណាយ​ច្រើន លោក​រង​ការ​ខាតបង់ មិន​ខុស​ពី​កសិករ​នោះ​ឡើយ។

លោក បូ វី៖ «យើង​អ្នក​ទិញ យើង​កំណត់​មិន​បាន​ទេ បើ​យើង​រក​តែ​ដង្ហើម​ដក​ខ្លួនឯង​មិន​បាន​ដែរ។ និយាយ​ទៅ​ពិបាក​ទាំងអស់​គ្នា មិន​ថា​តែ​កសិករ ឬក៏​ខ្ញុំ​ដែល​ជា​ឈ្មួញ​កណ្ដាល​នោះ​ទេ គឺ​គ្រប់គ្នា​ទាំងអស់ ព្រោះ​ភាគច្រើន​យើង​សុទ្ធតែ​ជំពាក់​អង្គការ។ ពេល​ដែល​យើង​រកលុយ​អត់​បាន គឺ​ពិបាក​ហើយ​រហូត​ដល់​រត់ចោល​ផ្ទះសម្បែង។ អ្នកខ្លះ​ពេល​ដាំ​ដំឡូង​អត់​កើត​ពីរ​បី​ដង គាត់​អត់​នៅ​មើល​ដំឡូង​ទេ គឺ​គាត់​ទៅ​ថៃ​អស់ហើយ»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម កញ្ញា អ៊ឹម រចនា និង​លោក ឃឹម ហ្វីណង់ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី២ ខែ​ធ្នូ។

ប្រធាន​សមាគម​ដំឡូងមី​កម្ពុជា លោក អិល ឈិញ លើកឡើង​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​តម្លៃ​ដំឡូងមី​ធ្លាក់​ចុះ គឺ​ដោយសារ​តែ​រោងចក្រ​មួយ​ចំនួន​បាន​ផ្អាក​បញ្ជា​ទិញ ព្រោះ​ស្ដុក​ចាស់​នៅសល់​ច្រើន ខណៈ​ការ​កែច្នៃ​វត្ថុធាតុដើម​ចេញពី​ដំឡូង ដូចជា​អេតាណុល (Ethanol) ដែល​ជា​ប្រភេទ​អាកុល​ខ្សោយ និង​ម្សៅមី​ជាដើម ក៏​ធ្លាក់​ចុះ ដោយសារ​មាន​វត្ថុធាតុដើម​ថ្មី​មក​ជំនួស។ លោក អិល ឈិញ ពន្យល់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លុះត្រាតែ​មាន​ការ​បង្កើន​ចំនួន​រោងចក្រ​កែច្នៃ​ដំឡូងមី​នៅ​ក្នុង​ស្រុក ដើម្បី​កាត់បន្ថយ​លើ​ការ​នាំចេញ​ទៅ​ក្រៅ ហើយ​កសិករ​ត្រូវ​ជ្រើសរើស​ពូជ​ដំឡូង​សម្រាប់​ដាំ ឱ្យ​សមស្រប​ទៅ​តាម​តម្រូវការ​ទីផ្សារ ដូចជា​ពូជ​ដំឡូងមី​សម្រាប់​ផលិត អេតាណុល និង​ពូជ​សម្រាប់​ផលិត​ម្សៅមី​ជាដើម។

លោក អិល ឈិញ៖ «ដំណោះស្រាយ​ដែល​ល្អ​សម្រាប់​កសិករ​នោះ ដូច​ខ្ញុំ​លើកឡើង​រួច​មក​ហើយ គឺ​បើ​ដី​ណា​បាន​ផល​ក្រោម​២០តោន (ក្នុង​មួយ​ហិកតារ) យើង​កុំ​ដាំ បើ​មិន​អ៊ីចឹង​ទេ យើង​នៅតែ​ខាត នៅតែ​ធ្លាក់ខ្លួន​ក្រ។ បើសិនជា​យើង​គិត​ថា​ដី​ណា​ដែល​វា​ល្អ​ចាប់ពី​២៥តោន ចាំ​យើង​ដាំ។ ព្រោះ​ដី​ឧទាហរណ៍​ថា ១០​ហិកតារ ខ្លះ​គេ​ដាំ​ដំឡូង​ទាំងអស់ ប៉ុន្តែ​មាន​ដី២ ឬ ៣ហិកតារ​វា​អត់​កើត​ទេ ព្រោះ​វា​អត់​មាន​មើម អ៊ីចឹង​យើង​ដក ២ ឬ៣ ហិកតារ​នោះ​ចេញ ហើយ​យើង​ធ្វើ​តែ ៧ហិកតារ​បាន​ហើយ»

របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បង្ហាញ​ថា ក្នុងរយៈពេល ៥ខែ នៃ​ឆ្នាំ២០២៤ កម្ពុជា​បាន​នាំចេញ​ដំឡូងមី​ក្រៀម​ចំនួន​ជាង ៨០ម៉ឺន​តោន (៨០៤.៥៨៥) ដំឡូងមី​ស្រស់​ជាង ១លាន​តោន(.៥៩៩.១៦០) ម្សៅ​ដំឡូងមី​ជិត ៤ម៉ឺនតោន (៣៨.៣៥០) និង​កាកសំណល់​ដំឡូងមី​ជិត ៣ម៉ឺន​តោន(២៩.៣២៤)។

តែ​យ៉ាងណា របាយការណ៍​របស់​សមាគម​ដំឡូងមី​កម្ពុជា បង្ហាញ​ថា ក្នុង​ឆ្នាំ​២០២៤​នេះ ទាំង​ទិន្នផល និង​ផ្ទៃដី​ដាំដុះ​ដំឡូងមី បាន​ធ្លាក់​ចុះ ដោយសារ​គ្រោះ​រាំងស្ងួត​នៅ​ដើម​រដូវ និង​ជំនន់​ទឹកភ្លៀង​កើត​មាន​នៅ​កៀក​រដូវ​ប្រមូល​ផល ដែល​ធ្វើ​ឱ្យ​រលួយ​មើម​ដំឡូង និង​បាត់បង់​ទិន្នផល​ពី​១០ ទៅ ២០ភាគរយ នៅ​ទូទាំង​ប្រទេស។

កសិករ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ទាក់ទង​វិនិយោគទុន​ឱ្យ​មក​បង្កើត​រោងចក្រ​កែច្នៃ​ដំឡូងមី​បន្ថែម​ទៀត ដើម្បី​បង្កើន​ទីផ្សារ និង​រក្សា​ស្ថិរភាព​តម្លៃ​ដំឡូង​មី​របស់​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។