កសិករ​មិន​រំពឹង​ថា ការ​បង្កើត​រោងចក្រ​ផលិត​ក្នុងស្រុក​ធ្វើ​ឱ្យ​តម្លៃ​កៅស៊ូ​ឡើងថ្លៃ

កសិករ​ប្រកប​របរ​ដំណាំ​កៅស៊ូ​នៅ​ខេត្ត​ត្បូងឃ្មុំ​មិន​រំពឹង​ថា ការបង្កើត​រោងចក្រ​ផលិត​កែច្នៃ​ជ័រកៅស៊ូ​ក្នុងស្រុក អាច​ធ្វើ​ឱ្យ​តម្លៃ​កៅស៊ូ​ពួកគាត់​ទទួល​បាន​តម្លៃ​សមរម្យ​នោះ​ទេ។ ការ​លើកឡើង​របស់​កសិករ​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ថា ក្រុមហ៊ុន​ផលិត​ឧស្សាហកម្ម​ចិន​ឈ្មោះ ហេប៊ី វ៉ាន់រី មេដីខល ឌីវ៉ាយស៍ (Hebei Vanry Medical Devices Co., Ltd) គ្រោង​បោះទុន​វិនិយោគ​ទឹកប្រាក់​ប្រមាណ ៥​រយ​លាន​ដុល្លារ​លាន​ដុល្លារ ដើម្បី​បង្កើត​ការផលិត​កែច្នៃ​ជ័រកៅស៊ូ​នៅ​កម្ពុជា។

កសិករ​ធ្វើ​ដំណាំ​កសិកម្ម​កៅស៊ូ​ចង់​ឃើញ​រដ្ឋាភិបាល​ស្វែងរក​ទីផ្សារ​នាំចេញ​កៅស៊ូ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស និង​កំណត់​តម្លៃ​ទីផ្សារ​ក្នុង​តម្លៃ​សមរម្យ​មួយ​ឱ្យ​បាន​ជាក់លាក់ ជាជាង​ប្រកាស​ថា ជួយ​ជ្រោមជ្រែង​កសិករ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្ដែង​របស់​រដ្ឋាភិបាល​គ្មាន​ប្រសិទ្ធភាព។

តំណាង​សហគមន៍​កសិកម្ម​ដំណាំ​កៅស៊ូ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​លោកស្រី សុខ ឡន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៥ ខែ​វិច្ឆិកា​ថា កសិករ​ដាំ​កៅស៊ូ​ភាគច្រើន​កំពុង​ជួប​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច ដ្បិត​ពួកគាត់​ខ្លះ​ខ្ចីបុល​ពី​ធនាគារ យក​មក​ធ្វើ​ដើមទុន​នៅក្នុង​ការថែទាំ​ដំណាំ​កៅស៊ូ​។ លោកស្រី​បញ្ជាក់​ថា តម្លៃ​កៅស៊ូ​បច្ចុប្បន្ន អាស្រ័យ​តែ​លើ​ការកំណត់​របស់​ឈ្មួញ​ជនជាតិ​វៀតណាម​ផ្ដល់​ឱ្យ​ដោយ​ជ័រកៅស៊ូ​កក​មួយ​គីឡូ​មានតម្លៃ​ចន្លោះ​ពី ១​ពាន់ (១.០០០) ទៅ ១​ពាន់ ៥​រយ​រៀល (១.៥០០) តែប៉ុណ្ណោះ​។ លោកស្រី សុខ ឡន ចង់ឱ្យ​រដ្ឋាភិបាល​រក​ទីផ្សារ​នាំចេញ​ជ័រកៅស៊ូ​លក់​នៅ​ក្រៅ​ប្រទេស​ឱ្យ​បាន​ទូលំទូលាយ និង​កំណត់​តម្លៃ​កៅស៊ូ​នាំចេញ​ក្រៅប្រទេស ៣​ពាន់​រៀល (៣.០០០) នៃ​ជ័រកៅស៊ូ​មួយ​គីឡូ ដើម្បី​អាច​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​កសិករ​ឱ្យ​បាន​សមរម្យ។

លោកស្រី សុខ ឡន៖ «មិនបាច់​ទាមទារ​អី​ច្រើន​ទេ សុំ​ត្រឹមតែ ៣​ពាន់ ៥​រយ​រៀល(៣.៥០០)ក៏​ខ្ញុំ​អាច​មាន​សង្ឃឹម​រស់នៅ​ដែរ ប្រជាពលរដ្ឋ​ទាំងអស់​ទាំង​គេ ទាំង​ខ្ញុំ​ទឹក​ថ្នាំ​បាញ់​វា​មិន​រួច​ថ្លៃ​ផង ហើយ​ដល់​ពេល​អ៊ីចឹង​ប្រជាពលរដ្ឋ​ខាងត្បូង​ឃ្មុំ បាក់​ទឹកចិត្ត​ទាំង​គេ ទាំង​ខ្ញុំ តែ​ធ្វើ​ម៉េច​យើង​មិន​ធ្វើ​បាន​មានអី[​បង់​ធនាគារ​]​។ ខ្ញុំ​សុំ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ថ្មី​សូម​គាត់​ទំនួល​ខុសត្រូវ​ជួយ​ប្រជាពលរដ្ឋ​ឱ្យ​បាន គាត់​និយាយ​ហើយ​ឱ្យ​ប្រជាពលរដ្ឋ​ហ្នឹង​ឱ្យ​ជំនឿ​ឱ្យ​ថា ឃើញ​គាត់​វិនិយោគទុន​ហ្នឹង​កុងត្រា ជាមួយ​គេ អ្នកទិញ​ឱ្យ​ច្បាស់​មក កុំឱ្យ​មិន​កុងត្រា​ជាមួយ​គេ​ផង​ហ្នឹង ចង់​គេ​ទិញ ១​ពាន់ ៥​រយ​រៀល(១.៥០០)ក៏បាន​ចង់​គេ​ទិញ ២​ពាន់​រៀល​(២.០០០)ក៏បាន​ស្រេច​តែ​យួន​ឱ្យ​។ អ៊ីចឹង​ទៅ​យើង​សង្ឃឹម​ស្អី​?»។

ស្រដៀង​គ្នា​នេះ​ដែរ កសិករ​ដាំ​កៅស៊ូ​ក្នុងស្រុក​មេមត់ លោក ចាន់ ធី អស់​សង្ឃឹម​នឹង​រដ្ឋាភិបាល​ដែល​គ្មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ទីផ្សារ​នាំចេញ​កៅស៊ូ​ជូន​កសិករ​។ លោក ចាន់ ធី ដែល​មាន​ផ្ទៃដី​ដាំ​កៅស៊ូ​ប្រមាណ ៣​ហិកតារ ជិត ១០ ឆ្នាំ​មក​ហើយ​នោះ បញ្ជាក់​ថា លោក​មិន​ដែល​ឃើញ​មាន​មន្ត្រី​ជំនាញ​នៃ​ស្ថាប័ន​ណាមួយ​ចុះ​ជួយ​ពង្រឹង​សមត្ថភាព បច្ចេកទេស និង​ឧបត្ថម្ភ​ថ្នាំ​បំប៉ន ឬ​សម្ភារៈ​ថែទាំ​កៅស៊ូ​ដល់​កសិករ​នោះ​ទេ ខណៈ​បច្ចុប្បន្ន លោក និង​កសិករ​ភាគច្រើន​មាន​ជីវភាព​កាន់តែ​លំបាក។

លោក ចាន់ ធី៖ «និយាយ​គាត់[​មន្ត្រី​ជំនាញ​]អត់​ដែល​ចុះ​មក​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ម៉េច ដាក់​ជី​ម៉េច ដូច​អត់​ដែល​មក​សោះ។ តាម​ខ្ញុំ​មើល​ទៅ ឮ​តែ​គាត់[​រដ្ឋាភិបាល​]និយាយ​រហូត​តែ​គាត់​មិន​អាច​ធ្វើ​អី​បាន គាត់​និយាយៗ​ចោល។ ប្រជាពលរដ្ឋ​ចង់​ដាច់​បាយ​ម្ដងៗ និយាយ​មួយ​ម៉ាត់​ទៅ​ពិបាក មាន​អារម្មណ៍​ថា ខកចិត្ត​តែ​មិនដឹង​ធ្វើ​ម៉េច បើ​រាល់ថ្ងៃ​គាត់[​រដ្ឋាភិបាល​]បានតែ​និយាយ តែ​អត់​បាន​ធ្វើ​ឱ្យ​យើង​។ ពលរដ្ឋ​ត្រូវ​ជំពាក់​ធនាគារ​តិចតួច​ទៀត​ចង់​ដាច់​បាយ​ម្ដងៗ»។

ការ​ត្អូញត្អែរ​របស់​កសិករ​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​កាល​ពី​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ក្នុង​វេទិកា​រវាង​រដ្ឋាភិបាល និង​ផ្នែក​ឯកជន លើក​ទី​១៩ ថា ក្រុមហ៊ុន​ផលិត​ឧស្សាហកម្ម ហេប៊ី វ៉ាន​រី មេដីខល ឌីវ៉ាយស៍ គ្រោង​បោះទុន​វិនិយោគ​ទឹក​ប្រាក់​ប្រមាណ ៥​រយ (៥០០) លាន​ដុល្លារ ដើម្បី​បង្កើត​រោងចក្រ​ផលិត​កែច្នៃ​ជ័រកៅស៊ូ​នៅ​កម្ពុជា។

លោក ហ៊ុន ម៉ាណែត៖ «ហើយ​ក្រុមហ៊ុន​ដែល​មាន​ស្រាប់ ខាតថ៍ ថាយអឺរ(Cart Tire Co., Ltd)នៅ​ក្រុង​បាវិត ក្រុមហ៊ុន ជែលណឺរ៉ល ថាយអឺរ ថេកណឡូជី(General Tires Technology)នៅ​ខេត្ត​ព្រះសីហនុ ក្រុមហ៊ុន ញ៉ូស៍ បាស្ទើរ ខេមបូឌា(Newbustar Cambodia)កំពុង​កសាង​នៅ​ក្រចេះ​។ ក្រុមហ៊ុន​នេះ​ដើរ​តួនាទី យើង​ចង់​ជំរុញ​កសិកម្ម​នៅ​ថ្ងៃក្រោយ​មិនមែន នាំ​ចេញ​វត្ថុធាតុ​ដើម តែ​យើង​ចង់​បាន​ផលិតផល​សម្រេច ហើយ​នេះ​គឺជា​ការវិវត្តន៍។ យើង​ក៏​នៅ​មាន​កម្រិត​មួយ​វត្ថុធាតុដើម​ក្នុង​ស្រុក វា​តិច​ពេក​បាន​ត្រឹម​តែ ២០%ទៅ ៣០%ដោយសារតែ​បញ្ហា​បច្ចេកទេស​។ អ៊ីចឹង នៅ​ពេល​នេះ​មាន​សក្ដានុពល​ធំ​ណាស់ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​របស់​យើង មិន​ចាំបាច់​នាំ​កៅស៊ូ​ចេញ​ទៅ​ក្រៅប្រទេស យក​មក​ចូល​រោងចក្រ​ផលិត​កង់​ឡាន ផលិត​វត្ថុ​សម្ភារៈ​នៅក្នុង​ប្រទេស​តែម្ដង»។

ទោះជា​បែបនេះ​ក្ដី តំណាង​សហគមន៍​លោកស្រី សុខ ឡន រិះគន់​ថា រដ្ឋាភិបាល​តែងតែ​ឃោសនា​ថា ជួយ​ជ្រោមជ្រែង​កសិករ ប៉ុន្តែ ការ​អនុវត្ត​ជាក់ស្ដែង​គ្មាន​ប្រសិទ្ធភាព ដ្បិត​កសិករ​នៅតែ​គ្មាន​ទីផ្សារ​នាំចេញ​កៅស៊ូ។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម កញ្ញា អ៊ឹម រចនា ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​១៥ ខែ​វិច្ឆិកា។ ប៉ុន្តែ កាល​ពី​ដើម​ខែ​មីនា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ឌិត ទីណា ជំរុញ​ឱ្យ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍ​កសិកម្ម​កម្ពុជា (CARDI) ត្រូវ​ផ្ដល់​ពូជ​ថ្មី និង​បំបៅ​ដំណាំ​កៅស៊ូ​ឱ្យ​មាន​ប្រសិទ្ធភាព និង​ការពារ​តំបន់​ដំណាំ​កៅស៊ូ បច្ចេកទេស និង​ការ​ឆ្លើយ​តប​នឹង​បញ្ហា​អាកាសធាតុ និង​ជួសជុល​កៅស៊ូ​ជូន​កសិករ។

ជុំវិញ​រឿង​នេះ អ្នកជំនាញ​ផ្នែក​វិស័យ​កសិកម្ម លោក នី ណាក់ លើកឡើង​ថា កសិករ​ភាគី​ច្រើន​ប្រឈម​បញ្ហា​ជីវភាព និង​បាក់​ទឹកចិត្ត​ដោយសារតែ​រដ្ឋាភិបាល និង​ក្រសួង​ស្ថាប័ន​អសមត្ថភាព​ក្នុង​ការ​ស្វែងរក​ទីផ្សារ​នាំ​ចេញ​កសិផល។ លោក​សង្កត់ធ្ងន់​ថា យន្តការ​ដែល​អាច​ដោះស្រាយ​បញ្ហា​នេះ​មាន​ប្រសិទ្ធភាព​រដ្ឋាភិបាល​គួរតែ​ស្វែងរក​ទីផ្សារ​ក្នុង​ការ​នាំចេញ​កៅស៊ូ​ទៅ​កាន់​សហភាព​អឺរ៉ុប និង​កៀរគរ​វិនិយោគិន​ចម្រុះ​ភាគី ដើម្បី​បង្កើន​រោងចក្រ​ផលិត​ក្នុងស្រុក ដោយ​មិនអាច​ពឹងផ្អែក​តែ​ការ​នាំចេញ ឬ​សកម្មភាព​ក្រុមហ៊ុន​ចិន​ក្នុងស្រុក​តែមួយ​នោះ​ទេ។

លោក នី ណាក់៖ «ជាក់ស្ដែង​ទីផ្សារ​បច្ចុប្បន្ន យើង​ពឹងផ្អែក​ទីផ្សារ​វៀតណាម ក្នុង​ការ​នាំ​ចេញ​កៅស៊ូ​ស្រស់ ទៅ​កាន់​ប្រទេស​វៀតណាម ដើម្បី​ធ្វើការ​កែច្នៃ​។ ត្រង់​នេះ​ហើយ​ស្រេច​តែ​ទីផ្សារ​ឈ្មួញកណ្ដាល ក៏ដូចជា​ប្រទេស​វៀតណាម ជា​អ្នក​កំណត់​តម្លៃ។ សុំ​ឱ្យ​ក្រសួង​កសិកម្ម ក៏ដូចជា​ប្រមុខ​រដ្ឋាភិបាល​មាន​ដំណោះស្រាយ​ជា​យូរអង្វែង​សម្រាប់​ពួកគាត់។ មួយវិញទៀត​សម្រាប់​ការ​ដែល​គាត់​ធ្វើ​គ្មាន​ទីផ្សារ គាត់​ខាត ជ័រកៅស៊ូ​ដែល​គាត់​លក់​ហ្នឹង​អត់​រួច​ថ្លៃ​កម្មករ​ដែល​គាត់​ជួល​ចៀរ​ជ័រកៅស៊ូ​នេះ​ទេ ហើយ​នេះ​មិនទាន់​គិតដល់​ផល​អាក្រក់​ដែល​គាត់​ជំពាក់​បំណុល​ធនាគារ ជំពាក់​លុយ​មីក្រូហិរញ្ញវត្ថុ​ផង»។

កសិករ​ដាំ​កៅស៊ូ​នៅ​ខេត្ត​ត្បូងឃ្មុំ​មួយចំនួន​ឱ្យ​ដឹង​ថា ប្រសិនបើ​តម្លៃ​កៅស៊ូ​ថោក និង​គ្មាន​ទីផ្សារ​នាំចេញ ពួកគាត់​នឹង​ដាក់​ដីចម្ការ​លក់ ឬ​ជួល​ទៅ​ឱ្យ​ពលរដ្ឋ​ផ្សេង ដើម្បី​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​រក​ចំណូល​សងបំណុល​ធនាគារ ដែល​បាន​ខ្ចី​យក​មក​ធ្វើ​ដើមទុន​ថែទាំ​កៅស៊ូ​កន្លង​មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។