កសិករ​ចំនួន​៣​ខេត្ត​អំពាវនាវ​មន្ត្រី​កសិកម្ម​របស់​រដ្ឋាភិបាល​ថ្មី​ចុះ​ជួយ​កសិករ​ក្នុង​មូលដ្ឋាន

ដោយ សុជីវី
2023.09.20
កសិករ​ចំនួន​៣​ខេត្ត​អំពាវនាវ​មន្ត្រី​កសិកម្ម​របស់​រដ្ឋាភិបាល​ថ្មី​ចុះ​ជួយ​កសិករ​ក្នុង​មូលដ្ឋាន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ លោក ឌិត ទីណា។
រូប៖ ហ្វេសប៊ុកលោក ឌិត ទីណា

កសិករ​៣​ខេត្ត​ផ្សេងគ្នា​អំពាវនាវ​ឱ្យ​មន្ត្រី​កសិកម្ម​របស់​រដ្ឋាភិបាល​ថ្មី​យកចិត្ត​ទុកដាក់ និង​ចុះ​ជួយ​ធ្វើការ​ងារ​ដល់​កសិករ​មូលដ្ឋាន ដោយសារ​កាលពី​អាណត្តិ​ចាស់​មន្ត្រី​ទាំងអស់​នោះ នៅតែ​ក្នុង​ការិយាល័យ។ រីឯ​សង្គម​ស៊ីវិល​លើកទឹកចិត្ត​ឲ្យ​មន្ត្រី​ទាំងនោះ យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​បញ្ហា​កសិករ​ជាជាង​គ្រាន់តែ​ចង់បាន​តួនាទី​មិន​ធ្វើ​អ្វី​សោះ។

ប្រជាកសិករ​នៅ​តាម​បណ្ដា​ខេត្ត​ចំនួន​៣​គឺ​ខេត្ត​កណ្ដាល ខេត្ត​សៀមរាប និង​ខេត្ត​ត្បូងឃ្មុំ លើកឡើង​ស្រដៀង​គ្នា​ថា កន្លងទៅ​មន្ត្រី​កសិកម្ម របស់​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ មិនបាន​យកចិត្តទុកដាក់​ចុះ​ជួយ​កសិករ​នោះ​ទេ ភាគច្រើន ពួក​មន្ត្រី​ទាំងនោះ​អង្គុយ​ធ្វើ​ការងារ​នៅក្នុង​ការិយាល័យ​ប៉ុណ្ណោះ​។ ការ​អះអាង​បែបនេះ ដោយសារ​កសិករ​ទាំង​អស់នោះ មិន​ដែល​ឃើញ​មន្ត្រី​ចុះ​សួរ​ពី​ផល​លំបាក​របស់​ពួកគេ​នោះ​ទេ។

កសិករ​នៅ​ម្នាក់​ស្រុក​កោះធំ ខេត្ត​កណ្ដាល លោកស្រី សែម ភា ត្អូញត្អែរ​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២០ ខែ​កញ្ញា​ថា ចំពោះ​លោកស្រី​បញ្ហា​ចម្បង​នោះ គឺ​តម្លៃ ជី ថ្នាំ បាញ់សម្លាប់​សត្វល្អិត និង​ប្រេងឥន្ធនៈ បាន​ហក់​ឡើង​ខ្ពស់​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយចំនួន​ធំ មិន​អាច​លក់​បាន​ប្រាក់​ចំណេញ សង​ម្ចាស់បំណុល​បើ​ទោះ​បី​តម្លៃ​ស្រូវ​ឆ្នាំនេះ​មាន​តម្លៃ​ថ្លៃ ជាង​ឆ្នាំមុន​ក៏ដោយ។ កសិករ​វ័យ​៥០​ឆ្នាំ​រូប​នេះ បន្ថែម​ថា ធ្វើស្រែ​ជាង​២០​ឆ្នាំ​ហើយ មិនដែល​ឃើញ​មន្ត្រី​កសិកម្ម​ចុះ ជួយ​គិតគូរ​និង​បង្រៀន​អំពី​បច្ចេកទេស​កសិកម្ម​ថែទាំ​ដំណាំ​កសិផល​ដល់​កសិករ​ម្ដងណា​ឡើយ។

លោកស្រី សែម ភា៖ «រាល់ថ្ងៃ​នេះ​អត់​មាន​រដ្ឋាភិបាល​ណា ខាង​ក្រសួង​កសិកម្ម​អី​ណា​គាត់​ចុះ​មក​សួរ​ថា ឥឡូវ​បង​ហើយ​ត្រូវ​ដាំ​នេះ​ដាំ​នោះ ហើយ​ត្រូវ​លក់ដាច់​មិន​ដាច់ ត្រូវ​ខាត​ចំណេញ​គឺ​អត់​មាន​ទេ ចង់​បានឱ្យ​រដ្ឋាភិបាល​កសិកម្ម​តាម​ភូមិ​តាម​ឃុំ​គាត់ ព្រោះ​សំខាន់​ប្រធាន​ភូមិ ហើយនឹង​គណៈ​ឃុំ​ហ្នឹងហើយ​ដែល​គាត់​ដឹង​សុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​នៅក្នុង​ស្រុក គាត់​ពិបាក គាត់​ចង់​ធ្វើ​អ្វីៗ​ឱ្យ​គាត់​ចុះ​ណែនាំ​អ៊ីចឹង​ហា៎»

កសិករ​វ័យ​៤០​ឆ្នាំ​ម្នាក់ទៀត​រស់នៅ ស្រុក​វ៉ារិន ខេត្ត​សៀមរាប លោក មូល ម៉ៃ រៀបរាប់​ឲ្យ​ដឹង​ដែរ​ថា កន្លងទៅ​អ្នកភូមិ​ប្រកប​មុខរបរ​ធ្វើ​កសិកម្ម​ដាំដំឡូង​មី និង​ធ្វើ​ស្រូវ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ដោយសារ​ពួកគេ​មិនអាច​រក​ប្រាក់​ចំណេញ​ពី​ការ​ដាំ​ដុះ​នេះ​។ លោក​ថា មានគ្រួសារ​ខ្លះ​បង្ខំ​កូន​ឲ្យ​ឈប់​រៀន​រួច​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ លោក​បន្ថែម​ថា អ្នក​ភូមិ​របស់​លោក​ប្រសិនបើ​មាន​មន្ត្រី​ជំនាញ​យកចិត្តទុកដាក់ ជួយ​ស្វែង រក​ទីផ្សារ​និង​ជួយ​បង្ហាត់បង្រៀន​ពី​ការ​ដាំដុះ​នូវ​ដំណាំ​ផ្សេងៗ ពួកគេ​មិនអាច​បោះបង់ ប្រពន្ធ កូន រត់​ទៅ​រក​ស៊ី​ស្រុក​នៅ​គេ​នោះ​ទេ។

លោក មូល ម៉ៃ៖ «ឥឡូវ​គាត់​ជួប​វិបត្តិ​ច្រើន​បង! ជួប​វិបត្តិ ឥឡូវ​គាត់​ចំណាកស្រុក​ច្រើន​ជាប់បំណុល​ច្រើន​ម្នាក់ៗ​ចូល​បី​បួន​ស្ថាប័ន​ជាប់បំណុល ឥឡូវ​មិន​ដឹង​ថា មកពី​ពួកគាត់ មិន​ដឹង​ថា មកពី​អាជ្ញាធរ​ទេ បំណុល​គឺ​ជាប់​ច្រើន​ស្ថាប័ន ហើយ​ការ​បង្កបង្កើនផល​គាត់ អត់​សូវ​បាន​ផល​ច្រើន ភាគច្រើន​គាត់​ធ្វើ​ដំឡូង​មី ហើយនឹង​ស្រូវ ស្រូវ​ធ្វើ​មួយ​រដូវ​ម្តង តែ​ដល់ពេល​បច្ចុប្បន្ន​នេះ​គាត់​ចំណាកស្រុក​ច្រើន​ឡើង​ស្ងាត់​ភូមិ​ហើយ»

រីឯ​កសិករ​រស់នៅ​ជាប់​ព្រំដែន​កម្ពុជា -​វៀតណាម ស្ថិត​ក្នុង​ខេត្ត​ត្បូងឃ្មុំ ដែល​ជា​កសិករ ដាំដំឡូង គឺ​លោក ផុន សុភាព ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ដំណាំ​ដំឡូង​កំពុង​មាន​ជំងឺ​ជាច្រើន ប្រភេទ ក្រុម​កសិករ​ពិបាក​ក្នុង​មើលថែ បើទោះបី​ពួកគេ​បាន​បាញ់ថ្នាំ​ព្យាបាល​ហើយ​ក្ដី។ ពួកគេ​រំពឹង​រដ្ឋាភិបាល​ថ្មី​នឹង​មាន​មន្ត្រី​ជំនាញ​ពិតប្រាកដ​ចុះ​ជួយ​ដល់​ពួកគេ។ លោក​បន្ថែម​ថា កន្លងមក​សូម្បី​ឈ្មោះ​មន្ត្រី​កសិកម្ម ដែល​ចាំ​ជួយ​កសិករ នៅ​តំបន់​នោះ ក៏​ពួកគេ មិន​ស្គាល់​ផង ចំណែកឯ តម្លៃ​ទីផ្សារ​វិញ ឈ្មួញ​វៀតណាម ក្រឡុក​ឡើង​ចុះ​តាមតែ​អំពើ​ចិត្ត។

លោក ផុន សុភាព៖ «ទីផ្សារ​ដល់ពេល​យើង​លក់​ទៅ​វា​អត់​ទៀង មិន​ស្រួល​វា​ត្រូវ​បញ្ចុះ​យើង​វា​បញ្ចុះ​ភ្លាម​ក្នុង​១​ម៉ោង​ហ្នឹង មិន​ស្រួល​បញ្ចុះ​ភ្លាម អ៊ីចឹង​យើង​កសិករ​ដូច​ពិបាក​ណាស់ តម្លៃ​ដូច​វា​អត់​នឹង ដូច​ថា​យើង​សួរ​គេ​ប៉ុន្មាន ៣​រយ​[​រៀល​] មិន​ស្រួល​យើង​ដក​រួច​ឡើងលើ​ឡាន​ដឹក​ទៅដល់​វា​ថា គេ​ចុះ​មុន​នេះ​បន្តិច វៀតណាម​វា​ថា អ៊ីចឹង​! ទៅ​ធ្វើ​ម៉េច​គេ ហើយ​យើង​ដឹក​ទៅ​ដល់​ខល​ប្រាប់​គ្នា​វា​ហើយ ពួក​ហ្នឹង​គឺ​វា​មាន​បណ្ដាញ​គ្នា​គេ​ហើយ អ៊ីចឹង​វា​ពិបាក ទៅ​ណោះ​ទៀត​កាន់តែ​ចុះ​បន្ថែម​ទៀត»

ក្រុម​កសិករ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ថ្មី​ជួយ​យកចិត្តទុកដាក់​ទៅលើ​កសិករ ដោយ​បញ្ជូន​មន្ត្រី ជំនាញ បច្ចេកទេស​កសិកម្ម​ពិត​ប្រាកដ​មក​ជួយ​បង្ហាត់​បង្រៀន និង​ជួយ​ស្វែងរក​ទីផ្សារ​ឲ្យ​បាន​សមរម្យ ដើម្បី​ជៀសវាង​កុំ​ឲ្យ​ប្រជាពលរដ្ឋ នាំគ្នា​ចំណាកស្រុក​ទៅ​រក ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ទាំង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង កសិកម្ម កញ្ញា អ៊ឹម រចនា និង លោក ឃឹម ហ្វីណង់ ដើម្បី​សុំ​ការ​ឆ្លើយតប​បានទេ នៅ​ថ្ងៃទី​២០ ខែ​កញ្ញា​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា​(CCFC) លោក ថេង សាវឿន ដែល​តែងតែ​ចុះ​ជួប​និង​បង្រៀន​បច្ចេកទេស​កសិកម្ម​ដល់​កសិករ យល់​ឃើញ​ថា ថ្មី​នេះ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​មួយ ដោយ​បញ្ជូន​មន្ត្រី​ជំនាញ​កសិកម្ម​ចុះ​ជួយ​ពលរដ្ឋ​តាម​ឃុំ​រួចហើយ​ក្ដី ប៉ុន្តែ​លោក​នៅតែ​លើកទឹកចិត្ត​ទៅដល់​មន្ត្រី​ជំនាញ​កសិកម្ម​របស់​ក្រសួង ត្រូវ​ចុះ​ជួយ​កសិករ​ឲ្យ​ពិតប្រាកដ មិន​ត្រូវ​យក​តំណែង ឬ​តួនាទី​ជា​មន្ត្រី​ហើយ មិន​ធ្វើ​ការ​ដោះស្រាយ​ជូន​ពលរដ្ឋ​នោះ​ទេ។

លោក ថេង សាវឿន៖ «បើសិនជា​មន្ត្រី​ហ្នឹង​ដាក់​ទៅ​ត្រឹមត្រូវ មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​វា​ទទួល​បាន​ផលប្រយោជន៍ ហើយ​ជួយ​ដោះស្រាយ​បញ្ហា ប្រជាជន​គឺ​ទទួល​បាន​ផលប្រយោជន៍ ក៏ប៉ុន្តែ​បើ​មន្ត្រី​ដែល​ត្រូវ​ដាក់​ពង្រាយ​គ្រាន់តែ​ចង់បាន​តួនាទី​មុខតំណែង​ការងារ ប៉ុន្តែ​មិនអាច​ដោះស្រាយ​បាន​នោះ​ជំរុញ​ឱ្យ​វិសាលភាព​នៃ​ការ​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​នៅ​ដដែល អ៊ីចឹង​យុទ្ធសាស្ត្រ​នៃ​ការ​ដោះស្រាយ​វា​នឹង​អាច​[​ទៅរួច​] កាន់តែ​បង្កើត​ឱ្យ​មាន​ភាព​អសកម្ម ហើយ​ឬក៏​បង្កើត​ឱ្យ​មាន​ភាព​មិន​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​ទៅលើ​មន្ត្រី​កសិកម្ម»

កាល​ពី​ពេល​រដ្ឋមន្ត្រីក្រសួង​កសិកម្ម លោក ឌិត ទីណា ឡើង​កាន់​តំណែង បាន​ប្ដេជ្ញាចិត្ត ថា​ធ្វើ​ឱ្យ​កសិករ មាន​ជីវភាព ធូរធារ តាមរយៈ​ដំឡើង​តម្លៃ និង​បញ្ចុះតម្លៃ ជី ថ្នាំ និង​សម្ភារៈ ឲ្យ​បាន​សមរម្យ ដើម្បី​ឲ្យ​កសិករ​ទទួល​បាន​ផល​ចំណេញ​ច្រើន ប៉ុន្តែ​រយៈ ពេល​មួយឆ្នាំ​មកនេះ ការ​ប្ដេជ្ញាចិត្ត​របស់​លោក​មិន​ទាន​ឃើញ​ចេញ​ជា​ផ្លែផ្កា​ជួយ​ការ​លំបាក​របស់​ពលរដ្ឋ​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។